ការប្រឹងប្រែងរបស់ចិនក្នុងការទាក់ទាញការវិនិយោគបរទេសនៅកិច្ចប្រជុំ Davos ទំនងជាមិនបានជោគជ័យ

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រីចិន​លោក​ Li Qiang ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៅទីក្រុង Davos ប្រទេស​ស្វីស កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

ប្រទេស​ចិន​បាន​ដឹកនាំ​គណៈប្រតិភូ​ដ៏​ធំ​មួយ​ទៅ​ចូលរួម​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំនេះ​នៅ​ទីក្រុង Davos នៃ​ប្រទេស​ស្វីស​ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ពិភពលោក​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុតទីពីរ​របស់​ពិភពលោក​នៅតែ​បើក​ចំហ​សម្រាប់​អាជីវកម្ម និង​ជា​កន្លែង​ដែល​អាច​ទុកចិត្ត​បាន​ក្នុង​ការ​វិនិយោគ។ ក៏ប៉ុន្តែ អ្នកវិភាគ​និយាយ​ថា សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី Li Qiang កាលពី​ថ្ងៃទី១៦ ខែមករា​នោះ គឺខ្លី​ហើយនឹង​មិនមាន​ការអធិប្បាយ​ក្បោះក្បាយ​លើ​ចំណុច​ជាក់លាក់​ដែល​អ្នកវិនិយោគ​ចង់​ឮ​នោះ​ទេ។

លោក Li បាន​ដឹកនាំ​គណៈប្រតិភូ​ចំនួន​១៤០ នាក់​ទៅ​ចូលរួម​កិច្ចប្រជុំ​នៃ​មេដឹកនាំ​នយោបាយ និង​ធុរកិច្ច​ពិភពលោក​រយៈពេល ៥ ថ្ងៃ​នៅ​ក្នុង​សប្តាហ៍​ទី៣​នៃ​ខែមករា​កន្លង​ទៅ​នេះ។ យោង​តាម​គេហទំព័រ​ព័ត៌មាន​នយោបាយ Politico ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​នាំយក​រដ្ឋមន្ត្រី​ចំនួន​១០​នាក់ ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ។ លោក Li គឺជា​មេដឹកនាំកម្រិត​ខ្ពស់​បំផុត​របស់​ចិន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នេះ ចាប់តាំងពី​ឆ្នាំ ២០១៧​មក ដែល​ការនេះ​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​ដែល​ទីក្រុង​ប៉េកាំង​យកចិត្ត​ទុកដាក់​ចំពោះ​កិច្ចប្រជុំ​នេះ។

អ្នកស្រី Anna Ashton នាយិកា​កិច្ចការ​សាជីវកម្ម​ចិន និង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន នៅ​ក្រុមហ៊ុន Eurasia Group ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ការពិគ្រោះ​យោបល់​អំពី​ហានិភ័យ​នយោបាយ​សកល​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង New York បាន​ប្រាប់​វីអូអេ​តាម​អ៊ីមែល​ថា ការយកចិត្ត​ទុកដាក់​របស់​ចិន​ចំពោះ​កិច្ចប្រជុំ​នេះ​«គូស​បញ្ជាក់‍»​អំពី​២​ចំណុច​សំខាន់​គឺ ទីមួយ ទីក្រុង​ប៉េកាំង​បន្ត​ចាប់អារម្មណ៍​ក្នុង​ការបង្កើត​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយ​ពិភពលោក​និង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍ និង​ទីពីរ គឺ​ទីក្រុង​ប៉េកាំង​ផ្តល់​ភាពសំខាន់​ទៅ​លើ​ការស្តារ​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​អន្តរជាតិ​របស់​ខ្លួន​ឡើងវិញ។

នៅក្នុង​សុន្ទរកថា​របស់​លោក លោក Li បាន​ធានា​ដល់​អ្នកវិនិយោគ និង​អ្នកនយោបាយ​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំបំផុតទីពីរ​របស់​ពិភពលោក​នេះ មាន «សក្តានុពល​យ៉ាងខ្លាំង» ហើយ​នៅតែ​ជា​«ក្បាល​ម៉ាស៊ីន​ដ៏​សំខាន់‍» នៃ​ការរីក​លូតលាស់​នៅក្នុង​ពិភពលោក បើទោះបី​ជា​ប្រទេស​នេះ​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ​មុន​ក៏ដោយ។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​តែ​មាន​ការ​លំបាក​រើប​ឡើងវិញ​ក្រោយ​ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដោយ​ប្រទេស​នេះ​ជួបប្រទះ​បញ្ហា​ទីផ្សារ​អចលនទ្រព្យ ភាពអត់​ការងារ​ធ្វើ​របស់​យុវជន​មាន​អត្រា​ខ្ពស់ និង​ការធ្លាក់ចុះ​នៃ​ការនាំ​ទំនិញ​ចេញ​កាលពី​ឆ្នាំមុន ដែល​នោះ​គឺជា​ការធ្លាក់​ចុះ​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ២០១៦​មក។

