កាលពីថ្ងៃអង្គារ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានទទួលស្គាល់ស្ត្រី១៤នាក់មកពីទូទាំងពិភពលោកជាមួយនឹងការប្រគល់រង្វាន់ស្ត្រីអន្តរជាតិនៃសេចក្តីក្លាហាន ដែលភាសាអង់គ្លេសហៅថា International Women Of Courage Award ចំពោះភាពជាមេដឹកនាំរបស់ពួកគេក្នុងការការពារយុត្តិធម៌ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សមភាពខាងយេនឌ័រនិងការផ្តល់អំណាចដល់ក្រុមស្ត្រី។
ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលទទួលបានកិត្តិយសនេះ គឺលោកស្រី Ni Yulan សកម្មជនខាងសិទ្ធិមនុស្សនៃប្រទេសចិនដែលត្រូវបានរារាំងដោយរដ្ឋាភិបាលប្រទេសលោកស្រី មិនឱ្យលោកស្រីធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន។
លោក Kerry បានមានប្រសាសន៍ថា «នៅឆ្នាំនេះយើងទទួលស្គាល់ស្ត្រីមួយក្រុមដែលបានបង្ហាញសេចក្តីក្លាហានរបស់ពួកគេក្នុងវិស័យបីសំខាន់ៗ។ ក្រុមស្ត្រីទាំងនេះបានលាតត្រដាងនិងបានប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ពួកគេបានប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងបានពង្រឹងវិធានច្បាប់ ហើយពួកគេបានឧបត្ថម្ភផ្ចុងផ្តើមយុត្តិធម៌និងសិទ្ធិមនុស្សសម្រាប់ជនគ្រប់គ្នា»។
ក្រុមស្ត្រីនៃសេចក្តីក្លាហាននៅឆ្នាំនេះ មានរួមបញ្ចូលសកម្មនារី Yazidi ម្នាក់មកពីប្រទេសស៊ីរីដែលបានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រុមមេធាវីខាងសិទ្ធិមនុស្ស និងក្រុមអ្នកការពារពលរដ្ឋមានការចាញ់ប្រៀបនិងជាពលរដ្ឋបន្ទាប់បន្សំ ក្រុមសកម្មនារីនិងក្រុមអ្នកចាត់ចែងកិច្ចការប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលដែលបានប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយមនិងការរើសអើងនិងក្រុមអ្នកការពារសិទ្ធិក្រុមមនុស្សប្តូរភេទ និងអ្នកកាសែតរុស្ស៊ីម្នាក់ដែលបានជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យនិងសេរីភាពនៃការផ្សាយព័ត៌មាន។
ស្ត្រីម្នាក់ដែលបានទទួលរង្វាន់នេះ ជាមន្ត្រីខាងអន្តោប្រវេសន៍ម្នាក់មកពីប្រទេសបេលី (Belize) ដែលបានជួយបង្ក្រាបក្រុមអ្នកជួញដូរគ្រឿងញៀននិងក្រុមអ្នកជួញដូរមនុស្ស ស្ត្រីម្នាក់ទៀតជាមេធាវីស្រីដំបូងគេនៃប្រទេសម៉ូរីតានី (Mauritanie)។
លោកស្រី Ni Yulan ដែលមិនអាចធ្វើដំណើរមកកាន់ស.រ.អា.បានមានប្រសាសន៍ប្រាប់ VOA ផ្សាយជាភាសាចិនកុកងឺថា អាជ្ញាធរចិនបានប្រកែកមិនព្រមចេញលិខិតឆ្លងដែនឱ្យលោកស្រីកាលពីចុងខែមុន។
ឆ្នាំនេះជាខួបឆ្នាំទី១០នៃការផ្តល់រង្វាន់ស្ត្រីអន្តរជាតិនៃសេចក្តីក្លាហាន។ ស.រ.អា.បានជូនកិត្តិយសដល់ស្ត្រី១០១នាក់មកហើយចំពោះសមិទ្ធិផលរបស់ពួកគេចាប់តាំងពីមានការបង្កើតរង្វាន់នេះមក៕