ក្រុមអ្នកវិភាគនិយាយថា ចាប់តាំងពីការបង់សោហ៊ុយរួចរាល់ទាំងស្រុងសម្រាប់ការធ្វើដំណើរទៅយកព័ត៌មានអំពីកិច្ចប្រជុំកំពូលស្តីពីក្រវាត់ផ្លូវពាណិជ្ជកម្មចិ នរហូតដល់កិច្ចព្រមព្រៀងចែកចាយអត្ថបទជាមួយបណ្តាញព័ត៌មានធំៗ រដ្ឋាភិបាលក្រុងប៉េកាំងធ្វើវិនិយោគដើម្បីចែកចាយអត្ថបទផ្សព្វផ្សាយរបស់ខ្លួនជាមួយទស្សនិកជនឥណ្ឌូណេស៊ី។
កិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងធំៗបំផុតនានាធ្វើឡើងកាលពីខែវិច្ឆិកា នៅពេលបណ្តាញទូរទស្សន៍ឥណ្ឌូណេស៊ី Metro TV បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមបណ្តាញព័ត៌មានចិន China Media Group ដើម្បីពង្រីកការផ្សាយកម្មវិធីព័ត៌មានជាភាសាចិនកុកងឺនៃ MetroTV’ គឺកម្មវិធី «Metro XinWen»។
ទូរទស្សន៍នេះចូលរួមជាមួយកាសែត The Jakarta Post ដែលផ្សាយជាថ្មីអត្ថបទនៃសារព័ត៌មាន China Daily និងទីភា្នក់ងារសារព័ត៌មាន Antara នៃប្រទេសឥណ្ឌូណេស៊ីដែលមានភាពដៃគូស្រដៀងគ្នាជាមួយទីភា្នក់ងារសារព័ត៌មានចិន Xinhua និង CGTN។
កិច្ចព្រមព្រៀងចែកចាយអត្ថបទ ឬការព្រមព្រៀងអំពីដំណើរការបង្កើតបណ្តាញព័ត៌មានឌីជីថល ជាការបន្តរបៀបដែលរដ្ឋាភិបាលក្រុងប៉េកាំងបានប្រើច្រើនឆ្នាំមកហើយនៅឥណ្ឌូណេស៊ី។ របាយការណ៍មួយរបស់អង្គការ Freedom House កាលពីឆ្នាំ ២០២២ បានរកឃើញថាចិនប្រើមធ្យោបាយទាំងពីរនេះ ជាមួយការត្រួតពិនិត្យដើម្បីរៀបរៀងការពណ៌នា។
លោក Muhammad Zulfikar Rakhmat ដែលជាសហអ្នកនិពន្ធនៃរបាយការណ៍ កាលពីឆ្នាំ ២០២២ បាននិយាយថា អង្គការ Freedom House «បានរកឃើញថា បណ្តាញព័ត៌មានឥណ្ឌូណេស៊ីមួយចំនួនដែលចុះហត្ថលេខាជាមួយបណ្តាញព័ត៌មានចិនបានប្រឹងប្រែងជៀសវាងធ្វើការរិះគន់អវិជ្ជមានដល់ប្រទេសចិន»។
លោក Zulfikar ជានាយកនៃការសិក្សាអំពីប្រទេសចិន ឥណ្ឌូណេស៊ី មជ្ឈឹមបូព៌ានៅមជ្ឈមណ្ឌលសិក្សាសេដ្ឋកិច្ចនិងច្បាប់នៃប្រទេសឥណ្ឌូណេស៊ី។ លោកបានថ្លែងថា បណ្តាញព័ត៌មានឥណ្ឌូណេស៊ីមិនបានចែងឱ្យបានត្រឹមត្រូវអំពីរឿងដែលពួកគេបានយកពីបណ្តាញព័ត៌មានរបស់រដ្ឋចិនទេ។
លោកបានថ្លែងថា៖ «ការណ៍នេះនាំឱ្យអ្នកស្តាប់យល់ថា អត្ថបទត្រូវបានសរសេរដោយបណ្តាញសារព័ត៌មានក្នុងស្រុក ហើយមិនមែនយកពីក្រុមហ៊ុនបណ្តាញព័ត៌មាន បរទេសទេ»។
