ចិន​ពង្រីក​បណ្តាញ​ព័ត៌មាន​នៅ​កម្ពុជា​ដើម្បី​ផ្សាយ​ពី​ចំណុច​ល្អ​របស់​ខ្លួន

កាសែតភាសាចិនដែលដាក់លក់នៅតាមតូបលក់កាសែតមួយចំនួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ភ្នំពេញ — កាល​ពី​ថ្ងៃទី​៦​ ខែ​ឧសភា ឆ្នាំ​២០១៩​ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​-ចិន បាន​ចាប់​បដិសន្ធិ គឺ​សមាគមអ្នក​កាសែត​កម្ពុជា​-ចិន​ ដែល​ត្រូវ​បានបង្កើត​ឡើង​ជា​លើក​ដំបូង ដោយ​បានកំណត់​ទិសដៅ​រួច​ជាស្រេច​ ឲ្យ​មាន​និន្នាការ​មួយ​ឆ្ពោះទៅ​គាំទ្រ​ប្រទេសចិន​ និងគាំទ្រ​ទំនាក់​ទំនងមិត្ត​ភាព​យូរ​អង្វែង​កម្ពុជា-ចិន។

កំណើត​នៃ​សមាគម​អ្នក​សារព័ត៌មាន​រវាង​ប្រទេស​ទាំង​ពីរ បាន​បង្ហាញ​ពីរ​ការ​បោះ​ជំហាន​ថ្មី​មួយ​ទៀតក្នុង​ការសម្លឹង​រក​ការ​គ្រប​ដណ្តប់​លើ​វិស័យ​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ដែល​សារព័ត៌មានក្នុង​ស្រុកនាំមុខ​មួយ​ចំនួន​បាន​បន្ថែម​ការ​ផ្សាយ​ជា​ភាសា​ចិន ​និង​មួយ​ចំនួន​ទៀតបាន​ប្តូរ​ពី​អ្នក​វិនិយោគ​ខ្មែរ​ទៅ​អ្នក​វិនិយោគ​ចិន​វិញ។

​ការ​រីក​ចម្រើននៃ​ការ​វិនិយោគ​លើ​វិស័យ​សារព័ត៌មាន​របស់​ឈ្មួញ​ចិន ​និង​ការ​បន្ថែម​ការ​ផ្សាយ​ជា​ភាសា​ចិន​របស់​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ​ធ្វើ​ឡើង​ក្រោយ​ពី​លំហូរ​យ៉ាង​គំហុក​នៃ​ការ​វិនិយោគពី​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​មក​កាន់​ប្រទេស​កម្ពុជា និង​ក្រោយ​ពី​ស្ថានីយ៍​ទូរទស្សន៍​ Nice TV ត្រូវ​បាន​បង្កើត។ ​ទូរទស្សន៍​នេះ​គឺ​ជា​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ចិន និង​ក្រសួង​មហាផ្ទៃ​កម្ពុជា។ ទីតាំង​នៃ​ទូរទស្សន៍​មួយ​នេះ ស្ថិត​នៅ​ក្នុង​បរិវេណ​នៃ​ក្រសួង​មហាផ្ទៃ​តែ​ម្តង។

​អ្នក​កាសែត​មួយ​ចំនួន​ដែល​មក​ពី​ស្ថាប័ន​ផ្សេងៗ ​ក្នុង​នោះ​មាន​ភ្នំពេញ​ប៉ុស្តិ៍​ផង​ដែរ ក៏​បាន​ចូល​ទៅ​បម្រើ​ការ​ងារ​នៅ​ទីនោះ។ ពួកគេ​មិន​មាន​សេរីភាព​ច្រើន​ក្នុង​ការ​រាយការណ៍​ដូច​ពី​មុន​នោះ​ទេ។

អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​ Nice TV ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នានា ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ស្ថានទូត​ចិន។ នេះ​បើ​យោង​តាម​អ្នក​ព័ត៌មាន​មួយ​ចំនួន​ដែល​និយាយ​ជាមួយ​ VOA។

គេហទំព័រសារព័ត៌មាន Tnaot News ដែលអ្នកអានអាចដំឡើងកម្មវិធីតាមទូរសព្ទ ដើម្បីទទួលបានព័ត៌មាន។ (ស៊ុន ណារិន/VOA Khmer)

