ថៃ​និង​ចិន​ផ្តោត​លើ​ការ​លើក​កម្ពស់វិស័យ​ពាណិជ្ជ​កម្ម​​ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​​របស់​នាយករដ្ឋ​មន្ត្រី​ថៃ

  • Ron Corben

លោក​ស្រី​​នាយក​រដ្ឋ​មន្រ្តីថៃ ​​យ៉ីងឡាក់ ​ស៊ីណាវ៉ាត់ត្រា​(Yingluck Shinawatra)​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​​កាន់​​ទីក្រុង​ប៉េកាំង​ ថ្ងៃទី១៧ មេសា ២០១២។ (AP Photo/Vincent Thian)

ប្រទេស​ថៃ​និង​ចិន ​មាន​បំណងបង្កើនការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ប្រចាំ​ឆ្នាំ ឲ្យដល់១០០​ពាន់​លាន​ដុល្លា​រ នៅត្រឹមឆ្នាំ​២០១៥។ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការរយៈពេលបី​ថ្ងៃ របស់​លោក​ស្រីនាយក​រដ្ឋ​មន្រ្តីថៃ យ៉ីងឡាក់ ​ស៊ីណាវ៉ាត់ត្រា​(Yingluck Shinawatra)​ ទៅកាន់ទីក្រុង​ប៉េកាំង​ ​ប្រទេសទាំងពីរ​ បាន​ពិភាក្សា​អំពីការលើកកម្ពស់កិច្ច​សហប្រតិបត្តិការផ្នែក​ហរិញ្ញវត្ថុ ទេសចរណ៍ កសិកម្ម និង​គមនាគមន៍។​

​ប្រទេសទាំងពីរ ក៏​បាន​ពិភាក្សាអំពី​គម្រោងជាច្រើន​ ដោយ​រាប់​បញ្ចូល​ទាំង​បណ្តាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ តាមការ​គ្រោង​ទុក​ ដែល​តភ្ជាប់​ប្រទេស​ចិន​ភាគខាងត្បូង ទៅកាន់ប្រទេស​ឡាវ(Laos) ថៃ(Thailand) ម៉ាឡេស៊ី(Malaysia) និង​សឹង្ហបុរី(Singapore)។

​លោក ​ថីទីនាន ផនសូទហីរ៉ាក់(Thitinan Ponsudhirak) អ្នកវិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាជូឡាឡុងកន(Chulalongkorn University) ​មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់លោកស្រី​នាយក​រដ្ឋមន្ត្រី យ៉ីង​ឡាក់ បាន​ពង្រឹង​តួនាទីដ៏​មាន​សារសំខាន់ក្នុងទំនាក់ទំនង​របស់​ប្រទេស​ចិន​ នៅ​តំបន់អាស៊ី​អាគ្នេយ៍។

លោក ថីទីនាន ​ថ្លែងថា ដំណើរទស្សនកិច្ច​នេះ​ ក៏​កសាង​ចំណង​មិត្ត​ភាព​ ដែល​បានបង្កើត​ឡើង​នៅ​ក្នុង​អណត្តិរបស់បងប្រុស​លោកស្រី យ៉ីងឡាក់ គឺ​អតីត​មេដឹកនាំ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា(Thaksin Shinawatra)។ លោក ថាក់ស៊ីន ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​នៅ​ក្នុងរដ្ឋ​ប្រហារកាល​ពីឆ្នាំ​២០០៦ ​ពី​បទ​ពុក​រលួយ។​

«​ប្រទេស​ចិន​មាន​ឥទ្ធិពលយ៉ាងខ្លាំង​នៅ​ក្នុង​ប្រទេស​ភូមា(Myanmar) ឡាវ(Laos) កម្ពុជា(Cambodia) ​និង​ក្នុងកម្រិត​តិច​ជាងនេះ នៅក្នុងប្រទេស​វៀត​ណាម​(Vietnam) ប៉ុន្តែ ​ថៃ​គឺ​ជា​ប្រទេស​សំខាន់​មួយ។ កាលពីទសវត្សរ៍​មុន ​ប្រទេស​នេះ បាន​ពឹង​ផ្អែកទៅលើចិន ពិសេស​បន្ទាប់​ពី​រដ្ឋ​ប្រហារ​ដោយ​ក្រុមកង​ទ័ព និង​ការប្រេះឆានៅ​ក្នុង​ប្រទេស​ថៃ។ ប៉ុន្តែ ទាំង​ថាក់ស៊ីន និងសត្រូវ​របស់​លោក​សុទ្ធ​តែពឹងផ្អែក​លើ​ចិន​ដូចគ្នា។»

