ចិន​សរសើរ​កិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា

ការបញ្ជូន​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​​ជាង ១.០០០នាក់ ដែល​ប្រព្រឹត្ត បទល្មើស​ពាក់ព័ន្ធ​នឹង​ពេស្យាចារ ល្បែង​ភ្នាល់គ្នា​តាម​ប្រព័ន្ធ​អ៊ិនធើណេត គ្រឿងញៀន​ សង្គម​ងងឹត និង​បទល្មើស​ផ្សេង​ទៀត ហើយ​ក៏​បាន​ធ្វើការ​ចាប់បញ្ជួន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។ (Facebook/Chinese Embassy in Cambodia)

ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា សរសើរ​កិច្ច​សហប្រតិបត្តិការ​រវាង​នគរបាល​ចិន​និង​កម្ពុជា ក្នុងការ​ចាប់​និង​បញ្ជូន​ជនជាតិ​ចិន​ដែល​ល្មើស​ច្បាប់​នៅ​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន​វិញ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថាជនជាតិ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​នៅ​កម្ពុជា​ជាង​១ពាន់​នាក់​ត្រូវ​ចាប់​ខ្លួន​និង​បញ្ជូន​ចេញ​ពី​កម្ពុជា។ ស្ថាន​ទូតចិន​បាន​សរសើរ​ថា ​នេះ​ជា​សមិទ្ធិផល​រួម​នៃ​កិច្ច​សហការ​រវាង​នគរបាល​នៃ​ប្រទេស​កម្ពុជា​និង​ចិន។​

ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជានៅថ្ងៃ​ព្រហស្បតិ៍​នេះ បាន​កោត​សរសើរកិច្ច​សហការរវាង​នគរបាល​កម្ពុជា​ និង​នគរបាល​ចិន​ដែល​បាន​បង្ក្រាប​ជន​ល្មើស​ច្បាប់ជា​ជន​ជាតិ​ចិន​ជាង​១,​០០០​នាក់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩​មក ​និង​បាន​ហៅ​ឆ្នាំ​២០១៩ ថា​ជា​ឆ្នាំ​នៃ ​«កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​កម្ពុជា និង​ចិន»។។

ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​ទំព័រ​ហ្វេសប៊ុក​ស្ថាន​ទូត​ចិនបាន​សង្កត់​ធ្ងន់​ថា ​ក្នុងរយៈ​ពេល​មួយ​ឆ្នាំ ក្រោម​កិច្ច​សហប្រតិបត្តិការ ​«យ៉ាង​ជិតស្និទ្ធ»​ រវាង​នគរបាល​នៃ​ប្រទេស​ទាំងពីរ នគរបាល​កម្ពុជា​បាន​ចាប់​ឃាត់​ខ្លួន​ជនជាតិ​ចិន​ទាំង​ជាង​១,០០០​នាក់​។

ជន​ត្រូវ​ចាប់​ខ្លួន​ទាំង​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ល្បែង​ភ្នាល់​គ្នា​តាម​ប្រព័ន្ធ​អ៊ិនធើណេត គ្រឿងញៀន សង្គម​ងងឹត និង​បទល្មើស​ផ្សេង​ទៀត។ ហើយ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ។​

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​សរសេរ​បន្ថែម​ថា សមត្ថកិច្ចប្រទេស​ទាំង​ពីរ​នឹង​បន្ត​សហការ​គ្នា​បង្ក្រាប​រាល់​បទ​ឧក្រិដ្ឋ​ណា​ដែល​ពួកគេ​ប្រព្រឹត្ត ​«បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ទ្រព្យ​សម្បត្តិ សុវត្ថិភាព​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស»។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​បានទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​ VOA ថា សមត្ថកិច្ច​កម្ពុជា​បាន​និង​កំពុង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ក្នុងការ​គ្រប់គ្រង​ជន​បរទេស ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​នៅ​កម្ពុជា។លោក​បន្ត​ថា រាល់​ការ​សហការ​ជាមួយ​សមត្ថកិច្ច​ចិន​ក្នុង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទ​ល្មើស គឺ​សម្រេច​លើ​កម្ពុជា។

