លោក ចន ហិនស្មិន (Jon Huntsman) ឯកអគ្គរដ្ឋទូតសរអាប្រចាំប្រទេសចិន នឹងលាឈប់ពីតំណែង នៅពេលដែលមានសេចក្តីរាយការណ៍ថា លោកកំពុងពិចារណាអំពីការឈរឈ្មោះបោះឆ្នោតតំណែងប្រធានាធិបតីក្នុងឆ្នាំ ២០១២។ នៅក្រុងប៉េកាំង រដ្ឋាភិបាលចិននិយាយថា លោកឯកអគ្គរដ្ឋទូតដែលមានប្រជាប្រិយភាពរូបនេះ នឹងមានមនុស្សនឹករឭកលោកជាច្រើននាក់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង ឡេ (Hong Lei) កត់សម្គាល់អំពីសេចក្តីរាយការណ៍ដែលថា លោកឯកអគ្គរដ្ឋទូត ហ្សន ហិនស្មិន នឹងចុះពីតំណែង។ លោក ហុង ឡេ មានប្រសាសន៍ថា រដ្ឋាភិបាលចិននិយាយល្អអំពីវិភាគទានរបស់លោកឯកអគ្គរដ្ឋទូត ហិនស្មិន នៅក្នុងទំនាក់ទំនងជាវិជ្ជមាន ដ៏ទូលំទូលាយ និងប្រកបដោយកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងសរអា។
កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យសេតវិមានម្នាក់បានបញ្ជាក់ថា លោក ហិនស្មិន ដែលជាសមាជិកគណបក្សសាធារណរដ្ឋនិយមនឹងចុះចេញពីតំណែង។ លោក ហិនស្មិន កាន់តំណែងជាឯកអគ្គរដ្ឋទូត ក្នុងខណៈមានទស្សនកិច្ចផ្លូវការសំខាន់ពីរ គឺទស្សនកិច្ចរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ទៅប្រទេសចិនក្នុងឆ្នាំ២០០៩ និងរបស់លោកប្រធានាធិបតីចិន ហ៊ូ ជិនតៅ ទៅសរអាកាលពីខែមុន។
នៅក្នុងសន្និសីទព័ត៌មានរួមមួយជាមួយប្រធានាធិបតីចិនកាលពីខែមុន លោក អូបាម៉ា បានថ្លែងសរសើរលោក ហិនស្មិន ថា បានបំពេញ «កិច្ចការដ៏ល្អប្រសើរណាស់»។ លោកអូបាម៉ាបន្តថា៖
«លោកចេះភាសាចិនកុកងឺ។ លោកបាននាំយកជំនាញ ការតាំងចិត្ត និងទេពកោសល្យយ៉ាងសម្បើម មកបំពេញមុខតំណែងនេះ។ ហើយការណ៍ដែលលោកមកពីគណបក្សមួយទៀត ខ្ញុំគិតថា វាជាកម្លាំងមួយ មិនមែនជាចំណុចខ្សោយមួយទេ ពីព្រោះការណ៍នេះបានបង្ហាញឲ្យឃើញកម្រឹតដែលលោកហើយនិងខ្ញុំជឿថា ការប្រកាន់គណបក្សនឹងចប់នៅត្រង់ព្រំដែនអន្តរជាតិ ហើយថាយើងនឹងធ្វើការរួមគ្នាដើម្បីការពារផលប្រយោជន៍របស់ប្រទេសយើង»។
លោក ហិនស្មិន ដែលជាអតីតអភិបាលរដ្ឋ យូថាហ៍ (Utah) នៅក្នុងសរអាភាគកណ្តាល និងខាងលិច បានធ្វើឲ្យអ្នកយុទ្ធសាស្រ្តជាច្រើននាក់នៅក្នុងគណបក្សសាធារណរដ្ឋនិយមមានការភ្ញាក់ផ្អើល នៅពេលដែលលោកបានយល់ព្រមទទួលយកមុខតំណែងជាឯកអគ្គរដ្ឋទូតនៅក្រុងប៉េកាំងនេះក្នុងឆ្នាំ ២០០៩ ជាអ្នកតំណាងឲ្យរដ្ឋបាលប្រជាធិបតេយ្យរបស់សរអា។
ឥឡូវនេះ ក្រុមប្រឹក្សានយោបាយសំខាន់ៗរបស់គណបក្សសាធារណរដ្ឋនិយមបានចាប់ផ្តើមប្រមែប្រមូលប្រតិបត្តិការឃោសនាមួយ ដើម្បីពិនិត្យមើលលទ្ធភាពថាតើលោក ហិនស្មិន គួរឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ ២០១២ ឬដូចម្តេច៕
ប្រែសម្រួលដោយ កែរ យ៉ាន