ចិន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​មហិច្ឆតា​ដែន​សមុទ្រ​ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ខ្លួន​រីក​លូត​លាស់

នាវា​ដឹក​យន្តហោះ​​ដំបូង​បំផុត​របស់​ប្រទេស​ចិន​​ដែល​ផលិត​នៅ​អតីត​សហភាព​សូវៀត​ ដែល​ចិន​បាន​ទិញ​ពី​ប្រទេស​អ៊ុយក្រែន​នៅឆ្នាំ១៩៩៨ ចតនៅកំពង់ផែដាលាន (Dalian) នៅ​ខេត្តលីអោននាង (Liaoning) ដែល​ស្ថិត​នៅ​ភាគ​ឦសាន្ត​នៃ​ប្រទេស​ចិន​។

យោង​តាម​ប្រវត្តិសាស្ត្រ ​ប្រទេស​ចិន​ដែល​មាន​ទឹក​ដី​យ៉ាង​ធំ​ល្វឹង​ល្វើយ​និង​វប្បធម៌​ធ្វើ​កសិកម្ម​ ធ្លាប់​ជា​មហា​អំណាច​នៅ​លើ​ទ្វីប​មួយ។​ ប៉ុន្តែ​ ខណៈ​ដែល​ប្រទេស​នេះ​ប្រារព្ធ​ទិវា​បុណ្យ​ជាតិ​ (National​ Day)​ របស់​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​នេះ​ ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បាន​ងាក​ទៅ​រក​សមុទ្រ​វិញ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សារៈសំខាន់​កាន់​តែ​ខ្លាំង​ចំពោះ​អនាគត​សេដ្ឋកិច្ច​របស់​ចិន។​ ប្រទេស​ចិន​បាន​គូស​បញ្ជាក់​សា​ជា​ថ្មី​អំពី​ការ​ទាមទារ​យក​ទឹក​ដី​ក្នុង​ដែន​សមុទ្រ​របស់​ខ្លួន​ និង​អំពី​របៀប​ដែល​ក្រុង​ប៉េកាំង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​របស់​ខ្លួន​មាន​ការ​ប្រយ័ត្ន​ប្រយែង​យ៉ាង​ដូច​ម្តេច​ខ្លះ។

នៅ​ពេល​ដែល​ចិន​បាន​លាត​ត្រដាង​ឲ្យ​ដឹង​អំ​ពី​នាវា​ផ្ទុក​យន្តហោះ​លើក​ដំបូង​របស់​ខ្លួន​ កាល​ពី​ខែ​សីហា​ ប្រទេស​ទូទាំង​ពិភពលោក​បាន​ធ្វើ​ការ​កត់​សម្គាល់។

ក្រុម​មន្ត្រី​ចិន​ គូស​បញ្ជាក់​ជា​ច្រើន​សា​ថា​ ចេតនា​យោធា​របស់​ប្រទេស​នេះ​ ទាំង​នៅ​លើ​គោក​ ឬ​សមុទ្រ​ មាន​លក្ខណៈ​សនិ្តភាព។​ ពួក​គេ​អះអាង​ថា​ ចិន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​គ្មាន​នាវា​ផ្ទុក​យន្តហោះ។

លោក​ ឃូ​ ហ្ស៊ីង​ (Qu​ Xing)​ គ្រប់​គ្រង​វិទ្យាស្ថាន​សិក្សា​កិច្ច​ការ​អន្តរជាតិ​របស់​ប្រទេស​ចិន​ (China​ Institute​ of​ International​ Studies)​ ដែល​អង្គ​ភាព​ប្រឹក្សា​យោបល់​ផ្នែក​គោល​នយោបាយ​បរទេស​របស់​រដ្ឋាភិបាល។

លោក​ទទួល​ស្គាល់​ថា​ មាន​ការ​ព្រួយ​បារម្ភ​អំពី​ចេតនា​របស់​ចិន​ដោយសារ​តែ​ឥទ្ធិពល​ដែល​ចេះ​តែ​កើន​ឡើង​របស់​ខ្លួន។​ លោក​ថ្លែង​ថា​ ទី​ក្រុង​ប៉េកាំង​ត្រូវ​តែ​បញ្ជាក់​លម្អិត​ពី​គោល​ជំហរ​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​ និង​សង្កត់​ធ្ងន់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​សន្តិវិធី។

លោក​ ម៉ាយល្ស៍​ យូ​ (Miles​ Yu)​ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​តំបន់​អាស៊ី​បូព៌ា​និង​យោធា​នៃ​បណ្ឌិតសភា​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ (U.S.​ Naval​ Academy)​ មាន​ប្រសាសន៍​ថា​ លោក​ជឿ​ជាក់​ថា​ ចិនចង់​ធ្វើ​ឲ្យ​គោលបំណង​របស់​ខ្លួន​មាន​ភាព​មិន​ច្បាស់​ ដែល​ធ្វើ​ឲ្យ​សកម្មភាព​របស់​ខ្លួន​រិត​តែ​មិន​ទៀង​ទាត់​ឡើង​ទៀត​សម្រាប់​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

លោក​ យូ​ បញ្ជាក់​ថា​ ទស្សនៈ​របស់​លោក​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​លោក​ផ្ទាល់​ ហើយ​ថា​ លោក​មិន​និយាយ​តាង​នាម​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នោះ​ទេ។

«ការ​ងើប​ឡើង​របស់​ចិន​មាន​ប្រកប​ទៅ​ដោយ​ការ​សងសឹក។​ ម្យ៉ាង​វិញ​ទៀត​ ឥឡូវ​នេះ​ ចិន​ជឿ​ថា​ វា​ដល់​ពេល​ហើយ​សម្រាប់​ប្រទេស​ចិន​ដើម្បី​ក្លាយ​ទៅ​ជា​មហា​អំណាច​ដ៏​លើស​លុប​របស់​ពិភពលោក​នេះ។​ ចិន​មិន​ដែល​គេច​ចេញ​ពី​ការ​អះ​អាង​បែប​នោះ​ឡើយ។​ អ្នក​ធ្លាប់​បាន​ឮ​ឃ្លា​មួយ​ថា​ សតវត្សរ៍​ទី​២១​ គឺ​ជា​សតវត្យរ៍​របស់​ប្រទេស​ចិន​ ហើយ​ជា​ការ​ពិត​ណាស់​ ការ​និយាយ​បែប​នោះ​គឺ​គ្រាន់​តែ​ផុស​ចេញ​ពី​បបូរ​មាត់​របស់​ប្រជាពលរដ្ឋ​ចិន​ធម្មតា​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ សម្រាប់​អ្នក​នៅ​ខាង​ក្រៅ​វិញ​ ដែល​ជា​ពិសេស​ អ្នក​ដែល​រស់​នៅ​តាម​បណ្តា​ប្រទេស​ជិត​ខាង​វិញ​ ការ​និយាយ​នេះ​ហាក់​គួរ​ឲ្យ​ភ័យ​ខ្លាច​ណាស់​ ដោយ​សារ​ថា​ តើ​ការ​និយាយ​នេះ​មាន​អត្ថន័យ​ជា​ពិសេស​យ៉ាង​ដូច​ម្តេច​ខ្លះ»។

ប្រទេស​ ប៊្រុយណេ​(Brunei)​ ចិន​(China)​ ម៉ាឡេស៊ី​(Malaysia)​ ហ្វីលីពីន​(Philippines)​ តៃវ៉ាន់​(Taiwan)​ និង​វៀតណាម​(Vietnam)​ បាន​ទាមទារ​យក​តំបន់​ត្រួត​លើ​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បួង​(South​ China​ Sea)។​ ចិនទាម​ទារ​តំបន់​នោះ​ទាំង​មូល​ ដែល​ត្រូវ​បាន​ជឿ​ថា​មាន​ប្រភព​ធន​ធាន​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​មិន​ទាន់​ធ្វើ​អាជីវកម្ម។

បើ​ទោះ​ជា​ក្រុម​ប្រទេស​ទាមទារ​ដទៃ​ទៀត ​នៅ​ឯ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​កំពុង​ធ្វើ​ការ​ចរចា​ស្តី​ពី​កិច្ច​សហការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​ភាព​មិន​ចុះ​សម្រុង​គ្នា​ខាង​ទឹក​ដី​របស់​ពួក​គេ​ ក៏​ចិន​បាន​ជំទាស់​ចំពោះ​កិច្ច​ប្រឹងប្រែង​ណា​មួយ​ដើម្បី​ធ្វើ​ឲ្យ​វិវាទ​នេះ​ក្លាយ​ជា​បញ្ហា​អន្តរជាតិ។​ ក្រុម​មន្ត្រី​ចិន​បាន​និយាយ​ថា​ ពួក​គេ​ចង់​ដោះ​ស្រាយ​ជម្លោះ​នេះ​មួយ​ទល់​មួយ​ជាង។