នៅក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​មុន ប្រទេស​ចិន​មាន​ឱនភាព​វិនិយោគ​ផ្ទាល់​ពី​បរទេស​ប្រចាំ​ត្រីមាសជា​លើក​ដំបូង​របស់​ខ្លួន​ចំនួន ១១,៨ ពាន់​លានដុល្លារ ដែល​នោះ​ជា​លើក​ដំបូង​ដែល​បាន​កើតឡើង​ចាប់តាំង​ពី​ឆ្នាំ១៩៩៨។ នោះ​មាន​ន័យ​ថា ការ​ដក​ការវិនិយោគ​និង​ការ​ធ្លាក់​ចុះ​អាជីវកម្ម​មាន​ចំនួន ១១,៨ ពាន់​លានដុល្លារ ​ច្រើន​ជាង​ការ​វិនិយោគ​ថ្មី​នេះ​បើ​យោង​តាម​សារព័ត៌មាន Bloomberg។

កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ផ្លូវការ​របស់​ប្រទេស​ចិន​សម្រាប់​ឆ្នាំ២០២៣ គឺ ៥,២% ដែល​ចំនួន​នេះ​បាន​បំពេញ​តាម​គោលដៅ​របស់​ខ្លួន​គឺ​ប្រមាណ ៥% ក៏ប៉ុន្តែ​ចំនួន​នោះ​គឺ​ទាប​ជាង​ការរំពឹងទុក​របស់​អ្នកវិភាគ និង​ជា​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​ទាប​បំផុត​មួយ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ។

ទោះបីជា​មាន​បញ្ហា​ប្រឈម​ក៏ដោយ ក៏​កាលពី​ថ្ងៃ​ទី១៦ ខែមករា​កន្លង​ទៅ​នេះ លោក Li បាន​និយាយ​ថា និន្នាការ​វិជ្ជមាន​រយៈពេលយូរ​ផ្នែក​សេដ្ឋកិច្ច​នឹង​មិន​ផ្លាស់ប្តូរ​ទេ ហើយ​ប្រទេស​ចិន​នឹង​បន្ត​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក។ លោក​ក៏​បាន​សន្យា​ដែរ​ថា ប្រទេស​ចិន​នឹង​បន្ត​ប្តេជ្ញាចិត្ត​ចំពោះ​គោលនយោបាយ​ជា​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​ការបើក​ចំហ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅកាន់​ពិភពលោក។

លោក Gary Hufbauer ជា​សមាជិក​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ​បាន​ប្រាប់​វីអូអេ​ថា សុន្ទរកថា​របស់​លោក Li ជាទូទៅ​មាន​ភាពវិជ្ជមាន ហើយ​វា​បង្ហាញ​ថា លោក​សង្ឃឹម​ថា​នឹង​លុបបំបាត់​ទស្សនៈ​អវិជ្ជមាន​របស់​អ្នកខាងក្រៅ​អំពី​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន។

ក៏ប៉ុន្តែ លោក Hufbauer បាន​ថ្លែង​ទៀត​ថា សុន្ទរកថា​របស់​លោក Li មិន​បាន​រៀបរាប់​អំពី​វិធានការ​ជាក់លាក់​ណាមួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ចាត់​វិធានការ​ដើម្បី​ជា​ការ​ទាក់ទាញ​ក្រុមហ៊ុន​លោក​ខាងលិច​ទេ ដែល​ការណ៍​នេះ​មិន​បាន​បន្ធូរបន្ថយ​កង្វល់​របស់​ពួកគេ​អំពី​ថា​តើ​សេដ្ឋកិច្ច​របស់​ចិន​ឆ្ពោះ​ទៅ​ផ្លូវ​ណា​នោះ។

