ចិន​និង​ហ្វីលីពីន​ប្រឈម​នឹង​ការ​សាកល្បង​ម្តង​ទៀត​លើ​ទំនាក់ទំនង​ដែល​ទើប​តែ​ល្អ​ប្រសើរ

  • Ralph Jennings

រូបឯកសារ៖ ​ក្រុម​សកម្មជន​បរិស្ថានធ្វើបាតុកម្មនៅ​មុខ​ស្ថាន​កុងស៊ុលចិនប្រឆាំង​នឹង​ការ​សាងសង់​កោះ​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ទីក្រុង​ម៉ានីល កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

ទំនាក់ទំនង​រង្គោះរង្គើ​ឡើង​វិញ​ជាមួយ​ចិន បូក​រួម​ជាមួយ​នឹង​ឥរិយាបថ​បើក​ចំហ​ថ្មី​មួយ​ពី​សំណាក់​សហរដ្ឋ​អាមេរិក នឹង​បង្ខំឲ្យ​ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte ​លេង​នយោបាយ​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​ខាង​នេះ​ ដោយ​មិន​កាត់​ផ្តាច់​ ឬ​បោះបង់​ចោល​ការ​ទាមទារ​អធិបតេយ្យភាព​ដែន​ទឹក។

ទំនាក់ទំនង​ទើប​នឹង​ងើបរើ​ឡើង​វិញ​រវាង​ចិន និង​ហ្វីលីពីន ដែល​ជា​គូ​ប្រជែង​អធិបតេយ្យភាព​ដែន​ទឹក​រវាង​គ្នា​ បាន​ប្រឈម​នឹង​ការ​សាកល្បង​មួយ​ទៀត​នៅ​ឆ្នាំ​នេះ ដោយ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ថ្មី​មួយ​ទៀត​ទៅ​លើ​ការ​សាងសង់​កោះ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ដែន​ទឹក​មាន​ជម្លោះ​ និង​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​ត្រូវ​បាន​រំពឹង​ទុក​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ ទៅ​នឹង​អំណាច​របស់​ប្រទេស​ចិន​នៅ​អាស៊ី។

ទំនាក់ទំនង​រង្គោះរង្គើ​ឡើង​វិញ​ជាមួយ​ចិន បូក​រួម​ជាមួយ​នឹង​ឥរិយាបថ​បើក​ចំហ​ថ្មី​មួយ​ពី​សំណាក់​សហរដ្ឋ​អាមេរិក នឹង​បង្ខំឲ្យ​ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte ​លេង​នយោបាយ​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​ខាង​នេះ​ ដោយ​មិន​កាត់​ផ្តាច់​ ឬ​បោះបង់​ចោល​ការ​ទាមទារ​អធិបតេយ្យភាព​ដែន​ទឹក។

លោក​ប្រធានាធិបតី Duterte បាន​ទុក​ការ​មិន​ចុះ​សម្រុង​គ្នា​ដ៏​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ​ជាមួយ​ចិន​លើ​ការ​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​ឡែក បន្ទាប់​ពី​បាន​ចូលកាន់​តំណែង​កាលពី​ខែ​មិថុនា។ លោក​បាន​ជួប​ជាមួយ​នឹង​សមភាគី​ចិន​គឺ​លោក​ប្រធានាធិបតី Xi Jinping កាលពី​ខែ​តុលា។ ប៉ុន្តែ​ពីរ​ខែ​ក្រោយ​មក រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​មិន​សូវ​ខ្លាំងក្លា​មួយ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា កំណត់​ទូត​ក្រៅ​ផ្លូវ​ការ ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទាក់ទង​នឹង​ការ​សាងសង់​កោះ​នៅ​លើ​ប្រជុំ​កោះ Spratlys ដែល​កំពុង​មាន​ជម្លោះ។ កាលពី​សប្តាហ៍​មុន​ លោក​ប្រធានាធិបតី Duterte បាន​ជួប​ជាមួយ​នឹង​លោក​អនុ​រដ្ឋ​មន្រ្តី​ចិន Liu Zhenmin នៅ​ក្នុង​ក្រុង​ម៉ានីល។

