វ៉ាស៊ីនតោន៖ កង្វះតម្លាភាពនៅក្នុងប្រទេសចិន គឺជាបញ្ហាប្រឈមដ៏យូរអង្វែងមួយសម្រាប់ក្រុមអ្នកវិភាគ ដែលព្យាយាមស្វែងយល់អំពីសេចក្តីសម្រេចចិត្តទាំងឡាយទៅលើគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលចិន។ របាយការណ៍ថ្មីឲ្យដឹងថា មេដឹកនាំចិនកំពុងទទួលរងនូវឥទ្ធិពលកាន់តែច្រើនឡើងពីកត្តាជាច្រើន រាប់ចាប់ពីទីភ្នាក់ងាររបស់រដ្ឋាភិបាល ទៅស្ថាប័នស្រាវជ្រាវ និងការបញ្ចេញមតិយោបល់តាមប្រព័ន្ធអ៊ីនធឺណិត។
ខណៈពេលដែលឥទ្ធិពលអន្តរជាតិរបស់ចិនបានកើនឡើង ដោយសារតែឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន ក្រុមអ្នកស្រាវជ្រាវនៅឯវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខូម ឬហៅកាត់ជាភាសាអង់គ្លេសថា SIPRI និយាយថា មានមនុស្សកាន់តែច្រើនឡើង ដែលរាប់តាំងពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល មន្រ្តីយោធា បញ្ញវន្ត អ្នកស្រាវជ្រាវ ពាណិជ្ជករ និងអ្នកសារព័ត៌មាន កំពុងតែធ្វើការប្រកួតប្រជែងគ្នា ដើម្បីបញ្ចូលឥទ្ធិពលរបស់ខ្លួនទៅលើសេចក្តីសម្រេចចិត្តរបស់មេដឹកនាំជាន់ខ្ពស់នៃប្រទេសនេះ។
Linda Jakobson គឺជាប្រធាន SIPRI ប្រចាំនៅប្រទេសចិន និងជាអ្នកនិពន្ធមួយរូបនៃរបាយការណ៍ដែលមានចំណងជើងថា «តួអង្គថ្មីនៃគោលនយោបាយការបរទេសនៅក្នុងប្រទេសចិន»។
«វាមិនអាចទៅរួចទៀតទេ ចំពោះគំនិតដែលថា ក្រុមអ្នកធ្វើសេចក្តីសម្រេចចិត្តរបស់ចិន គឺជាកម្លាំងរួមតែមួយ ទៅលើរាល់បញ្ហានយោបាយការបរទេសទាំងអស់។ អ្នកទាំងឡាយណាដែលស្វែងរកកិច្ចសហប្រតិបត្តិការពីប្រទេសចិន ត្រូវតែធ្វើការវាយតម្លៃទៅលើសក្តានុពលនៃផលប្រយោជន៍ទាំងមូល នៃក្រុមអ្នកស្វែងរកផលប្រយោជន៍ផ្សេងៗគ្នាជាច្រើន។ ខ្ញុំគិតថា វាក៏មានសារសំខាន់ណាស់ដែរក្នុងការពិចារណា ទៅលើចរន្តខាងក្រោមនៃអ្នកជាតិនិយម ដែលមាននៅពាសពេញប្រទេសចិន និងឥទ្ធិពលដ៏ខ្លាំងក្លា ដែលចរន្តទាំងនេះមានទៅលើក្រុមមេដឹកនាំ និងចន្លោះប្រហោងនៃមេដឹកនាំទាំងនេះ ជាពិសេសក្នុងកំឡុងពេលនៃវិបត្តិណាមួយ»។
របាយការណ៍នេះផ្អែកទៅលើបទសម្ភាសន៍ចំនួន71 ដែលរួមបញ្ចូលទាំងបទសម្ភាសន៍ចំនួន19 ជាមួយក្រុមមន្រ្តីនៃបក្សកម្មុយនីស្តចិន ក៏ដូចជាបទសម្ភាសន៍ជាមួយមន្រ្តីនៃកងកម្លាំងរំដោះប្រជាជនចិន ឬហៅកាត់ថា PLA អ្នកស្រាវជ្រាវ តំណាងក្រុមហ៊ុនរបស់រដ្ឋ អ្នកកាសែត អ្នកបោះពុម្ពអត្ថបទទៅក្នុងប្រព័ន្ធអ៊ីនធឺណិត និងអ្នកវិភាគរបស់ចិន។
នៅក្នុងការថ្លែងនាពេលថ្មីៗ នៅឯការជួបជុំគ្នាមួយនៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ដើម្បីចេញផ្សាយរបាយការណ៍នេះ លោកស្រី Jakobson មានប្រសាសន៍ថា អ្នកផ្តល់បទសម្ភាសន៍ជាច្រើនយល់ឃើញថា ក្រសួងការបរទេសរបស់ចិន គឺជាតួអង្គខ្សោយមួយ។ លោកស្រីក៏បានកត់សម្គាល់ឃើញផងដែរ អំពីការកើនឡើងនូវឥទ្ធិពលរបស់ទីភ្នាក់ងាររដ្ឋាភិបាល ដែលមានចំណងទាក់ទងដោយផ្ទាល់ ជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសនេះ។
លោកស្រី Jakobson បានមានប្រសាសន៍ថា ខណៈពេលដែលចំណែករបស់ចិននៅក្នុងសេដ្ឋកិច្ចពិភពលោកបានកើនឡើង ហើយខណៈពេលដែលការពិចារណាក្នុងស្រុក បង្កឱ្យមានការស្មុគស្មាញដល់គោលនយោបាយការបរទេសកាន់តែកើនឡើង ទីភ្នាក់ងាររដ្ឋាភិបាលនិងការិយាល័យរបស់បក្សកុម្មុយនីស្ត នឹងធ្វើការប្រកួតប្រជែងគ្នា ដើម្បីមានឥទ្ធិពលទៅលើការធ្វើសេចក្តីសម្រេចចិត្ត។
«នេះមានន័យថា ការសម្រេចចិត្ត ទោះបីជាធ្វើឡើងដោយក្រសួងមួយចំនួនតូចក៏ដោយ បើនិយាយឱ្យឃើញទៅ ទោះតិចក្តីឬច្រើនក្តី គឺមានឥទ្ធិពលទៅលើប្រទេសនេះ»។
ក្រៅពីស្ថាប័នផ្លូវការរបស់ចិន លោកស្រី Jakobson និយាយថា អាជ្ញាធរដែនដីមួយចំនួនដែលមានទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន និងអ្នកដែលធ្វើការទៅលើប្រព័ន្ធអ៊ីនធឺណិត ក៏កំពុងតែព្យាយាមយ៉ាងសកម្ម ដើម្បីដាក់ឥទ្ធិពលទៅលើនយោបាយការបរទេសរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោកស្រី Jakobson មានប្រសាសន៍ថា គឺតួអង្គទាំងនោះហើយ ដូចជាសហគ្រាសធំៗ ដែលមិនបានព្យាយាមដាក់ឥទ្ធិពលទៅលើនយោបាយការបរទេស ប៉ុន្តែនៅទីបំផុត បានបង្កឱ្យមានភាពស្មុគស្មាញជាញឹកញាប់ទៅលើនយោបាយការទូតរបស់ចិន។
លោកស្រីមានប្រសាសន៍ថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកពាណិជ្ជកម្មរបស់ខ្លួន សហគ្រាសទាំងនេះបានធ្វើឱ្យមានភាពច្របូកច្របល់ ទៅលើមន្រ្តីគោលនយោបាយការបរទេស នៅលើផ្នែកសិទ្ធិមនុស្ស សន្តិសុខថាមពល និងបញ្ហានយោបាយ។
«ជាការពិតទៅ នៅក្នុងចំណោមក្រុមផ្សេងៗ ដែលរបាយការណ៍របស់ SIPRI បានរកឃើញ គឺសហគ្រាសទាំងនេះហើយ ដែលមានផលប៉ះពាល់ទៅលើនយោបាយការបរទេសខ្លាំងជាងគេ ដូចជានៅក្នុងករណីថ្មីៗនៅអាស៊ីកណ្តាល អ៊ីរ៉ង់ និងស៊ូដង់»។
លោកស្រី Jakobson កត់សម្គាល់ឃើញថា ឥទ្ធិពលរបស់កងកម្លាំងរំដោះប្រជាជនចិន PLA និងក្រសួងសន្តិសុខរដ្ឋ ក៏កំពុងតែកើនឡើងផងដែរ។
