ចិន​និង​បណ្តា​ប្រទេស​មេគង្គ​ក្រោម រួមគ្នា​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី និង​ការប្រែប្រួល​អាកាសធាតុ​លើ​ទន្លេ​មេគង្គ

រូបឯកសារ៖ ទំនប់ Dachaoshan នៅ​ទន្លេមេគង្គ​លើ ដែល​ស្ថិត​នៅក្នុង​ទីក្រុង Dachaoshan ខេត្ត Yunnan ប្រទេសចិន។

ប្រទេស​ចិន​និង​បណ្ដា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម ​បាន​សហការ​គ្នា​រៀបចំ​ការ​សិក្សា​រួម​គ្នា​ដ៏​ធំ​មួយ​ដើម្បី​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​និង​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​លើ​ទន្លេ​មេគង្គ ដែល​ជា​ផ្លូវ​ទឹក​ដ៏​ធំ​មួយ​នៅ​ទ្វីប​អាស៊ី និង​អំពី​វិធី​ទប់ទល់​នឹង​ការ​កើនឡើង​នៃ​ការ​គំរាមកំហែង​ដែល​បណ្ដាល​មកពី​គ្រោះ​ទឹកជំនន់ ​និង​គ្រោះ​រាំងស្ងួត។

កាលពី​ថ្ងៃ​ទី២១ ខែ​កញ្ញា គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​មួយ ដែល​មាន​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​ជា​សមាជិក បាន​ប្រកាស​អំពី​ការ​សិក្សា​វាយតម្លៃ​រយៈពេល ៣ ឆ្នាំ​លើ​ទន្លេ​មេគង្គ​ទាំងមូល។

ការ​សិក្សា​វាយតម្លៃ​នេះ​ ក៏​មាន​ការ​ចូលរួម​ផងដែរ​ពី​សំណាក់​ប្រទេស​មីយ៉ាន់ម៉ា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ធនធាន​ទឹក​ឡានឆាង-មេគង្គ (Lancang Mekong Water Resources Cooperation Center (LMWRCC)) ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន។ ឡានឆាង ​គឺ​ជា​ភាសា​ចិន​ដែល​សំដៅ​លើ​ទន្លេ​មេគង្គ។

ចាប់ពី​ប្រភព​ដើម​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាង​លិច​ប្រទេស​ចិន​រហូត​ដល់​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​ជាប់​សមុទ្រ​ចិន​ខាង​ត្បូង (South China Sea) ទន្លេ​មេគង្គ​មាន​ប្រវែង​ជាង ៤.០០០ គីឡូម៉ែត្រ និង​ហូរ​កាត់​ប្រទេស​មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម។ ទន្លេ​នេះ​ បាន​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​មនុស្ស​ជាង ៦០ លាន​នាក់ ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ទឹក​មួយ​នេះ។

រូបឯកសារ៖ ទូកនេសាទកំពង់ចតចោលនៅក្បែរច្រាំងទន្លេមេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

លោក Anoulak Kittikhoun ប្រធាន​ផ្នែក​យុទ្ធសាស្រ្ត​និង​ផ្នែក​ភាព​ជា​ដៃគូ​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ បាន​និយាយ​ថា អាកាសធាតុ​ប្រែប្រួល​មិន​ទៀងទាត់​និង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ជា​បន្តបន្ទាប់​ទាំង​នៅ​លើ​ដង​ទន្លេ​ផ្ទាល់​និង​លើ​ដៃ​ទន្លេ​អស់​រយៈពេល​មួយ​ទស្សវត្សរ៍​កន្លង​មក បាន​បង្អាក់​ដល់​វដ្ត​រដូវ​របស់​ទន្លេ​មេគង្គ ដែល​មនុស្ស​រាប់​លាន​នាក់​ពឹងពាក់​អាស្រ័យ​លើ។

លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖ «យើង​ចាំបាច់​ត្រូវ​ធ្វើការ​វាយតម្លៃ​លើ​ស្ថានភាព​នេះ​ឡើង​វិញ ហើយ​អ្វី​ដែល​សំខាន់​ គឺ​ថា គណៈកម្មការ​ទន្លេ​មេគង្គ​មិន​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ។ យើង​ចាំបាច់​ត្រូវ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​ខ្សែទឹក​ខាង​លើ ជាពិសេស​ប្រទេស​ចិន​និង​គម្រោង​កិច្ច​សហប្រតិបត្តិការ​ឡានឆាង-មេគង្គ (LMC) ដើម្បី​ស្វែងយល់​ជា​រួម​អំពី​ការ​ប្រែប្រួល​នេះ ហើយ​បន្ទាប់​មក​រិះរក​វិធានការ​បន្ទាន់​នានា​ដែល​អាច​ធ្វើ​ឡើង​ក្នុង​បរិបទ​សម្របសម្រួល​ប្រតិបត្តិការ​នៃ​រចនាសម្ព័ន្ធ​ផ្លូវ​ទឹក​នេះ ក៏ដូចជា​ក្នុង​បរិបទ​នៃ​យន្តការ​ទំនាក់ទំនង​និង​ផ្តល់​ដំណឹង​ផងដែរ»។

