រដ្ឋមន្ត្រី​ការបរទេស​ចិន​មិន​បាន​ចូលរួម​ជំនួប​អាស៊ាន​ដោយ​មូលហេតុ​សុខភាព

  • ​Reuters

រដមន្ត្រី​ការបរទេស​ក្នុង​បណ្តាប្រទេស​អាស៊ាន​ដែលមានវត្តមានក្នុង​កិច្ច​ប្រជុំ​មន្ត្រីការបរទេស​អាស៊ាន​លើក​ទី៥៦កាលពីថ្ងៃទី​១១​ កក្កដា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang នឹង​មិន​ចូលរួម​កិច្ចប្រជុំ​ការទូត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​សប្តាហ៍​នេះ​ដោយ​មូលហេតុ​សុខភាព។ នេះ​បើ​តាម​អ្នក​នាំពាក្យក្រសួង​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

អ្នក​ការទូត​កំពូល​ចិន​លោក Wang Yi នឹង​តំណាង​ឱ្យ​ចិន​នៅ​ឯ​ជំនួប​នៅ​ក្នុង​រដ្ឋធានី​ហ្សាកាតា​ជំនួស​វិញ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin ដែល​បាន​ប្រាប់​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​មួយ​ ដោយ​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ដកស្រង់​ប្រភព​ប្រហា​ក់​ប្រហែល​គ្នា​ដែល​បាន​ដឹង​ពី​បញ្ហា​នោះ​ដោយ​និយាយ​ថា ​លោក​Wang នឹង​ចូលរួម​ជំនួប​នោះ​ជំនួស​លោក Qin វិញ។

រដ្ឋមន្ត្រី​ការបរទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​និង​ចិន​មាន​គម្រោង​ជួប​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ មុនកិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា (East Asia Summit) ​នៅ​ថ្ងៃ​សុក្រ​ និង​វេទិកា​តំបន់​អាស៊ាន។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​ថា៖ ‍‍«លោក​ទីប្រឹក្សា​រដ្ឋ​និងជា​រដ្ឋមន្ត្រី​ការបរទេស Qin Gang មិន​អាច​ចូលរួម​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទេ ពីព្រោះតែ​មូលហេតុ​សុខភាព»។ លោក​ Wenbin មិន​បាន​និយាយ​លម្អិត​ទេ។

លោក​ Qin អាយុ៥៧​ឆ្នាំ​បាន​ទទួល​តំណែង​ពី​លោក Wang ជា​រដ្ឋមន្ត្រី​ការបរទេស​នៅ​ខែ​ធ្នូ​ហើយ​ត្រូវ​បាន​គេ​ឃើញ​ជា​សាធារណៈ​លើក​ចុងក្រោយ​កាលពី​ថ្ងៃ​ទី២៥ ខែ​មិថុនា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បន្ទាប់​ជំនួប​ជាមួយ​ពួក​មន្ត្រី​មកពី​ប្រទេស​ស្រីលង្កា រុស្ស៊ី​និង​វៀតណាម។

រូបឯកសារ៖ មន្ត្រីការបរទេស​ចិន​លោក Qin Gang ថ្លែង​ក្នុង​វេទិកាទំនើបកម្ម​ចិន​និង​ពិភពលោក​នៅ​ Grand Halls ក្នុងទីក្រុង​សៀងហៃ​កាលពីថ្ងៃទី​២១ មេសា ឆ្នាំ២០២៣។

អវត្តមាន​របស់​លោកត្រូវ​បានគេកត់សម្គាល់។

អ្នកនាំ​ក្រសួង​ការបរទេស​ចិន​បាន​ត្រូវ​គេ​ចោទសួរ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​អំពី​អត្ថបទ​មួយ​នៅ​ក្នុង​គេហទំព័រសារព័ត៌មាន​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ Politico ដែល​បាន​ដកស្រង់​សម្តី​ការ​និយាយ​ស្មានៗ​ថា ​បញ្ហា​សុខភាព​អាច​ស្ថិត​នៅពីក្រោយ​នៃ​អវត្តមាន​របស់​លោកQinនោះ​បាន​និយាយ​ថា ​លោក​មិន​បាន​ឮ​អំពី​សេចក្តី​រាយការណ៍​នោះ​ទេ។

អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ លោក Qin ត្រូវ​ជួប​ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell កាលពី​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ក៏ប៉ុន្តែ ជំនួប​នោះ​ត្រូវ​បាន​ពន្យារ​ពេល​បន្ទាប់ពី​ចិន​បាន​ជូន​ព័ត៌មាន​ទៅ​សហភាព​អឺរ៉ុប​ថា​ កាលបរិច្ឆេទ​នៃ​ជំនួប​នោះ​លែង​អាច​ធ្វើ​ទៅបាន​ទៀត​ហើយ។

សហភាព​អឺរ៉ុប​ត្រូវ​បានគេ​ប្រាប់​ពី​ការ​ពន្យារ​ពេល​តែ២ថ្ងៃ​មុនពេល​ការ​មក​ដល់​របស់​លោក Borrell ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៥ កក្កដា។ នេះ​បើ​តាម​ប្រភព​នានា​ដែល​បាន​ដឹង​ពី​ផែនការ​នេះ។

លោក Blinkin បាន​ជួប​លោក Qin និង​លោក Wang Yi នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ក៏​មាន​កំណត់ពេល​ចូលរួម​ជំនួប​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា​នៅ​សប្តាហ៍​នេះ​ ដែល​ផ្តល់ឱកាស​មួយ​ទៀត​សម្រាប់ការចរចា​ជាមួយ​ចិន​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្វះស្វែង​ស្តារ​ឡើងវិញទំនាក់​ទំនង​រវាង​មហា​អំណាច​ធំទាំង២។

ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១​ទៅ​កាន់​ប្រទេស​ចិន​ដោយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល៥ឆ្នាំ។

លោក Wang Yi ដែល​ជា​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​មាន​ឋានៈ​ខ្ពស់​ជាង​លោក Qin ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​ និង​ជា​ប្រធាន​គោលនយោបាយ​បរទេស​របស់​រដ្ឋាភិបាល​ចិន៕

ប្រែសម្រួល​ដោយ ​លោក ជឹង ប៉ូជីន