លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reutersថា «ខ្ញុំគិតថា ពួកគេពូកែណាស់ខាងក្រឡុករូបិយប័ណ្ណ។ ខ្ញុំមិនទាន់ឈប់ត្រឹមហ្នឹងនោះទេ។ យើងចាំមើលថាតើមានអ្វីនឹងកើតឡើង»។
ក្រសួងរតនាគារជាតិអាមេរិកត្រូវបានគេរំពឹងថា នឹងធ្វើការអំពាវនាវទាក់ទងនឹងបញ្ហានេះនៅថ្ងៃទី១៥ ខែមេសា។ ប៉ុន្តែលោករដ្ឋមន្រ្តី Mnuchin អាចនឹងត្រូវបញ្ចេញផែនការរបស់រដ្ឋបាលលោកប្រធានាធិបតីនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 នៅថ្ងៃទី១៧ និង១៨នៅក្នុងក្រុង Bonn។
សេដ្ឋវិទូជាច្រើនជឿថា រូបិយប័ណ្ណយ័ន (Yuan) របស់ចិនមិនបានធ្លាក់ថ្លៃដោយចេតនាដូចកាលពីអតីតកាលនោះទេ។ អង្គការមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីឆ្នាំមុនថា តម្លៃនៃរូបិយប័ណ្ណចិនគឺស្របទៅនឹងគោលការណ៍សេដ្ឋកិច្ចរបស់ខ្លួន។
លោកសាស្រ្តាចារ្យ Kaushik Basu នៃសាកលវិទ្យាល័យ Cornell និងជាអតីតប្រធានក្រុមអ្នកវិភាគសេដ្ឋកិច្ចនៅធនាគារពិភពលោកបានប្រាប់ VOA ថា «មិនមានភស្តុតាងណាមួយបង្ហាញពីការក្រឡុករូបិយប័ណ្ណនៅក្នុងពេលថ្មីៗនេះនោះទេ ក្រៅតែពីការទិញ និងលក់រូបិយប័ណ្ណបរទេសម្តងម្កាលដើម្បីធ្វើឲ្យរូបិយប័ណ្ណនឹងនរ ដែលប្រទេសទាំងអស់ ទាំងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ ធ្វើដូចគ្នា។ លោកបានបន្ថែមទៀតថា «ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនប្រកាសថា ចិនជាអ្នកក្រឡុករូបិយប័ណ្ណនោះទេ ដែលហៅដូច្នេះគឺមិនមែនជារឿងត្រឹមត្រូវនោះទេ ហើយអាចនឹងធ្វើឲ្យទីផ្សារប្តូរប្រាក់បរទេសក្រឡាប់ចាក់។
នៅក្នុងការអនុវត្តធម្មតា ក្រសួងរតនាគារជាតិអាមេរិកអាចនឹងប្រើលក្ខខណ្ឌចំនួន៣ដើម្បីកំណត់ថាតើប្រទេសចិនសមនឹងគេហៅថាជា អ្នកក្រឡុករូបិយប័ណ្ណ នៅពេលខ្លួនបើកកិច្ចប្រជុំនៅថ្ងៃទី១៥ ខែមេសា ឬយ៉ាងណា។
លោក Scott Kennedy ដែលជាប្រធានគម្រោងលើជំនួញនិងសេដ្ឋកិច្ចនយោបាយចិននៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្រ្តដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា «ប្រសិនបើក្រសួងរតនាគារជាតិប្រកាន់ខ្ជាប់នូវលក្ខខណ្ឌទាំង៣នោះ ក្រសួងនេះនឹងមិន [ប្រកាសថាចិនជាអ្នកក្រឡុករូបិយប័ណ្ណនោះទេ] ពីព្រោះចិននាពេលថ្មីៗនេះបានបំពេញត្រឹមលក្ខខណ្ឌ១តែប៉ុណ្ណោះក្នុងចំណោមលក្ខខណ្ឌទាំង៣។ ការសម្រេចចិត្តចុងក្រោយនឹងធ្វើឲ្យគោលនយោបាយអាមេរិកចំពោះប្រទេសចិនទូលំទូលាយជាងមុន ដែលបញ្ហានេះកំពុងត្រូវបានគេពិចារណាដើម្បីធ្វើការសម្រេចចិត្ត»។
នេះជាពេលវេលាដ៏អាក្រក់សម្រាប់ចិន ដែលការវិនិយោគបរទេសផ្ទាល់ (FDI) មានការផ្លាស់ប្ដូរ ដោយធ្លាក់ចុះចំនួន៩,២%កាលពីខែមករា។ ការធ្លាក់ចុះនេះកើតឡើងក្រោយការវិនិយោគបរទេសផ្ទាល់បានកើនឡើង៣,៩%កាលពីខែវិច្ឆិកា និង៤,១%កាលពីខែធ្នូ។ តួលេខសម្រាប់ខែកុម្ភៈ អាចនឹងពន្យល់កាន់តែច្បាស់ថាតើការធ្លាក់ចុះនេះជានិន្នាការ ឬគ្រាន់តែជាភាពខុសគ្នាតាមខែតែប៉ុណ្ណោះ។
លោក Basu មានប្រសាសន៍ថា «ការធ្លាក់ចុះក្នុងការវិនិយោគបរទេសផ្ទាល់ដែលកើតមាននៅក្នុងប្រទេសចិននាពេលថ្មីៗនេះ អាចជាការឆ្លើយតបទៅនឹងការគំរាមរបស់លោកប្រធានាធិបតីត្រាំ ក្នុងការបង្កើតឧបសគ្គនានា។ ប៉ុន្តែវាក៏មានកត្តាផ្សេងៗទៀតផងដែរ។ មានការបញ្ជូនប្រាក់ចំណេញរួមគ្នាចេញពីប្រទេសចិនដោយអ្នកវិនិយោគបរទេសក្នុងប្រទេសចិននាពេលថ្មីៗ ដែលរួមចំណែកធ្វើឲ្យមានការធ្លាក់ចុះនៅក្នុងការវិនិយោគបរទេសផ្ទាល់ដុលផងដែរ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