ក្រុមអ្នកយកព័ត៌មាន Tnaot News កំពុងបំពេញការងាររបស់ពួកគេនៅការិយាល័យស្ថិតក្នុងខណ្ឌទួលគោក។ (ស៊ុន ណារិន/VOA Khmer)

បន្ថែម​ពី​លើ​ទូរទស្សន៍​ Nice TV ក៏​មាន​គេហទំព័រ​ព័ត៌មាន Tnaot News ដែល​ជា​ឈ្មោះ​ដើម​ត្នោត​របស់​ខ្មែរ​ បាន​ប្តូរ​ពីក្រោម​ការ​គ្រប់​គ្រង​របស់​ជន​ជាតិ​កម្ពុជា​ទៅក្នុង​ដៃ​គ្រប់គ្រង​ដោយ​អ្នក​ជំនួញ​ចិន​វិញ។ អ្នក​សារព័ត៌មាន​កម្ពុជា​ជា​ច្រើន​ត្រូវ​បាន​ជួល​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ទីនោះ ហើយ​ពួកគេ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​មុន ​បើ​ប្រៀបធៀប​នឹង​ស្ថាប័ន​ចាស់។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ពួកគេ​មិន​អាច​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​រឿង​នយោបាយ​បាន​នោះ​ទេ។

លោក Liao Kai អ្នកគ្រប់គ្រង​ទូទៅ​របស់​សារព័ត៌មាន Tnaot News ដែលមក​រស់​នៅ​ស្រុក​ខ្មែរ​ជាង​ ១០ ​ឆ្នាំ បាន​ប្រាប់​ VOAនៅ​កន្លែង​ធ្វើ​ការ​របស់​លោក​ថា សារព័ត៌មាន​របស់​លោក គឺ​ផ្តោត​សំខាន់​លើ​រឿង​បែប​កម្សាន្ត បច្ចេកវិទ្យា ទេសចរណ៍ ការ​អប់រំ និង​ពាណិជ្ជកម្ម។ ប៉ុន្តែ​មិន​មែន​រឿង​នយោបាយ​នោះ​ទេ។

«យើង​មិន​ផ្តោត​លើ​នយោបាយ​នោះ​ទេ»។ លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ជន​ជាតិ​ចិន​ដែល​មក​កម្ពុជា​យល់​ដឹង​អំពី​វប្បធម៌​ខ្មែរ»។

លោក​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​វិនិយោគ​នៃ​មុខ​ជំនួញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ។

ស្ថាប័ន​សារព័ត៌មាន​នេះ មាន​ស្ទូឌីយោ​ទូរទស្សន៍ អ្នក​កាសែត​ខ្មែរ​ជាង​ ២០ ​នាក់ និងអ្នក​យក​ព័ត៌មាន​ជា​ជនជាតិ​ចិន ​៣ ​រូប​ផង​ដែរ រហូត​ដល់​ពេល​នេះ។

សព្វ​ថ្ងៃ​នេះ មាន​កាសែត​ល្បី​ឈ្មោះ​ចំនួន​ពីរ​របស់​ចិន ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា ក្នុង​នោះ​មាន​ ជាន​ហ្វា (Jian Hua Daily) និង​សារព័ត៌មាន​ពាណិជ្ជកម្ម (Commercial News Cambodia)។

ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​រីករាយ​នឹង​ការ​វិនិយោគ និង​ការ​ចូល​មក​ដល់​របស់​ជនជាតិ​ចិន​ជា​បន្ត​បន្ទាប់ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ក៏​បាន​ចាប់​ផ្តើម​ព័ត៌មាន​ជា​ភាសា​ចិន​ផង​ដែរ ក្នុង​នោះ​មាន​សារព័ត៌មាន​អនឡាញ Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល និង​កាសែត​ខ្មែរថាមស៍ (Khmer Times)។

ដោយ​មានអ្នក​កាសែត​ខ្មែរ​ពីរ​នាក់ និង​ចិន​បីនាក់ កាសែត Khmer Times បាន​ចាប់​ផ្តើម​ផ្សាយ​ជា​ភាសា​ចិន​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៩ និង​ជា​ការ​បោះ​ពុម្ព​ផ្សាយ​មួយ​សប្តាហ៍​ម្តង ដែល​មាន​ ៨ ​ទំព័រ។

