ប្រទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការអនុម័តយល់ព្រមរបស់រដ្ឋសភាសហរដ្ឋអាមេរិក ដែលបង្ខំឱ្យកម្មវិធី TikTokកាត់ផ្តាច់ចំណងទាក់ទងជាមួយក្រុមហ៊ុនមេរបស់ខ្លួន បើមិនដូច្នេះទេនឹងត្រូវបានហាមប្រាមក្នុងសហរដ្ឋអាមេរិកនោះ កើតមានឡើងក្នុងលក្ខណៈជារបៀប«តក្កវិជ្ជាចោរព្រៃទាំងស្រុង»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ។
កម្មវិធីបង្ហោះវីដេអូខ្លីៗមួយនេះ មានប្រជាប្រិយភាពខ្លាំងនៅជុំវិញពិភពលោក ប៉ុន្តែជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនឈ្មោះ ByteDance និងត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយគណបក្សកុម្មុយនីស្តចិននោះ បានធ្វើឱ្យមានការបារម្ភជាច្រើននៅក្នុងចំណោមប្រទេសលោកខាងលិចមួយចំនួន។
កាលពីថ្ងៃពុធ រដ្ឋសភាសហរដ្ឋអាមេរិក បានអនុម័តយល់ព្រមដោយសំឡេងលើសលប់លើសេចក្តីព្រាងច្បាប់មួយ ដែលនឹងបង្ខំឱ្យកម្មវិធី TikTok ត្រូវដកខ្លួនឱ្យនៅឆ្ងាយពីក្រុមមេរបស់ខ្លួន បើមិនដូច្នោះទេ នឹងទទួលរងការដាក់បម្រាមមិនឱ្យប្រើប្រាស់ក្នុងទូទាំងសហរដ្ឋអាមេរិកតែម្តង។
សេចក្តីព្រាងច្បាប់នេះនៅមិនទាន់ត្រូវបានបោះឆ្នោតអនុម័តដោយព្រឹទ្ធសភាអាមេរិកនៅឡើយទេ ហើយត្រូវគេរំពឹងថានឹងប្រឈមនឹងការសាកល្បងដ៏តឹងតែងមួយ ដើម្បីក្លាយជាច្បាប់សម្រាប់អនុវត្ត៕