ដោយ James Brooke
ប្រែសម្រូលដោយ លី សុខឃាង
ជនជាតិអាមេរិកាំងបានឃើញពីគុណវិបត្តិពិតប្រាកដនៃការប្រែប្រួលអាកាសធាតុ នៅពេលដែលខ្យល់ព្យុះ សេនឌី (Sandy) បានវាយប្រហារទៅលើទីក្រុង ញ៉ូវយ៉ក (New York) កាលពីខែតុលា។ អ្នកវិទ្យាសាស្ត្រមួយចំនួន បាននិយាយថា ការរលាយទឹកកកនៅតំបន់ អាក់ទិក (Arctic) បានរួមចំណែកដល់ការបង្កើតខ្យល់ព្យុះយ៉ាងធំបំផុតដែលមិនធ្លាប់មាននៅក្នុងមហាសមុទ្រ អាត្លង់ទិក (Atlantic)។ ប៉ុន្តែ ជនជាតិ រុស្ស៊ី និង ចិន បានឃើញពីគុណសម្បត្តិនៃការរលាយទឹកកកនៅក្នុងតំបន់ អាក់ទិក ទៅវិញ។ James Brooke រាយការណ៍ពីទីក្រុង ម៉ូស្គូ (Moscow)។
តើការផ្លាស់ប្តូរអាកាសធាតុ អាចប្រែក្លាយតំបន់អាក់ទិករបស់ រុស្ស៊ី ទៅជាជម្រើសផ្លូវទឹកតំបន់ប៉ូលខាងជើងមួយទៀត បន្ថែមពីលើព្រែកជីក ស៊ុយអេ (Suez Canal) បានដែរឬទេ?
ជនជាតិ រុស្ស៊ី មួយចំនួនគិតឃើញដូច្នេះ ដោយសារតែពួកគេបានបន្ថែមលទ្ធផលពីរដូវដឹកជញ្ជូននារដូវក្តៅនៅតំបន់អាក់ទិក ដែលបានបិទកាលពីថ្ងៃពុធ។ មានកំណត់ហេតុនៃការឆ្លងកាត់ចំនួន៤៧លើក ដោយនាវាដឹកទំនិញរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលមានចំនួនស្ទើរតែ១២ដងនៃចំនួនដឹកជញ្ជូនកាលពីពីរឆ្នាំមុន។
តើវាជាភាពខុសប្លែកគ្នាមែនទេ? នេះគឺជាការរលាយទឹកកកនៅតំបន់អាក់ទិក។
កាលពីខែកញ្ញា ផ្កាយរណបរបស់សហរដ្ឋអាមេរិក កត់ត្រាពីការរួញតូចយ៉ាងខ្លាំងបំផុតនៃទឹកកកនៅតំបន់អាក់ទិក ចាប់តាំងពីការកត់ត្រានេះបានចាប់ផ្តើមធ្វើកាលពី៣៣ឆ្នាំមុន។ នារដូវក្តៅនេះ ទំហំទឹកកកបានថយចុះរហូតដល់៣,៤លានគីឡូម៉ែត្រការេ ដែលមានចំនួនប្រហែលពាក់កណ្តាល ដែលត្រូវបានកត់ត្រាទុកនៅទសវត្សរ៍ឆ្នាំ១៩៨០ និងទសវត្សរ៍ឆ្នាំ១៩៩០។
ជាមួយនឹងការបើកចំហរផ្លូវទឹកកាន់តែច្រើន ជលវិទូសហរដ្ឋអាមេរិកបានព្យាករណ៍ថា បរិមាណនៃការដឹកទំនិញនឹងកើនឡើងចំនួន៥០ដងនៅទសវត្សរ៍នេះ ចាប់តាំងពីកម្រិតឆ្នាំនេះទៅ។ សម្រាប់អឺរ៉ុបភាគខាងជើងវិញ ផ្លូវឆ្លងកាត់តំបន់អាក់ទិករបស់ រុស្សី អាចកាត់បន្ថយបានចម្ងាយ៧ពាន់គីឡូម៉ែត្រ នៅក្នុងការធ្វើដំណើរតាមលំនាំ ទៅទ្វីបអាស៊ីដោយឆ្លងកាត់តាមព្រែកជីក ស៊ុយអេ របស់ អេហ្ស៊ីប (Egypt)។
ប្រទេសចិនកំពុងធ្វើការកត់សម្គាល់ ដោយបានបញ្ជូននាវាដំបូងបង្អស់របស់ខ្លួនឆ្លងកាត់តាមផ្លូវតំបន់អាក់ទិករបស់ រុស្ស៊ី។ កប៉ាល់បំបែកទឹកកកឈ្មោះស្នូដ្រាហ្គិន (Snow Dragon) បានចេញដំណើរពីប្រទេសចិនទៅកាន់ប្រទេស អាយស៍ឡែន (Iceland) ហើយវិលត្រឡប់មកវិញ និងចូលចតនៅទីក្រុង សៀងហៃ (Shanghai) កាលពីខែកញ្ញា។
