ការស្លាប់​របស់​លោក Chadwick Boseman បន្សល់​ទុក​នូវ​ស្លាកស្នាម​គួរ​ឲ្យ​សង្វេគ​មួយ​សម្រាប់​ឆ្នាំ២០២០​ដ៏​អាប់អ៊ួរ

រូបឯកសារ៖ លោក Chadwick Boseman ចូលរួមកម្មវិធីមហោស្រពតន្ត្រី American Music Awards កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុង Los Angeles រដ្ឋ California។

ទីក្រុង Los Angeles — មក​ទល់​ពេល​នេះ ឆ្នាំ ២០២០ គឺ​ពោរពេញ​ទៅ​ដោយ​ដំណឹង​អាក្រក់ និង​សោកនាដកម្ម ដោយ​មាន​ការស្លាប់​របស់​ជន​ស្បែក​ខ្មៅ​ល្បី​ឈ្មោះ​មួយ​ចំនួន រួម​មានកីឡាករ​បាល់បោះ​លោក Kobe Bryant សមាជិក​រដ្ឋ​សភា​លោក John Lewis ហើយ​នា​ពេល​ថ្មីៗ​នេះ គឺ​លោក Chadwick Boseman ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​សីហា​កន្លង​ទៅ​នេះ។

បុគ្គល​ទាំង​បី​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាមេដឹក​នាំ​ក្នុង​វិស័យ​កីឡា នយោបាយ និង​ភាពយន្ត ដែល​វិស័យទាំង​បី​នេះត្រូវបាន​មនុស្ស​ទូទៅ ជាពិសេស​សហគមន៍​ជនស្បែក​ខ្មៅជាញឹកញាប់​ងាក​មក​រក​ដើម្បី​បាន​ការជំរុញ​ទឹកចិត្តអំឡុងពេល​នៃ​ឆ្នាំ​មួយ ដែល​ប្រកប​ទៅ​ដោយ​ភាពតានតឹង​ផ្នែក​ពូជសាសន៍ និង​បាតុកម្ម​ប្រឆាំង​នឹង​ភាពឃោរឃៅ​របស់​ប៉ូលិស​មក​លើ​ជន​ស្បែក​ខ្មៅ។

ប៉ុន្តែ សម្រាប់​មនុស្ស​មួយ​ចំនួន ការបាត់បង់​នូវ​បុគ្គល​ល្បី​ឈ្មោះ​ដូចជា លោក Boseman គឺ​មាន​ការប៉ះពាល់​ខ្លាំង។ តារា​សម្តែង ដែល​បាន​ដើរតួ​នៅ​ក្នុង​ភាពយន្ត​អំពី​វីរបុរស​របស់​ក្រុមហ៊ុន​ភាពយន្ត Marvel ឈ្មោះ​ថា «Black Panther» បាន​ស្លាប់​នៅ​វ័យ ៤៣​ឆ្នាំ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង Los Angeles បន្ទាប់ពី​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀន​ធំ​ដោយ​ស្ងៀមស្ងាត់​ អស់រយៈ​ពេល​បួន​ឆ្នាំ។

លោក Al Sharpton ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​ពលរដ្ឋ​អាមេរិកាំង​មួយ​រូប​ បាន​ថ្លែង​ក្នុង​សម្តីដើម​ថា៖ «ពួកគេ​ទាំងនោះ ជា​សសរ​ទ្រូង​នៃ​សហគមន៍​យើង។ នៅ​ក្នុង​អំឡុងពេល​មាន​អស្ថិរភាព អ្នក​ពឹង​ផ្អែក​លើ​សសរទ្រូង​ទាំង​នេះ។ វា​ជា​រឿងអាក្រក់​ទៅ​ហើយ នៅ​ពេល​ដែល​មាន​ព្យុះ​នៅ​ខាង​ក្រៅ ហើយ​អ្នក​ឮ​សំឡេង​រន្ទះ និងផ្គរ។ ហើយ​វា​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត នៅ​ពេល​ដែល​សសរ​ទ្រូង ដែល​អ្នក​កំពុង​តែ​សាងសង់ និងពឹង​អាស្រ័យ រង​ការ​រញ្ជួយ។ វា​ដូចជាអ្វី​មួយ​កំពុង​តែ​ធ្វើ​ឲ្យ​មូលដ្ឋាន​គ្រឹះ​របស់​យើង​សឹក​រិចរិល។ អគារ​ទាំង​មូល​កំពុង​តែ​រង្គើ ដោយសារ​តែ​ទម្រ និង​អ្វី​ដែល​ការពារ​យើង​ពី​ព្យុះ​នេះ​ ត្រូវ​បាន​ដក​ចេញ»។

