ពួកអ្នកការទូតកំពូលមកពីប្រទេសឥណ្ឌានិងចិនបានជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំអាស៊ានក្នុងរដ្ឋធានីហ្សាកាតានៃប្រទេសឥណ្ឌូណេស៊ី។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankarថាប្រទេសទាំង២ ចាំបាច់ធ្វើឱ្យចំណងទាក់ទងមានស្ថិរភាព។ នេះបើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
លោក Wangបានប្រាប់លោក Jaishankarថា៖ «ភាគីទាំង២ត្រូវតែគាំទ្រគ្នាទៅវិញទៅមក ហើយនឹងធ្វើឱ្យអ្វីៗសម្រេចជាមួយគ្នាជាជាងធ្វើឱ្យចុះខ្សោយឬសង្ស័យគ្នាទៅវិញទៅមក»។
ប្រទេសឥណ្ឌានិងប្រទេសចិនមានព្រំដែនជាប់គ្នាយ៉ាងវែងមួយ ហើយទំនាក់ទំនងកងទ័ពរវាងប្រទេសទាំង២នេះ អាចមានភាពតានតឹង ក៏ប៉ុន្តែកិច្ចព្រមព្រៀងព្រំដែនមួយចំនួន ត្រូវបានចាប់ផ្តើមដែលធ្វើឱ្យទំនាក់ទំនងនេះមានភាពប្រសើឡើង។
បើទោះជាយ៉ាងណាក៏ដោយ ក៏កាលពីឆ្នាំ២០២០ កងទ័ពប្រទេសទាំង២បានប៉ះទង្គិចគ្នា ដោយធ្វើឱ្យទាហានឥណ្ឌាចំនួន២០នាក់ស្លាប់ និងទាហានចិន៤នាក់ស្លាប់។
ក្រសួងការបរទេសចិនបានប្រាប់ឱ្យដឹងថា ឥណ្ឌាបានយល់ព្រមធ្វើការចរចាមួយលើកទៀតអំពីបញ្ហាព្រំដែននេះ។
ឥណ្ឌាឥឡូវនេះជាដៃគូពាណិជ្ជកម្មធំទី២របស់ចិន៕
ប្រែសម្រួល ដោយ លោក ជឹង ប៉ូជីន
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters។