មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថាលោក ជា ស៊ីម ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា បានទទួលការវះកាត់ផ្នែកខ្លះមួយចំនួននៅក្នុងរាងកាយក្នុងពេលដែលលោកបានសម្រាកព្យាបាលដ៏យូរនៅក្នុងប្រទេសកុម្មុយនិស្តវៀតណាម។
លោក យឹម លាង ប្រធានអង្គរក្សផ្ទាល់លោកជា ស៊ីម បានទទួលស្គាល់ថា លោក ជា ស៊ីម ពិតជាបានវះកាត់ផ្នែកខ្លះនៃរាងកាយរបស់លោកមួយចំនួនពិតមែន តែលោកមិនបានធ្វើអត្ថាធិប្បាយលម្អិតអំពីផ្នែកណាខ្លះនៃរាងកាយដែលលោក ជា ស៊ីម បានត្រូវធ្វើការវះកាត់នោះទេ។
លោកបាននិយាយថាក្រុមគ្រូពេទ្យវៀតណាមគ្រាន់តែបានវះកាត់យកផ្នែកស្នាមរបួសចាស់ចេញពីរាងកាយលោកជា ស៊ីម តែប៉ុណ្ណោះ។
លោកនិយាយថា៖«គ្រាន់តែយើងមើលជួសកន្លែងណាមិនល្អចេញ គ្រាន់តែវះបង្វៀង»។
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលជំងឺនៅក្នុងប្រទេសវៀតណាមចាប់តាំងពីចុងឆ្នាំ២០១៤។ លោកបានបាត់មុខជាសាធារណៈអស់មួយរយៈពេលដ៏យូរដោយសារតែស្ថានជំងឺនៃវ័យចាស់ជរា របស់លោក។
លោក យឹម លាង បានបញ្ជាក់ថាលោកជា ស៊ីម បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយដោយស្ថានភាពជំងឺបានល្អប្រសើរជាងមុន។ លោកបាននិយាយថាលោក ជា ស៊ីម អាចដើរបាននិងអាចបំពេញការងារបានខ្លះៗ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនបានធ្វើអត្ថាធិប្បាយជុំវិញជំងឺរបស់លោកជា ស៊ីមទេ។
លោកនិយាយថា៖ «អត់ដឹងសោះ។ ខ្ញុំ ដឹងថាគាត់អញ្ជើញទៅវៀតណាម។ គ្រាន់តែឮៗវាមិនផ្លូវការ។ អញ្ចឹង វាមិនដឹងការពិតយ៉ាងម៉េច»។
លោក ម៉ម សារិន នាយកខុទ្ទកាល័យលោកជា ស៊ីម មិនបានធ្វើអត្ថាធិប្បាយទេដោយលោកនិយាយថាកំពុងជាប់រវល់។ ចំណែក លោក ប៉ក់ វិជិត នាយករងខុទ្ទកាល័យបានបញ្ជាក់ថាមិនដែលបានជួបលោក ជា ស៊ីមនៅក្នុងរយៈពេលចុងក្រោយនេះ។
លោក និយាយថា៖«មិនដែលបានជួបគាត់។ ខ្ញុំអត់មានការងារអ្វីជាមួយគាត់ផងហ្នឹង»។
លោក ជា ស៊ីម អាយុ៨៣ឆ្នាំ ប្រធានគណបក្សប្រជាជនកម្ពុជាមិនបានបង្ហាញមុខតាំងពីខួបលើកទី៣៦ ឆ្នាំដែលគណបក្សប្រជាជនកម្ពុជាបានរំលឹកថាជាថ្ងៃជ័យជម្នះថ្ងៃ៧ ខែមករា។ ហើយក្រោយមកនៅពេលដែលគណបក្សនេះធ្វើមហាសន្និបាតកាលពី ចុងខែមករាក៏លោកមិនមានវត្តមានដែរ។
មានមេដឹកនាំជាន់ខ្ពស់សំខាន់ៗចំនួនពីរនាក់ហើយ បានធ្លាក់ខ្លួនឈឺ យ៉ាងទម្ងន់ នៅក្នុងប្រទេសកម្ពុជាគឺលោក ជា ស៊ីម និង លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
លោក ប៉ែន សុវណ្ណ អាយុ ៧៩ ឆ្នាំ មានជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាលកាលពីថ្ងៃទី១៧ខែមករានៅ គេហដ្ឋានរបស់លោកក្នុងខេត្តតាកែវ។ បន្ទាប់ពីបានវិលត្រឡប់ពីព្យាបាលនៅប្រទេសសិង្ហបុរី លោកស្ថិតនៅក្នុងស្ថានភាពជំងឺស្លាប់មួយចំហៀងខ្លួននិងនិយាយមិនទាន់បាន។
បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានឱ្យដឹងថាលោក ប៉ែន សុវណ្ណ ត្រូវបានដឹកចេញពីមន្ទីរពេទ្យឯកជនមួយនៅក្នុងទីក្រុងភ្នំពេញយកទៅថែរក្សានៅខេត្តតាកែវដែលជាស្រុកកំណើតរបស់លោក៕