រូបឯកសារ៖ លោក​ប្រធានាធិបតី Xi Jinping ស្វាគមន៍​លោក​ប្រធានាធិបតី Duterte នៅក្នុង​ដំណើរទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

លោក Douglas Guilfoyle សាស្រ្តាចារ្យ​រង​ផ្នែក​ច្បាប់​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Monash ក្នុង​ប្រទេស​អូស្រ្តាលី​បាន​និយាយ​ថា៖ «ការណ៍​នេះ​បង្ហាញ​ថា ប្រជុំ​កោះ Spratly ជា​បញ្ហា​ប្រយោជន៍​ជាតិ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ហ្វីលីពីន ហើយ​ទោះ​ជា​មាន​ទំនាក់ទំនង​ល្អ​បន្ទាប់​ពី​លោក Duterte បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង​ប៉េកាំង​ក៏​ដោយ ក៏​វា​មិន​ទំនង​ថា បញ្ហា​ជម្លោះ​នេះ​អាច​ដោះដូរ​បាន​តាមរយៈ​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​ដោយ​ស្រួលៗ​នោះ​ទេ ហើយ​ចិន​អាច​រំពឹង​ថា​នឹង​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន​នៅ​ទី​បំផុត»។

បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Ernesto Abella បាន​លើក​ឡើង​កាលពី​ពេល​កន្លង​ទៅ​នេះ​ថា ប្រទេស​លោក​នឹង​រក្សា​ជំហរ​ទាមទារ​អធិបតេយ្យភាព​លើ​បណ្តុំ​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ស្រប​ពេល​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន។

នៅ​ពេល​លោក Duterte ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី Xi Jinping កាលពី​ខែ​តុលា​ឆ្នាំ​ទៅ ព្រឹត្តិការណ៍​របត់​ដ៏​សំខាន់​មួយ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ទំនាក់ទំនង​មិន​ល្អ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​មុន​នោះ ប្រទេស​ចិន​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន​២៤ពាន់​លាន​ដុល្លារ តាមរយៈ​ប្រាក់​ជំនួយ និង​ការ​វិនិយោគ ហើយ​ប្រទេស​ទាំង​ពីរ​បាន​យល់​ព្រម​ទុក​ជម្លោះ​ដែនទឹក​សម្រាប់​ពិភាក្សា​នា​ពេល​ក្រោយ​ទៀត។

លោក Perfecto Yasay រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន​បាន​និយាយ​នៅ​ក្នុង​ខែ​មករា​ថា កំណត់​ហេតុ​នៃ​ការ​តវ៉ា​ទាក់ទង​នឹង​ការ​សាងសង់​មូលដ្ឋាន​ទ័ព​នៅ​លើ​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ត្រូវ​បាន​ផ្ញើ​ទៅ​ស្ថានទូត​ចិន​កាលពី​ខែ​ធ្នូ។ នៅ​ប្រជុំ​កោះ Spratly ចិន​កាន់​កាប់​កោះ​ចំនួន​៧ ចំណែក​ហ្វីលីពីន​កាន់កាប់​កោះ​ចំនួន៩។ ខ្សែ​បណ្តោយ​កោះ​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ដែន​ទឹក​សេដ្ឋកិច្ច​ពិសេស​របស់​ហ្វីលីពីន។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដោះស្រាយ​ការ​តវ៉ា​នោះ​តាម​សម្រួល។ ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវ​បានចុះ​ផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​ខែ​មករា ដោយ​បង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​ព្យាយាម​ទុក​ការ​តវ៉ា​នេះ​ក្នុង​អាទិភាព​ទាប។ អ្នក​ជំនាញ​ជឿ​ថា ប្រទេស​ចិន​អាច​ខឹង​សម្បារ​ចំពោះ​សំណើ​របស់​លោក Duterte កាលពី​ខែ​វិច្ឆិកា​ក្នុង​ការ​សាងសង់​តំបន់​អភិរក្ស​ នៅ​លើ​កោះ Scarborough Shoal ដែល​មាន​ជម្លោះ ប៉ុន្តែ​ពួកគេ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​រក្សា​ទំនាក់ទំនង​ថ្មី​របស់​ខ្លួន។

