អ្នកជំនាញ​ថា ចិន​កំពុង​ប្រើ​គុណសម្បត្តិ​ដែល​ខ្លួន​មានក្នុង​ទស្សនកិច្ច​និង​កិច្ចព្រមព្រៀង​ថ្មីៗ​នៅ​មីយ៉ាន់ម៉ា

រូបឯកសារ៖ មេបញ្ជាការកងទ័ព​មីយ៉ាន់ម៉ា ដែល​បច្ចុប្បន្ន​ជា​មេដឹកនាំ​ថ្មី​របស់​ប្រទេស គឺ​លោក​ឧត្តមសេនីយ៍ Min Aung Hlaing និងលោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន ថតរូប​ជុំគ្នា​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​របស់​ពួកអស់លោក​នៅ​រដ្ឋធានី​ណៃពិដោរ មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

ចំណាប់​អារម្ភណ៍អន្តរជាតិ​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​ផ្តោត​លើ​ប្រទេស​មីយ៉ាន់ម៉ា​ ដោយសារ​តែមាន​រដ្ឋប្រហារ​មួយ ដែល​បាន​ផ្លាស់ប្តូរ​ការដឹកនាំ​រដ្ឋាភិបាល។ តែ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន អ្នក​ការទូត​ម្នាក់​ក្នុង​ចំណោម​អ្នក​ការទូត​ដែល​មាន​ឥទ្ធិពល​បំផុតក្នុង​ពិភពលោក​ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

អ្នក​វិភាគ​និយាយ​ថា លោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន​ជួយ​បញ្ជាក់​ពី​គោលជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា​ នៅក្នុងទស្សនកិច្ច​កាលពី​ពាក់​កណ្តាល​ខែ​មករា ដែល​នៅ​ក្នុង​ទស្សនកិច្ច​នោះ​ គេ​ឃើញ​ថា ប្រទេស​ទាំង​ពីរ​ បាន​ព្រមព្រៀង​ជំរុញ​គម្រោង​គមនាគមន៍​ដ៏​សំខាន់​ឱ្យ​វិវត្ត​ទៅ​មុខ និង​សម្រេច​បាន​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រយៈពេល​៥ឆ្នាំ​ផង​ដែរ។

អ្នក​វិភាគ​បន្ថែម​ថា លោក Wang ក៏​បាន​ព្យាយាម​រំឭក​មីយ៉ាន់ម៉ា​ពី​ការ​គាំទ្រ​យ៉ាង​យូរ​របស់​ចិន​ នៅ​មុន​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្តោតអារម្មណ៍​ជាង​មុន​មក​លើ​តំបន់​ដែល​ប្រទេស​មហាអំណាច​ទាំង​ពីរ​កំពុង​ប្រជែង​យក​ឥទ្ធិពល​មួយ​នេះ។

ដំណើរ​ទស្សនកិច្ច​កាលពី​ថ្ងៃទី១១ និង​១២​ ខែមករា​បាន​ធ្វើ​ឱ្យ​លោក Wang Yi ជា​ប្រតិភូ​បរទេស​ជាន់​ខ្ពស់​ដំបូង​ដែល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ ចាប់​តាំង​ពី​ការ​បោះឆ្នោត​នៅ​ក្នុង​ខែវិច្ឆិកា ដែល​ធ្វើ​ឱ្យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ និង​អ្នកស្រី អង់សាន ស៊ូជី ដែល​ជា​មេដឹកនាំ​មីយ៉ាន់ម៉ា ​អាច​កាន់​អំណាច​ក្នុង​អាណត្តិ​ទី២។ ដំណើរ​ទស្សនកិច្ច​នេះ​ កើត​ឡើង​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​ថ្នាក់​កំពូល​មួយ​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​កាលពី​ឆ្នាំ​មុន នៅ​ពេល​លោក​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ចំនួន​៣៣។

អ្នកស្រី អង់សាន ស៊ូជី ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​នៅ​សប្តាហ៍​នេះ ហើយត្រូវបានចាប់ខ្លួន​ជាមួយ​នឹង​មន្រ្តីដទៃទៀត។

អ្នកស្រី Yun Sun នាយក​កម្មវិធី​នៅ​មជ្ឈមណ្ឌល Stimson ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយ​ថា លោកWang បាន​ចាកចេញ​ពី​មីយ៉ាន់ម៉ា​ជាមួយ​នឹង​កិច្ចព្រមព្រៀងចំនួន​៨ ប៉ុន្តែសរុបមក​ កិច្ចព្រមព្រៀង​ទាំង​នេះ​អាច​មាន​ទម្ងន់​ខ្លាំង​ជាង​មុន។

