ចិន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ពេញ​មួយ​ឆ្នាំ

រូបឯកសារ៖ ទូកនេសាទចតនៅក្បែរច្រាំងទន្លេមេគង្គដែលរីងស្ងួត នៅខេត្ត Nakon Phanom ប្រទេសថៃ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩។

ទីក្រុងគូឡាឡាំពួរ — ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​យល់​ព្រម​ចែក​រំលែក​ទិន្នន័យពី​តំបន់​មេគង្គ​លើ​ជាមួយ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ សម្រាប់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ។ ទំនប់​ទប់​ទឹក​របស់​ចិន​ត្រូវ​បាន​គេ​ស្ដី​បន្ទោស​ថា​ បាន​កាត់​ផ្តាច់​លំហូរ​ធម្មជាតិ​នៃ​ផ្លូវ​ទឹក​ដ៏​ធំបំផុត​មួយ​របស់​ទ្វីប​អាស៊ី និង​បាន​រួម​ចំណែក​ដល់​ការ​ឈឺ​ចាប់​ ដោយ​សារ​គ្រោះ​រាំង​ស្ងួត​កាល​ពី​ពេល​ថ្មីៗ​នេះ។

អស់​រយៈ​ពេល​ ១៨ ​ឆ្នាំ​ហើយ ចិន​បាន​ចែក​រំលែក​ទិន្នន័យអំពី​កម្រិត​ទឹក​ភ្លៀង ​និង​កម្រិត​ទឹក​ទន្លេ​នៅ​ទីតាំង​ទំនប់​ទឹក​ចំនួន​ពីរ នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​លើ ដែល​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ទន្លេ​នេះ ប៉ុន្តែ​ការ​ចែក​រំលែក​ព័ត៌មាន​នោះ​សម្រាប់​តែ​មួយ​រយៈ​ពេល​នៃ​រដូវ​វស្សា​ប៉ុណ្ណោះ គឺ​ចាប់​ពី​ខែ​មិថុនា ដល់​ខែ​តុលា។

កាល​ពី​ថ្ងៃ​ទី ​២២ ខែ​តុលា ចិន​បាន​យល់​ព្រម​ជា​ផ្លូវ​ការ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ដូច​គ្នា​នេះ​ចេញ​ពី​ទីតាំង​ទាំង​ពីរ​នេះ​ពេញ​មួយ​ឆ្នាំ​ជាមួយ​គណៈ​កម្មកា​ទន្លេ​មេគង្គ ដែល​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​នៃ​បណ្ដា​ទន្លេ​មេគង្គ​ក្រោម មាន​តួនាទី​ចាត់​ចែង​ផ្លូវ​ទឹក។ ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​នេះ បាន​ជំរុញរាប់​ឆ្នាំ​មក​ហើយ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ចែក​រំលែក​ព័ត៌មាន​នេះ។

កិច្ច​ព្រម​ព្រៀង​សំខាន់​បំផុត​មួយ

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយ លោក អាន ពេជ្រហត្ថដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ បាន​ហៅ​កិច្ច​ព្រម​ព្រៀង​នេះ​ថា​ជា កិច្ច​ព្រម​ព្រៀង​សំខាន់​មួយ​ពាក់​ព័ន្ធ​នឹង​ចិន ដែល​នឹង​ជួយ​ដល់​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​អាច​ព្យាករណ៍​អំពី​គ្រោះទឹក​ជំនន់​ និង​គ្រោះ​រាំង​ស្ងួត​ដែល​នឹង​កើត​ឡើង។

មនុស្ស​ប្រមាណ ៦០​ លាន​នាក់​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន​ពឹង​អាស្រ័យ​លើ​ទឹក​ត្រី និង​ដី​ល្បាប់​ដែល​ទន្លេ​មេគង្គហូរ​នាំ​មក​ជាមួយ។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា ទិន្នន័យ​ពេញ​មួយ​ឆ្នាំ​នេះ នឹងជួយដល់​សហគមន៍​កសិកម្ម និង​នេសាទ នៅ​តាម​ដង​ទន្លេ​មេគង្គ​ ឲ្យ​ទទួល​បាន​នូវ​ការ​ព្រមាន​ទុក​មុន​អំពី​ការ​ធ្លាក់​ចុះ​ឬ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ទឹក​ទន្លេ​នេះ ដែល​អាច​ធ្វើ​ឲ្យ​បាក់​ច្រាំង​ទន្លេ បំផ្លាញ​ផល​ដំណាំ​តាម​មាត់​ទន្លេ​និង​ធ្វើ​ឲ្យ​ទូក​ជាប់​គាំង ឬ​រសាត់​ទៅ​តាម​ទឹក។