ក្រុមអ្នកជំនាញបាននិយាយប្រាប់វីអូអេថា កិច្ចព្រមព្រៀងទាំងនេះអាចហាក់ដូចជាមានប្រយោជន៍ នៅពេលមួយដែលវិស័យបណ្តាញព័ត៌មានចុះថយខាងសេដ្ឋកិច្ច។ ហើយនៅពេលមានករណីក្រុមអ្នកសារព័ត៌មានរាយការណ៍អនុគ្រោះជាងមុននៅក្រោយបានចូលរួមក្នុងការធ្វើដំណើរបង់សោហ៊ុយដោយរដ្ឋាភិបាលក្រុងប៉េកាំង អ្នកជំនាញខាងបណ្តាញព័ត៌មានក្នុងស្រុកថា ឥណ្ឌូណេស៊ីមានគោលនយោបាយបទវិចារណាកថាមាំមួន ដើម្បីរក្សាឯករាជ្យភាពក្នុងការរាយការណ៍។
លោក Taufiqurrahman ដែលជាបណ្ណាធិការនាយកនៃកាសែត The Jakarta Post
បាននិយាយប្រាប់វីអូអេថា៖ «កិច្ចសហប្រតិបត្តិការណាមួយជាមួយកាសែត China Daily គ្រាន់តែជាចំណាត់ការពាណិជ្ជកម្មសុទ្ធសាធ»។
លោក Taufiqurrahman បាននិយាយថា៖ «វាគ្រាន់តែ China Daily ទិញកន្លែងសម្រាប់ធ្វើការឃោសនាសម្រាប់អត្ថបទខ្លួន ហើយយើងតែងតែបញ្ជាក់ថា យើងមិនទទួលខុសត្រូវទេដល់ភាពមិនត្រឹមត្រូវនៃអត្ថបទត្រូវបានផ្សព្វផ្សាយនោះ។ គ្មានកិច្ចសហការខាងបទវិចារណកថាទេ គឺគ្រាន់តែ China Daily ប្រើប្រាស់កន្លែងរបស់យើងជាការឃោសនា ហើយយើងចាត់ការតាមបែបដូច្នេះ»។
ដូចជាជនជាតិឥណ្ឌូណេស៊ីច្រើននាក់ដែរ លោក Taufiqurrahman ប្រើឈ្មោះតែមួយ។
បណ្តាញទូរទស្សន៍ Metro TV មិនបានឆ្លើយតបនឹងការសុំអត្ថាធិប្បាយពីវីអូអេទេ។ ទីភ្នាក់ងារសារព័ត៌មាន Antara ថា ខ្លួនមិនអាចបកស្រាយសេចក្តីលម្អិតនៃកុងត្រារបស់ពួកគេជាមួយទីភ្នាក់ងារសាព័ត៌មាន Xinhua ទេដោយសារមានកង្វល់ខាងផ្លូវច្បាប់។
វីអូអេបានសុំអត្ថាធិប្បាយពីស្ថានទូតចិននៅក្រុងហ្សាការតា ប៉ុន្តែពួកគេបានប្រកែកមិនព្រមឆ្លើយតបទេ។
រដ្ឋាភិបាលក្រុងប៉េកាំងបានអញ្ជើញបណ្តាញព័ត៌មានឱ្យធ្វើដំណើរ ដែលក្រុមអ្នកវិភាគថាជាការប៉ុនប៉ងមួយដើម្បីឱ្យមានការយកព័ត៌មានអនុគ្រោះដល់ខ្លួន។
បើតាមរបាយការណ៍នានាថា កាលពីខែកញ្ញា មន្ទីរសេវាព័ត៌មាននៃប្រទេសចិនបានបង់សោហ៊ុយឱ្យអ្នកកាសែត ១៥ នាក់ ដែលរួមមានអ្នកសារព័ត៌មានមកពីប្រទេសកូរ៉េខាងត្បូង ថៃ ឥណ្ឌូណេស៊ី ប៉ូឡូញនិងហុងគ្រីដើម្បីយកព័ត៌មានអំពីសន្និសីទកំពូលស្តីពីក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ខ្លួននៅទីក្រុងហុងកុង។
បើតាមគេហទំព័រព័ត៌មាន Kompas.com ថាកាលពីខែធ្នូ ចិនបានអញ្ជើញពួកអ្នកកាសែតឥណ្ឌូណេស៊ីឱ្យទៅក្រុង Shenzhen ជាលើកដំបូង។
ក្រុមអ្នកជំនាញថា កិច្ចប្រឹងប្រែងរបស់ចិនដើម្បីពង្រីកឥទ្ធិពលខ្លួនមិនមែនសុទ្ធតែទទួលបានជោគជ័យនោះទេ។
នៅពេលចិនបានបញ្ជូនពួកអ្នកសារព័ត៌មានទៅតំបន់ Xinjiang ដើម្បីទៅមើលជំរំក្រុមជនអំបូរ Uyghur កាន់សាសនាអ៊ិស្លាមកាលពីឆ្នាំ ២០១៩ អ្នកកាសែតភាគច្រើនមានភាពវិជ្ជមានអំពីការធ្វើដំណើររបស់ពួកគេនៅក្នុងការយកព័ត៌មាននៅពេលបន្ទាប់។ ប៉ុន្តែអ្នកកាសែតដទៃទៀតបានសរសេររឿងដែលមានការរិះគន់ផងដែរ។
ទោះជាយ៉ាងនេះក្តី អ្នកជំនាញខ្លះថា ឯករាជ្យភាពនៃបទវិចារណាទប់ស្កាត់មិនឱ្យមានការជ្រៀតជ្រែកច្រើនពេក។
លោក Zulfikar បានកត់សម្គាល់ថាសារព័ត៌មានមិនផ្សាយការបរិយាយរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ឥណ្ឌូណេស៊ីទេ ដូចជាការជំទាស់របស់ឥណ្ឌូណេស៊ីដល់ការអះអាងទាមទាររបស់ចិនក្នុងសមុទ្រចិនខាងត្បូងជាដើម។
អ្នកស្រី Christine Tjhin គឺជាអ្នកជំនាញម្នាក់ខាងទំនាក់ទំនងចិនឥណ្ឌូណេស៊ីនៅក្រុមហ៊ុនពិគ្រោះយោបល់ Gentala Institute។ អ្នកស្រីបាននិយាយប្រាប់វីអូអេថា ស្តីពីកិច្ចព្រមព្រៀងចែកចាយព័ត៌មាន អ្នកស្រីសង្ស័យថា ចិនមិនមាន«ការគ្រប់គ្រងផ្ទាល់»លើគោលនយោបាយខាងបទវិចារណាកថារបស់បណ្តាញព័ត៌មានក្នុងស្រុកទេ។
អ្នកស្រីថា៖ «ខ្ញុំឃើញមានអត្ថបទផ្សេងៗអំពីប្រទេសចិនតាមបណ្តាញព័ត៌មានឥណ្ឌូណេស៊ី ដែលមានទាំងភាពវិជ្ជមាននិងការរិះគន់»។
ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនបណ្តាញព័ត៌មានឥណ្ឌូណេស៊ីបើកចំហជាងមុនដល់វិនិយោគបរទេសពីព្រោះប្រាក់ចំណូលចុះថយ។
អ្នកស្រី Christine បានពោលថា បណ្តាញព័ត៌មានឥណ្ឌូណេស៊ីខ្លះបានស្វែងរកអ្នកបណ្តាក់ទុនពីប្រទេសចិនយូរយាមកហើយ។ ផ្អែកលើទិន្នន័យកាលពីខែឧសភា ២០២០ នៃសហភាពអ្នកបោះពុម្ពកាសែតថាជាង ៧០ ភាគរយ ក្នុងចំណោមក្រុមហ៊ុនបណ្តាញព័ត៌មាន ៤៣៤ត្រូ វបានស្ទង់មតិឃើញថាប្រាក់ចំណូលធ្លាក់ចុះ។ ការណ៍នេះគឺមានការចុះថយ៤០ភាគរយប្រៀបធៀបនឹងឆ្នាំ ២០១៩។