បើ​ទោះ​ជា​ជម្លោះ​នៅ​ក្នុង​សមុទ្រ​កំពុង​ត្រូវ​បាន​ត្រួត​ពិនិត្យ​សា​ជា​ថ្មី​ក៏​ដោយ​ ក៏​លោក​ យូ​ ថ្លែង​ថា​ ឬស​គល់​នៃ​ជម្លោះ​នេះ​បាន​កើត​ឡើង​យូរ​យា​ណាស់​មក​ហើយ។

អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​មក​ហើយ​ ចិន​ធ្លាប់​ស្ថិត​ក្នុង​លំដាប់​កំពូល​ខាង​ប្រព័ន្ធ​នយោបាយ​ដែល​ប្រទេស​តូចៗ​ដទៃ​ទៀត​បាន​បង់​សួយ​សារ​អាករ។​ ប៉ុន្តែ​ ចាប់​តាំង​ពី​ចុង​សតវត្សរ៍​ទី​១៩​មក​ មហា​អំណាច​អាណា​និគម​និយម​លោក​ខាង​លិច​ មាន​ដូច​ជា​ចក្រ​ភព​អង់គ្លេស​(Britain)​ បារាំង​(France)​ អាឡឺម៉ង់​(Germany)​ ជប៉ុន​(Japan)​ រុស្ស៊ី​(Russia)​ និង​សហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​កម្លាំង​ដ៏​លើស​លប់​នៅ​ក្នុង​តំបន់។

លោក​ យូ​ មាន​ប្រសាសន៍​ថា​ ចិន​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​ជន​រងគ្រោះ​អស់​ជា​ច្រើន​ឆ្នាំ​ ហើយ​ឥឡូវ​នេះ​ដោយ​មក​ពី​អំណាច​និង​ឥទ្ធិពល​របស់​ខ្លួន​កំពុង​រះ​ឡើង​សា​ជា​ថ្មី​ ប្រទេស​ជិត​ខាង​អាច​មាន​ភាព​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ ពួក​គេ​អាច​រង​គ្រោះ​ដោយ​សារ​កំហឹង​ប្រវត្តិសាស្ត្រ​របស់​ទី​ក្រុង​ប៉េកាំង។

«ប្រទេស​នេះ​ត្រូវ​បាន​ប្រមាថ​ពី​សំណាក់​ប្រទេស​ផ្សេងៗ​ទាំង​អស់​នេះ​ ជា​ពិសេស​ក្នុង​រយៈ​ពេល​ប្រហែល​១៧០​ឆ្នាំ​កន្លង​ទៅ​ ដូច្នេះ​ឥឡូវ​នេះ​ ចិន​ចង់​ទាម​ទារ​មក​វិញ​នូវ​តួនាទី​របស់​ខ្លួន​ជា​មជ្ឈមណ្ឌល​របស់​ពិភពលោក»។

បញ្ហា​របស់​ប្រទេស​ចិន​ដែល​ត្រូវ​បាន​ប្រមាថ​ គឺ​ជា​អារម្មណ៍​លាក់​ទុក​យ៉ាង​មុត​មាំ​ ដែល​កើត​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់​ប្រទេស​នេះ។

លោក​ លី​ ជីងយូ​ (Li​ Jingyu)​ សាស្ត្រាចារ្យ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​មហា​សមុទ្រ​ (Ocean​ Economy​ Research​ Center)​ របស់​សាកល​វិទ្យា​ល័យ​ ឡៅនីង​ ន័រម៉ល​ (Liaoning​ Normal​ University)​ គូស​បញ្ជាក់​ថា​ ពួក​ឈ្លានពាន​ដែល​បាន​ទាញ​យក​ប្រយោជន៍​ពី​ប្រទេស​ចិន​ បាន​ធ្វើ​ដំណើរ​មក​តាម​មហា​សមុទ្រ​ ហើយ​ភាព​គ្រោះ​ថ្នាក់​បែប​នោះ​បន្ត​កើត​មាន​នៅ​ឡើយ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ផ្អែក​ទៅ​លើ​ចក្ខុវិស័យ​នយោបាយ​និង​យោធា​ សេចក្តី​ស្រម៉ៃ​អំពី​សុវត្ថិភាព​ជាតិ​របស់​ចិន​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។​ លោក​បាន​និយាយ​ថា​ អ្វី​ដែល​ហៅ​ថា​«មហា​អំណាច​ធំៗ»​ បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ចិន​តាម​សមុទ្រ​ ហើយ​ថា​ គ្រោះថ្នាក់​នោះ​នៅ​មិន​ទាន់​ដឹង​ថា​ត្រូវ​ដោះស្រាយ​យ៉ាង​ដូច​ម្តេច​នៅ​ឡើយ​ទេ។

