កូនរបស់កម្មករចំណាកស្រុកភូមានៅក្នុងប្រទេសថៃ គឺជាមនុស្សគ្មានប្រទេស ដោយសារគ្មានប្រទេសណាមួយទទួលស្គាល់ពួកគេជាប្រជាពលរដ្ឋស្របច្បាប់។
កុមារគ្មានប្រទេសរាប់ពាន់នាក់នៅក្នុងប្រទេសថៃបានទទួលការសិក្សាសេវាថែទាំសុខភាព និងសេរីភាពខាងការធ្វើដំណើរមានកម្រិត។ បញ្ហានៃកុមារគ្មានប្រទេសត្រូវបានយកចិត្តទុកដាក់ច្រើននៅពេលដែលកុមារា ម៉ង ថងឌី (Mong Thongdee) អាយុ១២ឆ្នាំ ដែលជាជើងឯកជាតិខាងបត់ក្រដាសធ្វើយន្តហោះនៃប្រទេសថៃ ត្រូវបានអញ្ជើញកាលពីឆ្នាំកន្លងទៅ ឲ្យចូលរួមក្នុងការប្រកួតប្រជែងអន្តរជាតិក្នុងប្រទេសជប៉ុន។
ទោះបីជា ថងឌី បានកើតក្នុងប្រទេសថៃក៏ដោយ កុមារាអំបូរ ស្ហាន (Shan)រូបនេះមិនបានទទួលលិខិតឆ្លងដែនទេ ពីព្រោះឪពុកម្តាយកុមារានេះជាកម្មករចំណាកស្រុកដែលរត់គេចខ្លួនពីជម្លោះក្នុងប្រទេសភូមា។ រូបភាពដែលបង្ហាញកុមារា ថងឌី យំក្នុងទូរទស្សន៍ជាតិបានធ្វើឱ្យជនជាតិថៃធម្មតាអាណិតអាសូរ។
លោកនាយករដ្ឋមន្ត្រី អាភីស៊ិត វិឆាឈីវ៉ា (Abhisit Vejjajiva) បានធ្វើអន្តរាគមន៍ដោយជួយ ថងឌីឱ្យមានឯកសារធ្វើដំណើរបណ្តោះអាសន្នមួយ។ នៅក្នុងប្រទេសជប៉ុន កុមារានេះបានទទួលម៉េដៃយ៍សំរិទ្ធ ហើយក្រុមរបស់គេបានទទួលម៉េដៃយ៍មាសសម្រាប់ប្រទេសថៃដែល ថងឌី ហៅថា ជាប្រទេសរបស់ខ្លួនទោះបីជាគេជាមនុស្សគ្មានប្រទេសក៏ដោយ។
ជាងមួយឆ្នាំក្រោយមក ម៉ង ថងឌី នៅតែជាក្មេងល្បីឈ្មោះម្នាក់។ នៅពេលត្រូវបានអញ្ជើញទៅកាន់សាកលវិទ្យាល័យមួយដើម្បីបង្ហាញការប៉ិនប្រសប់របស់គេខាងបត់ក្រដាសធ្វើយន្តហោះ មាននារីក្មេងៗច្រើននាក់ចោមរោមសុំហត្ថលេខាពីកុមារានេះ។
ម៉ងថងឌីនិយាយថា គេចង់សិក្សាពិតប្រាកដនឹងគេ។ កុមារារូបនេះថ្លែងថា ប្រសិនបើគេមានឱកាស គេចង់ធ្វើអ្វីមួយសម្រាប់ប្រទេសថៃ។ កុមារានេះពោលថា គេប្រហែលអាចជួយកែលម្អកេរ្តិ៍ឈ្មោះប្រទេសថៃ។ ម៉ង ថងឌី ចង់ក្លាយជាអ្នកបើកយន្តះហោះម្នាក់ ហើយភាពល្បីឈ្មោះរបស់គេបានធ្វើឱ្យគេ និងមិត្តរួមថ្នាក់របស់គេមានឱកាសទៅប្រកួតប្រជែងបញ្ជាយន្តហោះដោយប្រើទូរបញ្ជា។ ក៏ប៉ុន្តែ ម៉ង ថងឌី នៅតែត្រូវការការអនុញ្ញាតជាផ្លូវការដើម្បីចាកចេញពីក្រុងកំណើតរបស់គេពីព្រោះអាជ្ញាធរថៃចាត់ទុកសកម្មភាពរបស់ជនគ្មានប្រទេសដោយរួមទាំងកុមារផង ថាជាកង្វល់ខាងសន្តិសុខជាតិ។
លោក ដួងរឹត កេទីម៉ា (Duangrit Ketima) ជានាយកសាលារៀន បានហួយសៃ (Bann Hway Sai )ដែលជាសាលារបស់ម៉ង ថងឌីនៅក្នុងខេត្តឈៀងម៉ៃ (Chiang Mai)។ លោក ដួងរឹត និយាយថា ជាងពាក់កណ្តាលនៃសិស្សានុសិស្សចំនួន៨០នាក់របស់លោកជាជនគ្មានប្រទេស ក៏ប៉ុន្តែគេមិនគួរចាត់ទុកកុមារទាំងនេះថាជាបន្ទុកទេ។
លោក ដួងរឹត និយាយថា ក្រុមកុមារប្រហែលមិនមែនជាការគំរាមកំហែងដល់ប្រទេសថៃទេ ហើយពួកគេបានធ្វើវិភាគទានដល់ប្រទេសផងដែរ។ លោកថ្លែងថា ដូច្នេះរដ្ឋាភិបាលគួរពិចារណាផ្តល់សញ្ជាតិថៃដល់ពួកគេ។
កុមារច្រើននាក់បានផ្លាស់ប្តូរទីលំនៅជាមួយគ្រួសារពួកគេដោយខុសច្បាប់ដើម្បីគេចខ្លួនពីជម្លោះនិងភាពទីទាល់ក្រ ហើយការណ៍នេះនាំឱ្យពួកគេមានការពិបាកក្នុងការអះអាងទាមទារសញ្ជាតិក្នុងប្រទេសភូមា។
ពួកកម្មករចំណាកស្រុកធ្វើការនៅកន្លែងកសាង និងនៅស្រែចម្ការ ក៏ប៉ុន្តែពួកគេមិនអាចចុះឈ្មោះជាមួយអាជ្ញាធរបានទេ។ ស្ថានភាពរបស់ពួកគេបណ្តាលឱ្យពួកគេងាយទទួលរងការទាញយកប្រយោជន៍ និងមិនអាចប្រើប្រាស់កម្មវិធីសុខុមាលភាពសង្គមបានទេ។ ទោះបីជាប្រទេសថៃតម្រូវឱ្យក្រុមកុមារទាំងអស់ត្រូវតែទទួលការសិក្សាដោយមិនគិតអំពីស្ថានភាពរបស់ពួកគេក៏ដោយ ក៏កុមារច្រើននាក់មិននិយាយភាសាថៃ ឱ្យបានល្អគ្រប់គ្រាន់ដើម្បីរៀនឱ្យទាន់គេក្នុងថ្នាក់រៀនទេឬមួយឪពុកម្តាយពួកគេមិនបញ្ជូនពួកគេទៅសាលារៀនដោយភ័យខ្លាចថាពួកគេអាចត្រូវបញ្ជូនទៅប្រទេសដើមរបស់ពួកគេវិញ។
លោក សៃទ្បេង (Hsai Leng) ជានាយកមជ្ឈមណ្ឌលសិក្សាសម្រាប់ជនផ្លាស់ប្តូរលំនៅដ្ឋានក្នុងក្រុងឈៀងម៉ៃ ដែលជាអង្គការសប្បុរសធ៌មមួយទទួលមូលនិធិពីអ្នកជំនួញអាមេរិកម្នាក់ ដែលនៅទីនោះជនចំណាកស្រុកអាចទទួលការសិក្សាដោយមិនបង់ប្រាក់ និងទទួលការគាំទ្រពីសហគមន៍ផងដែរ។ លោកមានប្រសាសន៍ថា៖
«ពួកគេមិនអាចទៅសាលារៀនថៃបានទេ ពួកគេប្រហែលមិនអាចមានការថែទាំសុខភាពទេ។ ហើយជួនកាល ប្រសិនបើលោកអ្នកគ្មានឯកសារទេលោកអ្នកមិនអាចធ្វើការបានទេ»។