លោក Zulfikar បានថ្លែងបន្ទរថា៖ «ខ្ញុំបានធ្វើបទសម្ភាសន៍មួយកាលពីខែកក្កដាជាមួយឥស្សរជនសំខាន់ៗនៃប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីល្បីឈ្មោះ...ពួកគេបានលើកឡើងថាបានថវិកាច្រើន»។
លោក Zulfikar ថា ស្ថានភាពសេដ្ឋកិច្ចជាកត្តាមួយ។
លោកបាននិយាយថា៖ «ខ្ញុំយល់ថា ចិនយល់ដែរថា មុខនាទីរបស់បណ្តាញព័ត៌មានបែបប្រពៃណីកំពុងចុះថយនៅឥណ្ឌូណេស៊ី។ គ្មាននរណាមើលបណ្តាញសារព័ត៌មានបោះពុម្ពទៀតទេ។ នៅពេលនេះពួកគេប្រើអ៊ីនធើណិត ហើយមនុស្សច្រើននាក់ចង់មើល YouTube ដោយប្រើបណ្តាញព័ត៌មានសង្គមរបស់ពួកគេ»។
លោក Wahyu Dhyatmika ប្រធានសមាគមបណ្តាញព័ត៌មាន Cyber ឥណ្ឌូណេស៊ីឬ AMSI បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីមានសហគមន៍សេរីភាពសារព័ត៌មានមាំមួន។
លោក Wahyu បាននិយាយប្រាប់វីអូអេនៅក្នុងសម្ភាសន៍តាមទូរសព្ទថា ច្បាប់កម្រិតកម្មសិទ្ធិបរទេស ដែលបន្ថយសក្តានុពលនៃបណ្តាញព័ត៌មានរដ្ឋចិនក្នុងការគ្រប់គ្រងបណ្តាញសារព័ត៌មានក្នុងស្រុក។ ក្រុមអ្នកវិនិយោគដែលប៉ុនប៉ងធ្វើអន្តរាគមន៍ក្នុងសេចក្តីសម្រេចខាងបទវិចារណកថាក្នុងស្រុកក៏អាចប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌដែរ ដោយសាររំលោភលើច្បាប់ស្តីពីបណ្តាញព័ត៌មាន។
លោក Wahyu ដែលជាអ្នកស្រាវជ្រាវក្នុងកម្មវិធី Neiman នៃសាកលវិទ្យាល័យ Harvard កាលពីឆ្នាំ ២០១៤ បានថ្លែងថា៖ «ខ្ញុំមិនប្រកែកទេថា មានអ្នកបណ្តាក់ទុនចិនដែលប៉ុនប៉ងដាក់ផ្សាយអត្ថបទឃោសនាបែបបទវិចារណាក្នុងបណ្តាញព័ត៌មានក្នុងស្រុក ដូច្នេះវាមានសារៈសំខាន់សម្រាប់អ្នកបោះពុម្ពផ្សាយកាសែតត្រូវតែបញ្ជាក់អំពីឯករាជ្យភាពរបស់ពួកគេនិងគោលការណ៍ណែនាំអំពីវិនិយោគ»។
លំដាប់ថ្នាក់របស់ឥណ្ឌូណេស៊ីក្នុងការចាប់លំដាប់ថ្នាក់សាកលនៃសេរីភាពសារព័ត៌មានប្រសើរជាងឆ្នាំមុន។ ប្រទេសនេះស្ថិតនៅលំដាប់ទី១០៨ក្នុងបណ្តាប្រទេស១៨០នៅលើសន្ទស្សន៍ពិភពលោក ដែលជាលំដាប់ថ្នាក់មួយតំណាងបរិដ្ឋានបណ្តាញសារព័ត៌មានល្អបំផុត។ ក្នុងឆ្នាំ ២០២៣ ឥណ្ឌូណេស៊ីល្អជាងមុន ៩ ពិន្ទុ បើធៀបនឹងឆ្នាំ ២០២២៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