អ្នក​ជំនួញ​ថៃមួយ​ចំនួន ​បាន​ចូល​រួម​ជាមួយ​នាយករដ្ឋ​មន្ត្រី​ ក្នុង​អំឡុងដំណើរទស្សនកិច្ច​នោះ។ ក្រុម​ប្រឹក្សា​វិយោគទុន​របស់​ថៃ បាន​ប្រកាស​ថា ក្រុម​ហ៊ុនចំនួនប្រាំ​នៅ​ក្នុង​វិស័យ​គ្រឿង​យន្ត ម៉ាស៊ីន គ្រឿង​ទេស​ម្ហូប​អាហារ និងអចលនា​ទ្រព្យ​កំពុង​ពិចារណាការ​វិនិយោគ​ ក្នុង​តម្លៃ​ជាង​២ពាន់លាន​ដុល្លា​នៅប្រទេស​ថៃ។ តាមរយៈ​កិច្ច​ព្រម​ព្រៀងជាដៃគូ​ជាមួយក្រុមហ៊ុនចិន ពាណិជ្ជកម្ម​ថៃ កំពុងស្វែង​រក​ការ​វិនិយោគរហូតដល់​២.៤​ពាន់​លាន​ដុល្លា។

លោក​ ថីទីនាន បាននិយាយថា តួនាទី​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់ ​ត្រូវ​បាន​គួសបញ្ជាក់​តាមរយៈ​តួនាទី​ដ៏សំខាន់​របស់ខ្លួន​ ក្នុង​នាមជាអ្នក​ជំរុញឲ្យ​មានកំណើន​សេដ្ឋកិច្ចរបស់​តំបន់។

«ប្រទេស​ចិន​ កំពុងក្លាយ​ជា​កម្លាំង​ជំរុញដ៏​សំខាន់​ សម្រាប់​កំណើន​សេដ្ឋកិច្ចរបស់​តំបន់អាស៊ី​ខាង​កើត។ ​ដូច្នេះ ប្រទេស​នេះ ​មិន​គ្រាន់តែ​ជា​ទិដ្ឋភាពយុទ្ធសាស្រ្ត​នយោបាយជានិមិត្ត​រូបប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ ​វិស័យជំនួញ​យ៉ាង​សំខាន់និង​ផល​ប្រយោជន៍វិនិយោគផង​ដែរ។»

​ថៃ​គឺជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងក្របខណ្ឌ​សហប្រតិបត្តការ​រយៈពេល​វែង ​ជាមួយប្រទេស​ចិន កាល​ពី​មួយទសវត្សរ៍​មុន។

លោក ខាល ថាយើ (Carl Thayer) អ្នកវិភាគ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ញូវ សៅវេល (University of New South Wales) ​នៃ​ប្រទេស​អូស្ត្រាលី បាន​ថ្លែង​ថា ការជំរុញ​ឲ្យ​ក្លាយជា​ដៃគូ​សហ​ប្រតិបត្តិ​ការ​ផ្នែក​យុទ្ធសាស្ត្រ​ដ៏គ្រប់​ជ្រុងជ្រោយ អាច​ពង្រឹង​ទំនាក់​ទំនង​របស់ប្រទេសទាំងពីរ។

«​ការ​ផ្តល់ជូន​ឋានៈបែបនេះ បានបង្កើត​ឋានានុក្រមមួយ ហើយយ៉ាង​ហោច​ណាស់ អាច​ឲ្យ​យើងដឹងអំពី​ទស្សនរបស់ប្រទេស​ចិន​ចំពោះ​ប្រទេស​ថៃ។ អាស្រ័យហេតុ​នេះហើយ​ ចំណុច​សំខាន់នោះ​គឺថា​គ្មានការ​លំបាក​ខ្លាំងណាស់​ណាទេ ទាក់ទង​នឹង​បញ្ហាដែលត្រូវពឹង​ផ្អែក​លើ​ប្រទេស​ចិន​នោះ»។

ក្រៅ​ពី​កំណើន​ខាង​ទំនាក់​ទំនងសេដ្ឋកិច្ច ប្រទេស​ទាំងពីរ ​បាន​ព្រម​ព្រៀង​បង្កើន​ការ​ត្រួតពិនិត្យ​រួមគ្នា នៅ​តាម​បណ្តោយព្រំដែនប្រទេស​ចិន ថៃ ឡាវ និង​ភូមា ដែលស្ថិតនៅតាម​ដង​ទន្លេ​មេគង្គ។

កាលពីខែ​តុលា ​ឆ្នាំ​មុន ក្រុម​នាវិក​ចំនួន​១៣​នាក់ ​ត្រូវ​បាន​សម្លាប់ នៅក្នុង​ការ​វាយ​ប្រហារមួយ ​នៅ​តាម​ដង​ទន្លេ​មេគង្គ ​ដែល​ត្រូវ​បានបន្ទោស​ទៅ​លើក្រុម​អន្ធពាលរត់ពន្ធគ្រឿងញៀន។ ការ​បង្ហូរ​ឈាម​នេះ ​បាន​នំា​ឲ្យជាប់​គាំងបណ្តោះអាសន្ន​សម្រាប់ជំនួញនៅតាម​ទន្លេនេះ ដែល​ភាគ​ច្រើន​បាន​វិល​ទៅរក​កម្រិតដូចធ្លាប់​បាន​ឃើញ​មុន​ពេល​មានការ​សម្លាប់នេះ៕

ប្រែ​សម្រួល​ដោយ សៀក ​អេង