លោក T Mohan ចាងហ្វាង​កាសែត បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ក្នុង​បន្ទប់​ការិយាល័យ​របស់​លោក​ថា ទីផ្សារ​សម្រាប់​សារព័ត៌មាន​ជាភាសា​ចិន គឺ​សម្រាប់អ្នក​ចេះ​ដឹង ហើយ​ទីផ្សារ​នៅ​តែ​ធំ​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា អតិថិជន​របស់​លោក ក៏​មាន​ជនជាតិ​ចិន​ដែល​កំពុង​រស់​នៅ​ក្នុងខេត្ត​ព្រះសីហនុ ដែល​ជា​ទីក្រុងកំពុង​រីក​ចម្រើន​ដោយ​អ្នក​វិនិយោគ និង​អ្នក​រកស៊ី​ចិន។

«ចិន​មក​កាន់​តែ​ច្រើន ប៉ុន្តែ​សំណួរ​សួរ​ថា​តើ​ពួកគេ​ប៉ុន្មាន​អាច​អាន និង​សរសេរ​បាន។ វា​មិន​ខុស​ពី​កម្ពុជា​នោះ​ទេ។ ប្រជាជន​កម្ពុជា​នៅ​តាម​ជនបទ​មិន​អាច​អាន​ និង​សរសេរ​បាន​នោះ​ទេ»។

ទោះ​ជា​យ៉ាងណា លោក T Mohan មាន​ប្រសាសន៍​ថា ព័ត៌មាន​ជា​ភាសា​ចិន​មិន​ផ្តោត​លើ​ព័ត៌មាន​នយោបាយ​នោះ​ទេ​ ដោយ​សារ​តែ​ព័ត៌មាន​ប្រភេទ​នេះមាន​នៅ​ក្នុង​កាសែត​ជា​ភាសា​អង់គ្លេស​រួច​ទៅ​ហើយ។ ម្យ៉ាង​វិញ​ទៀត ​លោក​គិត​ថា​ជន​ជាតិ​ចិន​ដែល​មក​ស្រុក​ខ្មែរ «​មិន​អាន​ព័ត៌មាន​នយោបាយ​នៅ​កម្ពុជា ឬ​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ទេ»។ដោយសារ​តែ​ពួក​គេ​គិត​ពី​ការ​រក​ប្រាក់​ច្រើន​ជាង។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​មួយ​ចំនួន​ថា កាសែត​ខ្មែរ​ថាមស៍​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល ចាងហ្វាង​កាសែត​រូប​នោះ បាន​ការ​ពារ​ស្ថាប័ន​របស់​លោក​ថា​ មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​នោះ​ទេ។

ចំណែក​សារព័ត៌មាន​អនឡាញ​ Fresh News ដែល​តែង​តែ​បញ្ចេញ​ឯកសារ​ផ្លូវ​ការ​របស់រដ្ឋាភិបាល​មុន​គេ ក៏​បាន​ដាក់​ឲ្យ​មាន​ព័ត៌មាន​ជា​ភាសា​ចិន​ផង​ដែរ តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​លោក លឹម ជាវុត្ថា នាយក​ប្រតិបត្តិ​របស់​ Fresh News។ ​មូល​ហេតុ​គឺ​ «ដោយសារ​មាន​លំហូរ​វិនិយោគ​មក​ពី​ប្រទេស​ចិន​កាន់​តែច្រើន»​និង​ទំនាក់​ទំនង​កម្ពុជា​និង​ចិន​កាន់​តែ​ល្អ។

ប៉ុន្តែ​លោក លឹម ជាវុត្ថា ​ហាក់​ដូចជា​ព្យាយាមដាក់​ឲ្យ​មាន​លំនឹង​រវាង​ការ​ផ្សាយ​ពី​ចំណុច​អវិជ្ជមាន​និង​ចំណុច​វិជ្ជមានរបស់​ក្រុម​ជនជាតិ​ចិន​នៅ​កម្ពុជា។