ចិន​នឹង​ចរចា​ទ្វេ​ភាគី​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក Duterte ដរាប​ណា​ទំនាក់ទំនង​ដែន​ទឹក​របស់​ប្រទេស​ទាំង​ពីរ​មិន​រាប់​បញ្ចូល​ប្រទេស​ដទៃ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រើប្រាស់​កិច្ចចរចា​ទ្វេ​ភាគី​ និង​ការ​សន្យា​ផ្តល់​ជំនួយ ឬ​ការ​វិនិយោគ​ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​តូចៗ​នៅ​អាស៊ី។

លោក Herman Kraft អ្នក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យាល័យ Philippines Diliman និយាយ​ថា៖ «ខ្ញុំ​សង្ស័យ​ថា បើ​តាម​គំនិត​ចិន​ នេះ​ជា​បញ្ហា​ដែល​ទាមទារ​ការ​ប្រឹក្សា​គ្នា ហើយ​វា​មិន​មែន​ជា​សកម្មភាព​ឯកតោភាគី​នោះ​ទេ។ ការ​តវ៉ា​ដែល​បាន​ធ្វើ​ឡើង​នោះ​ប្រហែល​ជា​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​មាន​ការ​ភ្ញាក់ផ្អើល​បន្តិច។ ដរាប​ណា​វា​មិន​ជា​កិច្ចចរចា​ពហុ​ភាគី ខ្ញុំ​គិត​ថា ចិន​នឹង​មាន​បំណង​ទទួល​យក​វា»។

ប្រទេស​តូចៗ​ដែល​មិន​សុខ​ចិត្ត​ជាមួយ​នឹង​ការ​ទាមទារ​របស់​ចិន​អាច​នឹង​មាន​អំណាច បើ​សិន​ជា​រួម​គ្នា​ជា​ស្ថាប័ន​មួយ​ ដូចជា​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន)។

លោក Benigno Aquino អតីត​ប្រធានាធិបតី​ហ្វីលីពីន​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​មជ្ឈត្តកម្មអន្តរជាតិ​ក្រុង​ឡាអេ។ តុលាការ​នេះ​បាន​ចេញ​សាលដីកា​របស់​ខ្លួន​កាលពី​ខែ​កក្កដា ដោយ​បាន​ច្រានចោល​ប្រមាណ​ជា​៩៥%​នៃ​ការ​ទាមទារ​ផ្លូវ​ច្បាប់​របស់​ចិន​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ​៣,៥លាន​គ.ម​ការេ រួម​ទាំង​ដែន​ទឹក​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ហ្វីលីពីន​ផង​ដែរ។ ចិន​មិន​បាន​ទទួល​ស្គាល់​សាលដីកា​នោះ​ទេ។
សមុទ្រ​ចិន​ខាង​ត្បូង​សម្បូរ​ទៅ​ដោយ​មច្ឆាជាតិ ហើយ​អាច​នឹង​កំណប់ប្រេង​ផូស៊ីល​ឥន្ធនៈ​ក្រោម​សមុទ្រ​ជាច្រើន។ ប្រទេស​ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និង​វៀតណាម​ក៏​ទាមទារ​ផ្នែក​ទាំង​អស់ ឬ​ផ្នែក​ខ្លះ​នៃ​តំបន់​នេះ​ផង​ដែរ។

រូបឯកសារ៖ នាវាបូមខ្សាច់របស់ចិន​នៅ​ម្តុំ​ថ្មប៉ប្រះទឹក Mischief Reef នៅ​តំបន់​ប្រជុំកោះ Spratly នៅសមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