លោក Hufbauer បាន​ថ្លែង​បន្ថែម​ថា «‍ខ្ញុំ​គិត​ថា សហគមន៍​ធុរកិច្ច ជាពិសេស​ក្រុមហ៊ុន​ដែល​មាន​ប្រតិបត្តិការ​ធំៗ​នៅក្នុង​ប្រទេស​ចិន​នឹង​មាន​អារម្មណ៍​ថា «ត្រូវ​បង្ហាញ​ឱ្យ​ខ្ញុំ‍​ឃើញ» ពីព្រោះ​ចិន​អាច​ប្រើ​បទប្បញ្ញត្តិ និង​ការរឹតបន្តឹង​គ្រប់​ប្រភេទ ដែល​រារាំង​ដល់​លទ្ធភាព​ធ្វើ​អាជីវកម្ម យក​កម្មសិទ្ធិ​បញ្ញា ហើយ​បង្កើត​បរិយាកាស​ដែល​មិនមាន​ភាពងាយស្រួល​បាន»។

លោក Hufbauer បាន​បន្ត​ថា «‍ដូច្នេះ​សុន្ទរកថា​នេះ​មិនមាន​អ្វី​ដែល​ខ្ញុំ​ហៅ​ថា «វិធានការ​ជាក់ច្បាស់‍» ដែល​អាច​ទាក់ទាញ​ដល់​សហគមន៍​អាជីវកម្ម​នោះ​ទេ។ ដូច្នេះ​ពួក​គេ​នឹង​កាន់តែ​មាន​មន្ទិល​សង្ស័យ»។

រូបឯកសារ៖ ទិដ្ឋភាព​នៃ​សំណង់​អគារ​ខ្ពស់​ស្កឹមស្កៃ​ក្នុង​តំបន់ពាណិជ្ជកម្ម​និងអាជីវកម្ម​ដ៏​ធំ​របស់​ចិន​នៅ​ទីក្រុងសៀងហៃ​ ប្រទេស​ចិន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុម​ម្ចាស់​ពាណិជ្ជកម្ម​មួយ​ចំនួន​និយាយ​ថា ការឃ្លាត​ចាកឆ្ងាយ​ពី​ការវិនិយោគ​នៅក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កើតឡើង​ដោយសារ​តែ​ការរឹតបន្តឹង​លើ​ការគ្រប់គ្រង​ផ្នែក​នយោបាយ រួមទាំង​ការវាយឆ្មក់​លើ​ក្រុមហ៊ុន និង​ការហាមប្រាម​មិន​ឱ្យ​នាយក​ប្រតិបត្តិ​បរទេស​ចាកចេញ​ពី​ប្រទេស​ចិន​ជាដើម។

ការស្ទង់មតិ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយ​ក្រុមប្រឹក្សា​សន្និសីទ​ដែល​ជា​សមាជិកភាព​អាជីវកម្ម​មិន​រក​ប្រាក់​ចំណេញ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​និង​ជា​ក្រុមស្រាវជ្រាវ​បាន​បង្ហាញ​ថា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ពហុជាតិ​ដែល​មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចិន​កំពុង​បាត់បង់​ទំនុកចិត្ត​យ៉ាងឆាប់​រហ័ស​នៅក្នុង​ប្រទេស​ចិន។

ការស្ទង់មតិ​អំពី​សន្ទស្សន៍​ទំនុកចិត្ត​បាន​ធ្លាក់ចុះ​ដល់​លេខ ៥៤ នៅ​លើ​មាត្រដ្ឋាន​ពី​០ ដល់១០០ ដែល​លេខ​នេះ គឺ​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់​បំផុត​គឺ​លេខ៧២ កាលពី​ខែមេសា ឆ្នាំ​មុន។ ៤០%​នៃ​នាយក​ប្រតិបត្តិ​ដែល​ត្រូវ​បាន​ស្ទង់មតិ​ក៏​រំពឹង​ដែរ​ថា ការវិនិយោគ​នៅក្នុង​ប្រទេស​ចិន​នឹង​ថយចុះ ហើយ​ដូច​ដែល​មនុស្ស​ជាច្រើន​រំពឹង​នោះ គឺ​ថា​នឹង​មាន​ការបញ្ឈប់​បុគ្គលិក​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ខាងមុខ ដោយ​ធៀបទៅ​នឹង​ឆមាស​ទីមួយ​នៃ​ឆ្នាំមុន​[ការបញ្ឈប់​បុគ្គលិក] គឺ​មាន​ត្រឹមតែ​៩% ប៉ុណ្ណោះ។