«គាត់​ត្រូវ​ផ្តល់​ព័ត៌មាន​មក​ឲ្យ​សមត្ថកិច្ចរ​បស់​កម្ពុជាយើង ហើយ​យើង​ជា​អ្នក​ធ្វើ យើង​ធ្វើ​មិន​ធ្វើ​គឺ​អាស្រ័យតែ​លើ​យើង​ទេ ដែល​ចាប់​មិន​ចាប់។ ដូច្នេះសិទ្ធិ​សម្រេច​សិទ្ធិ​អី​គឺ​លើ​យើង។ បើ​យើង​ពិនិត្យ​ថា​ឯកសារ​ហ្នឹង​គ្រប់គ្រាន់​ត្រឹមត្រូវ​ហើយ មាន​ចិន មាន​ដីកា​ចាប់​ខ្លួន ឬ​ដីកា​អី ប្រព្រឹត្ត​បទ​ល្មើស​អី យើង​ចុះ​ទៅ​ហើយ ហើយ​ការ​ចុះ​ទៅ​ហ្នឹង​មិន​មែន​ចុះ​ទៅ​ទាំង​ពីរ​នាក់​ទេ គឺ​ចុះ​តែ​យើង​ទេ គាត់​ចាំ​តែ​ទទួល​ផល ទទួល​ជនល្មើស​ទេ យើង​ចាប់​បាន​ប្រាប់​ទៅ​គាត់​ទៅ គាត់​យក​យន្ត​ហោះ​ដឹក​ជនល្មើស​ទៅ​វិញ​ទៅ»។​

ប្រទេស​ចិន​បាន​ស្ថិត​នៅ​កំពូល​តារាង​ក្នុង​បញ្ជីវិនិយោគ​បរទេស​មក​កម្ពុជា។ ​ចន្លោះ​ពី​ឆ្នាំ​២០១៦​ដល់​ខែសីហា ឆ្នាំ​២០១៩ ទឹក​ប្រាក់​វិនិយោគ​សរុប​មក​ពី​ប្រទេស​ចិន​កើន​ដល់​៧,៩​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ទុន​វិនិយោគ​ពី​បរទេស​សរុប​ចំនួន​២២,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទុន​វិនិយោគ​ពី​ប្រទេស​ចិន​បាន​ចាក់​ចូល​ទៅ​ខេត្ត​ព្រះសីហនុ​ជា​ច្រើន។ វិស័យ​សាង​សង់​និង​អចលនទ្រព្យ​នៅ​ទីនោះ​បាន​ស្ទុះឡើង​យ៉ាងគំហុក និង​បនល្បែង​កាស៊ីណូ និង​ការលេង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធើណែត​បាន​រីក​ដូច​ផ្សិត។ ឧក្រិដ្ឋកម្ម​ជា​ច្រើន​បាន​កើត​មាន​ជា​បន្ត​បន្ទាប់ ហើយ​ត្រូវ​គេ​យក​មក​លាត​ត្រដាង​តាម​បណ្តាញ​សង្គម។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លើក​ឡើង​ថា ស្ថានភាព​នៃ​ការ​ប្រព្រឹត្ត​បទល្មើស និង​បង្ក​អន្តិសុខ​ផ្សេងៗ​ដោយ​ជនជាតិ​ចិន​នៅ​កម្ពុជា នៅ​តែ​ជា​កង្វល់​ដែល​មិន​មាន​ការ​ថយ​ចុះ​នៅឡើយ។ លោក​បន្តថា រដ្ឋាភិបាល​កម្ពុជា​ និង​ចិន គួរ​តែ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​សវតា​របស់​ជនជាតិ​ចិន​ដែល​ចូល​មក​កម្ពុជា ដើម្បី​កាត់​បន្ថយ​អន្តិសុខ​បង្ក​ដោយ​ជនជាតិ​ចិន។

បើតាម​គេហ​ទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨ ជនជាតិ​ចិននៅ​កម្ពុជាកើនឡើង​ដល់​ជាង​២០​ម៉ឺននាក់ ដោយ​មិន​បូក​បញ្ចូល​អ្នកកាទូត អ្នក​ទេសចរណ៍ និង​អង្គការ​សង្គម​ស៊ីវិល​។ យ៉ាងហោចណាស់​មាន​ជនជាតិ​ចិន​ចំនួន​២៧០០ នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​គិត​ត្រឹមខែកក្កដា ឆ្នាំ​២០១៩ ក្រោយ​ពី​ពួកគេ​បាន​ប្រព្រឹត្តបទ​ល្មើស​។ នេះ​បើ​យោង​តាម​របាយការណ៍​ផ្លូវ​ការ​របស់​ក្រសួង​មហាផ្ទៃ៕