រូបឯកសារ៖ ទិដ្ឋភាព​ទន្លេមេគង្គ​ដែល​នៅ​ជាប់ព្រំ​ប្រទល់​ប្រទេស​ថៃ និង​ឡាវ មើល​ពី​ខេត្ត Nong Khai នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

លោក Gary Lee គឺ​ជា​នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​អង្គការ​ទន្លេ​អន្តរជាតិ ដែល​ជា​ក្រុម​ស្រាវ​ជ្រាវ​តស៊ូមតិ​សម្រាប់​ឲ្យ​មាន​ការ​គ្រប់​គ្រង​ទន្លេ​ប្រកប​ដោយ​និរន្តរភាព។

លោក​មាន​ប្រសាសន៍​ថា៖ «ជា​ពិសេស​នៅ​តំបន់​ភាគ​ខាង​ជើង​នៃប្រទេស​ថៃ និង​ប្រទេស​ឡាវ ហើយ​ក៏​នៅ​ផ្នែក​ផ្សេង​ទៀតនៃ​អាង​ទឹក​ទន្លេ​មេគង្គ​ក្រោម កិច្ច​ព្រម​ព្រៀង​នេះ​គួរ​តែ​អាច​ជួយ​បាន​ខ្លះ ពីព្រោះ​យើង​ពិត​ជា​ត្រូវ​ការ​ព័ត៌មាន​បន្ថែម​ទៀត​ដើម្បី​អាច​ព្យាករណ៍កម្រិត​ទឹក​ទន្លេ និង​កម្រិត​លំហូរ​ទឹក​ឲ្យ​បាន​កាន់​តែ​ច្បាស់»។

ប៉ុន្តែ​លោក​និយាយ​ថា ការ​ព្យាករណ៍​បាន​ថម​ថយ​នៅ​តាម​ដង​ទន្លេ​ផ្នែក​ខាង​ក្រោម​ដែល​ជា​ទីតាំង​នៃ​សហគមន៍​ទាំង​នោះ។ លោក​បន្ត​ថា បើ​ទោះ​បី​ជាចិន​បាន​ចែក​រំលែក​ទិន្នន័យ​តាំង​ពី​ដើម​រហូត​មក​ទល់​ពេលនេះ​ក៏​ដោយ​ ក៏​ទិន្នន័យ​ខ្លះ​មាន​ភាព​យឺតយ៉ាវ ជាង​តម្រូវការ​ជាក់​ស្ដែង​ដោយ​ពេល​ខ្លះ​ទិន្នន័យ​នោះ​ត្រូវ​បាន​ផ្ដល់តាម​រយៈ​ការ​ជូន​ដំណឹង​តែ​ ២​ ឬ​ ៣​ ថ្ងៃ​មុន​ប៉ុណ្ណោះ។

លោក Marc Goichot ប្រធាន​ផ្នែក​ទឹក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​មូល​និធិ​សកល​សម្រាប់​ធម្មជាតិ (WWF) យល់​ស្រប​ថា ទិន្នន័យ​ថ្មី​នឹង​ជួល​ដល់​ការ​ព្យាករណ៍។ ប៉ុន្តែ​លោក​និយាយ​ថា អ្វី​ដែល​ជា​ប្រយោជន៍​កាន់​តែ​សម្បើម​នោះ ​គឺ​វា​នឹង​បង្ហាញ​ពន្លឺ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​កម្រិត​ប្រែ​ប្រួល​នៃ​ទឹក​ទន្លេ​មេគង្គ​តាម​រដូវខុសប្រក្រតី​ពី​កម្រិត​ទឹក​ដែល​ធ្លាប់​មាន​តាំង​ពី​មុន​មក។

លោក​និយាយ​ថា ការ​គិត​ស្មាន​អំពី​មូលហេតុ​នេះ​កើត​ចេញ​ពី​គំនិត​ចំនួន​បី រួម​មាន ការ​ប្រែ​ប្រួល​អាកាសធាតុ ដែល​អាច​រំខាន​ដល់​វដ្ត​នៃ​ទឹក​ភ្លៀង ការ​វិវត្តន៍​នៃ​ការ​ប្រើ​ប្រាស់​ដី ដែល​អាច​រុញ​ទឹក​ភ្លៀង​ឲ្យ​ហូរ​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​កាន់​តែ​លឿន​ដោយ​មិន​បាន​បង្អង់​ឲ្យ​វា​បាន​ជ្រាវ​ចូល​ទៅ​ក្នុង​ដី និង​កត្តា​ចុងក្រោយ​គឺ​ទំនប់​វារី​អគ្គិសនី។

រហូត​មក​ទល់​ពេល​នេះ ចិន​បាន​សាង​សង់​ទំនប់​ចំនួន ១១ កាត់​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ ដោយ​ទំបន់​ខ្លះ​មាន​អាង​ស្តុក​ទឹក​ដ៏​ធំ​មហិមា ដែល​អាច​ផ្ទុក​ទឹក​បាន​យ៉ាង​ច្រើន។

កាល​ពី​ដើម​ឆ្នាំ​នេះ ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​បញ្ហា​អាកាស​ធាតុ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ឯក​ទេស​ខាង​វិទ្យាសាស្ត្រ​ទឹក​គឺ​ក្រុមហ៊ុន «ខ្សែ​ភ្នែក​លើ​ភព​ផែនដី» ឬ Eyes on Earth បាន​សន្និដ្ឋាន​ថា ទំនប់​ទឹក​របស់​ចិន​បាន​បង្ក​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​កាន់​តែ​ធ្ងន់​ធ្ងរ​នៅ​ឆ្នាំ ២០១៩ នៅ​អាង​ទន្លេ​មេគង្គ​ក្រោម ដោយ​សារ​តែ​ការ​ទប់​ទឹក​ទុក បើ​ទោះ​បី​ជា​នៅ​ប្រទេស​ចិន កម្រិត​ទឹក​ទន្លេះ​នេះ​មាន​លើស​ពី​កម្រិត​មធ្យម​ក៏​ដោយ។

ប៉ុន្តែ ប្រទេស​ចិន​បាន​ច្រាន​ចោល​ការ​អះអាង​បែប​នេះ ដោយ​ទទូច​ថា អាង​ទឹក​ទន្លេ​មេគង្គ​លើ​ទទួល​រង​នូវ​កម្រិត​ភ្លៀង​ធ្លាក់​តិច​ជាង​ធម្មតា។

រូបឯកសារ៖ បុរសនេសាទម្នាក់កំពុងចែវទូកលើទន្លេមេគង្គនៅក្បាលជ្រោយ ក្បែររាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

កាន់​តែ​មាន​តម្លាភាព​ជាង​មុន​បន្តិច

លោក Goichot និយាយថា ទិន្នន័យ​ថ្មី​ដែល​ចិន​សន្យា​ថា​ នឹង​ចែក​រំលែក​នោះ អាច​ចង្អុល​បង្ហាញ​ពី​ការ​ពិត​បាន។

លោក​និយាយ​ថា៖ «ប្រសិន​បើ​អ្នក​អាច​ទទួល​បាន​ទិន្នន័យ​សម្រាប់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​បាន អ្នក​នឹង​យល់​កាន់​តែ​ច្បាស់​ជាង​មុន​អំពី​តួនាទី​ប្រតិបត្តិការ​នៃ​ទំនប់​ទាំង​នោះ ហើយ​អ្នក​នឹង​យល់​បាន​ថា ចិន​កំពុង​តែ​ធ្វើ​ឲ្យ​ទន្លេ​នេះ​មាន​ភាព​ប្រសើរ​ជាង​មុន ឬ​បន្ថែម​ទម្ងន់​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន។ ដូច្នេះ​ ការ​មាន​ទិន្នន័យ​បែប​នេះ វា​ធ្វើ​ឲ្យ​អ្វីៗ​កាន់​តែ​មាន​តម្លាភាព​ជាង​មុន​បន្តិច»។