មុនឆ្នាំ១៩៧២ អាជ្ញាធរថៃបានផ្តល់សញ្ជាតិថៃឱ្យជនទាំងទ្បាយណាដែលកើតក្នុងប្រទេសនេះ។ ក៏ប៉ុន្តែ ការហូរចូលជាច្រើននៃជនភៀសខ្លួន និង ជនចំណាកស្រុកដោយសារជម្លោះក្នុងតំបន់ បណ្តាលឱ្យមានការកែប្រែច្បាប់ដែលតម្រូវឱ្យកូនរបស់អ្នកមិនមែនជាជនជាតិថៃដាក់ពាក្យសុំចូលសញ្ជាតិ។
លោក ទួង អាន់ថាក់ឆៃ (Tuang Untachai) សមាជិកព្រឹទ្ធសភាថៃ និយាយថា គេមិនគួររំពឹងថា ប្រទេសថៃនឹងបង់ប្រាក់សម្រាប់សុខុមាលភាពសម្រាប់កុមារចំណាកស្រុកទេ។
លោក ទួង និយាយថា ប្រសិនបើអាជ្ញាធរថៃផ្តល់សញ្ជាតិឱ្យមនុស្សច្រើននាក់នោះនឹងមានមនុស្សច្រើននាក់ទៀតចាកចេញពីប្រទេសជិតខាងចូលទៅរស់ក្នុងប្រទេសថៃ។ លោកថ្លែងថាប្រទេសថៃជាប្រទេសគោលដៅមួយសម្រាប់ជនចំណាកស្រុក។ ដូច្នេះ ប្រសិនបើគោលនយោបាយមិនច្បាស់លាស់មនុស្សច្រើននាក់នឹងផ្លាស់ប្តូរលំនៅដ្ឋានមករស់ក្នុងប្រទេសថៃ ហើយពួកគេអាចមានសិទ្ធិជាមូលដ្ឋានសម្រាប់ការសិក្សា ការព្យាបាលជំងឺ និងទទួលសេវាកម្មឯទៀតដូចជាប្រជារាស្ត្រថៃដែរ។
នៅក្នុងកន្លែងសំអិតសំអាងសម្ផស្សមួយក្នុងក្រុង ឆៀងម៉ៃ ស្ត្រីអំបូរស្សានម្នាក់លាងជូតជើងអតិថិជនម្នាក់ដើម្បីកាត់ និងលាបក្រចកជើង។ អ្នកស្រីរស់នៅជាមួយកូនស្រី និងម្តាយនៅក្នុងផ្ទះអាផាតម៉ិន (Appartement) មានបន្ទប់ដេកមួយហើយមិនចង់ឱ្យបញ្ចេញឈ្មោះទេពីព្រោះមិនមែនពួកគេទាំងអស់គ្នានៅទីនោះដោយត្រឹមត្រូវតាមច្បាប់ទេ។ អ្នកស្រីនិយាយថា អ្នកស្រីបានមកកាន់ប្រទេសថៃដើម្បីធ្វើការ និងបញ្ជូនប្រាក់កាសទៅផ្ទះ។ ដោយសារតម្លៃទ្រទ្រង់ជីវភាពខ្ពស់នៅភូមា ហើយពួកគេចង់រស់នៅជាមួយគ្នា អ្នកស្រីបាននាំយកគ្រួសារអ្នកស្រីមកប្រទេសថៃ។ ក៏ប៉ុន្តែ អ្នកស្រីនិយាយថា អ្នកស្រីមិនហ៊ានចុះឈ្មោះកូនស្រីអ្នកស្រីចូលរៀននៅសាលារៀនថៃទេ ពីព្រោះអ្នកស្រីយល់ថា នាងមិនអាចរៀនទាន់គេទេ។ អ្នកស្រីក៏គិតដែរថា អ្នកស្រីគ្មានប្រាក់សម្រាប់បង់ថ្លៃសាលាទ្បើយ។
នៅពេលនេះ ម្តាយនេះបានបញ្ជូនកូនស្រីខ្លួនទៅកាន់មជ្ឈមណ្ឌលសិក្សាអប់រំសម្រាប់ក្រុមជនចំណាកស្រុក។ អ្នកស្រីចង់ឱ្យកូនស្រីអ្នកស្រីឧស្សាហ៍រៀនសូត្រហើយក្លាយទៅជាពលរដ្ឋថៃម្នាក់ដើម្បីឱ្យនាងមានឱកាសច្រើនជាងមុនហើយមិនចាំបាច់វិលត្រទ្បប់ទៅប្រទេសភូមាវិញទេដែលនៅទីនោះមានតែការប្រយុទ្ធគ្នានិងភាពក្រីក្រ។
ប្រែសម្រួលដោយឈឹម សុមេធ