សមយុទ្ធ​យោធា​ជើង​ទឹក​រវាង​អាស៊ាន និង​ចិន​នឹង​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ភាគី​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

  • Ralph Jennings

កប៉ាល់ Huangshan របស់​ចិន​ចូល​ចត​នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក RSS Singapura Changi កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

សមយុទ្ធ​ដែន​សមុទ្រ​រវាង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​នឹង​បន្ធូរបន្ថយ​ភាព​តានតឹង​នៃ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​នឹង​អនុញ្ញាត​ឲ្យ​ភាគី​ជម្លោះ​នីមួយៗ​អាច​ជួប​ជាមួយ​នឹង​យោធា​ជួរ​មុខ​នៃ​គូ​ប្រជែង​របស់​ខ្លួន​ទៅ​វិញ​ទៅ​មក និង​ធ្វើ​ការ​លើ​បញ្ហា​រួម។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នានា​នៅ​ក្នុង​តំបន់។

ក្រសួង​ការពារ​ជាតិ​សិង្ហបុរី​បាន​បង្ហោះ​នៅ​លើ​វិបសាយ​របស់​ខ្លួន​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​លោក Ng Eng Hen និង​សមភាគី​ចិន​របស់​លោក​គឺ​លោក Chang Wanquan បាន​យល់​ស្រប​គ្នា​កាល​ពី​ថ្ងៃទី ២៣ ខែតុលា កន្លង​ទៅ​នេះ នៅ​ក្នុង​គម្រោង​រៀបចំ​សមយុទ្ធ​ដែន​សមុទ្រ​ជា​លើក​ដំបូង​បង្អស់ ដោយ​មាន​ការ​ចូលរួម​ពី​នាវា​មក​ពី​ប្រទេស​ចិន និង​មក​ពី​សមាគម​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា​អាស៊ាន។ ប្រទេស​សិង្ហបុរី​នឹង​ធ្វើ​ជា​ប្រធាន​ដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ធ្វើ​ឲ្យ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន ៤ មាន​ការ​ខឹងសម្បារ ដោយសារតែ​ខ្លួន​បាន​ពង្រីក​ការ​យាម​ល្បាត​តាម​សមុទ្រ និង​ពង្រីក​វត្តមាន​យោធា​បន្ថែម​ទៀត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ផ្លូវ​ទឹក​មាន​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ និង​សម្បូរ​ទៅ​ដោយ​ទិន្នផល​នេសាទ និង​ធនធាន​ប្រេង។ ប្រទេស​ព្រុយណេ ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន​បាន​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាន់​គ្នា​ជាមួយ​នឹង​ការ​ទាមទារ​របស់​ចិន ដែល​បាន​អះអាង​ថា ដែន​សមុទ្រ​ស្ទើរ​តែ​ទាំង​មូល​ជា​របស់​ខ្លួន។

លោក Termsak Chalermpalanupap អ្នក​ស្រាវជ្រាវ​កិច្ចការ​នយោបាយ និង​សន្តិសុខ​នៃ​វិទ្យាស្ថាន ISEAS Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរិ បាន​និយាយ​ថា សមយុទ្ធ​រួម​គ្នា​នេះ​នឹង​លុបបំបាត់​ការ​សង្ស័យ​នានា ដោយ​អនុញ្ញាត​ឲ្យ​ទាហាន​ជើង​ទឹក​នៃ​ប្រទេស​នីមួយៗ​អាច​ជួប​គ្នា​ទៅ​វិញ​ទៅ​មក​បាន។ លោក​បាន​បន្ថែម​ថា ក្រសួង​ការបរទេស​នៃ​ប្រទេស​នីមួយៗ​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ដោះស្រាយ​ជម្លោះ​ទាំង​នេះ។

លោក Chalermpalanupap បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា វា​ជា​ការ​ល្អ​ដែល​មាន​សមយុទ្ធ​រួម​គ្នា។ យ៉ាង​ហោច​ណាស់ គឺ​មាន​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល ដែល​នេះ​គឺ​មាន​សារៈសំខាន់​ណាស់»។

ការ​ផ្ដោត​លើ​បញ្ហា​ផ្សេង​ពី​នយោបាយ

លោក Oh Ei Sun សាស្ត្រាចារ្យ​ផ្នែក​សិក្សា​កិច្ចការ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ Nanyang ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា សមយុទ្ធ​រួម​គ្នា​នឹង​ត្រូវ​គេ​ស្វាគមន៍​ជា​ពិសេស ប្រសិន​បើ​ការ​ធ្វើ​សមយុទ្ធ​នេះ​ផ្ដោត​លើ​កិច្ចការ​ស្រាវជ្រាវ និង​កិច្ចការ​ជួយ​សង្គ្រោះ ឬ​ក៏​កិច្ច​ប្រឹងប្រែង​នានា​ដើម្បី​បញ្ឈប់​អំពើ​ចោរកម្ម​នៅ​តាម​សមុទ្រ។ លោក​បាន​បញ្ជាក់​ថា ប្រទេស​ទាំង​នោះ​ត្រូវ​ជៀសវាង​បញ្ហា​នយោបាយ​ដើម្បី​ធានា​ឲ្យ​សមយុទ្ធ​នេះ​ទទួល​បាន​ជោគជ័យ។

លោក Oh Ei Sun បាន​និយាយ​ថា៖ «ពួកគេ​ត្រូវ​តែ​ផ្តោត​លើ​ការ​ធ្វើ​សមយុទ្ធ ហើយ​ទោះបី​តាម​វិធី​ណា​ក៏​ដោយ ភាគី​ទាំង​អស់​មិន​គួរ​ព្យាយាម​អះអាង​ពី​អធិបតេយ្យភាព​ក្នុង​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​នោះ​ទេ»។

ចិន​បាន​ចាប់​ផ្តើម​ពង្រីក​អំណាច​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​ឆ្នាំ ២០១០ ដោយ​បាន​អះអាង​ទាមទារ​ដែនដី​ដើម្បី​សាងសង់​កោះ​សិប្បនិម្មិត​នានា ដែល​កោះ​មួយ​ចំនួន​គឺ​ប្រាកដ​ណាស់​សម្រាប់​ការ​ប្រើប្រាស់​ផ្នែក​យោធា។ បើ​យោង​តាម​គម្រោង​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​ដែន​សមុទ្រ​អាស៊ី (Asia Maritime Transparency Initiative) របស់​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​រ៉ាដា និង​យន្តហោះ​ចម្បាំង​នៅ​លើ​កោះ​មួយ​ចំនួន។

យោធា​ចិន​មាន​ឥទ្ធិពល​ខ្លាំង​ជាង​កង​កម្លាំង​របស់​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ជម្លោះ​នេះ។ នាវា​ល្បាត​តាម​សមុទ្រ​របស់​ចិន កន្លែង​រុករក​ប្រេង និង​ការ​ហាមឃាត់​ការ​នេសាទ​ដែល​ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​នេះ​មាន​ការ​ខឹង​សម្បារ។​

ការ​ចូលរួម​របស់​សិង្ហបុរី

ប្រទេស​សិង្ហបុរី​មិន​បាន​ផ្តល់​យោបល់​ថា សមយុទ្ធ​នេះ​នឹង​ធ្វើ​ឡើង​នៅ​កន្លែង​ណា​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​សិង្ហបុរី​កាល​ពី​ថ្ងៃទី ២៦ ខែតុលា កន្លង​ទៅ​នេះ នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​ថា​តើ​សមយុទ្ធ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​ផ្ទាល់​តែ​ម្តង ឬ​ក៏​យ៉ាង​ណា​នោះ។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា វា​ក៏​នៅ​មិន​ទាន់​ច្បាស់​ដែរ​ថា​តើ​ប្រទេស​ចិន​បាន​ឯកភាព​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​នេះ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​ប្រទេស​ចិន​អាច​នឹង​យល់​ព្រម ដោយសារ​តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ចិន​បាន​ទទួល​ស្គាល់​គំនិត​នេះ​ជាមួយ​នឹង​សមភាគី​សិង្ហបុរី​របស់​ខ្លួន​កាលពី​ថ្ងៃទី ២៣ ខែ​តុលា កន្លង​ទៅ​នេះ។

លោក Chalermpalanupap បាន​និយាយ​ថា ការ​ស្នើ​ឡើង​របស់​សិង្ហបុរី​ប្រហែល​ជា​បាន​កើត​ឡើង​ចេញ​ពី​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​សម្របសម្រួល​ការ​ពិភាក្សា​រវាង​អាស៊ាន និង​ចិន រហូត​ដល់​ឆ្នាំ​ក្រោយ។

ប្រទេស​សិង្ហបុរី​មាន​ព្រំដែន​ជាប់​នឹង​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ​នោះ ប៉ុន្តែ​មិន​បាន​ទាមទារ​កាន់កាប់​ដែន​ទឹក​ដែល​មាន​ទំនាស់​ជាមួយ​នឹង​ការ​ទាមទារ​របស់​ចិន​នោះ​ទេ។

លោក Huang Kwei-bo ដែល​ជា​ព្រឹទ្ធ​បុរស​រង​មហា​វិទ្យាល័យ​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ ជាតិ Chengchi នៅ​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ បាន​និយាយ​ថា ប្រទេស​សិង្ហបុរី​នៅតែ​បារម្ភ​ថា ការ​ប៉ះ​ទង្គិច​ណា​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​អាច​នឹង​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ខ្លួន​តាម​ដែន​អាកាស និង​តាម​សមុទ្រ។ លោក​បាន​និយាយ​ថា ប្រទេស​សិង្ហបុរី​ក៏​ចង់​ធានា​ថា ចិន​នឹង​មិន​មាន​ឥទ្ធិពល​ខ្លាំង​ជ្រុល​នៅ​ក្នុង​ដែន​សមុទ្រ​នេះ ស្រប​ពេល​ដែល​ចំណាប់​អារម្មណ៍​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​បាន​ធ្លាក់​ចុះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​ចង់​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​រារាំង​ការ​ពង្រីក​ឥទ្ធិពល​យោធា​របស់​កូរ៉េ​ខាង​ជើង មិន​បាន​បញ្ជាក់​ថា​តើ​រដ្ឋាភិបាល​របស់​លោក​នឹង​បញ្ជូន​នាវា​ចម្បាំង​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ទៀងទាត់​ដើម្បី​រឹឭក​ប្រទេស​ចិន​ពី​ការ​យល់​ឃើញ​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា ដែន​ទឹក​នេះ​គឺ​បើក​ចំហ​សម្រាប់​អន្តរជាតិ។

លោក Huang Kwei-bo បាន​និយាយ​ថា «ប្រទេស​សិង្ហបុរី​តែងតែ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ។ ទី​មួយ ប្រទេស​សិង្ហបុរី​សង្ឃឹម​ថា មិន​មាន​មហា​អំណាច​ណា​មួយ​មាន​ឥទ្ធិពល​គ្រប់​ដណ្ដប់​លើ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ និង​ទី​ពីរ ប្រទេស​សិង្ហបុរី​សង្ឃឹម​ថា​នឹង​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

លោក Huang Kwei-bo បាន​បន្ថែម​ថា នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong «បាន​បង្ហាញ​ពី​ឆន្ទៈ​ល្អៗ​ជា​ច្រើន» នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​ប៉េកាំង ប្រទេស​ចិន​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ។ លោក​នាយក​រដ្ឋមន្ត្រី Lee Hsien Loong និង​សមភាគី​នានា​របស់​លោក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង បាន​ឯកភាព​គ្នា​ថា​នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​បញ្ហា​ក្នុង​តំបន់ ដោយ​បន្ធូរបន្ថយ​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ប្រទេស​ចិន ដែល​ថា​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​សិង្ហបុរី​នៅ​ឆ្នាំ​ក្រោយ​អាច​ធ្វើ​ឲ្យ​ផល​ប្រយោជន៍​ដែន​សមុទ្រ​របស់​ចិន​មាន​ការ​ប្រឈម​នោះ។

កិច្ច​សហ​ប្រតិបត្តិការ​យោធា​ដ៏​កម្រ

ប្រទេស​ដែល​ទាមទារ​ចំណែក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បាន​បរាជ័យ​លើ​កិច្ច​សហ​ប្រតិបត្តិការ ដោយសារ​តែ​ការ​ប្រជែង​យក​អធិបតេយ្យភាព​លើ​ដែន​សមុទ្រ​នេះ។ ការ​កាន់កាប់​របស់​ចិន​នៅ​លើ​កោះ​ដែល​មាន​ជម្លោះ​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ឆ្នាំ ២០១២ បាន​ធ្វើ​ឲ្យ​ប្រទេស​ហ្វីលីពីន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ។ កាលពី​ឆ្នាំ​មុន តុលាការ​នេះ​បាន​សម្រេច​ថា ប្រទេស​ចិន​មិន​មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​សម្រាប់​ការ​ទាមទារ​ភាគ​ច្រើន​របស់​ខ្លួន​នោះ​ទេ។

ប្រទេស​ចិន​បាន​បដិសេធ​នឹង​សាលក្រម​នេះ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ចុះ​សម្រុង​គ្នា​ប្រសើរ​ជាង​មុន​ជាមួយ​នឹង​ប្រទេស​នីមួយៗ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ជា​រឿយៗ ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្តល់​ជំនួយ និង​ការ​វិនិយោគ។ នៅ​ក្នុង​សញ្ញា​ដំបូង​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ទូលំទូលាយ​ជាង​មុន​មួយ ប្រទេស​ចិន និង​អាស៊ាន​បាន​ឯកភាព​គ្នា​កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ ចំពោះ​គម្រោង​នៃ​ក្រម​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រម​ប្រតិបត្តិ​នេះ​អាច​នឹង​តាក់តែង​ឡើង​ដើម្បី​ការពារ​ឧបទ្ទវហេតុ​ណា​មួយ​មិន​ឲ្យ​កើត​ឡើង​នៅ​លើ​ផ្ទៃ​សមុទ្រ ដោយ​មិន​ប៉ះពាល់​ដល់​បញ្ហា​អធិបតេយ្យភាព។

កិច្ច​សន្ទនា​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​ភាគី​ដៃគូ ដែល​បាន​ធ្វើ​ឡើង​អស់​រយៈពេល ៦ ឆ្នាំ​កន្លង​មក​នេះ ជា​វេទិកា​ដែល​មន្ត្រី​យោធា​ចិន និង​មន្ត្រី​យោធា​សិង្ហបុរី បាន​ផ្តួចផ្តើម​នូវ​គំនិត​ធ្វើ​សមយុទ្ធ​រួម​គ្នា​នេះ។ លោក Tan See Seng សាស្ត្រាចារ្យ​ទំនាក់ទំនង​អន្តរជាតិ​បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ការ​ផ្តល់​យោបល់​សម្រាប់​មហាវិទ្យាល័យ S. Rajaratnam សម្រាប់​ការ​សិក្សា​កិច្ចការ​អន្តរជាតិ (S. Rajaratnam School of International Studies) នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី ថា ការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា វា​អាច​ទៅ​រួច​សម្រាប់​ប្រទេស​ដែល​ជា​គូ​ប្រជែង​នឹង​គ្នា​ក្នុង​ការ​ធ្វើ​ការ​រួម​គ្នា​បាន។

លោក​បាន​និយាយ​ថា សមាជិក​នៃ​កិច្ច​សន្ទនា​នេះ​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​លើ​កិច្ច​ព្រមព្រៀង​នៃ​ការ​យោគយល់​គ្នា​ស្ដី​អំពី «ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​មិន​មាន​ការ​គ្រោង​ទុក​នៅ​ក្នុង​ដែន​សមុទ្រ» កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ។

លោក Tan See Seng បាន​បន្ថែម​ថា៖ «លើក​លែង​តែ​ស្ថានការណ៍​ល្អៗ​មួយ​ចំនួន​តូច​ចេញ​តែ​ប៉ុណ្ណោះ ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​សន្តិសុខ​ពហុ​ភាគី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ភាគ​ច្រើន​តែងតែ​មាន​បញ្ហា»៕

ប្រែ​សម្រួល​ដោយ ប៊ុន​ ប៉េងហ៊ុយ