​ចិន​ពិចារណាទិញផលិតផលកសិកម្ម​របស់​សហរដ្ឋ​អាមេរិក​ នៅពេល​ដែលគូ​ប្រជែង​ពាណិជ្ជកម្ម​​ផ្លាស់ប្តូរ​ឆន្ទៈ​ល្អ

រូបឯកសារ៖ ស្រ្តីម្នាក់ដើរកាត់កន្លែងដូរលុយនៅតំបន់ពាណិជ្ជកម្ម កោះហុងកុង។

កាល​ពី​ថ្ងៃ​ពុធ​ម្ស៉ិលមិញ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ​បាន​ប្រ​កាស​ថា ​លោកពន្យា​រពេល​ការ​យកពន្ធគយ​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ​ ២៥០​ពាន់​លាន​ដុល្លារចាប់​តាំង​ពី​ថ្ងៃ​ទី១ដល់​ថ្ងៃ​ទី​១៥ ​ខែ​តុលា។

នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ​ចិន​បានបង្ហាញនូវកាយវិការ​នៃឆន្ទៈ​ដ៏ល្អ​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ ដែល​បន្ត​មាន​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក ​នៅពេល​ដែល​ប្រទេស​មាន​សេដ្ឋ​កិច្ច​ដ៏​ធំបង្អស់​២​របស់​ពិភពលោក ប្រុងប្រៀប​ធ្វើ​ការ​ចរចា​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់។

លោក Gao Feng អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​និយាយថា ​ចិន​បាន​ស្វះ​ស្វែង​រក​ទិញ​ទំនិញ​កសិកម្ម​សហរដ្ឋ​អាមេរិកដូចជា​សាច់​ជ្រូក​និង​សណ្តែក​សៀង។

លោក Gao បាន​និយាយ​ទៀត​ថា ចិន​ស្វាគមន៍​សកម្មភាព​ប្រកប​ដោយ​ឆន្ទៈ​ល្អ​មក​ពី​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ ​ហើយ​ថា ​ចិន​សង្ឃឹម​ថា ​ភាគី​ទាំង​២ ​នឹង​បន្ត​ធ្វើ​ឲ្យមាន​ស្ថានភាព​ដ៏​ល្អ​សម្រាប់​ការ​ចរចា​ពាណិជ្ជកម្ម។

កាល​ពី​ថ្ងៃ​ពុធ​ម្ស៉ិលមិញ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ​បាន​ប្រ​កាស​ថា ​លោកពន្យា​រពេល​ការ​យកពន្ធគយ​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ​ ២៥០​ពាន់​លាន​ដុល្លារចាប់​តាំង​ពី​ថ្ងៃ​ទី១ដល់​ថ្ងៃ​ទី​១៥ ​ខែ​តុលា។

​លោក​ប្រធានា​ធិបតី​ត្រាំបាន​និយាយ​តាម​សារ​ក្នុង​ប្រព័ន្ធ Twitter ថា ​លោក Liu He ឧបនាយករដ្ឋ​មន្រ្តីចិន ​បាន​សុំ​ឲ្យ​លោក​ពន្យា​ពេល​ការយក​ពន្ធគយ ​ពីព្រោះ​តែ​ការ​អបអរ​ពិធី​ខួប​លើកទី​៧០​ឆ្នាំ​នៃការ​បង្កើតសាធារណរដ្ឋ​ប្រជា​មានិត​ចិន​នៅ​ថ្ងៃ​ទី​១ ​ខែ​តុលា។

​ការ​ប្រកាស​របស់​ប្រធានាធិបតី​ត្រាំបាន​កើត​មាន​ឡើង​បន្ទាប់​ពី​ចិន​បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្ស៉ិលមិញ​ថា ​ខ្លួនបាន​ឲ្យរួចពីការយក​ពន្ធគយ​លើ​ផលិត​ផល​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ដែល​ចិនបាន​ដាក់​នៅពេល​ថ្មីៗ​បំផុត​នេះ។ ការ​រួចពី​ពន្ធ​គយនោះគ្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៧ ​ខែ​កញ្ញា។ ទំនិញ​ទាំងនោះ​រួមមាន បង្គា ម៉ាស៊ីន​សម្រាប់​ព្យាបាល​ជំងឺ​មហារីក ​និង​គីមី​មួយ​ចំនួន៕