រោងចក្រ​នៅ​ចិន​រក​ឱកាស​ប្តូរ​ទី​តាំង

ហុងកុង៖ ការតម្លើង​ថ្លៃ​ប្រាក់​យន់​របស់​ចិន​នា​ពេល​ថ្មីៗ​នេះ និង​កំណើន​នៃ​បៀវត្សរ៍​ បាន​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើរោង​ចក្រនានានៅ​តំបន់នាំ​ចេញ​ភាគខាងត្បូងនៃប្រទេសចិន។ ដូចគ្នា​នឹង​ករណី​ដែល​រោង​ចក្រ​ជា​ច្រើន​បាន​បិទ​នៅ​ទី​ក្រុង​ហុងកុង ហើយ​ផ្លាស់​ប្តូរ​ទី​តាំង​ទៅ​ខេត្តខ្វាងទុន (Guangdon) ប្រទេស​ចិននៅ​ទសវត្សរ៍​ ១៩៨០ ដោយសារ​តែ​ចង់​សន្សំ​ការ​ចំណាយ រោង​ចក្រ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន​សព្វថ្ងៃ កំពុង​ស្វែង​រក​មូលដ្ឋាន​ដែល​ត្រូវ​ចំណាយ​តិច។

លោក​គ្លិហ្វ សាន់ (Cliff Sun) ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ទី​ក្រុង​ហុងកុង ដែល​ជា​អង្គការ​មួយ​តំណាង​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣.០០០ ដែល​ភាគ​ច្រើន​មាន​រោងចក្រនៅ​ចិន​ដី​គោក មាន​ប្រសាសន៍​ថា តម្លៃ​ក្នុង​តំបន់​នាំ​ចេញ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន​កំពុង​កើន​ឡើង។ លោក​ថ្លែង​ដូច្នេះ​ថា៖

«បៀវត្សរ៍​កើន​ឡើង​នា​ពេល​ថ្មីៗនេះ មាន​ផលប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សហគ្រាស​ជា​ច្រើន ទាំង​តូច ទាំង​មធ្យម ខណៈដែល​តម្លៃ​ផលិតកម្ម​កាន់​តែ​កើន​ឡើង។ នៅ​ពេល​ដែល​រោងចក្រ​ទាំង​នោះ​ត្រូវ​ប្រកួត​ប្រជែង​ជាមួយនឹង​រោងចក្រ​ដទៃ​ទៀត​នៅ​ចិន​ដី​គោក ហើយ​ប្រសិន​បើ​តម្លៃ​ផលិតកម្ម​នៅ​តែ​បន្ត​កើន​ឡើង នោះ​មាន​ន័យ​ថា អតិថិជន​របស់​គេ​នឹង​បញ្ជា​ទិញ​តិច​ជាង​មុន»។

រដ្ឋបាល​ខេត្ត​ខ្វាង​ទុង បាន​ដំឡើង​ប្រាក់​ម៉ោង​អប្បរមា​ត្រឹម​២១​ភាគរយ​នៅ​ខែ​ឧសភា។ កូដកម្ម​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រោងចក្រ​រថយន្ត​តូយ៉ូតា និង​ហុងដា​ កាល​ពី​ប៉ុន្មាន​សប្តាហ៍ចុង​ក្រោយ​នេះបាន​បន្ថែម​ការ​គាប​សង្កត់​ទៅ​លើ​ប្រាក់​ម៉ោង។

កាល​ពី​ខែ​កន្លង​ទៅ​ ប្រទេស​ចិន​បាន​អនុញ្ញាត​ឲ្យ​ប្រាក់យន់​របស់​ខ្លួន​ឡើង​ប្រឆាំង​ទល់​នឹង​ប្រាក់​ដុល្លា​រ​អាមេរិក​ ជា​លើក​ទី​មួយ​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​នេះ។ នោះមាន​ន័យ​ថា ទំនិញ​នាំ​ចេញ​របស់​ចិន​កំពុងតែ​មាន​តម្លៃ​ថ្លៃ​ជាង​មុន​នៅ​បរទេស។

លោក​សាន់​រំពឹងថា​ យ៉ាង​ហោច​ណាស់​មាន​រោង​ចក្រចំនួន៣.០០០ នៅ​ក្នុង​ខេត្ត​ខ្វាងទុង ដែលនៅ​តែ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកលនោះ នឹង​មិន​អាច​បន្ត​ដំណើរ​ការ​តទៅ​ទៀត​បាន​ទេ។ លោក​សាន់​ថ្លែង​ថា៖

