ជារៀងរាល់ឆ្នាំនៅពេលពិធីបុណ្យរំឮកខួបថ្ងៃទី៧ខែមករាលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភា តែងតែបានចូលរួមនិងថ្លែងសុន្ទរកថាបើទោះបីជាពេលខ្លះលោកត្រូវបានគេគ្រាហ៍ចេញពីរថយន្តក៏ដោយ។
នៅក្នុងឆ្នាំនេះជាខួបលើកទី៣៦ឆ្នាំនៃថ្ងៃទី៧ខែមករា ដែលគណបក្សប្រជាជនកម្ពុជាចាត់ទុកថាជាថ្ងៃរំដោះប្រទេសចេញពីរបបខ្មែរក្រហម តែគណបក្សប្រឆាំងវិញបាន ចាត់ទុកថាជាថ្ងៃកងទ័ពវៀតណាមបានចូលឈ្លានពានប្រទេសកម្ពុជានោះ។ លោក ជា ស៊ីម មិនមានវត្តមានមកចូលរួមដូចលើកមុនៗទេ។
មជ្ឈដ្ឋានមួយចំនួនក្នុងប្រទេសកម្ពុជាបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខភាពលោក ជា ស៊ីម ដោយសារលោក មានវ័យចំណាស់និងកំពុងមានជំងឺប្រចាំកាយ។
លោក យឹម លាង ប្រធានអង្គរក្ស និង ជានាយករងខុទ្ទកាល័យ លោក ជា ស៊ីម មានប្រសាសន៍ថាការមិនបង្ហាញមុខជាសាធារណៈរបស់លោកជា ស៊ីមកន្លងមកដោយសារតែលោកមានជំងឺផ្តាសាយយ៉ាងធ្ងន់ធ្ងរ។
លោកមានប្រសាសន៍ថាលោក ជា ស៊ីម បានធូរសះស្បើយ អាចនិយាយបាននិងទទួលជួបសវនាការភ្ញៀវបានឡើងវិញហើយ។
លោកនិយាយថាបើមិនជឿលោកនឹងនាំមកជួបលោក ជា ស៊ីម ដើម្បីឱ្យឃើញពីសុខភាពលោកផ្ទាល់នឹងភ្នែកថាលោកមានសុខភាពយ៉ាងណា។
លោកមានប្រសាសន៍ថា៖«ផ្តាសាយធំ លេបថ្នាំផ្តាសាយទៅទន់ ឥឡូវប្រហែលជាធូរហើយពីព្រោះប្រើថ្នាំប្រហែលជាខ្ទង់បានមួយសប្តាហ៍ហើយ ធូរហើយ។មិនជឿ មិនអីបើចង់ជួបផ្ទាល់មក អត់អីទេ ជូនទៅជួបកុំឱ្យចេះតែឮពាក្យចចាមអារាម»។
មួយរយៈនៃការបាត់មុនលោក ជា ស៊ីម ជាសាធារណៈត្រូវបានមជ្ឈដ្ឋានមួយចំនួននិយាយថាលោកប្រហែលជាធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងពេលណាៗទាំងអស់រហូតដល់បាត់បង់ការចងចាំក៏មាន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនិង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថាលោក ជា ស៊ីម គ្រាន់តែចុះខ្សោយសុខភាពតែប៉ុណ្ណោះ តែលោកមិនមានអ្វីធ្ងន់ធ្ងរទេ។
លោកនិយាយថា៖«គាត់មិនមានអ្វីទេ គាត់ឈឺប្រក្រតី ដូចពីមុនៗអញ្ចឹង ក៏ប៉ុន្តែក្នុងការចល័តលោកពីកន្លែងមួយទៅកន្លែងមួយមានការលំបាកតែប៉ុណ្ណឹង»។
លោក ជា ស៊ីម អាយុ ៨៣ ឆ្នាំ មានស្រុកកំណើតនៅស្រុក រមាសហែក ខេត្តស្វាយរៀង។ លោកជាអតីតប្រធានរដ្ឋសភា ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៨។ លោកត្រូវបានផ្លាស់តួនាទីឱ្យទៅកាន់ប្រធានព្រឹទ្ធសភាវិញចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោក បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ស្រី ញ៉ែម សឿន កាលពីអំឡុងឆ្នាំ១៩៥៥ និងមានកូនចំនួន៧នាក់ ក្នុងនោះកូនប្រុសចំនួន ៤នាក់ និងកូន ស្រី ចំនួន៣នាក់។នេះបើតាមគេហទំព័ររបស់សារព័ត៌មានក្នុងស្រុក។
លោកទទួលបានគោរម្យងារពីព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម កាលពីអំឡុងឆ្នាំ២០០៧ និងបានតែងតាំងជានាយឧត្តមសេនីយ៍ផ្កាយមាស៥កាលពីខែធ្នូ ឆ្នាំ២០០៩៕