«មិនមែន​ថា​ ​យើង​ផ្សាយ​ពីកិច្ច​សហ​ប្រតិបត្តិការ​ទាំង​អស់​ទេ។ ទង្វើ​ខុស​ច្បាប់​របស់​ជនជាតិ​ចិន​ ​យើង​បាន​ផ្សព្វផ្សាយ​ជា​ហូរ​ហែ ពីព្រោះ​វា​ជា​ទង្វើ​មួយ​ខុស​ច្បាប់​នៅ​កម្ពុជា យើង​អត់​អាច​លាក់​បាំង​ការ​ពិត​នូវព័ត៌មាន​ហ្នឹង​បាន​ទេ»។

លោក មឿន ឈានណារិទ្ធ សាស្រ្តាចារ្យ​ផ្នែក​សារព័ត៌មាន​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​មាន​ប្រសាសន៍​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន មិន​ផ្តោត​លើ​នយោបាយ​នោះ​ទេ ដោយ​ពួកគេ​ផ្តោត​លើ​ការ​រកស៊ី ​ជា​ជាង​ផ្តល់​ព័ត៌មាន​ឯករាជ្យ និង​មាន​លក្ខណៈ​ប្រកួត​ប្រជែង។

«អតិថិជន​ជា​គោល​ដៅ​របស់​គាត់ គឺ​ប្រហែល​ជា​អ្នក​បណ្តាក់​ទុន​វិនិយោគ​ចិន ក៏​ដូច​ជា​ពិសេស​គឺ​អតិថិជន​ជន​ជាតិ​ចិន​នៅ​ឯ​ស្រុក​គាត់​នោះ»។

នៅ​ក្នុង​របាយការណ៍​ស្តី​អំពី​ការ​ពង្រីក​ឥទ្ធិពល​ចិន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក​ ចេញផ្សាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​រក​ឃើញ​ដោយ​ក្រសួង​ការពារ​ជាតិ​អាមេរិក ប្រទេស​ចិនបាន​បង្កើត​ការ​វិនិយោគ​ដោយ​ផ្ទាល់ និង​ប្រយោល​ទៅ​លើ​ស្ថាប័ន​ព័ត៌មាន​នៅ​ក្រៅ​ប្រទេស ក្នុង​នោះ​មាន​ការ​ពង្រីក​ភ្នាក់ងារ​ព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ឈ្មោះ​ថា ស៊ីនហួរ (Xinhua News Agency) ឲ្យ​បាន​ច្រើន។

របាយការណ៍​បាន​បញ្ជាក់​ថា៖ «ការ​ពង្រីក​វត្តមាន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​ការ​របស់​ចិន​បាន​បង្ហាញ​អំពី​កិច្ច​ប្រឹងប្រែង​រួម​នៃ​ការ​ដឹកនាំ​មួយ ​ដើម្បី​កែ​ប្រែ​ការ​គិត​អំពីប្រទេស​(ចិន) និង​លើក​តម្កើង​ការ​យល់​ឃើញ​របស់​ចិន​នៅ​លើ​ប្រធាន​បទ​សំខាន់ៗ»។

នៅ​ក្នុង​ប្រទេស​កម្ពុជា សារព័ត៌មាន​ស៊ីនហួរ ក៏​ត្រូវ​បាន​មើល​ឃើញ​ថា មាន​ភាព​សកម្ម​ក្នុង​ការ​សរសេរ​ព័ត៌មាន​អំពី​រឿង​ល្អៗ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​ចូលរួម​របស់​កម្ពុជា​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នានា​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

អ្នក​យក​ព័ត៌មាន​របស់​ស៊ីនហួ លោក ងួន សុវណ្ណ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ការងារ​របស់​លោក ដោយ​បង្វែរ​សំណួរ​ទៅ​ប្រធាន​របស់​លោក​នៅ​ទីក្រុង​ប៉េកាំង។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អត់​មាន​សិទ្ធិ​និយាយ​ទេ»។

ការ​វិនិយោគ​របស់​ប្រទេស​ចិន​លើ​វិស័យ​សារព័ត៌មាន បាន​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ត្រូវ​បាន​គំរាម​កំហែង។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders)។ របាយការណ៍​បាន​បញ្ជាក់​ថា៖ «ទម្រង់​នៃ​ការ​គ្រប់គ្រង​ព័ត៌មាន​របស់​រដ្ឋ​ចិន ត្រូវ​បាន​យក​មក​ដាក់​នៅ​ប្រទេស​មួយ​ចំនួន​ជា​សមាជិក​អាស៊ាន ​ដូច​ជា​វៀតណាម និង​កម្ពុជា»។

