រដ្ឋមន្ត្រី​ការបរទេស​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក មុន​ជំនួប​ដែល​អាច​កើត​ឡើង​រវាង​លោក Biden និង​លោក Xi

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (កណ្តាល) មកដល់សន្និសីទការទូតនៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ លោក Wang បានមកដល់រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី២៦ ខែតុលា ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក លើបញ្ហាសន្តិសុខទ្វេភាគី និងតំបន់។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ធ្វើ​ដំណើរ​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សម្រាប់​ជំនួប​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​អំពី​បញ្ហា​សន្តិសុខ​ទ្វេ​ភាគី​និង​ថ្នាក់​តំបន់ ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​បំណង​រក្សា​បណ្ដាញ​ទំនាក់ទំនង​ឱ្យ​នៅ​បើក​ចំហ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នឹង​ទទួល​ស្វាគមន៍​លោក Wang នៅ​ឯ​ក្រសួង​ការបរទេស​សម្រាប់​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​បែប​ការងារ​នៅ​ក្រោយ​ជំនួប​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan នឹង​ទទួល​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Wang នៅ​អគារ Blair House នៅ​ជិត​សេតវិមាន​នៅ​ថ្ងៃ​សុក្រ​ស្អែក។

មន្ត្រី​ជាន់​ខ្ពស់​មកពី​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​បង្ហើប​ឱ្យ​ដឹង​ជា​មុន​អំពី​បញ្ហា​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បញ្ហា​សង្គ្រាម​របស់​អ៊ីស្រាអែល​ជាមួយ​នឹង​ក្រុម​ហាម៉ាស់ (Hamas) សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន វិបត្តិ​សារធាតុ​ហ្វេនតានីល (fentanyl) និង​ហេតុការណ៍​បុក​នាវា​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។

ស្រប​ពេល​នេះ​ដែរ អ្នក​រិះគន់​នៅ​សភា​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ប្រទេស​ចិន​ឱ្យ​ដោះលែង​ពលរដ្ឋ​អាមេរិកាំង​ដែល​ជាប់​ឃុំ​ដោយ​មិន​ត្រឹមត្រូវ និង​បាន​ថ្កោលទោស​ឥរិយាបថ​យោធា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក​លោក Michael McCaul និង​ប្រធាន​អនុ​គណៈកម្មាធិការ​កិច្ចការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ក្នុង​អំឡុង​ជំនួប​ជាមួយ​នឹង​លោក Wang Yi រដ្ឋបាល​របស់​លោក Biden មិន​ត្រូវ​ចាញ់​បោក​ការ​សន្យា​ក្លែងក្លាយ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ទាមទារអ្វី​ដែល​ចិន​អាច​ផ្ដល់​ជូន​បាន​ដូចជា​ការ​ដោះលែង​ពលរដ្ឋ​អាមរិកាំង​ដែល​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៅ​ចិន ការ​បញ្ឈប់​ការ​នាំចូល​សារធាតុ​ហ្វេនតានីល និង​ការ​បញ្ឈប់​ការ​ពង្រីក​ឥទ្ធិពល​យោធា​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជាដើម»៕