ប្រទេសចិនបានជូនដំណឹងដល់បណ្ដាប្រទេសជិតខាងក្នុងតំបន់ទន្លេមេគង្គខាងក្រោម ពីការបង្អាក់ទឹករយ:ពេល ២០ ថ្ងៃ នៅទំនប់វារីអគ្គិសនីលើទន្លេមេគង្គនៅភាគខាងត្បូងបំផុតនៃប្រទេសចិន។
ប្រទេសចិនបានជូនដំណឹងដូចនេះក្នុងពេល ៦ ថ្ងៃក្រោយមក បន្ទាប់ពីខ្លួនបានទប់ទឹកកាលពីថ្ងៃទី ៣១ ខែធ្នូ ដោយបង្កឲ្យមានភាពមិនច្បាស់លាស់ នៅក្នុងការចែករំលែកព័ត៌មានដល់រដ្ឋាភិបាលនៃប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម នៅតាមដងទន្លេមេគង្គខាងក្រោម និងបណ្ដាលឲ្យមានការរិះគន់ផងដែរថា មិនបានជូនដំណឹងជាមុនដល់បណ្ដាប្រទេសទាំងនោះ។
សេចក្ដីថ្លែងការណ៍មួយដែលចេញដោយគណ:កម្មការទន្លេមេគង្គ កាលពីថ្ងៃពុធ បានឲ្យដឹងថា ប្រទេសចិនបានសន្យាថា ការទប់ទឹកនៅទំនប់វារីអគ្គិសនី Jinghong «នឹងត្រូវបើកដំណើរការបន្តិចម្ដងៗជាធម្មតាវិញនៅថ្ងៃទី ២៥ ខែមករា»។
ការិយាល័យធនធានទឹកធម្មជាតិរបស់ប្រទេសថៃ បានបញ្ជាក់ថា ខ្លួនទទួលបានការជូនដំណឹងពីប្រទេសចិន កាលពីថ្ងៃអង្គារថា ការបើកទឹកឲ្យហូរមានត្រឹមតែជិតពាក់កណ្ដាលតែប៉ុណ្ណោះ។
ការជូនដំណឹងរបស់ប្រទេសចិននេះបានធ្វើឡើងមិនយូរប៉ុន្មាន បន្ទាប់ពីប្រព័ន្ធត្រួតពិនិត្យដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក បានបង្ហាញថា ប្រទេសចិនមិនបានប្រាប់បណ្ដាប្រទេសនៅទន្លេមេគង្គខាងក្រោមអំពីការរាំងខ្ទប់ទឹក ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៣១ ខែធ្នូមកនោះទេ។
កម្មវិធីត្រួតពិនិត្យទំនប់វារីអគ្គិសនីទន្លេមេគង្គនៃមជ្ឈមណ្ឌល Stimson ដែលប្រើរូបភាពផ្កាយរណប ដើម្បីបង្ហាញអំពីកម្រិតទឹករបស់ទន្លេមេគង្គ បានឲ្យដឹងថា កម្រិតទឹកមានស្ថានភាពទាបតាមកន្លែងជាច្រើន នៅក្នុងប្រទេសចំនួន ៣ នៅតាមដងទន្លេមេគង្គក្រោម៕