លោក Daniel Bastard នាយក​ទទួល​បន្ទុក​ផ្នែក​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អ្នក​រាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន បាន​ថ្លែង​ប្រាប់​ VOA​ តាមរយៈ​សារ​អេឡិច​ត្រូនិក​ថា៖ «ប្រទេស​ដូច​ជា​វៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឬ​ក៏​ថៃ ត្រូវ​បាន​ជំរុញ​ដោយ​ផ្ទាល់​ដោយ​ការ​គ្រប់គ្រង​ព័ត៌មាន​តាម​ទម្រង់​របស់​ចិន។ ឧទាហរណ៍ ដូច​ជា​ច្បាប់​សន្តិសុខ​តាម​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​វៀតណាម ​ជា​ការ​ចម្លង​ពី​ច្បាប់​របស់ប្រទេស​ចិន»។

រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ​ (ទីបី​ពី​ខាង​ស្តាំ) ថត​រូប​ជាមួយ​អ្នក​ចូលរួម​ដទៃ​ទៀត​ក្នុង​ពិធី​សម្ពោធ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា-ចិន កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩។ (Facebook/Cambodia China Journalist Association Officia

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់ ​VOA ​តាមរយៈ​សារ​អេឡិច​ត្រូនិក ​ឬ​អ៊ីម៉េល​នោះ​ទេ។

របាយការណ៍​ស្តី​អំពី​ការ​ព្យាយាម​របស់​ចិន​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភព​លោក​ថ្មី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អង្គការ​ Reporters Without Borders ក្នុង​ខែមីនា បាន​បញ្ជាក់​ថា៖ «ប្រទេស​កម្ពុជា​កំពុង​តែ​រៀប​ចំ​នូវ​ច្បាប់​លម្អិត​មួយតាម​ទម្រង់​របស់​ចិន បន្ទាប់​ពី​កម្ចាត់​ចោល​នូវប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ និង​ការ​រឹត​បន្តឹង»។

លោក Cédric Alviani ប្រធាន​ផ្នែក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត​នៃ​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន បាន​ថ្លែង​ប្រាប់​ VOA ​ថា អាជ្ញាធរ​ចិន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់​ប្តូរ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​សេរី​ទៅ​ជា​ការ​ឃោសនា។

«ពួកគេ​បាន​ព្យាយាម​យ៉ាងសកម្ម​ក្នុង​ការ​គាប​សង្កត់​រាល់​សារព័ត៌មាន​ឯករាជ្យ និង​ជំនួស​ដោយ​ការ​ឃោសនា​រដ្ឋ ឬ​ក៏​សារព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ(ចិន)»។

លោក ណុប វី អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មានប្រសាសន៍​ថា លោក​បារម្ភ​អំពី​អនាគត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ ខណៈ​ស្ថានភាព​មិន​មាន​ការ​ផ្លាស់​ប្តូរ​រហូត​មក​ដល់​ពេល​នេះ ចាប់​តាំង​ពី​មាន​ការ​បង្រ្កាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​រង​ឥទ្ធិពល​ពី​អាជ្ញាធរ​ចិន។

«បើ​សិន​ជា​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​វិជ្ជាជីវៈ ឯករាជ្យ នៅ​តែ​បន្ត [រឹតត្បិត]​ ទៅ​ទៀត ខ្ញុំ​គិត​ថា វា​កាន់​តែ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ការ​ធានា​ទៅ​ដល់​តម្លា​ភាព និង​ការ​កាត់​បន្ថយ​ភាព​អវិជ្ជមាន​ពី​ការ​រកស៊ី​របស់​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។

ក្នុង​ពិធី​សម្ពោធបើក​ទ្វារសមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន ជា​ផ្លូវ​ការ ​កាល​ពី​ថ្ងៃទី​៦ ​ខែឧសភា ទីប្រឹក្សា​នយោបាយ​របស់​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា ​លោកស្រី​ ចូវ វិនស៊ីង (ZouWenxing​) ចង់​ឲ្យ​សមាគម​នេះ​ផ្សាយ​ព័ត៌មាន​ល្អៗ​អំពី​ប្រទេស​ទាំង​ពីរ។