«អ្នកផ្តល់បទសម្ភាសន៌ជាច្រើនដល់វិទ្យាស្ថាន SIPRI បាននិយាយថា កីឡាអូឡាំពិកនៅក្នុងទីក្រុងប៉េកាំង ហើយបន្ទាប់មកកុប្បកម្មកាលពីឆ្នាំទៅ នៅក្នុងខេត្ត Xinjiang ក្នុងរដូវក្តៅ បានធ្វើឱ្យក្រសួងសន្តិសុខរដ្ឋ ទទួលបានថវិការនិងកិត្យានុភាពបន្ថែមទៀត ដែលធ្វើឱ្យស្ថាប័ននេះ ក្លាយទៅជាតួអង្គក្នុងស្រុកដ៏មានអំណាចកាន់តែកើនឡើងមួយ ដែលមានឥទ្ធិពលយ៉ាងច្រើនទៅលើគោលនយោបាយការបរទេស»។
លោកស្រី Jakobson មានប្រសាសន៍ថា មន្រ្តីរបស់កងកម្លាំងរំដោះប្រជាជន PLA កំពុងតែមានវត្តមានកាន់តែច្រើនឡើង នៅក្នុងការជជែកដេញដោលជាសាធារណៈ។ លោកស្រីកត់សម្គាល់ឃើញថា មន្រ្តីទាំងនេះចូលរួមនៅក្នុងសិក្ខាសាលាស៊ីវិល អញ្ជើញអ្នកស្រាវជ្រាវស៊ីវិលជនជាតិចិននិងបរទេស ឱ្យមកចូលរួមនៅក្នុងសិក្ខាសាលារបស់ពួកគេ និងចូលរួមនៅក្នុងការជជែកដេញដោលតាមទូរទស្សន៍ អំពីគោលនយោបាយការបរទេស។
«កងកម្លាំងរំដោះប្រជាជន PLA ពិតប្រាកដណាស់ លែងផ្តាច់ខ្លួនចេញពីការបង្ហាញអំណាចរបស់ខ្លួន ដូចដែលមានភស្តុតាងបញ្ជាក់ពីហេតុការជាច្រើន ក៏ដូចជាការធ្វើតេស្តប្រឆាំងនឹងផ្កាយរណប។ ហើយទាំងនេះគឺជាសកម្មភាព ដែលប្រទេសចិនបានដឹងយ៉ាងច្បាស់ថាប្រឆាំងទៅនឹងសហរដ្ឋអាមេរិកនិងអ្នកជិតខាងរបស់ខ្លួន»។
លោក David Finkelstein នាយកនៃការសិក្សាពីប្រទេសចិន នៃមជ្ឈមណ្ឌលសម្រាប់ការវិភាគទៅលើកងនាវា ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន មានប្រសាសន៍ថា យោធាចិនកំពុងស្វែងរកតួនាទីធំជាងមុនមួយ ក្នុងការបញ្ចេញឥទ្ធិពលទៅលើគោលនយោបាយការបរទេស ពីព្រោះតម្រូវការសន្តិសុខរបស់ប្រទេសនេះកំពុងតែកើនឡើង។
កងកម្លាំងរំដោះប្រជាជនចិន PLA កំពុងតែមានការជាប់ពាក់ព័ន្ធកាន់តែច្រើនឡើង ទៅនឹងសកម្មភាពទាំងឡាយ ដែលមានជាប់ទាក់ទងទៅនឹងគោលនយោបាយការបរទេសនិងគោលនយោបាយសន្តិសុខ។ សកម្មភាពទាំងឡាយដែលតម្រូវឱ្យមានការសម្របសម្រួលនិងការផ្តល់ប្រឹក្សាពីខាងរដ្ឋ ច្រើនជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត។ កងកម្លាំងរំដោះប្រជាជនចិន PLA កំពុងតែធ្វើដំណើរទៅកាន់កន្លែងទាំងនោះ និងធ្វើកិច្ចការទាំងនោះ»។
លោក Finkelstein កត់សម្គាល់ឃើញថា ក្នុងកំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ សកម្មភាពរបស់កងកម្លាំង PLA ដែលធ្វើការហួសពីព្រំដែននៃប្រទេសចិនមានការកើនឡើងយ៉ាងសម្បើម ដោយរាប់តាំងពីប្រតិបត្តិការថែរក្សាសន្តិសុខអង្គការសហប្រជាជាតិទៅប្រតិបត្តិការជាមួយយោធាអន្តរជាតិ ក៏ដូចជាកិច្ចការទាក់ទងនឹងជំនួយផ្នែកមនុស្សធម៌ និងជំនួយទៅលើគ្រោះមហន្តរាយ៕
ប្រែសម្រួលដោយ ឌី ខាំបូលី