លោក​ លី​ និយាយ​សំដៅ​ទៅ​រក​នា​វា​ផ្ទុក​យន្តហោះ​ថា​ជា​និមិត្តរូប​ ដែល​ចិន​នឹង​មាន​លទ្ធភាព​ការពារ​ប្រទេស​នា​ពេល​អនាគត។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ លី​ មាន​ប្រសាសន៍​ថា​ គោលដៅ​របស់​រដ្ឋាភិបាល​ចិន​នឹង​មិន​បង្កើត​អនុត្តរភាព​នៅ​លើ​ផ្ទៃ​សមុទ្រ​ទេ​ ប៉ុន្តែ​ត្រូវ​សម្លឹង​មើល​ការ​ងើប​ឡើង​របស់​ប្រទេស​ចិន​ប្រកប​ដោយ​សន្តិវិធី​ នៅ​តាម​សមុទ្រ​ប្រកប​ដោយ​សុខដុម​រមនា​ ជា​មួយ​ប្រទេស​ជិត​ខាង​ជា​បង​ប្អូន​ និង​ការ​អភិវឌ្ឍន៍​រួម។

លោក​ ម៉ាយល្ស៍​ យូ​ សាស្ត្រាចារ្យ​ជាតិ​អាមេរិកាំង​ មាន​ប្រសាសន៍​ថា​ ចិន​កំពុង​ធ្វើ​ការ​ប្រែក្លាយ​ពី​អ្វី​ដែល​លោក​បាន​ពណ៌នា​ថា​ជា​មហា​អំណាច​ស្ទាក់​ស្ទើរ​ ទៅ​ជា​មហា​អំណាច​ដែល​កាន់​តែ​មាន​ភាព​ជឿ​ជាក់។​ លោក​ឲ្យ​ដឹង​ទៀត​ថា​ គម្លាត​នៅ​តែ​មាន​ទំហំ​ធំ​ធេង​ ប៉ុន្តែ​សញ្ញាណ​នៃ​មហា​អំណាច​សកលលោក​ពិត​ប្រាកដ​មួយ​កំពុង​មាន​កង​នា​វា​ជើង​ទឹក​ ដែល​កិច្ចការ​ដ៏​សំខាន់​គឺ​ត្រូវ​ការពារ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​តែ​ម្តង។

«តាម​ពិត​ទៅ​ ជា​លើក​ដំបូង​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់​ចិន​ ដែល​គោល​ដៅ​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​ ឬ​យោធា​មាន​ភាព​ជាប់​ពាក់ព័ន្ធ​គ្នា​យ៉ាង​ពិសេស​និង​ជាក់​ស្តែង​ ពីព្រោះ​កាល​ពី​មុន​ គោលដៅ​នោះ​មាន​ទម្រង់​ជា​ការ​នាំ​ចេញ​មនោគមវិជ្ជា​ ឬ​ការ​ប្រកួត​ប្រជែង​ជា​មួយ​សហភាព​សូវៀត​ ឬ​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ឬ​អាមេរិក​ឡាទីន»។

ប្រទេស​ចិន​បាន​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់​កង​នាវី​របស់​ខ្លួន​ដើម្បី​ការពារ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​២០០៩​ នៅ​ពេល​ដែល​ខ្លួន​បាន​បញ្ជូន​នាវា​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រឹង​ប្រែង​ជា​អន្តរ​ជាតិ​ប្រឆាំង​ចោរ​សមុទ្រ​ នៅ​តាម​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​សូម៉ាលី​(Somalia)។​ កាល​ពី​ដើម​ឆ្នាំ​នេះ​ នាវា​យោ​ធា​របស់​ចិន​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ជម្លៀស​ពលរដ្ឋ​ចិន​ប្រហែល​៣​ម៉ឺន​នាក់​ពី​ក្រុង​ ទ្រីប៉ូលី​(Tripoli)​ រដ្ឋធានី​លីប៊ី​ដែល​កាន់​តែ​មាន​ភាព​ចលាចល​ខ្លាំង​ឡើង។

មជ្ឈ​មណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​របស់​ចិន​បាន​កើន​ឡើង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាល​ពី​ទសវត្សរ៍​មុន​ ហើយ​ថា​ភាគ​ច្រើន​បំផុត​នៃ​ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​កប៉ាល់៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង