កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសចិន បានដាក់ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួននូវសមាជិក ៤ នាក់នៃគណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសេរីភាពសាសនាអន្តរជាតិ (USCIRF) ដើម្បីជាការសងសឹកទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ្នកដែលរដ្ឋាភិបាលអាមេរិកអះអាងថា ជាអ្នកប្រព្រឹត្តិ«អំពើប្រល័យពូជសាសន៍»នៅក្នុងតំបន់ស៊ីនជាំង (Xinjiang)។ នេះ បើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការបរទេសចិនបានដាក់បញ្ជូលក្នុងបញ្ជីខ្មៅរបស់ខ្លួននូវប្រធានគណៈកម្មការសេរីភាពសាសនារបស់សហរដ្ឋអាមេរិកអ្នកស្រី Nadine Maenza អនុប្រធានគណៈកម្មការលោក Nury Turkel និងសមាជិកពីររូបទៀតរបស់គណៈកម្មការនេះដែលនោះ គឺអ្នកស្រី Anurima Bhargava និងលោក James W. Carr។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «វិធានការតបតទៅវិញនេះ រួមមានការហាមឃាត់បុគ្គលខាងលើមិនឲ្យចូលក្នុងប្រទេសចិន និងការបង្កករាល់ទ្រព្យសម្បត្តិរបស់បុគ្គលទាំងនោះដែលមាននៅក្នុងប្រទេសចិន ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ»។
លោក Zhao Lijian បានបន្ថែមថា៖ «ពលរដ្ឋនិងស្ថាប័ននានារបស់ចិន ក៏ត្រូវបានហាមឃាត់មិនឲ្យទាក់ទងជាមួយបុគ្គលទាំង ៤ ខាងលើនេះផងដែរ»។
វិធានការនេះ ត្រូវបានធ្វើឡើង ស្របពេលដែលចិនបានវាយបកលើរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានតែងតាំងអ្នកសម្របសម្រួលពិសេសថ្មីសម្រាប់តំបន់ទីបេ និងបានព្រលះប្រទេសមហាអំណាចនានានៅលើពិភពលោក ទាក់ទិននឹងការរិះគន់របស់ពួកគេលើការបោះឆ្នោតសភានៅក្នុងទីក្រុងហុងកុងកាលពីប៉ុន្មានថ្ងៃមុន។
សកម្មភាពរបស់ចិនដែលធ្វើទៅលើជាតិសាសន៍ទីបេ ជាតិសាសន៍អ៊ុយហ្គ័រ (Uyghur) ក្នុងតំបន់ស៊ីនជាំង និងការបង្រ្កាបជាបន្តទៅលើអ្នកប្រឆាំងក្នុងទីក្រុងហុងកុង បានរួមចំណែកធ្វើឲ្យទំនាក់ទំនងការទូតរវាងបស្ចិមប្រទេសនានា និងប្រទេសចិនកាន់តែអាក្រក់ឡើង៕