កិច្ចការ​ដែល​មើល​ទៅ​ហាក់ដូចជា​ងាយស្រួល

គណៈកម្មការទន្លេមេគង្គបានបញ្ជាក់ថា ប្រទេសដៃគូនឹងចាប់ផ្ដើមការសិក្សាវាយតម្លៃរួមគ្នានេះនៅខែធ្នូខាងមុខ។ ការសិក្សាវាយតម្លៃនេះ គឺជាកិច្ចសហប្រតិបត្តិការធំជាងគេបង្អស់មួយរបស់ប្រទេសដៃគូទាំងនោះ ដោយផ្តោតលើទិន្នន័យចាប់ពីឆ្នាំ ១៩៨៥ រហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០១៩។ ទិន្នន័យទាំងនេះ មិនមែនត្រឹមតែជាទិន្នន័យដែលបានមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គចម្បងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានមកពីបណ្ដាប្រទេសនៅតាមដៃទន្លេមេគង្គចម្បងៗផងដែរ។

ពួកគេ​នឹង​ពិនិត្យ​មើល​លើ​ទិន្នន័យ​ក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ​កន្លង​មក​នេះ ដោយ​ចែកចេញ​ជា​ពីរ​ផ្នែក។ ផ្នែក​ទី​មួយ​ គឺ​ចាប់ពី​ឆ្នាំ ១៩៨៥ ដល់​ឆ្នាំ ២០០៧ និង​ផ្នែក​ទី​ពីរ​ចាប់ពី​ឆ្នាំ ២០០៨ រហូត​មក។ ទិន្នន័យ​ក្នុង​ផ្នែក​ទី​ពីរ​នេះ ​ផ្ដោត​លើ​ដំណាក់កាល​ដែល​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ធំៗ។

លោក Anoulak បាន​និយាយ​ថា ការ​បែងចែក​ជា​ពីរ​ផ្នែក​នេះ​ អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​គំនិត​ប្រសើរ​ជាង​មុន​អំពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​លើ​ទន្លេ​មេគង្គ។

ករណី​នេះ​ធ្លាប់​ជា​ចំណុច​ប្រទាំងប្រទើស​ដ៏​មច្បង​មួយ​រវាង​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​នានា​ដែល​បាន​រិះគន់​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួន ១១ របស់​ចិន​តាម​ដង​ទន្លេ​មេគង្គ​បាន​ធ្វើ​ឲ្យ​ថយចុះ​នូវ​ចំនួន​ត្រី​និង​លំហូរ​ល្បាប់​ដី​ដែល​មាន​សារៈសំខាន់​សម្រាប់​កសិកម្ម​នៅ​តំបន់​វាល​ទំនាប​ជាប់​មាត់​ទន្លេ។

នៅ​ពេល​ដែល​ក្រុមហ៊ុន Eyes on Earth ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​អាកាសធាតុ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​លើកឡើង​កាលពី​ឆ្នាំ​មុន​ បន្ទាប់ពី​ខ្លួន​បាន​សិក្សា​វិភាគ​លើ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ផ្កាយរណប​រួច​ហើយ ថា អាង​ស្ដុក​ទឹក​ធំៗ​របស់​ទំនប់​វារីអគ្គិសនី​បាន​ធ្វើ​ឲ្យ​គ្រោះ​រាំងស្ងួត​កាលពី​ឆ្នាំ ២០១៩ នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ចិន​បាន​ច្រានចោល​ការ​អះអាង​ដូច​នេះ។

