ចិន​សម្លឹង​មើល​ផែនការ​វិសិដ្ឋកម្ម​សន្តិសុខ​រវាង​អាមេរិក​និង​ជប៉ុន

រូបឯកសារ៖ ​កងកម្លាំង​ស្វ័យការពារ​អាមេរិក​និង​ជប៉ុន​ចូលរួម​ក្នុង​សមយុទ្ធ​ហ្វឹកហាត់​រួមគ្នា​នៅ​ជំរុំ Fuji ប្រទេស​ជប៉ុន ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​កំពុង​ត្រៀម​លក្ខណៈ​នៅ​ក្នុង​ការ​បង្ហាញ​ផែនការ​អំពី​ការ​រៀបចំ​ឡើងវិញ​នូវ​បញ្ជាការដ្ឋាន​យោធា​អាមេរិក​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​នេះ​នឹង​ក្លាយជា​ការ​ធ្វើ​វិសិដ្ឋកម្ម​ដ៏​ធំ​បំផុត​លើ​សម្ព័ន្ធភាព​សន្តិសុខ​របស់​ពួកគេ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។

ប្រទេស​ចិន​បាន​ជំទាស់​រួច​ហើយ​ទៅ​នឹង​ផែនការ​នេះ ដោយ​បាន​បញ្ជាក់​ថា ខ្លួន​មិន​ចង់​ធ្វើជា​គោលដៅ​នៃ​ផែនការ​ផ្នែក​ការពារ​ដែល​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​គ្រោង​នឹង​ប្រកាស​នៅឯ​កិច្ច​ប្រជុំ​នៅ​ខែ​មេសា​នេះ​នោះទេ។

លោក Liu Pengyu អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​តាម​អ៊ីមែល​ផ្ញើ​មកកាន់ VOA កាលពី​ថ្ងៃ​ទី ២៦ ខែ​មីនា​ថា៖ «ចិន​តែងតែ​ជឿ​ថា កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​និង​ប្រទេស​គួរតែ​នាំឱ្យ​មាន​សន្តិភាព​និង​ស្ថិរភាព ជាជាង​ដៅ​គោលដៅ​លើ​ភាគី​ទី​បី​ណាមួយ ឬ​ក៏​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ភាគី​ទី​បី​ណាមួយ»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​តបត​ទៅវិញ​នៅ​ក្នុង​អ៊ីមែល​ផ្ញើ​មកកាន់ VOA ផ្នែក​ភាសា​កូរ៉េ​កាលពី​ថ្ងៃ​ទី ២៧ ខែ​មីនា​ថា៖ «សម្ព័ន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​គឺជា​មូលដ្ឋាន​នៃ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​នៅ​ទូទាំង​ពិភពលោក​អស់​រយៈពេល​ជាង ៧ ទសវត្សរ៍​មក​ហើយ ហើយ​ឥឡូវ​នេះ​គឺ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់»។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan និង​លោក Akiba Takeo ដែល​ជា​សមភាគី​ជប៉ុន​របស់​លោក បាន​ជួប​ពិភាក្សា​គ្នា​នៅ​សេតវិមាន​កាលពី​ថ្ងៃ​ទី ២៦ ខែ​មីនា​អំពី «ជំហាន​បន្ទាប់​នៅ​ក្នុង​ការ​សម្រេច​ចុងក្រោយ​លើ​អ្វីៗ​ដែល​អាច​ផ្ដល់​ជូន​បាន» ដែល​ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida នឹង​ប្រកាស​នៅ​ពេល​ដែល​លោក​ទាំងពីរ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី ១០ ខែ​មេសា​ខាងមុខ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ក្នុង​អំឡុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី ២៥ ខែ​មីនា​នៅ​ក្នុង​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Yoshimasa Hayashi បាន​និយាយ​ថា ជប៉ុន​កំពុង​ពិភាក្សា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​អំពី​ការ​ពង្រឹង​បញ្ជាការដ្ឋាន​និង​ការ​គ្រប់គ្រង​យោធា​របស់​ប្រទេស​ទាំងពីរ​ដើម្បី​ធ្វើ​ឱ្យ​ការ​ត្រៀម​លក្ខណៈ​កាន់តែ​ប្រសើរឡើង។

ការ​ពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​លោក​នាយ​ឧត្តមនាវី John Aquilino បាន​ប្រាប់​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃ​ទី ២០ ខែ​មីនា​ថា យោធា​ចិន​កំពុង​ត្រៀម​លក្ខណៈ​ដើម្បី​ឈ្លានពាន​តៃវ៉ាន់​នៅ​ត្រឹម​ឆ្នាំ ២០២៧ ខាង​មុខ។

