ប្រទេសចិនបានជូនដំណឹងដល់ប្រទេសខ្សែទឹកខាងក្រោមដងទន្លេមេគង្គថា ខ្លួនបានបង្ខាំងទឹកទន្លេនេះ នៅក្នុងទំនប់វារីអគ្គិសនីរបស់ខ្លួនមួយកន្លែងដែលស្ថិតនៅខ្សែទឹកខាងលើចំនួន២០ថ្ងៃ ដែលជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងចែករំលែកទិន្នន័យថ្មីអំពី កម្រិតទឹកនោះ។ នេះបើតាមការលើកឡើងកាលពីថ្ងៃពុធម្សិលមិញនេះ របស់គណៈកម្មការទន្លេមេគង្គនិងប្រទេសថៃនោះ។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងមួយថ្ងៃ ក្រោយប្រព័ន្ធត្រួតពិនិត្យថ្មីមួយដែលគាំទ្រដោយសហរដ្ឋអាមេរិកនោះ បានឲ្យដឹងថា ប្រទេសចិនបានខកខានក្នុងការជូនដំណឹងដល់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គខាងក្រោម ដែលបានបង្ខាំងទឹកទុកចាប់តាំងពីថ្ងៃទី៣១ ខែធ្នូកន្លងទៅនេះ។
ប្រទេសចិនកាលពីខែតុលាកន្លងទៅ បានយល់ព្រមចែករំលែកទិន្នន័យអំពីកម្រិតទឹកជាមួយគណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នប្រឹក្សាមួយ ទៅឲ្យប្រទេសថៃ ឡាវ កម្ពុជា និងប្រទេសវៀតណាម ដែលបានស្វែងរកជាយូរមកហើយនូវទិន្នន័យអំពីកម្រិតទឹកនេះសម្រាប់ធ្វើផែនការនានា។
ប្រជាជនសរុបប្រមាណជាង៦០លាននាក់ នៅតាមបណ្តាប្រទេសខ្សែទឹកខាងក្រោមទន្លេមេគង្គ រស់នៅដោយពឹងផ្អែកទៅលើរបរនេសាទ និងការធ្វើកសិកម្ម។
មជ្ឈមណ្ឌលជាតិគ្រប់គ្រងទឹករបស់ប្រទេសថៃ បានឲ្យដឹងថា ប្រទេសចិនបានជូនដំណឹងដល់ខ្លួន កាលពីថ្ងៃអង្គារថា ទំនប់វារីអគ្គិសនីរបស់ចិន Jinghong ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២៤ មករា នឹងកាត់បន្ថយអត្រាបញ្ជូនទឹកចេញពីចំនួន១.៩០៤ម៉ែត្រគីបក្នុងមួយវិនាទី ទៅត្រឹម១.០០០ម៉ែត្រគីប ក្នុងមួយវិនាទីវិញ ដែលការកាត់បន្ថយបរិមាណនៃការបើកទឹកចេញនេះ មានចំនួនប្រមាណ៤៧%៕