សេចក្តី​លម្អិត​ជា​ច្រើន​នៃ​ការ​សិក្សា​វាយតម្លៃ​នេះ ​មិន​ទាន់​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ឡើយ​ទេ ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​ផ្ដោត​លើ​ដៃ​ទន្លេ​ជាក់លាក់​ណា​មួយ និង​ទំហំ​ទិន្នន័យ​ដែល​ប្រទេស​ចិន​នឹង​ចែករំលែក​អំពី​ប្រតិបត្តិការ​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន​ជាដើម។ រហូត​មក​ទល់​នឹង​ពេល​នេះ ចិន​នៅ​មិន​ទាន់​បាន​បង្ហាញ​ទិន្នន័យ​អំពី​បរិមាណ​ទឹក​ដែល​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន​បញ្ចេញ​នៅ​ឡើយ​ទេ។

លោក Anoulak បាន​និយាយ​ថា ភាព​ជោគជ័យ​មួយ​ភាគធំ​នៃ​ការ​សិក្សា​វាយតម្លៃ​នេះ​គឺ​អាស្រ័យ​លើ​ទំហំ​ទិន្នន័យ​ប្រតិបត្តិការ ដែល​ចិន​និង​បណ្តា​ប្រទេស​ដទៃ​ទៀត​ស្ម័គ្រចិត្ត​បង្ហាញ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «នេះ​ជា​ចំណុច​សំខាន់​មួយ​នៃ​ការ​សិក្សា​វាយតម្លៃ​នេះ។ ដើម្បី​ឲ្យ​ការ​សិក្សា​នេះ​ អាច​ផ្ដល់​នូវ​អនុសាសន៍​ល្អ​នានា​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​របប​លំហូរ​ទឹក​និង​របៀប​ដែល​យើង​អាច​រិះរក​វិធានការ​សម្រប​នានា​បាន ទិន្នន័យ​មួយ​ចំនួន​គឺ​ចាំបាច់​ត្រូវតែ​ចែក​រំលែក»។

រូបឯកសារ៖ ទំនប់​មួយ​នៅ​ទន្លេ Nam Theun នៅ​ភាគកណ្តាល​ប្រទេស​ឡាវ ថត​កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១០។

លោក Brian Eyler នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson (Stimson Center) បាន​និយាយ​ថា ប្រសិនបើ​ប្រទេស​ចិន​ផ្ដល់​ទិន្ន័យ​កាន់តែ​ច្រើន​ពាក់ព័ន្ធ​នឹង​របៀប​ដែល​ខ្លួន​គ្រប់គ្រង​ដំណើរការ​ទំនប់​វារីអគ្គិសនី នោះ​វា​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ស្វែងយល់​ឲ្យ​បាន​ពេញលេញ​អំពី​ផល​ប៉ះពាល់​របស់​ទំនប់​វារីអគ្គិសនី​លើ​តំបន់​ទន្លេ​មេគង្គ​ក្រោម និង​សម្រាប់​ការ​រៀបចំ​ផែនការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​គ្រប់គ្រង​ទន្លេ​មេគង្គ​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត​ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​គ្នា។

លោក Eyler ដែល​មាន​តួនាទី​ផងដែរ​ជា​សហ​ប្រធាន​គម្រោង​ឃ្លាំមើល​ទំនប់​ទន្លេ​មេគង្គ (Mekong Dam Monitor) នៃ​មជ្ឈមណ្ឌល Stimson បាន​ថ្លែង​ថា៖ «ប្រសិនបើ​ការ​សិក្សា​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ នោះ​ចិន​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​របៀប​គ្រប់គ្រង​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន ចាប់ពី​ចំណុច​ផ្តើម​ដំបូង​រហូត​មក»។

លោក​បាន​បន្ថែម​ថា ប្រសិនបើ​ចិន​ចែក​រំលែក​ទិន្នន័យ​នោះ នោះ​វា​គឺជា​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ចិន ហើយ​ថា​តើ​ចិន​នឹង​ធ្វើ​ដូច​នេះ ​ឬ​ក៏​យ៉ាង​ណា​នោះ «គឺ​យើង​ត្រូវ​រង់ចាំ​មើល​សិន»។

សម្រប​តាម​បញ្ហា ឬ​ក៏​បញ្ចៀស​បញ្ហា

លោក Eyler បាន​ស្វាគមន៍​ចំពោះ​ការ​ដាក់​បញ្ចូល​នូវ​ការ​សិក្សា​លើ​ទំនប់​វារីអគ្គិសនី​លើ​ដៃ​ទន្លេ​ជា​ច្រើន​នៃ​ទន្លេ​មេគង្គ​ទៅ​ក្នុង​ការ​សិក្សា​វាយតម្លៃ​នេះ។ ការ​ស្រាវជ្រាវ​ផ្ទាល់​របស់​លោក​កន្លង​មក​បាន​បង្ហាញ​ថា ទំនប់​វារីអគ្គិសនី​លើ​ដៃ​ទន្ល​មេគង្គ​មាន​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់​កាន់តែ​ច្រើន​លើ​ទន្លេ​មេគង្គ​ដូច​ទៅ​នឹង​ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​ទំនប់​វារីអគ្គិសនី​លើ​ខ្សែ​ទឹក​ទន្លេ​មេគង្គ​ផ្ទាល់​ដូច្នេះ​ដែរ។