លោក សើហ្គេ បាលម៉ាសូវ (Sergey Balmasov) ជនជាតិរុស្ស៊ីដែលគ្រប់គ្រងការរិយាល័យព័ត៌មានភស្តុភារបស់តំបន់អាក់ទិកនៅភាគខាងជើងនៃប្រទេស ន័រវេស (Norway) ថ្លែងថា ការបើកផ្លូវទឹកនិងរដូវដឹកជញ្ជូនដែលមានរយៈពេល៥ខែនេះ អនុញ្ញាតិឲ្យនាវាដឹកទំនិញមួយចំនួនធ្វើដំណើរចុះឡើងឆ្លងកាត់ប្រទេស រុស្ស៊ី នៅរដូវក្តៅ។
«ឧបសគ្គធំបំផុតគឺការខ្វះខាតនាវា។ ហើយនិងការខ្វះទំនិញសម្រាប់ដឹកជញ្ជូនទៅវិញ»។
ប្រហែលជាពាក់កណ្តាលនៃទំនិញគឺជាផលិតផលប្រេង ដោយរាប់ទាំងការឆ្លងកាត់លើកដំបូងនៃឧស្ម័នធម្មជាតិរាវៗ ដែលជាការធ្វើដំណើរពីប្រទេស ន័រវេស ទៅកាន់ប្រទេស ជប៉ុន។
លោក អ៊ីវ៉ាន ប្លូកូវ (Ivan Blokov) ដែលនាយកផ្នែកយុទ្ធនាការនៃអង្គការសន្តិភាពបៃតងរបស់រុស្ស៊ី (Greenpeace) បានព្រមានថា កប៉ាល់ដឹកប្រេង បានគំរាមកំហែងដល់ប្រព័ន្ធបរិស្ថានដ៏ផុយស្រួយរបស់តំបន់អាក់ទិក។
«ការដឹកប្រេងឬសារធាតុគ្រោះថ្នាក់ដទៃទៀត ឆ្លងកាត់តាមផ្លូវនៅតំបន់ប៉ូលខាងជើងនេះ គួរត្រូវបានដកចេញដោយមានការធានា១០០ភាគរយ ដោយសារអ្នកនឹងមិនអាចប្រាកដក្នុងចិត្តទេថានឹងគ្មានគ្រោះថ្នាក់កើតឡើង»។
កាលពីពេលថ្មីៗនេះ លោក ប្លូកូវ បានទស្សនាកំពង់ផែនៅ អាឡាស្កា (Alaska) ដែលកប៉ាល់ដឹកប្រេង អិចហ្សន់ វាល់ដេស (Exxon Valdez) បានធ្វើឱ្យកំពប់ប្រេងកន្លះលានធុងកាលពីឆ្នាំ១៩៨៩។ លោកថ្លែងថា វាបានចំណាយពេលអស់១៥ឆ្នាំនិងទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីសម្អាត។ អង្គការសន្តិភាពបៃតងផ្តល់បេសកកម្មដល់ការសិក្សាអំពីអ្វីដែលនឹងកើតឡើង ប្រសិនបើមានការកំពប់ប្រេងស្រដៀងគ្នានេះដែរនៅតំបន់អាក់ទិករបស់ រុស្ស៊ី។
លោកប្លូកូវ មានប្រសាសន៍ទៀតថា
«សេចក្តីសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រគឺថា ប្រេងដែលកំពប់ប្រមាណ១០ភាគរយច្រើនបំផុតអាចត្រូវបានប្រមូលមកវិញ ហើយថាឆ្នេរតំបន់អាក់ទិករាប់ម៉ឺនគីឡូម៉ែត្រអាចត្រូវបំពុល»។
លោក បាលម៉ាសូវ (Balmasov) អ្នកតស៊ូមតិចំពោះច្រកដឹកជញ្ជូនប៉ូលខាងជើងរបស់ រុស្ស៊ី ថ្លែងថា ច្បាប់នៃការដឹកជញ្ជូនតាមនាវារបស់ពិភពលោក មានភាពប្រសើរឡើងយ៉ាងខ្លាំងក្នុងរយៈពេលជិតមួយត្រីមាសនៃសតវត្សរ៍នេះ ចាប់តាំងពីប្រេងបានកំពប់ពីកប៉ាល់ Valdez ដែលជាកប៉ាល់ដឹកជញ្ជូនដែលមានធុងប្រេងតែមួយគត់។