លោក Sharpton បាន​ហៅ​លោក Boseman ថា​ជា​សសរ​ទ្រូង​ដ៏​សំខាន់​មួយ ដែល​ផ្តល់​ភាព​ជា​មនុស្ស​ជាតិ​ដល់​ជនស្បែកខ្មៅ​ នៅ​ក្នុង​តួនាទី​ជា​តារាសម្តែង​របស់​លោក ហើយ​នេះ​ក៏​មាន​រួម​បញ្ចូល​កីឡាករ​វាយ​កូនបាល់ baseball លោក Jackie Robinson ដែល​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​ជនស្បែកខ្មៅ​នៅ​ក្នុង​កីឡា​នេះ តារាចម្រៀង​ជើង​ចាស់​លោក James Brown និង​ចៅក្រម​តុលាការ​កំពូល​អាមេរិក ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ដំបូង​គេ គឺ​លោក Thurgood Marshall ផងដែរ។

ក្រុម​គ្រួសារ​របស់​លោក Boseman បាន​និយាយ​ថា លោក​ទ្រាំទ្រ​នឹង «ការវះកាត់​និង​ការ​ព្យាបាល​ដោយ​ចាក់បញ្ចូល​ថ្នាំ​គីមី​ជា​ច្រើន​លើក​ច្រើន​សារ» ខណៈ​ពេល​លោក​ដើរ​តួ​ជា​ព្រះ​មហាក្សត្រ T'Challa នៃ​ព្រះរាជាណាចក្រ​ប្រឌិត​មួយ​ឈ្មោះ​ថា Wakanda នៅ​ក្នុង​ភាពយន្ត «Black Panther» ដែល​ជាប់​ក្នុង​បញ្ជី​ប្រកួត​ប្រជែង​ពានរង្វាន់ Oscar និង​ដែល​ជា​ភាពយន្ត​មួយ​បង្ហាញ​ថា ជនស្បែកខ្មៅ ក៏​អាច​ដើរ​តួ​ជា​តួឯក​នៅ​ក្នុង​ភាពយន្ត​វីរបុរស​ដ៏​ជោគជ័យ​មួយ​ផង​ដែរ។

កុមារឈ្មោះ Mason Wilkes អាយុ ៤ ឆ្នាំ ពាក់សម្លៀកបំពាក់ជាតួអង្គ «Black Panther» ដែលសម្តែងដោយលោក Chadwick Boseman ក្នុងពិធីរំឭកវិញ្ញាណក្ខន្ធលោក Boseman នៅទីក្រុង Anderson រដ្ឋ South Carolina កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០។

លោក Al Sharpton បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖ «មរណភាព​របស់​លោក Boseman នៅ​ចំ​ពេល​ដែល​យើង​កំពុង​តែ​រងការ​ប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​កូវីដ១៩ និង​ការ​វាយប្រហារ​នានា​ពី​សំណាក់​អាជ្ញាធរ ហើយ​ការ​បាត់បង់​មនុស្ស​ដែល​ជា​និមិត្ត​រូប​មួយ​ដែល​នាំ​យើង​ទៅ​កាន់​ព្រះរាជាណាចក្រ Wakanda នោះ វា​ពិត​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកសង្រេង​ណាស់។ នៅ​ពេល​ឮ​ថា វីរបុរស​របស់​យើង ដែល​ជា​ក្តី​សង្ឃឹម បាន​លាចាក​លោក​នោះ វា​ពិត​ជា​សោកសង្រេង​ខ្លាំង​ណាស់»។

កីឡាករ​បាល់បោះ​លោក LeBron James ប្រចាំ​ក្រុម Los Angeles Lakers បាន​និយាយ​ថា លោក Boseman បាន​ឈាន​ជើង​ចូល​ក្នុង​ឆាក​មួយ ដែល​តារាសម្តែង​ស្បែក​ខ្មៅ​ជាច្រើន មិនមាន​ឱកាស​ទទួល​បាន​ពី​មុន​មក។ ហើយ​សមត្ថភាព​របស់​លោក​នៅ​ក្នុង​ការ​បញ្ចេញ​ភាព​រស់រវើក​នៅ​លើ​ឆាក​នោះ បាន​ធ្វើ​ឲ្យ​តួអង្គ​ពី​សៀវភៅ​តុក្កតា​កា្លយ​ជា​តួអង្គ​មាន​ជីវិត​មួយ​ សម្រាប់​សហគមន៍​ជនស្បែកខ្មៅ។

លោក LeBron James បាន​និយាយ​បន្ត ដោយ​លោក​និយាយ​សំដៅ​ទៅ​លើការ​បាត់បង់​ «តួអង្គ Black Panther និង Black Mamba ដែល​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​កីឡាករ​បាល់​បោះ​ Kobe Bryant នៅ​ក្នុង​ឆ្នាំ​តែ​មួយ យ៉ាង​ដូច្នេះ​ថា៖

«ទោះ​បី​ជា​យើង​ដឹង​ថា វា​ជា​រឿង​ប្រឌិត​ក៏​ដោយ ប៉ុន្តែ​វា​ហាក់​ដូចជា រឿង​ពិត​អ៊ីចឹង។ វាហាក់ដូច​ជា​បង្ហាញ​ថា នៅ​ទី​បំផុត យើង​មាន​វីរបុរស​ជា​ជន​ស្បែក​ខ្មៅ ហើយ​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​បាប​យើង​បាន​នោះ​ទេ។ ដូច្នេះ​ ការ​បាត់បង់​ដូច​នេះ វា​ជា​រឿង​គួរ​ឲ្យ​សោកសៅ​សម្រាប់​សហគមន៍​របស់​យើង»។

កាលពី​ខែ​មករា កីឡាករ​បាល់​បោះ​លោក Kobe Bryant បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​ជាមួយ​នឹង​មនុស្ស​ប្រាំបី​នាក់​ផ្សេង​ទៀត ដែល​ក្នុង​នោះ​ រួម​មាន​កូន​ស្រីវ័យ ១៣ ​ឆ្នាំ​របស់​លោក ឈ្មោះ Gianna ផង​ដែរ។ សមាជិក​រដ្ឋ​សភា​លោក John Lewis បាន​ស្លាប់​កាល​ពី​ខែ​កក្កដា បន្ទាប់​ពី​លោក​ត្រូវ​បាន​រក​ឃើញថា កើត​ជំងឺ​មហារីក​លំពែង​កាលពី​ឆ្នាំ​មុន។

ការ​ស្លាប់​របស់​បុគ្គល​ល្បីៗ​ដទៃ​ទៀត​នៅក្នុង​ឆ្នាំ​នេះ ​រួម​មាន តារា​សម្តែង​ស្រី Naya Rivera មេដឹកនាំ​ចលនា​សិទ្ធិ​ជនស៊ីវិល​ C.T. Vivian អ្នក​ដឹកនាំ​ផ្នែក​តន្រ្តី​លោក Andre Harrell និង​គ្រូបង្វឹក​ក្រុម​កីឡា​បាល់បោះ​នៃ​សាកល​វិទ្យាល័យ Georgetown ដ៏​ល្បី​ឈ្មោះ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តារាង Hall of Fame គឺ​លោក John Thompson។ ​លោក John Thompson គឺជា​គ្រូ​បង្វឹក​ស្បែក​ខ្មៅ​ដំបូង​គេ ដែល​បាន​ដឹកនាំ​ក្រុម​របស់​លោក​ឲ្យ​ឈ្នះ​ពានរង្វាន់​បាល់បោះ​ថ្នាក់​សាកល​វិទ្យាល័យ NCAA championship និង​ចាត់ទុក​ការសិក្សា​ជា​អាទិភាព​សម្រាប់​កីឡាករ​របស់​លោក។

កីឡាករ​បាល់បោះ​លោក Giannis Antetokounmpo នៃ​ក្រុម​បាល់បោះ Milwakee Bucks ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ឆ្នាំ២០២០​នេះ មាន​រឿង​ល្អ និង​រឿង​អាក្រក់​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា» ដោយ​លោក​ថ្លែង​បន្ថែម​ថា ការ​ស្លាប់​របស់​លោក Boseman បាន​បន្សល់​ទុក «នូវ​អ្វីៗជា​ច្រើន»។

សកម្មជន​លោក Martin Luther King III បាន​ហៅ​ការ​ស្លាប់​របស់​លោក Boseman ថា ជា «ការ​បាត់បង់​ដ៏​ធំ» មួយ​ទៀត។ ប៉ុន្តែ លោក​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្សម្នា កុំបោះបង់​ក្តីសង្ឃឹម នៅក្នុង​អំឡុង​ឆ្នាំ​ដ៏​ច្របូកច្របល់​មួយ​នេះ។

កូន​ប្រុស​របស់​លោក Martin Luther King Jr. មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ​ដ៏​ល្បីល្បាញ​រូប​នេះ​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «យើង​អាច​និយាយ​យ៉ាងស្រួល​ថា «អូ! ព្រះអើយ។ នេះ​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​មួយ។ ប៉ុន្តែ ខ្ញុំ​មិន​និយាយ​ដូច្នេះ​ទេ។ ដូនតា​របស់​យើង​បាន​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន។ យ៉ាង​ណាក្តី​ នៅ​ទី​បំផុត យើង​នៅតែ​នៅ​ទី​នេះ។ យើង​មិនមាន​កន្លែង​ផ្សេង​ដែល​យើង​ត្រូវ​ទៅ​នោះ​ទេ។ ហើយ​យើង​តែងតែ​ដើរ​ទៅ​មុខ​ជា​និច្ច»។

លោក Gil Robertson សហស្ថាបនិក និង​ប្រធាន​សហព័ន្ធ​អ្នក​វាយតម្លៃ​ភាពយន្ត​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក បាន​និយាយ​ថា ជន​ស្បែក​ខ្មៅ​កំពុង​ស្ថិត​នៅ​លើ​ចំណុច​សំខាន់​មួយនៃ​ភាពរស់រាន​មាន​ជីវិត​របស់​ពួកគេ​នៅ​សហរដ្ឋ​អាមេរិក។

លោក Robertson បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«យើង​កំពុង​រង​ការវាយប្រហារ​ពី​គ្រប់ទិសទី។ យើង កំពុង​តែ​បាត់បង់​មនុស្ស​ខ្លាំងៗ។ មនុស្សដែល​ធ្វើការ​ដោយ​សច្ចភាព និង​សុចរិតភាព​ខ្ពស់។ ខ្ញុំ​គិត​ថា នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា សហគមន៍​របស់​យើង​ពិត​ជា​អាច​រួមរួប​គ្នា​បាន។ មិនមែន​រួបរួម ដោយសារ​ត្រឹម​តែ​សម្រាប់​ហេតុផល​តែ​មួយ​នោះ​ទេ គឺ​រួបរួម​គ្នា​ដើម្បី​ស្តារ​សហគមន៍​របស់​យើង​ឡើង​វិញ»៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា