កាសែត​អាមេរិកថា​កម្ពុជា​ចុះហត្ថ​លេខា​ជា​សម្ងាត់​ជាមួយ​ចិន​រឿង​មូលដ្ឋាន​យោធា​ បាន​ធ្វើ​ឲ្យ​អាមេរិក​បារម្ភ

រូបឯកសារ៖ កប៉ាល់​យោធាចិន​ចុះចតនៅកំពង់ផែកម្ពុជា បន្ទាប់ពី​ការ​ហាត់សមរវាងកងយោធាជើងទឹកចិននិងកម្ពុជា នៅ​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ (REUTERS/Samrang Pring)

បើ​តាម​របាយ​ការណ៍​មួយ​របស់​កាសែត​ The Wall​ Street​ Journal ​បាន​រាយ​ការណ៍​មក​ថា​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ជា​សម្ងាត់​មួយ​ដើម្បី​អនុញាត ឲ្យ​កងទ័ព​របស់​ខ្លួន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​កម្ពុជា​នៅ​ជិត​ចិន​ ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដំណើរ​ការ​បង្កើន​សមត្ថភាព​យោធា​ខ្លួន​ក្នុងការ​ពិនិត្យ​មើល​ពី​ឥទ្ធិពល​យោធា​នៅជុំវិញ​ពិភព​លោក។ ​នេះ​បើតាម​ការ​អះអាង​របស់​មន្ត្រី​ម្នាក់​ដែល​ធ្វើ​កិច្ចការ​រឿងនេះ​ តែ​មិន​បាន​ប្រាប់​ឈ្មោះ។

កាសែត​ The Wall Street Journal ​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​អាទិត្យ បាន​រាយការណ៍​បន្ថែម​ថា​កិច្ច​ព្រមព្រៀង​សម្ងាត់​នោះ ​បាន​ចុះហត្ថ​លេខា​កាលពី​និទាឃរដូវ​កន្លង​ទៅ តែ​ភាគី​ទាំងពីរ​មិនទាន់​បាន​បញ្ចេញ​ឲ្យដឹង​ជា​សាធារណៈ​នៅ​ឡើយ​ទេ។​ កិច្ចព្រមព្រៀង​នោះ​គឺ​កម្ពុជា​ផ្តល់​ឲ្យភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់មុខ​ ធ្វើជា​មូលដ្ឋាន​ទាហាន​ជើង​ទឹក ចិន​មួយ​ផ្នែក​នៅ​ឈូង​សមុទ្រ​ខ្មែរ ​ហើយ​នៅជិត​ព្រលាន​យន្ត​ហោះ​ធំមួយ ​ដែល​កសាង​ដោយ​ចិន។ គេ​គ្មាន​ឃើញ​ការ​បញ្ជាក់​ពីព័ត៌មាន​លម្អិត​ទេ​ តែ​បើ​តាម​កាសែត​ The Wall Street​ Journal​ បាន​បញ្ជាក់ថា​កិច្ច​ព្រមព្រៀង​ជា​សេចក្តី​ព្រាង​ដែល​មន្ត្រី​អាមេរិក ដដែល​នោះ​បាន​ឃើញ​គឺ​នឹង​អនុញាត​ឲ្យចិន​ប្រើ​ជា​មូលដ្ឋាន​យោធា​រយ:ពេល​៣០ឆ្នាំ ដាក់​ទ័ព ​ដាក់​គ្រឿង​សព្វាវុធ ​កន្លែង​ចតនាវា​ជាដើម។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​កម្ពុជា​បាន​ផ្លាស់ប្តូរ​លិខិត​ជាផ្លូវការ​អំពី​រឿងនេះ​ ដោយ ភាគី​កម្ពុជា​និង​មន្ត្រី​របស់ខ្លួន​បដិសេធ​ព័ត៌មាន​អំពី​មូលដ្ឋាន​យោធា​ជើងទឹក​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ​ក្រោយពី​សហរដ្ឋ​អាមេរិក ​បាន​ចោទ​ជា​សំណួរ ​និង​បង្ហាញ​ពីក្តី​បារម្ភ។ ​មេដឹកនាំ​កំពូលៗ​និង​មន្ត្រី​យោធា​កំពូលៗ​កម្ពុជា​បដិសេធ​ជា​សាធារណៈ​អំពីក្តី​បារម្ភ​របស់​អាមេរិក ​ដោយ​បញ្ជាក់​ថា​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ​អធិបតេយ្យ​ ហើយ​ច្បាប់ កំពូល​របស់​ប្រទេស​គឺ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​មិន​អនុញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​ខ្លួនឡើយ។

កាសែត ​The Wall ​Street ​Journal ​បាន​រាយការណ៍​ដែរថា ​ប្រសិន​បើ​ចិន​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​ក្នុង​ឈូង​សមុទ្រ​ប្រទេស​កម្ពុជា ​នោះ​ចិន​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ចំពោះ​បញ្ហា​សេដ្ឋកិច្ច​ និង​មាន​ប្រៀប​លើ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ដែល កំពុង​មាន​វិវាទ​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន៕

ទោះជាយ៉ាងណាក៍ដោយមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានបដិសេធដាច់ខាតចំពោះព័ត៌មាននេះដោយអះអាងថា៖

«នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេស វាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ម្យ៉ាងទៀត តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។​ ល្មមឈប់ប្រើព័ត៌មាន ក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជាដើម្បីប្រឆាំងនឹងយើងហើយ។»