សភា​ពាណិជ្ជកម្ម​ជប៉ុន​ក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃទី១៥ ខែមករា បាន​ចេញ​ផ្សាយ​តួលេខ​ដែល​បង្ហាញ​ថា ៤៨% នៃ​ក្រុមហ៊ុន​ដែល​ត្រូវបាន​ស្ទង់មតិ​បាន​និយាយ​ថា ពួកគេ​មិន​បាន​វិនិយោគ​នៅក្នុង​ប្រទេស​ចិន ឬ​កាត់បន្ថយ​ការវិនិយោគ​របស់​ពួកគេ​ក្នុង​ឆ្នាំ​២០២៣​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២២។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា លោក Li បាន​និយាយ​នៅក្នុង​ពិធី​បរិភោគ​អាហារ​ថ្ងៃត្រង់​មួយ​បន្ទាប់ពី​ការថ្លែង​សុន្ទរកថា​របស់​លោក​កាលពី​ថ្ងៃទី១៦ ខែមករា​ថា «យើង​នឹង​ចាត់វិធានការ​យ៉ាង​សកម្ម​ដើម្បី​ដោះស្រាយ​ការ​ព្រួយបារម្ភ​ដ៏​សមហេតុផល​របស់​សហគមន៍​អាជីវកម្ម​ពិភពលោក‍»។

ក្នុង​គ្រា​ដែល​លោក Li កំពុង​ប្រាប់​ពិភពលោក​ថា ទ្វារ​របស់​ចិន​នឹង​បើក​ចំហ​កាន់តែ​ទូលំទូលាយ​នោះ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ផ្ញើ​សារ​ផ្សេង​ដែល​សង្កត់​ធ្ងន់​ទៅលើ​គោលការណ៍​ចម្បង​របស់​បក្ស​កុម្មុយនិស្ត​ចិន។

នៅក្នុង​សុន្ទរកថា​កាលពី​ថ្ងៃទី១៦ ខែមករា លោក Xi បាន​លើកឡើង​ជា​ថ្មី​ថា ប្រទេស​ចិន​គួរតែ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តាម​បែប​«លក្ខណៈ​របស់​ចិន‍» ដែល​ខុសពី​គំរូ​ផ្នែក​ហិរញ្ញវត្ថុ​របស់​លោក​ខាងលិច ដោយ​ប្រកាន់​ខ្ជាប់​នូវ​ការដឹកនាំ​បែប​មជ្ឈិម និង​ឯកភាព​របស់​បក្ស​លើ​ការងារ​សេដ្ឋកិច្ច។

អ្នកស្រី Anna Ashton នៃ​ក្រុមហ៊ុន Eurasia Group បាន​និយាយ​ថា អាជីវកម្ម​រីកលូតលាស់​អាស្រ័យ​ទៅលើភាព​អាចទស្សន៍ទាយ​ជា​មុន​បាន​និង​ស្ថេរភាព។

អ្នកស្រី Ashton និយាយ​ថា «សារៈសំខាន់​នៃ​ពាក្យ​សម្តី​របស់ Li នឹង​ត្រូវបាន​វាយតម្លៃ​យ៉ាងល្អ​បំផុត​តាមរយៈសកម្មភាព​ដូច​ការ​សន្យា»។ សកម្មភាព​របស់​ប្រទេស​ចិន​ផ្ទាល់​មាន ហើយនឹង​បន្ត​ជា​កត្តា​ចូល​ទៅក្នុង​បរិយាកាស​ភូមិសាស្ត្រ​នយោបាយ​ដ៏ច្របូក​ច្របល់​ដែល​លោក Li បាន​រៀបរាប់​នោះ។ អាទិភាព​ផ្សេងគ្នា ផលប្រយោជន៍ និង​ការ​ប្តេជ្ញា​ចិត្ត​មិន​អាច​គ្រាន់តែ​ត្រឹម​ជា​ការ​ចង់​បាន​នោះ​ទេ ហើយ​ការ​សហការ​គ្នា​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ដោះស្រាយ គឺ​ស្រួល​និយាយ ប៉ុន្តែ​ពិបាក​សម្រេច​ឱ្យ​បាន»។

នៅ​ប៉ុន្មាន​ថ្ងៃ​មុន​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន​នៅ​ទីក្រុង Davos វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​ចេញ​ផ្សាយ​ការស្ទង់មតិ​របស់​អ្នកសេដ្ឋកិច្ច​ដែល​បាន​បង្ហាញ​ថា គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​រំពឹង​លើស​ពី​កំណើន​សេដ្ឋកិច្ចមធ្យម​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ​ទេ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់