ចំនួន​អ្នក​ឆ្លង​មេរោគ HIV បន្ត​កើន​ឡើង​ក្នុង​ឃុំ​មួយ​នៃ​ស្រុក​សង្កែ ខេត្តបាត់ដំបង

គ្ឡីនិក​សុខភាព​គ្រួសារ​មួយនៅស្រុក​សង្កែ​ខេត្តបាត់ដំបង​​នៃប្រទេសកម្ពុជា។​

អ្នក​ឆ្លង​មេរោគ​ HIV​ ឬ​មេរោគ​នៃ​ជំងឺ​អេដស៍​នៅ​ក្នុង​ឃុំ​រការ​ ស្រុកសង្កែ ​ខេត្ត​បាត់​ដំបង​ បាន​កើន​ដល់​ចំនួន​១០៦​នាក់​ហើយមក​ទល់​នឹង​ថ្ងៃ​ត្រង់​ថ្ងៃពុធ​នេះ។​

លោក​វេជ្ជបណ្ឌិត​ តែង គន្ធី ​អគ្គលេខា​ធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ មាន​ប្រសាសន៍​ថា ក្រុម​គ្រូ​ពេទ្យ​បាន​ធ្វើ​តេស្ត​ឈាម​ស្វែង​រក​មេរោគ​ដ៏​ប្រល័យ​នេះ​លើមនុស្ស​ចំនួន​៧៧៥​នាក់​គិត​មក​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ហើយ​ក្រុម​គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា ​មាន​មនុស្ស​ចំនួន​១០៦​នាក់​មាន​ផ្ទុក​មេរោគ ​HIV ​ដែល​ជា​មេរោគ​បង្ក​ឲ្យ​កើត​ជំងឺ​អេដស៍​ ​គឺ​កើន​ចំនួន​១៦​នាក់​ បើ​ប្រៀបធៀប​នឹង​តួលេខ​កាល​ពីល្ងាច​ថ្ងៃ​អង្គារ។

លោក​និយាយ​ថា៖

«ក្នុង​នោះ​មាន​អាយុ​លើស​ពី​១៥​ឆ្នាំ​៨១​នាក់​ និង​តិច​ជាង​១៥​ឆ្នាំ​២៥​នាក់»។​

ក្រុម​គ្រូ​ពេទ្យរក្សា​ការ​សង្ស័យ​លើ​ការ​ប្រើ​ប្រាស់​ម្ជុលចាក់​ថ្នាំ​រួម​គ្នា ​ដែលអាច​ធ្វើ​ឡើង​ដោយ​គ្រូ​ពេទ្យ​មួយ​រូប​ដែល​ជា​គ្រូ​ពេទ្យ​មាន​ការ​និយម​ជាង​គេ​នៅ​ក្នុង​ឃុំ។​

ប៉ុន្តែ​គ្រូ​ពេទ្យ​រូប​នោះ​ទំនង​ជា​បានគេច​ខ្លួន​ក្នុង​អំឡុង​ពេល​នេះ។​

លោក​វេជ្ជ​បណ្ឌិត​តែង គន្ធី​មាន​ប្រសាសន៍​ថា ​អ្នក​ផ្ទុក​មេរោគ​ដែល​បាន​រក​ឃើញ​ដោយ​ការ​ធ្វើ​តេស្ត​ឈាម​កាល​ពី​ថ្ងៃ​អង្គារ​បាន​ទទួល​កញ្ចប់​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ​ ​ហើយ​ក្រុម​វេជ្ជ​បណ្ឌិត​កម្ពុជា​នឹង​បន្ត​ធ្វើ​តេស្ត​ឈាម​តទៅ​ទៀត​លើ​ភូមិ​ចំនួន​បី​ដែល​ស្ថិត​ក្រោម​ការ​សង្ស័យ​ថា​ មាន​ប្រជាជន​បាន​ប្រើ​ប្រាស់​សេវា​ព្យាបាល​ដោយ​គ្រូ​ពេទ្យ​ឯក​ជន​ខាង​លើ​នោះ។​

ការ​រក​ឃើញ​នេះកើត​មាន​ឡើង​ក្រោយ​ពី​មន្ត្រី​សុខា​ភិបាល​មូល​ដ្ឋាន​បាន​រក​ឃើញ​មេរោគ​អេដស៍លើ​បុរស​អាយុ​៧៨​ឆ្នាំ​ម្នាក់ ​និង​ស្ត្រី​៧០​ឆ្នាំ​ម្នាក់​កាល​ពី​ដើម​ខែ​ធ្នូ​នេះ។​ អ្នក​ជំងឺ​ទាំង​ពីរបាន​អះ​អាង​ថា​ ខ្លួន​មិន​បាន​ប្រព្រឹត្ត​ការ​រួម​ភេទ​ដែលជា​ដើម​ហេតុ​នាំ​ឲ្យ​ឆ្លង​មេរោគ​នោះ​ទេ។​

លោក​ហ៊ា ស៊ិ ​ប្រធាន​កម្មវិធី​ប្រឆាំង​ជំងឺ​អេដស៍​ ខេត្ត​បាត់​ដំបង ​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​ភូមិ​ទាំង​បី​ ភូមិ​រការមាន​អ្នក​ជំងឺ​ឆ្លង​មេរោគ​ច្រើន​ជាង​គេ​ដោយសារ​អ្នក​ភូមិ​ទាំង​នេះ​ស្ថិត​នៅ​ក្បែរ​មណ្ឌល​សុខ​ភាព​ និង​ក្បែរបន្ទប់​ព្យាបាល​ឯក​ជន​ដែល​ស្ថិត​ក្រោម​ការ​សង្ស័យ។​

លោក​អភិបាល​ខេត្ត​បាត់​ដំបង​ចាន់ សុផល​បញ្ជាក់​ថា ​ក្រុម​មន្ត្រី​សុខា​ភិបាល​និង​មន្ត្រី​អាជ្ញាធរ​នៅ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​រោគ​សញ្ញា​នៃ​មេរោគ​ HIV ​នៃ​ជំងឺ​អេដស៍​នេះ​បន្ត​ទៀត​នៅ​ឡើយ។​

«ដើម្បី​គ្រប់​គ្រង​ការងារ​នេះ​បាន​ យើង​នៅ​តែ​បន្ត​ជួយពិនិត្យ​គាត់​ដើម្បី​យើង​មាន​វិធាន​ការ​មាន​ប្រសិទ្ធភាព»។​

លោក​វេជ្ជ​បណ្ឌិត​តែង គន្ធី ​អធិប្បាយ​ថា​ ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​ដែល​ឆ្លង​ជំងឺ​អេដស៍​នេះ​ ខ្លះបាន​អះអាង​ថា ​មិន​បាន​ប្រព្រឹត្ត​ការ​រួម​ភេទដែល​មិន​មាន​សុវត្ថិភាព​នោះ​ទេ។​ មនុស្សវ័យ​ចំណាស់​មួយ​ចំនួន​ក៏​មិន​បាន​ធ្វើ​ការ​រួម​ភេទ​ដែរ។​ បន្ថែម​ពី​នោះ​ទៀត​នៅ​ក្នុង​គ្រួសារ​ខ្លះ​ឪពុក​ម្តាយ​មិន​មាន​ផ្ទុក​មេរោគ​អេដស៍​ឬ​ HIV​ នោះ​ទេ ​ប៉ុន្តែ​បែរជា​ទារក​មាន​ផ្ទុក​មេរោគប្រល័យ​នេះ​ទៅ​វិញ។​

លោក​វេជ្ជបណ្ឌិត​ធានា​ថា​ សេវាកម្ម​សុខា​ភិបាល​របស់​ប្រទេស​កម្ពុជា​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​អេដស៍​នេះ។​

«ក្នុង​នោះ​ដែរ​គឺ​សូម​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ​ សូម​កុំឲ្យ​មាន​ការ​មាក់​ងាយ​ និង​រើស​អើង ​ពី​ព្រោះ​នេះ​ជា​បញ្ហាមួយ​ដែល​យើង​នឹក​ស្មាន​មិន​ដល់​ ​ពី​ព្រោះ​ពួក​លោក​ក៏​ជា​ប្រជា​ពល​រដ្ឋ​ដូ​ច​អ្នក​ទូទៅ​ដែរ»។​

ប្រទេស​កម្ពុជា​បាន​ដាក់​ផែន​ការ​ថា​ នឹង​កម្ចាត់​ការ​ឆ្លង​មេរោគ​អេដស៍​ឲ្យ​អស់​នៅ​ឆ្នាំ​២០២០។ ​អត្រា​ផ្ទុក​មេរោគ​អេដសន៍​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​អាយុ​ពី​១៥​ទៅ​៤៩​ឆ្នាំ​មាន​០,៦​ភាគ​រយ ​ឬ​ស្មើ​នឹងប្រមាណ​៧១០០០​នាក់។​

លោក​វេជ្ជ​បណ្ឌិត​តែង គន្ធី​អះអាង​ថា​ ប្រជា​ពលរដ្ឋ​ ដែល​ស្ថិត​ក្នុង​ភូមិ​រងការ​រាតត្បាត​ដោយ​មេរោគ​នៃ​ជំងឺ​អេដស៍​នេះ បាន​អះអាង​ថា​ ពួក​គេ​មាន​ការ​យល់​ដឹង​ពី​ការ​ចម្លង​របស់មេរោគ​នេះនា​ពេល​កន្លង​មក។​ លោក​ប៉ាន់​ស្មាន​ថា ការ​ឆ្លង​មេរោគ​នេះ​អាច​កើត​ឡើង​ក្នុង​អំឡុង​ពី​៦​ទៅ​៨​ខែ​ប៉ុណ្ណោះ​ ហើយ​មិន​ទាន់​មាន​របាយ​ការណ៍​ពី​ជន​រង​គ្រោះ​ដល់​ជីវិត​នៅ​ឡើយ​ទេ៕