«វិធីសាស្ត្រទូទៅគឺមិនត្រូវមានឧបទ្ទវហេតុកើតឡើងទាល់តែសោះ។ ឥឡូវនេះ រុស្ស៊ី មានបទបញ្ជារយ៉ាងតឹងរឹង ទាក់ទងនឹងបរិស្ថាន។ នាវាទាំងអស់ត្រូវតែមានបាតពីរជាន់។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ យកថ្លៃទៅលើកប៉ាល់ប្រភេទបំបែកទឹកកកដើម្បីឆ្លងកាត់តាមតំបន់អាក់ទិករបស់ រុស្ស៊ី នារដូវក្តៅ ដូចពួកគេយកថ្លៃចំពោះកប៉ាល់ដែលឆ្លងកាត់តាមព្រែកជីក ស៊ុយអេ និងចូលទៅក្នុងដែនទឹកដែលសម្បូរទៅដោយចោរសមុទ្រនៅត្រង់ម្តុំទ្វីបអាហ្វ្រិកខាងកើត។
មនុស្សគ្រប់រូបយល់ស្របថា ក្រុមនាវិកដែលឆ្លងកាត់តាមដែនទឹកតំបន់អាក់ទិក គួរត្រៀមខ្លួនចំពោះរឿងរ៉ាវដែលនឹកស្មានមិនដល់។
កាលពីខែសីហាមុន លោក ហាមថុន សាយដ៍ (Hampton Sides) ដែលជាអ្នកនិពន្ធជាតិអាមេរិកាំង បានធ្វើដំណើរតាមកប៉ាល់ទេសចរណ៍មួយឆ្លងកាត់តាមច្រកសមុទ្រ ប៊ើរីង (Bering Strait) ចូលទៅក្នុងអ្វីដែលគួរតែជាផ្លូវទឹក ដែលត្រូវបានបើកនៅតំបន់អាក់ទិករបស់ រុស្ស៊ី។
«យើងបានធ្វើដំណើរកាត់តាមវាលទឹកកក។ កប៉ាល់រុលទៅមុខបន្តិចៗហើយជាប់គឿងអស់ជាច្រើនដង ហើយរកផ្លូវតាមលំនាំផ្លូវផ្សេងទៀត នៅក្នុងទឹកកក ដើម្បីទៅដល់កន្លែងដែលយើងចង់ទៅ»។
រឿងដែលមិននឹកស្មានដល់គឺថា ខ្យល់បក់ខ្លាំងបានរុញច្រានទឹកកកទៅកាន់ទីកន្លែងដែលវាមិនគួរទៅ។ លោក សាយស៍ បាននិយាយអំពីនាវិកកប៉ាល់មួយរូប ដែលជាជនជាតិ រុស្ស៊ី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅតំបន់ប៉ូលខាងជើងដ៏ខ្ពស់នេះ។
«លោកធ្លាប់មកតំបន់អាក់ទិកជាច្រើនដង។ លោកមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង។ អ្នកអាចសម្គាល់ទឹកមុខប្រកបដោយការព្រួយបារម្ភ។ នេះជារឿងដែលមិននឹកស្មានដល់»។
អ្នកទេសចរមានការខកចិត្ត។ ពួកគេបានចំណាយថវិការាប់ពាន់ដុល្លារដើម្បីមើលខ្លាឃ្មុំតំបន់ប៉ូលនៅកោះ វ្វ្រាំងហ្គេល (Wrangel) របស់រុស្ស៊ី។
«អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែគ្មានទឹកកក ខ្លាឃ្មុំតំបន់ប៉ូលបានធ្វើដំណើរទៅទីនោះក្នុងចំនួនយ៉ាងច្រើន។ ហើយនារដូវក្តៅឆ្នាំនេះ យើងមិនអាចរកឃើញខ្លាឃ្មុំតំបន់ប៉ូល នៅលើកោះនេះទាល់តែសោះ ដោយសារតែខ្លាឃ្មុំទាំងនោះបានធ្វើដំណើរចេញតាមទឹកកក ដែលខ្លាឃ្មុំទាំងនោះចង់រស់នៅ»។
មេរៀនមួយអំពីការផ្លាស់ប្តូរអាកាសធាតុនៅតំបន់អាក់ទិករបស់ រុស្ស៊ី គឺ ៖ រំពឹងរឿងដែលមិនគួរកើតឡើង៕