លោក​បន្ត​ថា ការ​មាន​តម្លា​ភាព​ជាង​មុន​នេះ​អាច​ជួយ​ដល់​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ ចរចា​ពី​បញ្ហា​ប្រឈម​នានា​ជាមួយ​ទីក្រុង​ប៉េកាំង និង​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​បាត់​បង់​ត្រី​និង​ដី​ស្រែចម្ការ និង​ផល​ចំណេញ​របស់​ចិន ​ក្នុង​ការ​បង្កើន​ថាមពល​អគ្គិសនី។

ប៉ុន្តែ​ មិន​មែន​មនុស្ស​គ្រប់​គ្នា សុទ្ធ​តែ​មាន​ភាពជឿ​ជាក់​ថា ទិន្នន័យ​ថ្មី​អាច​នឹង​គ្រប់​គ្រាន់​នោះ​ទេ។

អ្នក​ស្រី​ Courtney Weatherby គឺ​ជា​អ្នក​វិភាគ​ការ​ស្រាវ​ជ្រាវ​ម្នាក់​សម្រាប់​កម្មវិធីថាមពល ទឹក និង​ និរន្តរភាព ប្រចាំ​តំបន់​អាស៊ី​អាគ្នយ៍នៃមជ្ឈមណ្ឌល​ Stimson Center ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។

អ្នកស្រី​បាន​ថ្លែង​ដូច្នេះ​ថា៖ «ការ​ចរចា​បែប​នេះ អាច​កើត​មាន​ទៅ​បាន​ លុះ​ត្រាតែ​ព័ត៌មាន​បន្ថែម​អំពី​ទំនប់​នៅ​ផ្នែក​ខាង​លើ​របស់​ចិន ត្រូវ​បាន​ចែក​រំលែក»។

ក្នុង​ចំណោម​ទីតាំង​ទំនប់​ទាំង​ពីរ ​ដែល​ចិន​នឹង​ចែក​រំលែក​ទិន្នន័យ មាន​តែ​មួយ​ទេ​គឺ​ទំនប់ ​Jinghong ដែល​ស្ថិត​នៅ​លើដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ។ ទំនប់ ​Jinghong គឺ​ជា​ទំនប់​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​បង្អស់ ​ក្នុង​ចំណោម​ទំនប់​ទាំង​ ១១ ​នៅ​លើ​ដង​ទន្លេ​មេ​ក្នុង​ប្រទេស​ចិន ហើយ​អាង​ស្តុក​ទឹក​របស់​ទំនប់​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​អាង​ស្តុក​ទឹក​ធំ​ជាង​គេ។

អ្នកស្រី​ Weatherby និយាយ​ថា អ្វី​ដែល​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ពិត​ជា​ត្រូវ​ការ​ខ្លាំង​នោះ​ គឺ​តួលេខ​កាន់​តែ​ច្រើន​ពី​ខ្សែ​ទឹក​ខាង​លើ ដែល​ជា​ទីតាំង​នៃ​អាង​ស្តុក​ទឹក​ធំ​ជាង​គេ ដែល​តួលេខ​ទាំង​នោះ ​រួម​មាន​ទិន្នន័យ​ប្រតិបត្តិ​ចេញ​ពី​ទំនប់​នានា និង​ថា​ តើ​ទំនប់​នោះ​បើក​បង្ហូរ​ទឹក​កម្រិត​ណា និង​នៅ​ពេល​ណា។