«យើង​រំពឹង​ថា សមាគម​អ្នកសារ​ព័ត៌មាន​កម្ពុជា-ចិន នឹង​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​វិជ្ជមាន និង​ការ​រួម​ដៃគ្នា​ប្រឆាំង​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ»។

ការ​ថ្លែង​បែប​នេះ ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​ប្រធានាធិបតី​ចិន លោក ស៊ីជីន ពីង (Xi Jinping) ដែល​ចង់​ឲ្យ​មាន​ «ការ​ផ្សព្វផ្សាយព័ត៌មាន​អំពី​ចិន​ឲ្យ​បាន​ល្អ និង​ផ្សព្វផ្សាយ​សំឡេង​របស់​ចិន​ឲ្យ​បាន​ត្រឹម​ត្រូវ»។

សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន មាន​លោក សយ សុភាព ខាង​ភាគី​កម្ពុជា​ និង​លោក លីវ សៀវគ័ង (Liu Xiao Guang) ភាគី​ចិន​ជា​សហ​ប្រធាន។

លោក សយ សុភាព ​ថ្លែង​នៅ​ក្នុង​ពិធីសម្ពោធ​សមាគម​ថា សមាគម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​រូបភាព​ការ​វិនិយោគ​របស់​ចិន និង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ល្អ និង​រាយ​ការណ៍​ព័ត៌មាន​វិជ្ជមាន ជាជាង​អវិជ្ជមាន។

«សមាគម​អ្នកសារ​ព័ត៌មាន​កម្ពុជា​ចិន សូម​ប្តេជ្ញា​ចូល​រួម​អនុវត្ត និង​គោរព​តាម​គោល​នយោបាយ​នៃ​កិច្ច​សហប្រតិបត្តិការ រវាងប្រទេស​ទាំង​ពីរ​ឲ្យ​បាន តាម​រយៈ​នៃ​ការ​ខិត​ខំ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ប្រកប​ដោយ​វិជ្ជាជីវៈ អំពី​ការ​វិនិយោគ​របស់​ប្រទេស​មហា​មិត្ត​ចិន​នៅ​កម្ពុជា ក៏​ដូចជា​ការ​នាំ​ផលិត​ផល​គ្រប់​ផ្នែក​ទាំងអស់​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន»។

ទំនង​ជា​ចង់​សំដៅ​ទៅ​រក​សហរដ្ឋ​អាមេរិក​ លោក​សយ សុភាព​ ថ្លែង​ថា៖

«ជា​ការ​ពិត​ប្រទេស​ខ្លះ​មិន​សប្បាយ​ចិត្ត និង​មិន​គាំទ្រ​ចំពោះ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ទេ ហើយ​ថែម​ទាំង​វាយ​ប្រហារ​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិននៅ​កម្ពុជា​ថែម​ទៀត​ផង»។

ស្ថានទូត​អាមេរិក និង​ចិន បាន​ប៉ះ​ពាក្យ​សម្តី​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ ទៅ​លើ​ជំនួយ និង​ការ​វិនិយោគរបស់​ពួកគេ​មក​កម្ពុជា និង​យុទ្ធសាស្រ្ត​ជំនួយ​ពី​ប្រទេស​ចិន​មក​កម្ពុជា។ ការ​ប្រឈម​ដាក់​គ្នា​នេះ នាំ​ឲ្យ​មាន​ការ​ពិភាក្សា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល។

រូបឯកសារ៖ កាសែត The Cambodia Daily សរសេរអត្ថបទ «កម្មវិធីផ្សាយរបស់វិទ្យុ RFA និង VOA ត្រូវបានបញ្ឈប់នៅតាមបណ្តាខេត្តទូទាំងប្រទេស» រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