លោក Ralph Cossa ដែល​ជា​ប្រធាន​កិត្តិយស​និង​ជា​ប្រធាន WSD-Handa ផ្នែក​សិក្សា​សន្តិភាព​នៅ​អង្គការ Pacific Forum បាន​ប្រាប់ VOA តាម​អ៊ីមែល​កាលពី​ថ្ងៃ​ទី ២៧ ខែ​មីនា​ថា៖ «វា​ហួស​ពេល​យូរ​ហើយ​នៅ​ក្នុង​ការ​ធ្វើ​វិសិដ្ឋកម្ម​លើ​រចនាសម្ព័ន្ធ​បញ្ជាការដ្ឋាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដើម្បី​ឱ្យ​យោធា​អាមេរិក​និង​យោធា​ជប៉ុន​អាច​ធ្វើ​ប្រតិបត្តិការ​ជាមួយ​គ្នា​ដោយ​រលូន» នៅ​ក្នុង​តំបន់​បាន។

ផែនការ​នៅ​ក្នុង​រៀបចំ​ឡើងវិញ​នូវ​បញ្ជាការដ្ឋាន​នេះ​មាន​បំណង «ពង្រឹង​ការ​ធ្វើ​ផែនការ​ប្រតិបត្តិការ​និង​ការ​ធ្វើ​សមយុទ្ធ» រវាង​ប្រទេស​ទាំងពីរ និង​ត្រូវបាន​គេ​មើលឃើញ​ថា​ជា «វិធានការ​មួយ​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ចិន»។ នេះ​បើ​យោង​តាម​កាសែត Financial Times ដែល​បាន​រាយការណ៍​ដំបូង​អំពី​ផែនការ​នេះ​កាលពី​ថ្ងៃ​ទី ២៤ ខែ​មីនា។

លោក James Schoff ប្រធាន​ជាន់ខ្ពស់​នៃ​គម្រោង​ផ្ដួចផ្ដើម​សម្ព័ន្ធភាព​បន្ទាប់​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​នៅ​អង្គការ Sasakawa Peace Foundation USA បាន​និយាយ​ថា៖ «នេះ​ប្រហែលជា​ជំហាន​សំខាន់​បំផុត​តែ​មួយ​គត់​ដែល​សម្ព័ន្ធមិត្ត​អាច​អនុវត្ត​បាន​ដើម្បី​ពង្រឹង​វិធី​កម្លា​រារាំង​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ក្នុង​តំបន់​និង​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ធំៗ​ណា​មួយ»។

លោក​បាន​បញ្ជាក់​តាម​អ៊ីមែល​ផ្ញើ​មកកាន់ VOA កាលពី​ថ្ងៃ​ទី ២៧ ខែ​មីនា​ថា៖ «នេះ​គឺជា​ការពិត​ជាពិសេស​នៅ​ពេលនេះ​ដែល​ជប៉ុន​ត្រៀម​លក្ខណៈ​ក្នុង​ការ​ចូលរួម​ក្នុង​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​រួម​ដំបូង​បង្អស់​របស់​ខ្លួន​និង​ចាប់ផ្ដើម​សមត្ថភាព​វាយ​ប្រហារ​តបត​ទៅវិញ​រយៈចម្ងាយ​ឆ្ងាយ»។

ជប៉ុន​មាន​ផែនការ​នៅ​ក្នុង​ការ​បង្កើត​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​រួម​មួយ​នៅ​ត្រឹម​ខែ​មីនា​ឆ្នាំ ២០២៥ ខាងមុខ​ដើម្បី​លើក​កម្ពស់​ការ​សម្របសម្រួល​ក្នុង​ចំណោម​កងកម្លាំង​ការពារ​ខ្លួន​ជើង​អាកាស ជើងគោក និង​ម៉ារីន​របស់​ខ្លួន។

រចនាសម្ព័ន្ធ​បញ្ជាការដ្ឋាន​ដែល​សម្រិតសម្រាំង​ជាថ្មី​នៅ​ក្នុង​បញ្ជាការដ្ឋាន​កងកម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ជប៉ុន​នេះ​ត្រូវគេ​រំពឹង​ថា​នឹង​បំពេញ​បន្ថែម​ទៅ​នឹង​ការ​បង្កើត​ឡើង​នូវ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​រួម​របស់​ជប៉ុន។