អ្នក​ស្រី​បាន​និយាយ​ថា ខណៈ​ដែល​កិច្ចព្រមព្រៀង​របស់​លោក ស៊ី ដើរ​តួ​ជា​គ្រឹះ​សម្រាប់​ចំណង​ទាក់ទង​កាន់​តែ​ជិតស្និទ​ជាមួយ​មីយ៉ាន់ម៉ា «ការងារ​របស់​លោក Wang Yi គឺ​ពិតជា​ប្រែក្លាយ​វា​ទៅ​ជា​ការ​ពិត»។

ត្រឡប់​តាម​គម្រោង​វិញ

អ្នកស្រី Yun បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ ​អាច​ជា​ដំណើរ​ទស្សនកិច្ច​សំខាន់​បំផុត​របស់​មន្ត្រី​ចិន​នៅ​ក្នុង​មួយ​ទសវត្សរ៍​នេះ។ ចំណុច​គន្លឹះ​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ថ្មីៗ​ទាំង​នេះ​គឺ​ការ​សិក្សា​លើ​លទ្ធភាព​សម្រាប់​ខ្សែ​រថភ្លើង​ពាក់​កណ្តាល​ចុង​ក្រោយ​ដែល​ត្រូវ​បាន​គ្រោង​ឡើង និង​ដែល​នឹង​ពុះ​ប្រទេស​មីយ៉ាន់ម៉ា​ជា​ពីរ​ផ្នែក ដោយ​ខ្សែ​រថភ្លើង​នឹង​រត់កាត់​ចាប់​ពី​ព្រំដែនប្រទេស​ជាមួយ​ចិន​នៅ​ខាង​កើត ទៅ​ដល់​ឆ្នេរសមុទ្រ Bay of Bengal នៅ​ភាគ​ខាង​លិច។

ខ្សែ​រថភ្លើង​នេះ​ជា​ផ្នែក​នៃ​គម្រោង​ច្រក​សេដ្ឋកិច្ច​ចិន-មីយ៉ាន់ម៉ា ដែល​ជា​មែកធាង​នៃ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន ឬ Belt and Road Initiativeហៅ​កាត់​ថា BRI និង​ជា​ច្រកផ្លូវ​ទី២ ដែលចិនចង់មាន សម្រាប់​ចូលទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា​ ដើម្បី​បញ្ចៀសដៃសមុទ្រ Malacca ដែល​ជា​កន្លែង​ត្រួតពិនិត្យ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​នាំ​ចេញ​ឧស្ម័ន និង​ប្រេង​របស់​ខ្លួន។ ផែ​ទឹក​ជ្រៅ​នៅ​ក្បែរឆ្នេរ​ក្នុងប្រទេស​មីយ៉ាន់ម៉ា​កំពុង​ដំណើរការ​ ហើយ​ទុយោ​ឧស្ម័ន និង​ប្រេង​ត្រូវ​បាន​គេ​ដាក់​តាម​ផ្លូវ​នេះ​រួច​ហើយ។

ការងារ​សម្រាប់​ច្រក​នេះ​មាន​ការ​យឺតយ៉ាវ​ដោយ​សារ​ការ​បារម្ភ​របស់​មីយ៉ាន់ម៉ា​អំ​ពី​ការ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​ចិន ដែល​ត្រូវ​សង​សម្រាប់​ចំណែក​ភាគហ៊ុន​របស់​ខ្លួន​នៅ​ក្នុង​គម្រោង​យក្ស​ធំៗ​ ហើយ​ក្តីបារម្ភ​ពី​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មាន​កាន់​តែ​ខ្លាំង។​

អ្នកស្រី Yun បាន​និយាយ​ថា ការ​សិក្សា​លើ​លទ្ធភាព​របស់​ចិន​សម្រាប់​ខ្សែ​រថភ្លើង​ពាក់​កណ្តាល​ដំបូង​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​តាម​ផ្លូវ​នេះ ​រួច​ទៅហើយ។ ដូចនេះ​ការ​បង្កើតកិច្ចព្រមព្រៀង​ថ្មី​សម្រាប់ខ្សែរថភ្លើងពាក់​កណ្តាល​ចុង​ក្រោយ​ជា​ការងារ​ដ៏​ពិបាក​មួយ។

អ្នកស្រី​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «បញ្ហា​រសើប​នយោបាយ​ពាក់ព័ន្ធ​នឹង​រឿង​នេះ និង​សម្រាប់​បញ្ហា​នយោបាយ​ទាំង​អស់​ដែល​យើង​បាន​ឃើញ​អំពី​បញ្ហា​នេះ ខ្ញុំ​គិត​ថា ការ​ពិត​ដែល​ថា​ចិន​អាច​បោះ​ជំហាន​ទៅ​មុខ​បាន​ មាន​ន័យ​ថា​ចិន​កំពុង​មាន​ការ​វិវត្ត​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​របស់​ខ្លួន»។