លោក​បាន​និយាយ​ថា លោក​មាន​ការ​ព្រួយបារម្ភ​ថា ចិន​អាច​យក​កិច្ច​សហប្រតិបត្តិការ​នេះ ​ធ្វើជា​ឱកាស​ដើម្បី​ជំរុញ​នូវ​ការ​អះអាង​របស់​ខ្លួន​ដែល​ថា ការ​បង្អាក់​របស់​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន​លើ​វដ្ត​ជំនន់​តាម​រដូវ​របស់​ទន្លេ​មេគង្គ​ គឺ​បាន​ជួយ​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម បើ​ទោះបីជា​មិន​មាន​ភស្តុតាង​ណា​បញ្ជាក់​ក៏​ដោយ និង​ថា មន្រ្តី​គណៈកម្មការ​ទន្លេ​មេគង្គ​មួយ​ចំនួន ​ក៏​បាន​ធ្វើ​ការ​អះអាង​ស្រដៀង​គ្នា​នេះ​ផងដែរ។

លោក Eyler បាន​ព្រមាន​ថា៖ «ការ​អះអាង​ទាំង​នោះ​អាច​រួម​គ្នា​ជា​ឥទ្ធិពល​មួយ​ដើម្បី​ចាត់ចែង​ប្រព័ន្ធ​ទន្លេ​មេគង្គ​តាម​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​នេះ​មាន​លក្ខណៈ​គ្រប់គ្រង​និង​ចាត់ចែង​ខ្លាំង​ជាង​មុន។ យើង​ដឹង​ហើយ​ថា លទ្ធផល​ដែល​កើត​ចេញ​ពី​ដំណើរការ​នេះ​នឹង​ទៅ​ជា​បែប​ណា​នោះ។ លទ្ធផល​ទាំង​នោះ​គឺ​មាន​ដូចជា ការ​ខូចខាត​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​ទន្លេ​មេគង្គ ការ​បាត់បង់​ផលិតភាព​នេសាទ​ស្ទើរតែ​ទាំងស្រុង ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ផលិតភាព​កសិកម្ម​របស់​ប្រទេស​វៀតណាម និង​ការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ភាព​ធន់​របស់​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​នៅ​ក្នុង​ការ​ការពារ​ខ្លួន​នៅ​ពេល​ដែល​ប្រឈម​នឹង​ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​ការ​ប្រែប្រួល​អាកាសធាតុ​នា​ពេល​អនាគត»។

រូបឯកសារ៖ ទូកនេសាទ ឆ្លងកាត់​ការដ្ឋាន​សាងសង់​ទំនប់ Don Sahong ជិត​ព្រំដែន​កម្ពុជា-ឡាវ កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។

ទំនប់​វារីអគ្គិសនី​ចំនួន ១១ ផ្សេង​ទៀត​ដែល​ស្ថិត​នៅតាម​ដង​ទន្លេ​មេគង្គ​ផ្ទាល់​នៅ​ខាង​ក្រោម​ប្រទេស​ចិន កំពុង​ដំណើរការ ឬ​កំពុង​សាងសង់ ឬ​ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​គម្រោង ដែល​ភាគច្រើន​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​ឡាវ។ ចំណែក​ឯ​ទំនប់​វារីអគ្គិសនី​រាប់​សិប​កន្លែង​ទៀត​ គឺ​ស្ថិត​នៅ​តាម​ដៃ​ទន្លេ​មេគង្គ។

លោក Marc Goichot អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​ផ្នែក​ទឹកសាប​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​អង្គការ មូលនិធិ​សាកល​សម្រាប់​ធម្មជាតិ (World Wide Fund for Nature (WWF)) បាន​និយាយ​ថា លោក​មាន​ចម្ងល់​ថា ​តើ​គោល​បំណង​ចុងក្រោយ​នៃ​ការ​សិក្សា​វាយតម្លៃ​នេះ ​គឺ​ដើម្បី​ជួយ​បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​នៅ​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​និង​សម្រប​ទៅ​តាម​ផល​ប៉ះពាល់​ទាំង​នោះ ឬ​ក៏​បញ្ចៀស​ផល​ប៉ះពាល់​ទាំង​នោះ​និង​ដោះស្រាយ​ឫសគល់​បញ្ហា។