លោក Ryo Hinata-Yamaguchi អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​គម្រោង​ផ្ដួចផ្ដើម​សន្តិសុខ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​និង​សន្តិសុខ Scowcroft នៅ​អង្គការ Atlantic Council បាន​និយាយ​ថា៖ «ទោះបីជា​សេចក្ដី​លម្អិត​នៅ​មិនទាន់​កំណត់​ក៏ដោយ ក៏​ផែនការ​គឺថា​ដើម្បី​បង្កើន​សិទ្ធ​អំណាច​របស់​កងកម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ជប៉ុន​នៅ​ក្នុង​រង្វង់​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

លោក​បាន​បញ្ជាក់​បន្ថែម​តាម​អ៊ីមែល​ផ្ញើ​មកកាន់ VOA កាលពី​ថ្ងៃ​ទី ២៦ ខែ​មីនា​ថា បញ្ជាការដ្ឋាន​យោធា​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នេះ «ក៏​នឹង​មាន​សមត្ថភាព​ប្រសើរ​ជាង​មុន​ផ្នែក​ស្ថាប័ន​ដើម្បី​ទាក់ទង​និង​សម្របសម្រួល​ជាមួយ​នឹង​កងកម្លាំង​ការពារ​ខ្លួន​ជើង​អាកាស ជើងគោក និង​ម៉ារីន​របស់​ប្រទេស​ជប៉ុន​ផងដែរ»។

នៅ​ពេល​បច្ចុប្បន្ន​នេះ កងកម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ជប៉ុន​មាន​សិទ្ធិ​អំណាច​មាន​កម្រិត​នៅ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​រួម​ជាមួយ​នឹង​ជប៉ុន។ មេបញ្ជាការ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ជប៉ុន​ចាំបាច់​ត្រូវ​សម្របសម្រួល​ប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​នឹង​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​មាន​ទីតាំង​នៅ​កោះ Hawaii។

កាលពី​ថ្ងៃ​ទី ២៦ ខែ​មីនា លោក Biden បាន​តែងតាំង​លោក​ឧត្តមសេនីយ៍ទោ Stephen F. Jost នៃ​កងទ័ព​ជើងអាកាស​សហរដ្ឋ​អាមេរិក​ជា​មេបញ្ជាការ​ថ្មី​នៃ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ជប៉ុន និង​បាន​ដំឡើង​ឋានន្តរសក្ដិ​របស់​លោក​ទៅជា​ឧត្តមសេនីយ៍ឯក។

លោក Schoff បាន​និយាយ​ថា «សង្វាក់​ស្រប​គ្នា​ដែល​មាន​ស្រាប់​នៃ​បញ្ជាការដ្ឋាន​នេះ​គឺ​នៅ​ដដែល» នៅ​ក្នុង​យោធា​សហរដ្ឋ​អាមេរិក​និង​យោធា​ជប៉ុន​ជាជាង «សង្វាក់​រួម​គ្នា​តែ​មួយ​នៃ​បញ្ជាការដ្ឋាន​នេះ​សម្រាប់​កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ»។

នេះ​គឺ​ខុសពី​បញ្ជាការដ្ឋាន​កងកម្លាំង​រួម​រវាង​កូរ៉េខាងត្បូង​និង​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍​សហរដ្ឋ​អាមេរិក​មួយ​រូប​ក្នុង​អំឡុង​ពេល​សង្គ្រាម។

លោក James Przystup ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន Hudson និង​ជា​ប្រធាន​ផ្នែក​ប្រទេស​ជប៉ុន​ឯកទេស​ខាង​ការ​គ្រប់គ្រង​សម្ព័ន្ធភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​និយាយ​ថា ការ​ធ្វើ​វិសិដ្ឋកម្ម​បញ្ជាការដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក​នៅ​ជប៉ុន​នេះ «នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​និង​វិធី​កម្លា​រារាំង​ផ្នែក​ការពារ​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​នៅ​ក្នុង​តំបន់​អាស៊ី​ឦសាន​ទាក់ទិន​នឹង​កូរ៉េខាងជើង​និង​ចិន»។

លោក​បាន​បន្ថែម​នៅ​ក្នុង​អ៊ីមែល​ផ្ញើ​មកកាន់ VOA កាលពី​ថ្ងៃ​ទី ២៧ ខែ​មីនា​ថា៖ «សម្រាប់​ការ​អនុវត្ត​ជាក់ស្ដែង បញ្ជាការដ្ឋាន​កងកម្លាំង​រួម​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង​អាច​ជា​គំរូ​មួយ ប៉ុន្តែ​មិន​ចាំបាច់​ជា​គំរូ​ដែល​នឹង​វិវត្ត​ទៅមុខ​នៅ​ទីបំផុត​នោះទេ»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