ទីក្រុងប៉េកាំង៖ លោកវ៉េន ជាបាវ (Wen Jiabao) នាយករដ្ឋមន្រ្តីចិនបានបញ្ចុះគោលដៅនៃការរីកលូតលាស់សេដ្ឋកិច្ចក្នុងប្រទេសហើយបានប្រកាសថាសេដ្ឋកិច្ចដ៏ធំបំផុតទី២ របស់ពិភពលោកមិនអាចអនុវត្តការពង្រីកសេដ្ឋកិច្ចគ្មានចីរភាពដោយងងឹតទៀតទេ។
នាយករដ្ឋមន្រ្តី Wen Jiabao នៃប្រទេសចិនបានប្រើប្រាស់នាទីសំណួរនិងចម្លើយតាមប្រព័ន្ធអ៊ីនថឺណិតប្រចាំឆ្នាំរបស់លោកជាមួយសាធារណជនដើម្បីបញ្ចេញឲ្យឃើញថាចិនកំពុងបញ្ចុះការព្យាករណ៍ការរីកលូតលាស់សេដ្ឋកិច្ចរបស់ខ្លួន។
លោកមានប្រសាសន៍ថារដ្ឋាភិបាលកំពុងកាត់បន្ថយការរំពឹងនៃការរីកលូតលាស់របស់ខ្លួនពី៧,៥ភាគរយទៅ៧ភាគរយក្នុងមួយឆ្នាំ នៅក្នុងការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឡើងថ្លៃយ៉ាងខ្លាំង ជាពិសេសតម្លៃម្ហូបអាហារនិងផ្ទះសម្បែង។
ហើយ លោកនិយាយទៀតថាចិនត្រូវតែផ្លាស់ប្តូរគំរូសេដ្ឋកិច្ចរបស់ខ្លួន ហើយក្លាយជាប្រទេសមួយដែលទ្រទ្រង់ខ្លួនឯងកាន់តែខ្លាំងឡើងដោយការបង្កើនការប្រើប្រាស់ទំនិញក្នុងប្រទេស។
លោកក៏និយាយដែរថា ប្រទេសចិនត្រូវតែកាត់បន្ថយការពឹងផ្អែកលើការនាំចេញនិងការវិនិយោគ។
«លោក Wen និយាយថាការផ្លាស់ប្តូរអត្រាការរីកលូតលាស់នឹងបង្កើនគុណភាពនិងប្រសិទ្ធភាពនៃការរីកលូតលាស់សេដ្ឋកិច្ច ពីព្រោះចិន មិនអាចអនុវត្តការពង្រីកដែលមិនមានចីរភាពដ៏ងងឹតងងល់ទៀតឡើយ»។
លោកក៏និយាយដែរថាចិនលែងលះបង់បរិដ្ឋានតទៅទៀតហើយ ដើម្បីអ្វីដែលលោកពណ៌នាថាការអភិវឌ្ឍដ៏ឆាប់រហ័សនិងមិនប្រយ័ត្នប្រយែង។
ការបន្ទាបការព្យាករណ៍ត្រូវបានគេមើលឃើញថាជានិមិត្តរូប ពីព្រោះតែចិនមានអត្រារីកលូតលាស់លើសក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ។
ការរីកលូតលាស់បានឡើងដល់១០,៣ភាគរយកាលពីឆ្នាំទៅ ដោយធ្វើឲ្យចិនក្លាយជាប្រទេសមួយមានការរីកលូតលាស់សេដ្ឋកិច្ចដ៏លឿនសំខាន់បំផុតក្នុងពិភពលោក។
ក៏ប៉ុន្តែ អតិផរណាមាននៅជិត៥ភាគរយក្នុងមួយឆ្នាំ ហើយតម្លៃម្ហូបអាហារបានកើនឡើង១០ភាគរយក្នុងមួយឆ្នាំ ហើយការណ៍នេះកំពុងប៉ះពាល់ដល់ពលរដ្ឋរាប់រយលាននាក់៕
ប្រែសម្រួលដោយជឹង ប៉ូជីន