«វា​មិន​ងាយ​ស្រួល​នោះ​ទេ។ សមាជិក​របស់​យើង​មួយ​ចំនួន​កំពុង​ប្រកបរបរ​ចម្រុះ។ គេ​កំពុង​ច្របាច់​បញ្ចូល​គ្នានូវ​រោង​ចក្រពីខេត្តស្សេនហ្សេន (Shenzhen) ប្តូរផលិតកម្ម​ដែល​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ និង​ការងារ​ទៅ​ខេត្ត​មួយ​ចំនួន​ដូចជា ខេត្ត​ជាងស្ស៊ី (Jiangxi) ហ៊ូណាន (Hunan) និងខេត្ត ស៊ីឈួន (Sichuan)។ ប្រសិន​បើ​គេ​អាច​ធ្វើ​បែប​នេះ យ៉ាង​ហោចណាស់ គេ​អាច​រស់​បាន»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​និងកំពុង​ជំរុញ​ក្រុម​ហ៊ុននាំចេញ​ឲ្យ​ផ្លាស់​ប្តូរ​ទី​តាំង​ទៅ​តំបន់​ក្រី​ក្រុ​ក្នុង​ចិន​ដី​គោក​ ដែ​ល​អាច​ជា​មធ្យោ​បាយ​ក្នុង​ការ​ពង្រួញ​គន្លាត​នៃ​ចំណូល​រវាង​តំបន់​ជនបទ និង​ទីក្រុង។ ក៏​ប៉ុន្តែ​រោងចក្រ​នៅ​ចិន​ដី​គោក​អាច​ប្រឈម​នឹង​បញ្ហា​ផ្សេង​ទៀត។ លោក​ខែលវីន ឡូ (Kelvin Lau) សេដ្ឋវិទូ​ថ្នាក់​តំបន់នៃ​ធនាគារ ស្ទែនឌ័រដ ឆាធ័រដ ​(Standard Chartered) មានប្រសាសន៍​ថា នៅ​ពេល​ដែល​រោង​ចក្រ​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​ចិន​ដី​គោក ជាទី​ដែល​ប្រាក់​ម៉ោង​ទាប ក្រុមហ៊ុន​ផ្គត់​ផ្គង់​ប្រហែល​មិន​អាច​តាម​ទាន់ទេ។ លោក​បន្ត​ទៀត​ថា៖

«រោង​ចក្រ​ធំ​មួយ​ដែល​តាំងនៅ​ក្នុង​ទីក្រុង​រោងចក្រុ​ជាច្រើន ជា​ធម្មតា​នៅ​ក្នុង​កន្លែង​ដែល​មាន​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ច្រើន ​ដែល​គេ​ធ្វើ​ការ​ជា​មួយ។ មធ្យោបាយ​ទី​បី​ក្នុង​ពេល​ដែល​កំពុង​ប្រឈម​នឹង​តម្លៃ​កើន​ឡើង គឺ​ត្រូវ​ផ្លាស់​ប្តូរ​ទី​តាំង​ចេញ​ពី​ប្រទេស​ចិន»។

នោះ​គឺ​ជា​អ្វី​ដែល​រោង​ចក្រ​មួយ​ចំនួន​បាន​នឹង​កំពុង​ធ្វើ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​បាន​បើក​រោង​ចក្រ​នៅ​វៀតណាម កម្ពុជា និង​ឥណ្ឌូណេស៊ី​ ជាទី​ដែល​មាន​តម្លៃ​ទាប។

លោក​សាន់ មាន​ប្រស​សាសន៍ថា ក្រុម​ហ៊ុន​នៃក្រុង​ហុងកុង​ដែល​តាំង​នៅ​ចិន​ដី​គោក​កំពុង​ស្វែង​រក​ឱកាស​ដើម្បី​ផ្លាស់​ប្តូរ​ទីតាំង​សកម្ម​ភាពផលិតកម្ម​របស់​ខ្លួន​ទៅ​អាស៊ីអាគ្នេយ៍។ លោក​ថ្លែង​ដូច្នេះ​ថា៖

«គេ​អាច​ពិចារណា​ប្រទេស​ក្នុង​ទ្វី​ប​អាស៊ី​ដូចជា កម្ពុជា ភូមា វៀតណាម និងឡាវ។ ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ទាំង​នេះ មិន​ទាន់​មាន​ការអភិវឌ្ឍ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ឡើយ ដែល​តម្លៃ​ពលកម្ម​នៅ​ទាប​នៅ​ឡើយ។ អ្នក​អាច​និយាយ​បាន​ថា តម្លៃ​ពលកម្ម​ប្រហែល​ជា ៨០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែសម្រាប់​កម្មករ​សាមញ្ញ ដែល​តម្លៃ​នេះ​ ខ្ញុំ​គិត​ថា​ ទាប​ជាង​ពីរ​ដង​នៃ​តម្លៃ​នៅ​ក្នុង​ខេត្ត​ស្សេហ្សេន នៃប្រទេស​ចិន»។

ប្រទេស​វៀតណាម បាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជាកំពង់​ផែ ថ្នល់ និង​គ្រឿង​លើក​ទឹក​ចិត្ត​បន្តិច​បន្តួច​សម្រាប់​ក្រុម​ហ៊ុនបរទេស។

លោក​អាបេ ជុនជី (Abe Junji) គ្រប់គ្រង​រោងចក្រ​ស្បែកជើង នៅក្រៅក្រុង​ហូជីមិញ នៃប្រទេស​វៀតណាម។ លោក​មាន​ប្រសាសន៍​ថា នៅ​ប្រទេស​វៀតណាម​មានអនាគត​ ពីព្រោះ​រដ្ឋាភិបាល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​វិនិយោគ​បរទេស​ដើម្បី​ចូល​មក​ក្នុង​ប្រទេស​ និង​ផ្តល់​ការ​បន្ធូរ​បន្ថយ​ពន្ធដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត។

ប៉ុន្តែលោក​ឡូ​នៃ​ធនាគារ​ស្ទែនឌ័រដ ឆាតធ័រដ មាន​ប្រសាសន៍ថា វាអាច​តិច​ជាង​អ្វី​ដែល​ប្រទេស​ចិន​អាច​ផ្តល់​ឲ្យ។ លោក​ថ្លែង​ថា៖

«មាន​ការ​ពិចារណា​ផ្សេងៗ​ទៀត​ដែល​គេ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់។ ឧទាហរណ៍ ​ថាតើ​ការ​ផ្គត់ផ្គង់ភស្តុភារ និងការ​ផ្តល់ហេដ្ឋា​រចនា​សម្ព័ន្ធ អាច​ប្រៀប​បាន​ទៅ​នឹង​អ្វី​ដែល​គេ​ទទួល​បាន​នៅ​ក្នុង​ប្រទេស​ចិនដែរ​ឬទេ»។

នៅឯក្រុម​ហ៊ុន លី អ៊ែន ហ្វ៊ុង (Li & Fung) ដែលជា​ក្រុម​ហ៊ុន​ធំ​មួយ​នៃ​ទី​ក្រុង​ហុងកុង ដែល​ផ្គត់​ផ្គង់​ទំនិញ​ប្រើប្រាស់​ដ៏​ធំ​បំផុត​មួយ នាំចេញ​ទៅ​ឲ្យ​ក្រុមហ៊ុន​លក់​រាយ​ក្រៅ​ប្រទេស​ នាយកប្រតិបត្តិ​ក្រុម​ហ៊ុនទទួល​ស្គាល់​ថា យុគសម័យនៃ​តម្លៃ​ទាប​របស់​ប្រទេស​ចិនប្រហែល​ជា​ចប់​ហើយ។ ប៉ុន្តែ​គេ​រំពឹង​ថា ប្រទេស​ចិន​នឹង​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​ធំ​បំផុត​មួយក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ ក្រុមហ៊ុន លី អ៊ែន ហ៊្វុង បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​នៅ​តែ​ជា​ប្រភព​ធំ​បំផុត​នៃផលិតផល​របស់ក្រុម​ហ៊ុន ដែល​មាន​តម្លៃ​៨ពាន់លាន​ដុល្លារអាមេរិក​ក្នុ​ងមួយ​ឆ្នាំ។ ហើយ​ប្រភព​ធំ​ទី​ពីរ​គឺ​ប្រទេស​វៀតណាម​ដែល​ការ​ផ្គត់​ផ្គង់​ទំនិញ​មាន​តម្លៃ​ត្រឹម​តែ​១ពាន់​លាន​ដុល្លារ​អាមេរិ​ក​ប៉ុណ្ណោះ។

ប្រែសម្រួល​ដោយ អ៊ឹម សុធារិទ្ធ