គណៈប្រតិភូ​ថ្នាក់​រដ្ឋ​មន្រ្តី​របស់​ហ្វីលីពីន​បាន​ទៅ​ក្រុង​ប៉េកាំង​កាល​ពី​ចុងខែ​មករា​ ដើម្បី​ជួប​ជាមួយ​លោក​អនុនាយក​រដ្ឋ​មន្រ្តី Wang Yang ក្នុង​កិច្ចចរចា​អំពី​កិច្ចព្រមព្រៀង​វិនិយោគ និង​តួនាទី​របស់​លោក Duterte ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ២០១៧។ នៅ​ក្នុង​ការ​បោះជំហាន​ដ៏​ល្អ​មួយ​ទៀត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អាស៊ាន​នឹង​មិន​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មក​ដាក់​លើ​តុ​ចរចា​សម្រាប់​ឆ្នាំ​នេះ​នោះ​ទេ។

ទំនាក់ទំនង​ចិន​ និង​ហ្វីលីពីន​នឹង​មាន​ភាព​ល្អក់​កករ​ ប្រសិន​បើ​អាមេរិក​លូកដៃ​ ហើយ​រដ្ឋាភិបាល​អាមេរិក​បង្ហាញ​សញ្ញា​ក្នុងការ​ធ្វើឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​មាន​ទំនាក់ទំនង​យោធា​កាន់​តែ​រឹងមាំ​ជាងមុន​ជាមួយ​អាមេរិក នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ត្រាំ។

រដ្ឋាភិបាល​អាមេរិក​ជា​ឆ្អឹង​ទទឹង​ក​ជា​យូរ​មក​ហើយ​ចំពោះ​អំណាច​យោធា​របស់​ចិន​នៅ​អាស៊ី ហើយ​នា​ពេល​ថ្មីៗ​នេះ អាមេរិក​ជា​សម្ព័ន្ធមិត្ត​របស់​បណ្តា​ប្រទេស​តូចៗ​នៅ​តំបន់​អាស៊ី ដែល​កំពុងប្រឈម​មុខ​ជាមួយ​នឹង​ការ​ពង្រីក​ដែន​ទឹក​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ព្យាយាម​ការពារ​ផ្លូវ​កប៉ាល់​ និង​បណ្តាញ​សម្ព័ន្ធមិត្ត​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ដែល​គាំទ្រ​អាមេរិក។

រូបឯកសារ៖ បុរសជនជាតិ​ហ្វីលីពីន​លើក​ដៃ​ដាក់​លើក្បាលនៅពេលដែល​ប៉ូលិសហ្វីលីពីនចុះបង្ក្រាបការជួញដូរគ្រឿងញៀន នៅទីក្រុងម៉ានីល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។

លោក Duterte បាន​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​ពេល​ដែល​លោក​បាន​ឡើង​កាន់​តំណែង ដោយ​និយាយ​ថា​ អតីត​ប្រទេស​អាណានិគម​លើ​ហ្វីលីពីន និង​សម្ព័ន្ធ​មិត្ត​ការពារជាតិ​មួយ​នេះ ទាមទារ​ហួស​ហេតុ​ពេក​ពី​ប្រទេស​លោក។ លោក Duterte បង្ហាញ​ប្រតិកម្ម​បែប​នេះ​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​រិះគន់​យុទ្ធនាការ​របស់​លោក​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន ដែល​មាន​ទាំង​ការ​សម្លាប់​ជន​សង្ស័យ​ចំនួន​ពី​៥.០០០​ទៅ​៦.០០០នាក់​ ដោយ​គ្មាន​ការ​ជំនុំជម្រះ​ក្តី​តាម​ផ្លូវ​ច្បាប់។