អ្នក​ជំនាញ​បង្ហាញ​ក្តី​បារម្ភ​ថា​ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន​នេះ​ នឹង​មាន​ឥទ្ធិពល​លើ​អ្នក​កាសែត​ខ្មែរ ដែល​នាំ​ឲ្យមិន​មានការ​សរសេរ​រឿង​រសើប និង​រិះគន់​អំពី​ការ​វិនិយោគ​ចិន​នៅ​ប្រទេស​កម្ពុជា ខណៈ​ចិន​កំពុង​តែ​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា និង​មាន​ការ​បង្រ្កាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។​ ​ក្នុង​នោះ​គេ​ឃើញមានការ​បិទ​កាសែត​ The Cambodia Daily ការ​បិទ​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​នៅ​ភ្នំពេញ និង​វិទ្យុ​រាប់​សិប​ទៀត ដែល​បាន​ជួល​ម៉ោង​ផ្សាយ​ដល់​វិទ្យុ​ឯករាជ្យ រួម​មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

អតីត​អ្នក​កាសែត​អាស៊ី​សេរី​ ២ នាក់​ក៏​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​រង​ការ​ចោទ​ប្រកាន់​ថា​ផ្តល់​ព័ត៌មាន​ដល់​បរទេស។ ក្រោយ​មក​ពួកគេ​ទាំងពីរ​នាក់​ត្រូវ​បាន​ដោះ​លែង តែ​បទ​ចោទ​មិន​ទាន់​ត្រូវ​បាន​ទម្លាក់​នៅ​ឡើយ​ទេ។

លោក ណុប វី អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ថ្លែង​ថា៖ «ពីមុន​មាន​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ដែល​ឯករាជ្យ ដែល​ផ្តល់​សេរីភាព​ច្រើន​ដល់​អ្នកសារ​ព័ត៌មាន​ធ្វើការ​ហ្នឹង ហើយ​ឥឡូវ​នេះ គឺ​ស្ថាប័ន​ទាំង​អស់​នេះគឺ​មាន​គំនាប​ច្រើន​ទៅ​ដល់​អ្នកសារ​ព័ត៌មាន​ហ្នឹង»។

លោក មាស នី អ្នក​តាម​ដាន​បញ្ហា​សង្គម បាន​ថ្លែង​ថា​ការណ៍​ដែល​មន្ត្រី​ចិន​និង​អ្នក​សារព័ត៌មានលើក​គោល​ការណ៍​ផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពី​ប្រទេស​ចិន ឬ​ពី​ទំនាក់​ទំនង​កម្ពុជា​ចិន​គឺជា​វិធីសាស្ត្រ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បែប​ការពារ​ខ្លួន។

លោក​មាស នី បន្ថែម​ថា ការ​រាយការណ៍​អំពី​ចិន​នៅ​តែ​ជា​ប្រធាន​បទ​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ពីព្រោះ​ប្រទេស​ចិន​មាន​ឥទ្ធិពល​លើ​កម្ពុជា​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ។

«រឿង​វត្តមាន​របស់​ចិន វា​បាន​ទៅ​ជា​ចំណុច​រសើប​សម្រាប់​ការ​ពិភាក្សា​ទិដ្ឋភាព​នយោបាយ លែង​មាន​ត្រឹម​តែ​សេដ្ឋកិច្ច»។

សន្ទស្សន៍​ស្ដី​ពី​សេរីភាព​សារព័ត៌មាន​លើ​ពិភពលោក​ឆ្នាំ​ ២០១៩ របស់​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Borders)​ ​បង្ហាញ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ ​អាក្រក់​ជាង​ឆ្នាំ​២០១៧​មួយ​កម្រិត​ ​ដោយ​សារ​គណបក្ស​កាន់​អំណាច​ព្យាយាម​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​ខ្លួន។ របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ថា ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​ពង្រីក​នៅ​កម្ពុជា​ ដោយសារ​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន​ផង​ដែរ ហើយ​កម្ពុជា​ទំនង​ជា​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​ដូច​ប្រទេស​ចិន​យ៉ាង​គ្រោះ​ថ្នាក់ បន្ទាប់​ពី​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

អត្ថបទនេះផលិតឡើងដោយមានការគាំទ្រពីគម្រោងរបស់កម្មវិធី Reporting ASEAN ពាក់ព័ន្ធនឹងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដោយមានការសហការពី Lower Mekong Initiative និង US States department។ Reporting ASEAN រៀបចំដោយ Probe Media Foundation Inc៕