អ្នក​ស្រី​និយាយ​ថា៖ «នៅ​ពេល​យើង​គិត​ពី​ការ​រួម​ចំណែក​ដ៏​ទូលំទូលាយ​របស់​ចិន​ក្នុង​រដូវ​វស្សា​និង​រដូវ​ប្រាំង វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​យល់​ថា​ តើ​ទំនប់​ស្ថិត​នៅ​ខាង​លើ​នៃ​ទីតាំង Jinghong ដើរ​តួនាទី​អ្វី​ខ្លះ ពីព្រោះ​ទីតាំង​នោះ​តាម​ពិត​ទៅ​ គឺ​ជា​កន្លែង​ស្តុក​ទឹក។ ដូច្នេះ​ វា​ជា​កន្លែង​ដែល​យើង​ឃើញ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ច្រើន ពាក់​ព័ន្ធ​នឹង​ការ​ឡើង​ចុះ​នៃ​កម្រិត​ទឹក​ក្នុង​ផ្ទៃ​ទឹក​ទន្លេ​មេគង្គ ពីព្រោះ​ទឹក​នេះ​ត្រូវ​បាន​គេ​ធ្វើកំហិត ឬ​ ត្រូវ​បាន​គេ​បើក​ឲ្យ​ហូរ​ចេញ»។

អ្នក​ស្រី​បន្ថែម​ថា៖ «ដូច្នេះ ប្រសិន​បើ​យើង​សួរ​ថា តើ​ទំនប់​របស់​ចិន​ទាំង​នោះ​ដំណើរ​ការ​យ៉ាង​ដូច​ម្ដេច​ហើយ​ ថា​តើ​គេ​ទប់​ទឹក​ដោយ​របៀប​ណា​ក្នុង​រដូវ​វស្សា​បញ្ចេញ​ទឹក​យ៉ាង​ដូច​ម្ដេច​នៅ​រដូវ​ប្រាំង ហើយ​ថា​តើ​វា​នឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា​ដល់​សន្ទុះ​ទឹក​ប្រចាំ​ឆ្នាំ​ដែល​ប្រទេស​នៅ​តាម​ដង​ទន្លេ​ខាង​ក្រោម​ពឹង​អាស្រ័យ​នោះ សំណួរ​ទាំង​នេះ មិន​អាច​មាន​ចម្លើយ​ចេញ​ពី​ទិន្នន័យ​ទាំង​នេះ​ទេ»។

ទឹក​ជំនន់​តាម​ធម្មជាតិ​ដែល​វាយ​ប្រហារ​លើ​អាង​ទឹកទន្លេ​មេគង្គ​ក្រោម​ធ្វើ​ឲ្យ​មាន​ផល​ត្រី​កើន​ឡើង និង​បង្កើន​ជីជាតិ​ដល់​តំបន់​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ដែល​ធ្វើ​ឲ្យ​សហគមន៍​នានា​នៅ​តាម​តំបន់​នោះ​មាន​ចីរភាព​អស់​រយៈ​ពេល​រាប់​សតវត្សរ៍​មក​ហើយ។

ជា​ឧទាហរណ៍ រៀង​រាល់​រដូវ​វស្សា​នៅ​ប្រទេស​កម្ពុជា គេ​ពឹង​អាស្រ័យ​លើ​ទឹក​ជំនន់​ដើម្បី​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​ទន្លេ​សាប​កើន​ទំហំ ៤ ​ដង ដែល​ទន្លេ​នេះ​គឺ​ជាប្រភព​ត្រី​ទឹកសាប​ធំ​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក។

ទោះ​យ៉ាង​ណា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រោះ​រាំង​ស្ងួត​បន្ត​ធ្វើ​ឲ្យ​បឹង​នេះ​មាន​កម្រិត​ទឹក​ទាប​មិន​ធ្លាប់​មាន​ពី​មុន។ ក្រុម​អ្នក​ជំនាញ​ភាគ​ច្រើន​បន្ទោស​ទៅ​លើ​ការ​ខ្វះ​ភ្លៀង​ធ្លាក់ ប៉ុន្តែពួក​គេ​ក៏​និយាយ​ដែរ​ថា ទំនប់​នៅ​ខ្សែ​ទឹក​ខាង​លើ​បាន​ធ្វើ​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅៗ។ ប៉ុន្តែ​ការ​អះអាង​នេះ ត្រូវ​បាន​ចិន​បដិសេធ។

រូបឯកសារ៖ ទំនប់ Dachaoshan ត្រូវបានសាងសង់លើដងទន្លេមេគង្គនៅខេត្ត Yunnan ប្រទេសចិន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០១។

សូម​ប្រាប់​យើង​ឲ្យ​បាន​ច្បាស់​ជាង​មុន

ទាំង​អ្នកស្រី​ Weatherby លោក Lee និង​លោក​ Goichot សុទ្ធ​តែ​និយាយ​ថា ទិន្នន័យ​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ដែល​ចិន​នឹង​ចែក​រំលែក​នេះ គឺ​ជា​ជំហាន​មួយ​ក្នុង​ទិស​ដៅ​ដ៏​ត្រឹម​ត្រូវ​ ប៉ុន្តែ​វា​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ក្នុង​ការ​សង្គ្រោះទន្លេ​មេគង្គ។

លោក Goichot សង្កត់​ធ្ងន់​ថា ភាព​ចាំ​បាច់​នៃ​ទិន្នន័យ​នោះ​គឺ​ថា​ តើកំណក​ល្បាប់​ច្រើន​ប៉ុណ្ណា​ដែល​ទំនប់​ទាំង​នោះ​អនុញ្ញាត​ឲ្យ​ហូរ​ចេញ។ កំណក​ល្បាប់​ដែលហូរ​ចូល​ទៅ​ដង​ទន្លេ​មេគង្គ​មិន​ត្រឹម​តែ​កំណត់​ទ្រង់​ទ្រាយ​ចំណោត និង​ជម្រៅ​នៃ​ទន្លេ​ទេ វា​ថែម​ទាំង​រក្សា​ដីសណ្ដរ​នៅ​ប្រទេស​វៀតណាមដែល​ជា​ចាន​បាយ​សម្រាប់​ប្រទេស​នេះ មិន​ឲ្យ​លិច​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទៀត​ផង។ យ៉ាង​ហោច​ណាស់​ កំណក​ល្បាប់ពាក់​កណ្ដាល​ចាប់​ផ្ដើម​នៅ​អាង​ទឹក​ទន្លេ​មេគង្គ​ក្នុង​ផ្នែក​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន។

ប៉ុន្តែ​ប្រហែល​ចាប់​តាំង​ពី​ចិន​ចាប់​ផ្ដើម​ធ្វើ​ទំនប់​នៅ​លើ​ដង​ទន្លេ​នេះ​កាល​ពី​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ ១៩៩០ លំហូរ​នៃ​កំណក​ល្បាប់​ទន្លេ​នេះ​បាន​ធ្លាក់​ចុះ​មក​នៅប្រមាណ​ ៧៧​ ភាគរយ។ នេះ​បើ​តាម​លោក Goichot ដែល​បាន​អះអាង​ដោយ​យោង​ដល់​ទិន្នន័យ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ។

លោក​ Lee និយាយ​ថា ទំនប់​នានា​នៅ​តាម​ដង​ទន្ល​មេគង្គ និង​ដៃ​ទន្លេ នៅ​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា ​គួរ​តែ​មាន​ការ​ចែក​រំលែក​ទិន្នន័យ​ប្រតិបត្តិ​បន្ថែម​ទៀត​ដែរ ដើម្បី​ជួយ​ដល់​ប្រទេស​នៅ​ដង​ទន្លេខាង​ក្រោម​យល់​កាន់​តែ​ប្រសើរ​ជាង​មុន​ថា ​តើ​គម្រោង​របស់​ប្រទេស​ទាំង​នេះ​ផ្ទាល់​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ទន្លេ មិន​មែន​ត្រឹម​តែ​ទិន្នន័យ​ប្រទេស​ចិន​ទេ។

លោក​និយាយ​ថា៖ «នៅ​ពេល​យើង​ចុះ​ទៅ​តាម​ដង​ទន្លេ​ផ្នែក​ខាង​ក្រោម យើង​នឹង​ឃើញ​មាន​កត្តា​ប្រែ​ប្រួល​ជា​ច្រើន​កំពុង​មាន​សកម្មភាព។ ហេតុ​ដូច្នេះ​ហើយ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​មាន​ទិន្នន័យដែល​យើង​អាច​មើល​បាន​ចេញ​ពី​រដ្ឋាភិបាល​ផ្សេង​ទៀត និង​អ្នក​អភិវឌ្ឍ​គម្រោង​ធំៗ នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម»៕