ប៉ុន្តែ​លោក Duterte និង​លោក​ ត្រាំ ​បាន​ពិភាក្សា​គ្នា​តាម​ទូរសព្ទ​កាលពី​ខែ​ធ្នូ​កន្លង​ទៅ ដែល​ជា​កិច្ចសន្ទនា​នៃ​ក្តី​សង្ឃឹម ដោយ​លោក​ត្រាំ​បាន​សរសើរ​ប្រទេស​ហ្វីលីពីន​ចំពោះ​កិច្ចប្រឹងប្រែង​ប្រឆាំង​នឹង​គ្រឿង​ញៀន ហើយ​ក៏​មាន​ការ​សរសើរ​ដល់​សហរដ្ឋ​អាមេរិក​ពី​លោក Duterte វិញ​ដែរ។

លោក Jay Batongbacal ដែល​ជា​នាយក​នៃ​វិទ្យាស្ថាន​ច្បាប់ និង​កិច្ចការ​សមុទ្រ​ នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន​និយាយ​ថា៖ «ក្នុង​ស្រុក លោក Duterte បាន​ព្យាយាម​បង្ហាញ​ថា លោក​ ត្រាំ មាន​ភាព​រួសរាយ ហើយ​រដ្ឋបាល​របស់​លោក​មាន​ការ​គាំទ្រ​ច្រើន និង​ព្យាយាម​ផ្លាស់ប្តូរ​ជំហរ​របស់​លោក​ចំពោះ​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ត្រាំ»។

លោក Carl Baker នាយក​កម្មវិធី​របស់​វិទ្យាស្ថាន​សិក្សា​គោលនយោបាយមួយ​ដែល​មាន​ឈ្មោះ​ថា Pacific Forum CSIS នៅ​ក្រុង Honolulu រដ្ឋ Hawaiiនិយាយ​ថា ហ្វីលីពីន​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​រវាង​ចិន និង​អាមេរិក​ ទាក់ទង​នឹង​ការ​កាន់កាប់​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

លោក Rex Tillerson ដែល​ត្រូវ​បាន​លោក​ ត្រាំ ​តែងតាំង​ជា​រដ្ឋ​មន្រ្តី​ការបរទេស​និយាយ​នៅ​ក្នុង​សវនការ​នៅ​ចំពោះ​មុខ​ព្រឹទ្ធសភា​អាមេរិក​កាលពី​ដើម​ខែ​មករា​ថា ចិន​ត្រូវ​ឈប់​កាន់កាប់​កោះ​ដែល​មាន​ជម្លោះ​បន្ថែម​ទៀត។ លោក Carl Thayer ដែល​ជា​សាស្រ្តាចារ្យ​នយោបាយ​ដ៏​ល្បី​មួយ​រូប​នៅ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្រា្តលី​បាន​និយាយ​ថា ចិន​ប្រហែល​ជា​បាន​សាងសង់​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ប្រជុំ​កោះ Spratlys ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​ដឹកនាំ​របស់​លោក​ ត្រាំ។
លោក​ Thayer និយាយ​ថា លោក Duterte អាច​នឹង​មិន​ឲ្យ​លោក​ត្រាំ​ពង្រាយ​ទាហាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ដើម្បី​ប្រឆាំង​នឹង​ចិន​នោះ​ទេ។

លោក Thayer បាន​និយាយ​ថា៖ «រយៈពេល​កាន់​តែ​យូរ​អាច​មាន​ភាព​ខុស​ប្លែក​ច្រើន។ ការ​ពង្រាយ​ទាហាន​អាមេរិក​នឹង​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ។ វា​នឹង​មិន​កើត​ឡើង​ភ្លាមៗ​នោះ​ទេ។ វា​ច្បាស់​ណាស់​ថា លោក​ត្រាំ​ នឹង​ស្វែងរក​ទីផ្សារ និង​ដំណោះស្រាយ​បញ្ហា​កេងកង​តម្លៃ​រូបិយប័ណ្ណ​ជាមួយ​នឹង​ប្រទេស​ចិន»៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