ប្រទេស ទួកគី (Turkey) កំពុងបង្ហាញពីការចាប់អារម្មណ៍សារជាថ្មី នៅក្នុងការស្តាឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដែលជាប់គាំងរបស់ខ្លួន ដើម្បីចូលរួមក្នុងសហគមន៍អឺរ៉ុបនាពេលឥឡូវនេះ ខណៈពេលដែលលោក នីកូឡាស សាកូហ្សី (Nicolas Sarkozy) ដែលជាគូរប្រជែងចម្បងមួយរបស់ខ្លួន លែងជាប្រធានាធិបតីបារាំងទៀតហើយ។ ហើយ ដូចដែល ដូរៀន ចូនស៍ (Dorian Jones) រាយការណ៍ពីទីក្រុង អ៊ីស្តានប៊ូល (Istanbul) ប្លុកដែលមានប្រទេសចំនួន២៧ ហាក់ដូចជាមានបំណងធ្វើឱ្យសេចក្តីប្រាថ្នាសម្រាប់សមាជិកភាពរបស់រដ្ឋាភិបាលទីក្រុង អង់ការ៉ា (Ankara) មានជីវិតត្រឡប់មកវិញ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ដេ (Francois Hollande) ត្រូវបានស្វាគមន៍នៅក្នុងទីក្រុង អង់ការ៉ា។ អ្នកនាំពាក្យក្រសួងការបរទេស ទួកគី លោក សែលឃុក អ៊ុយណាល (Selcuk Unal) និយាយថា មានបរិយាកាសវិជ្ជមានមួយរួចទៅហើយ។
«យើងសង្ឃឹមនិងប្រាថ្នាថា ទំនាក់ទំនងអាចមានភាពប្រសើរឡើងជាមួយនឹងរដ្ឋាភិបាលបារាំងថ្មី។ ប្រធានាធិបតីនៃប្រទេស ទួកគី និងនាយករដ្ឋមន្រ្តីនៃប្រទេស ទួកគី បានផ្ញើលិខិតអបអរសាទ។ លោកនាយករដ្ឋមន្រ្តី អឺដូហ្គាន (Erdogan) បានទូរស័ព្ទទៅលោកប្រធានាធិបតី ហូឡង់ដេ (Hollande) ដើម្បីអបអរសាទលោកដោយផ្ទាល់ ហើយនេះគឺជាការជួបប្រជុំប្រកបដោយវិជ្ជមានមួយ»។
ប្រទេស ទួកគី បានចាប់ផ្តើមការចរចាររបស់ខ្លួនសម្រាប់សមាជិកភាពរបស់សហគមន៍អឺរ៉ុប (EU) នៅក្នុងឆ្នាំ២០០៥ ប៉ុន្តែមានការរីកចំរើនតិចតួច ដោយសារតែជម្លោះមួយជាមួយនឹងប្រទេស ស៊ីបរុស (Cyprus) ដែលជាសមាជិករបស់ EU និងការជំទាស់ពីអតីតប្រធានា ធិបតីបារាំង លោក សាកូហ្សី (Sarkozy)។ លោក សាកូហ្សី បានអះអាងថា ប្រទេសដែលគ្របដណ្តប់លើសលុបដោយម៉ូស្លីម គឺមិនមែនជាផ្នែកមួយនៃទ្វីបអឺរ៉ុបទេ ហើយចង់ឱ្យប្រទេស ទួកគី ទទួលយកភាពជាដៃគូរពិសេសមួយជាមួយ EU ជំនួសឱ្យសមាជិកពេញសិទ្ធិ។ ទួកគី បានទាត់ចោលការផ្តល់ឱ្យនេះ។
អ្វីដែលបានបង្កឱ្យមានការពន្យាពេលដែរនោះ គឺជាការចាប់ផ្តើមនូវជំពូកទាំងឡាយ ដែលគ្រប់បេក្ខជនរបស់ EU ត្រូវតែអនុវត្តតាម។ ជំពូកទាំងនេះទាក់ទងទៅនឹងអ្វីៗគ្រប់យ៉ាង ចាប់តាំងពីបរិស្ថានទៅបញ្ហាសិទ្ធិមនុស្ស ដើម្បីឱ្យស៊ីគ្នាទៅនឹងស្តង់ដារបស់ EU។
ចាប់តាំងពីការចរចារបានចាប់ផ្តើម ទួកគី ដោះស្រាយបានតែជំពូកចំនួន១៣នៅក្នុងចំណោមជំពូកឬផ្នែកចំនួន៣៥ ដែលប្រទេសជាបេក្ខជនរបស់ EU ទាំងអស់ ត្រូវតែធ្វើការចរចារមុនពេលក្លាយជាសមាជិក។ មិនមានជំពូកណាមួយត្រូវបានបើកសម្រាប់រយៈពេលពីរឆ្នាំទេ។ ជំពូកចំនួន១៨ត្រូវបានបង្កក ដែលជំពូកចំនួន៨ត្រូវបានបង្កកដោយ EU ពីព្រោះ ទួកគី បដិសេធមិនអនុញ្ញាតឱ្យកប៉ាល់របស់ ប្រទេស ស៊ីបរុស ប្រើប្រាស់កំពង់ផែរបស់ ទួកគី។ ប្រទេសបារាំងបានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន ទៅលើជំពូកចំនួន៥បន្ថែមទៀត។
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ សូលី អូហ្សែល (Soli Ozel) នៃសារព័ត៌មាន ទួកគី ហាប័រទួក (Haberturk) និយាយថា ទីក្រុង អង់ការ៉ា នឹងសម្លឹងមើលទៅប្រធានាធិបតីថ្មីរបស់ប្រទេសបារាំង ដើម្បីជំរុញដំណើរការរបស់ EU៕