ផែនការ​៥ឆ្នាំ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ដែល​លោក Wang បាន​បន្សល់​ទុក​ឱ្យ​មីយ៉ាន់ម៉ា​ក៏​បង្ហាញ​ពី​ការ​ទុក​ចិត្ត​កម្រិត​ថ្មី​មួយ​ដែល​អាច​និយាយ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​នៅ​តែ​រឹងមាំ។​

អ្នកស្រី​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «សម្រាប់​ចិននិង​មីយ៉ាន់ម៉ា​ ដើម្បី​រៀបចំ​ផែនការ​នេះ​ឱ្យ​រួច​រាល់​នៅ​ពេល​ចាប់​ផ្តើម​អាណត្តិ​ទី២​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ខ្ញុំ​គិត​ថា វា​មិន​ត្រឹម​តែ​បង្ហាញ​ថា មីយ៉ាន់ម៉ា​ពឹង​ផ្អែក​លើ​ចិន​ប៉ុណ្ណោះ​ទេ វា​ក៏​បង្ហាញ​ថា ចិន​មាន​ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់​ពាក់ព័ន្ធ​នឹង​ប្រទេស​នេះ»។

មិត្តភក្តិ​ក្នុង​គ្រា​លំបាក

លោក Hervé Lemahieu អ្នក​វិភាគ​មីយ៉ាន់ម៉ា​នៅ​វិទ្យាស្ថាន Lowy ក្នុង​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា តាមរយៈ​ការ​បញ្ជូន​លោក Wang ទៅ​មីយ៉ាន់ម៉ា​មួយ​ឆ្នាំ​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជិនពីង ចិន​ ក៏​ចង់​រំឭក​ប្រទេស​នេះ​ពី​មិត្តភាពគ្រប់​ពេល​របស់​ខ្លួន​ នៅ​ពេល​ដែលមាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និងនៅ​ពេល​ដែល​នយោបាយ​នៅ​សហរដ្ឋអាមេរិក​អាច​ធ្វើ​ឱ្យ​មីយ៉ាន់ម៉ា​យល់​ថា លោក​ខាង​លិច​មិន​អើពើ​នឹង​ខ្លួន។​

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ពួកគេ​ច្បាស់​ណាស់​ចង់​ពង្រឹង​ឡើង​វិញ​នូវ​រូបភាព​នៃ​អំណាច​ខាង​ក្រៅ​ ជាមួយ​នឹង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​សម្រាប់​មីយ៉ាន់ម៉ា»។

លោក​បាន​បន្ថែម​ថា៖ «ចង់​និយាយ​ថា ជា​មូលដ្ឋាន វា​ជា​ជំនួញ​ធម្មតា ហើយ​អ្វីៗ​គ្រប់​យ៉ាង​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ ទោះ​បី​ជា​មាន​ការ​រំខាន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ក្តី» និង​ថា «អ្នក​អាច​រំពឹង​ការ​ការពារ​ផ្នែក​ការ​ទូត​ច្រើន​ជាង​មុន»។

ប្រទេស​ចិន​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ​ថា បាន​ប្រើប្រាស់​ឥទ្ធិពល​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ និង​កៅអី​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​របស់​ខ្លួន​ ដើម្បី​ការពារ​មីយ៉ាន់ម៉ា​ពី​ការ​ស្តីបន្ទោស​លើ​កំណត់​ត្រា​មិន​ល្អ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នេះ រួម​ទាំង​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ខ្លួន​ឯង​ផ្ទាល់​បាន​ហៅ​ថា ជា​ការ​បោស​សម្អាត​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​នេះ។​

លោកLemahieu បាន​និយាយ​ថា ចិន​មាន​ការ​ប្រកួតប្រជែង​តិចតួច​ដើម្បី​ដណ្តើម​យក​ឥទ្ធិពល​នៅ​អាស៊ីអាគ្នេយ៍​ពី​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប៉ុន្តែ​គេ​រំពឹង​ថា អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្រោម​រដ្ឋបាល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ចូ បៃដិន។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «វា​ជា​រឿង​មួយ​ទៀត។ តោះ​ ធ្វើ​ទស្សនកិច្ច​ទៅ​ទីនោះ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស​ដំបូង បន្ទាប់​ពី​ការ​បោះឆ្នោត​មីយ៉ាន់ម៉ា និង​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​នៅ​តែ​ជា​មិត្ត​ល្អ ក្រែងលោ​រដ្ឋបាល​លោក​ប្រធានាធិបតី​បៃដិន​នឹង​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ។ ដូច្នេះ​ ខ្ញុំ​គិត​ថា មាន​ហេតុផល​ផ្សេង​នៅ​ពី​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក Wang Yi មិន​មែន​សម្រាប់​តែ​មីយ៉ាន់ម៉ា​នោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ីអាគ្នេយ៍​ផង​ដែរ»។​

