គម្រោង​អភិវឌ្ឍន៍​របស់​ចិន​នៅ​ខេត្ត​កោះកុង​តម្លៃ ៣៨០០លាន​ដុល្លារ​កំពុង​តែ​លេច​រូបរាង​ឡើង

រូបឯកសារ៖ ទិដ្ឋភាព​ការដ្ឋាន​សាងសង់​ទំនប់​​វារី​អគ្គិសនី​តាតៃ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១២។​

ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជារឿយៗ ពណ៌នា​ខ្លួន​ឯង​ថា​ជា​អ្នក​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​តែ​ម្នាក់​គត់ ឥឡូវ​នេះ ចិន​កំពុង​តែ​សាងសង់​កំពង់ផែ​មួយ​ អាកាសយានដ្ឋាន​មួយ និង​ទីក្រុង​រណប​មួយលើ​ដី​កម្ពុជា​ទំហំ​៤៥០០០​ហិកតា ដោយមាន​ការ​អនុញ្ញាត​ពី​លោក​នាយករដ្ឋមន្ត្រី។​

កាល​ពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​អភិវឌ្ឍន៍ Tianjin Union របស់​ចិន ដែល​ហៅ​កាត់​ថា UDG ត្រូវ​បាន​ផ្តល់​សម្បទាន​ចំនួន​៩៩​ឆ្នាំ​លើ​ផ្ទៃដី​ប្រមាណ​២០%​នៃ​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ក្នុង​ទឹកប្រាក់ត្រឹម​តែ​៣០ដុល្លារ​ក្នុង​មួយ​ហិកតា​ប៉ុណ្ណោះ។ ​

សមាគម​សំណង់​កម្ពុជា​បាន​ប៉ាន់ស្មាន​ថា គម្រោង​ដែល​ហៅ​ថា «គម្រោង​សាកល្បង» ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​៣៨០០​លាន​ដុល្លារ និង​អាកាសយានដ្ឋាន​ដែល​នឹង​ត្រូវ​បាន​សាងសង់​ នឹង​ត្រូវ​ទទួល​ស្វាគមន៍​ភ្ញៀវ​ប្រមាណ​១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។

រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ស្រស់ត្រកាល​ដែល​គេ​ស្គាល់​ថា​ តារា​សាគរ គឺ​ជា​គម្រោង​មួយ​ដែល​គេ​យល់​ឃើញ​ថា​គឺ​ជា​អាណានិគម​ចិន។ ខណៈ​ដែល​រដ្ឋាភិបាល​យល់​ឃើញ​ថា​គម្រោង​នេះ​គឺ​ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​ខ្មែរ អ្នក​រិះគន់​និយាយ​ថា គម្រោង​នេះ​កំពុង​តែ​បិទទ្វារ​សេដ្ឋកិច្ច​សម្រាប់​ទទួល​យក​តែ​កម្មករ​ចិន អ្នក​វិនិយោគ​ចិន និង​ទេសចរ​ចិន​ប៉ុណ្ណោះ។

ដី​ដែល​ដាក់​ជួល​ឲ្យ​ចិនមាន​ទំហំ​បី​ដង​ធំ​ជាង​ទំហំ​ដី​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​សម្បទាន​ក្រោម​ច្បាប់​ភូមិបាល ដែល​កម្រិត​ត្រឹម​តែ​១០០០០ហិកតា​ប៉ុណ្ណោះ។ ដី​សម្បទាន​នេះ​ក៏​រួម​បញ្ចូល​ទាំង​ដី​ដែល​កាល​ពី​មុនត្រូវ​បាន​ការពារ​មិន​ឲ្យ​អភិវឌ្ឍ​ក្នុង​ឧទ្យានជាតិ​បុទ្ទមសាគរ​ផង​ដែរ ប៉ុន្តែ​ក្រោយ​មកត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឯកជន​ទិញ​បានដោយសារ​តែ​អនុក្រឹត្យ​មួយ។ ​

អ្នកស្រុក​និង​សកម្មជន​បរិស្ថាន​ជារឿយៗ​មាន​ជម្លោះ​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន​នេះ ដោយ​អះអាង​ថា ក្រុមហ៊ុន UDG បាន​ប្រើប្រាស់​ប៉ូលិស​យោធា​ខ្មែរ​ដើម្បី​អនុវត្ត​ការ​អះអាង​របស់​ខ្លួន។ អ្នកស្រុក​មួយ​ចំនួន​និយាយ​ថា ពួកគេ​ត្រូវ​បាន​បង្ខំ​ដោយ​ហិង្សា​ឲ្យ​ចេញ​ពី​ដី​របស់​ខ្លួន​ដោយ​កងកម្លាំង​សន្តិសុខ​ ដែល​បាន​បំផ្លាញ​និង​ដុត​ផ្ទះ​សម្បែង​របស់​ពួកគេ។ នេះ​បើយោង​តាម​របាយការណ៍​មួយ​របស់​អង្គការ​លីកាដូ ដែល​ជា​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​មួយ៕