សេចក្តី​ថ្លែងការណ៍​ដ៏​ខ្លី​របស់​លោក Anoulak និង​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​លើ​ការ​សិក្សា​វាយតម្លៃ​នេះ​ភាគច្រើន​សំដៅ​ទៅ​លើ​ការ​កាត់​បន្ថយ​និង​ការ​សម្រប​តាម​ផល​ប៉ះពាល់ ក៏ដូចជា​ការ​សាង់សង់​ទំនប់​វារីអគ្គិសនី​ឲ្យ​បាន​ប្រសើរ​ជាង​មុន ជាជាង​ការ​មិន​សាងសង់​ទំនប់​ទាំង​នោះ​តែម្ដង។

លោក Goichot បាន​និយាយ​ថា លោក​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ផងដែរ ដោយសារ​លោក​មិន​ឃើញ​មាន​ការ​លើកឡើង​ណា​មួយ​អំពី​បញ្ហា​ល្បាប់​ដី ដែល​មាន​ដូចជា​ដី​ម៉ត់ ដី​ធម្មតា និង​ដី​ខ្សាច់ ដែល​ទន្លេ​ហូរ​នាំ​មក​ទម្លាក់​នៅ​តំបន់​ទន្លេ​ខាង​ក្រោម។ កសិករ​ពឹងផ្អែក​លើ​ល្បាប់​ដី​ទាំង​នេះ​តាម​បណ្តោយ​ទន្លេ​មេគង្គ ប៉ុន្តែ​តំបន់​ដែល​មាន​ល្បាប់​ដី​ទាំង​នេះ​ច្រើន​ជាងគេ​គឺ​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ដែល​តំបន់​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ជង្រុក​ស្រូវ​របស់​ប្រទេស​វៀតណាម។

តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​បាន​លិច​និង​រួម​តូច ដោយសារតែ​កង្វះ​ល្បាប់​ដី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក គួប​ផ្សំ​ជាមួយ​នឹង​ហានិភ័យ​នៃ​ការ​កើនឡើង​នីវ៉ូ​ទឹក​សមុទ្រ​និង​ការ​ព្រួយបារម្ភ​អំពី​លំហូរ​ប្រជាជន​ចាកចេញ​ពី​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​កុះករ​ផងដែរ។

លោក Goichot បាន​និយាយ​ថា៖ «តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​គឺជា​កន្លែង​ដែល​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​និង​គ្រោះ​ទឹកជំនន់​ខ្លាំង​ជាងគេ​បំផុត ហើយ​វា​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​ទំនប់​វារីអគ្គិសនី ពីព្រោះ​តំបន់​នេះ​កំពុងតែ​រួម​តូច​លឿន​ជាង​ការ​កើនឡើង​របស់​នីវ៉ូ​ទឹក​សមុទ្រ​ទៅ​ទៀត។ ចំណុច​សំខាន់​ដែល​បណ្ដាល​ឲ្យ​មាន​ការ​រួមតូច​នេះ ​គឺ​ដោយសារតែ​ល្បាប់​ដី​ដែល​ហូរ​នាំ​តាម​ខ្សែ​ទឹក​ទន្លេ​មេគង្គ​បាន​ថយថុះ។ ហើយ​ទំនប់​វារីអគ្គិសនី​ គឺ​ជា​ហេតុផល​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ល្បាប់​ដី​បាន​ថយចុះ​យ៉ាង​ខ្លាំង​ដូចនេះ»។

លោក​បាន​បន្ថែម​ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​ធ្លាប់​រំពឹង​ថា បញ្ហា​នេះ​គួរតែ​ត្រូវ​បាន​គេ​ផ្តោត​ជា​ចម្បង​រួច​ស្រេច​ទៅ​ហើយ​នៅ​ក្នុង​ដំណាក់កាល​ឥឡូវ​នេះ​នៃ​ការ​សិក្សា​វាយតម្លៃ​នេះ តែ​តាមពិត វា​មិន​ដូច​អ្វី​ដែល​ខ្ញុំ​បាន​រំពឹង​នោះ​ទេ»។

មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ធនធាន​ទឹក​ឡានឆាង-មេគង្គ មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​របស់ VOA ដែល​ចង់​ឲ្យ​មាន​ការ​អធិប្បាយ​លើ​បញ្ហា​នេះ​នោះ​ទេ៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា