ថ្នាក់ដឹកនាំចិន ដែលបារម្ភដោយសាររបាយការណ៍សេដ្ឋកិច្ចដ៏ស្រងាកចិត្ត បានអំពាវនាវដល់ក្រុមអ្នកបណ្ដាក់ទុនបរទេសដែលស្ថិតនៅក្នុងប្រទេសចិនស្រាប់ឱ្យបន្តស្ថិតនៅទីនោះតទៅទៀត និងវិនិយោគិនបរទេសផ្សេងទៀតឱ្យមកវិនិយោគនៅក្នុងប្រទេស បើទោះបីជាមន្ត្រីបស្ចិមប្រទេសនានាបានចង្អុលបង្ហាញថាគោលនយោបាយរបស់រដ្ឋាភិបាលចិនផ្ទាល់ជាអ្វីដែលបានធ្វើឱ្យវិនិយោគិនទាំងនោះលែងវិនិយោគនៅក្នុងប្រទេសចិនក៏ដោយ។
កាលពីខែសីហា មន្ត្រីពាណិជ្ជកម្មចិនជាច្រើននាក់បាននិយាយទៅកាន់បណ្ដាញព័ត៌មានរដ្ឋអំពីការប្ដេជ្ញារបស់រដ្ឋាភិបាលចិននៅក្នុងការ «លើកកម្ពស់បរិយាកាសវិនិយោគបរទេស» និង «កិច្ចប្រឹងប្រែងនៅក្នុងការរក្សាមូលធនបរទេសនៅក្នុងប្រទេស»។
សេចក្ដីប្រកាសទាំងនេះបានធ្វើឡើងបន្ទាប់ពីមានការប្រជុំមួយនៅថ្ងៃទី ២៤ ខែកក្កដារបស់គណៈកម្មាធិការប្រតិបត្តិនៃគណបក្សកុម្មុយនីស្ដចិនដែលមានសមាជិក ២៤ នាក់ក្រោមអធិបតីភាពរបស់អគ្គលេខាធិការគណបក្សលោក Xi Jinping ដែលនៅក្នុងការប្រជុំនោះ បញ្ហាធ្លាក់ចុះជាទូទៅ នៃសេដ្ឋកិច្ចចិនត្រូវបានលើកយកមកពិភាក្សា។
បើយោងតាមសេចក្ដីរាយការណ៍អំពីការប្រជុំនេះរបស់កាសែត People's Daily ដែលគ្រប់គ្រងដោយរដ្ឋ ការក្រើនរំឭកឱ្យបង្កើនការប្រើប្រាស់នៅក្នុងប្រទេសនិងការបង្កើនការងារគឺអមដោយការណែនាំនៅក្នុងការធ្វើឱ្យច្បាស់ថា «គ្រឹះសំខាន់នៃពាណិជ្ជកម្មបរទេសនិងការវិនិយោគបរទេសគ្មានការប្រែប្រួល»។
ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្ដចិនមានហេតុផលត្រឹមត្រូវសម្រាប់ការខ្វាយខ្វល់របស់ខ្លួន។ សេចក្ដីរាយការណ៍មួយដែលបានបោះពុម្ពផ្សាយដោយបណ្ដាញព័ត៌មានរដ្ឋរបស់ចិនកាលពីខែសីហា ឆ្នាំ ២០២១ បានដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Wang Wentao ដែលបាននិយាយថាក្រុមហ៊ុនដែលមានការបណ្ដាក់ទុនពីបរទេសបានបង្កើត «ការងារ ៤០ លាននៅក្នុងប្រទេសចិន ស្មើនឹង ១០% នៃកម្លាំងការងារ» និងបានបង់ពន្ធស្មើនឹងមួយភាគប្រាំមួយនៃប្រាក់ចំណូលពន្ធដារសរុបរបស់រដ្ឋាភិបាល។
ប៉ុន្តែទស្សនាវដ្ដីព័ត៌មាន Nikkei Asia បានរាយការណ៍កាលពីខែសីហាថា វិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុននៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ។ កាសែត Bloomberg បានរាយការណ៍ថា ការវាស់វែងមួយរបស់វិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ២៥ ឆ្នាំក្នុងត្រីមាសពីខែមេសាដល់ខែមិថុនា។
អ្វីដែលដូចជាយុទ្ធនាការមួយសម្រាប់ការពារនូវគ្រឹះសំខាន់នៃពាណិជ្ជកម្មនិងការវិនិយោគបរទេសបានចាប់ផ្ដើមដំណើរការពេញលេញកាលពីថ្ងៃទី ១៣ ខែសីហាដោយការបោះពុម្ពផ្សាយនូវ «បទអត្ថាធិប្បាយ» មួយចំនួនដែលចេញផ្សាយដោយក្រុមប្រឹក្សារដ្ឋអំពីអ្វីដែលក្រុមប្រឹក្សានេះយល់ថាគួរធ្វើដើម្បី «លើកកម្ពស់បន្ថែមទៀតនូវបរិយាកាសវិនិយោគបរទេសនិងទាក់ទាញវិនិយោគបរទេសបន្ថែមទៀត»។
បទអត្ថាធិប្បាយទាំងនេះបានចែងថា៖ «ការប្រឹងប្រែងត្រូវធ្វើបន្ថែមទៀត»។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកអ្នកស្រី Gina Raimondo បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែសីហាកន្លងទៅនេះ។
នៅក្នុងអំឡុងទស្សនកិច្ចនោះ អ្នកស្រី Raimondo ហាក់ដូចជាមានទំនាក់ទំនងមិត្តភាពជាមួយសមភាគីចិនរបស់អ្នកស្រី ហើយបណ្ដាញព័ត៌មាន CNN បានដកស្រង់សម្ដីរបស់អ្នកស្រីដែលបានលើកទឹកចិត្តអាជីវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុងសៀងហៃឱ្យ «បន្តធ្វើអ្វីដែលខ្លួនកំពុងធ្វើតទៅទៀត»។
ប៉ុន្តែ នៅពេលដែលប្រឈមនឹងក្រុមអ្នកសារព័ត៌មាននៅពេលធ្វើដំណើរ អ្នកស្រី Raimondo បាននិយាយបែបផ្សេងទៅវិញ។
អ្នកស្រី Raimondo បានប្រាប់អ្នកកាសែតនៅលើរថភ្លើងល្បឿនលឿនពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងសៀងហៃថា៖ «ខ្ញុំបានឮកាន់តែច្រើនឡើងពីអាជីវកម្មនានាថាពួកគេមិនអាចធ្វើការវិនិយោគនៅក្នុងប្រទេសចិនបានទេដោយសារតែវាមានហានិភ័យខ្ពស់»។
អ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់នៃវិទ្យាស្ថាន American Enterprise បានបញ្ជាក់នៅក្នុងអត្ថបទមួយនៃកាសែត The Wall Street Journal ថា អាជីវកម្មបរទេសមានការលំបាកក្នុងការទទួលបានគោលនយោបាយធានារ៉ាប់រងដែលគ្របដណ្ដប់លើហានិភ័យផ្នែកនយោបាយសម្រាប់ការប្រកបអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសចិន។
អ្នកស្រី Elisabeth Braw នៃវិទ្យាស្ថាននេះ បានប្រាប់ VOA ផ្នែកភាសាចិនកុកងឺនៅក្នុងកិច្ចសម្ភាសន៍មួយថា ក្រុមហ៊ុនធានារ៉ាប់រងបានដកខ្លួនថយដោយសារមានការព្រួយបារម្ភ «តាំងពីការជ្រៀតជ្រែកខាងនយោបាយនៅក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួនរហូតដល់បញ្ហាសង្គ្រាម [របស់ចិនដែលអាចកើតឡើង] ជាមួយនឹងកោះតៃវ៉ាន់»។
នៅក្នុងការលើកឡើងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកស្រី Raimondo បានមានប្រសាសន៍ថា កត្តាមួយចំនួនដែលនាំឱ្យក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកព្រួយបារម្ភមានដូចជាច្បាប់ប្រឆាំងនឹងចារកម្មដែលត្រូវបានអនុវត្តកាលពីពេលថ្មីៗនេះរបស់ប្រទេសចិន និង «ការពិន័យ» ប្រឆាំងនឹងក្រុមហ៊ុនដែលប្រកបអាជីវកម្មនៅទីនោះជាដើម៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