ដំណើរ​ទស្សនកិច្ច​របស់​លោក Wang គឺ​ជា​ការ​ឈប់​ចត​លើក​ដំបូង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​នេះ ដែល​រួម​មាន​ការ​ឈប់​សំចត​ចូល​ក្នុង​ប្រទេស​ប្រ៊ុយណេ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​ផង​ដែរ។

អ្នកស្រី Khin Khin Kyaw Khee អ្នក​វិភាគ​ចិន​នៅ​វិទ្យាស្ថាន​សម្រាប់​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​មីយ៉ាន់ម៉ា​មួយ​បាន​យល់ស្រប​ថា ចិន «ចង់​ធ្វើ​ឱ្យ​ប្រាកដ​ពី​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​នៅ​ក្នុង​តំបន់ និង​បញ្ជាក់​ពី​គោលនយោបាយ​របស់​ប្រទេស​ក្នុង​តំបន់​នៅ​មុន​ពេល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង»។

អ្នកស្រី​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «ពួកគេ​ចង់​យក​ចំណេញ​ដោយ​និយាយ​ទៅ​កាន់​ប្រទេស​ទាំង​នោះ នៅ​មុន​ពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង និង​មុន​ពេល​សហរដ្ឋអាមេរិក​សម្រេច​លើ​គោលនយោបាយ​បរទេស​របស់​ខ្លួន​ចំពោះ​តំបន់​នេះ»។

«ការ​គ្រប់គ្រង​ការ​ខូចខាត»

លោក Lemahieu បាន​និយាយ​ថា នៅ​ពេល​ជាមួយ​គ្នា ដំណើរ​ទស្សនកិច្ច​នេះ​ជា «ការ​គ្រប់គ្រង​ការ​ខូចខាត» មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដោយ​សង្ឃឹម​ថា ខ្លួន​នឹង​អាច​លុបចោល​នូវ​ការ​អះអាងរបស់​អ្នក​រិះគន់​ដែល​ខ្លួន​បាន​បដិសេធ​ថា ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​រាលដាល​នៅ​ក្នុង​សាកលលោក​យ៉ាង​គ្រោះថ្នាក់ ដោយ​កាលពី​ដំបូង​បាន​បិទបាំង​របាយការណ៍​ក្នុង​ស្រុក​អំពី​ការ​ផ្ទុះ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុងទី​ក្រុង Wuhan។

ក្នុង​ហេតុផល​នេះ លោក Wang បាន​ប្រកាស​ថា ចិន​នឹង​បរិច្ចាគ​វ៉ាក់សាំង CoronaVac ដែល​ជា​វ៉ាក់សាំង​ដ៏​ល្បី​របស់​ខ្លួន​ចំនួន​ ៣០០.០០០ដូស​ទៅ​ឱ្យ​មីយ៉ាន់ម៉ា ដែល​កំពុង​តែ​ព្យាមយាម​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​ចំនួន​ ៥៤លាន​នាក់​របស់​ខ្លួន។

ទស្សនកិច្ចទាំង​៣​ របស់​លោក Wang នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី មីយ៉ានម៉ា និង​ហ្វីពីលីន មានការ​លំបាក​ ដោយសារ​តែ​មាន​ករណី​កូវីដ១៩​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់។

លោក Lemahieu បាន​បន្ថែម​ថា នៅ​ក្នុង​ប្រទេស​មីយ៉ានម៉ា​ និង​ប្រទេស​ផ្សេងៗ​ទៀត ចិន​ក៏​កំពុង​មាន​បំណង «កែសម្រួល» គម្រោង​ BRI ដើម្បី​កុំ​ឱ្យ​គេ​មើល​ឃើញ​ថា​ ជា​អន្ទាក់​បំណុល​ដែល​ប្រទេស​មួយ​ចំនួន​ខ្លាច​នឹង​ធ្លាក់​ចូល​នោះ​ទេ ប៉ុន្តែ​ចិន​ចង់​ឱ្យ​មើល​ឃើញ​ថា គម្រោង​ BRI ជា​ការ​កត្តា​ដែល​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ បន្ទាប់​ពី​រងផលប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

លោក​បាន​និយាយ​ថា ចិន​ចង់​បញ្ចុះបញ្ចូល​ពួកគេ​ថា «ខ្លួន​មិន​មែន​គ្រាន់​តែ​ជា​ប្រភព​នៃ​មេរោគ​នោះ​ទេ ប៉ុន្តែ​នៅ​ទីបំផុត​ខ្លួន​ជា​ប្រភព​នៃ​ដំណោះស្រាយ»៕

ប្រែសម្រួលដោយលោក ចាប ចិត្រា