លទ្ធផលនៃជំរឿនសេដ្ឋកិច្ចដែលត្រូវបានដាក់សម្ពោធនៅក្នុងរបាយការណ៍នាថ្ងៃអង្គារនេះ បង្ហាញថា អង្គភាពសេដ្ឋកិច្ចឬអង្គភាពអាជីវកម្ម ឬផ្នែកមួយនៃអង្គភាពអាជីវកម្មនៅកម្ពុជា សរុបទាំងអស់មានចំនួនជាង ៧៥ ម៉ឺនសហគ្រាស ដែលកើនឡើង ៤៩% បើធៀបនឹងជំរឿនសេដ្ឋកិច្ច ដែលធ្វើឡើងកាលពីឆ្នាំ ២០១១ ពោលគឺក្នុងរយៈពេលជាង ១០ ឆ្នាំ។
ជំរឿនសេដ្ឋកិច្ចដែលធ្វើឡើងកាលពីឆ្នាំ ២០១១ បង្ហាញថា អង្គភាពសេដ្ឋកិច្ចនៅកម្ពុជាកាលនោះមានប្រមាណ ៥០៥.០០០ សហគ្រាស ដែលផ្តល់ការងារប្រមាណ ១,៧ លាននាក់។
ក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២» នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ លើកឡើងថា អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២មាន៥២% នៅទីប្រជុំជន និង ៦៩% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។
លោកបន្ថែមថា អង្គភាពសេដ្ឋកិច្ចទាំងអស់បានស្រូបយកកម្លាំងពលកម្មសរុបជិត៣លាននាក់ ក្នុងនោះស្ត្រីមានចំនួន ១,៨៤ លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ នេះ គ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺវិស័យឧស្សាហកម្ម ដែលមាន ៧% និងវិស័យសេវាកម្មដែលមាន ៩៣%។
រដ្ឋមន្រ្តីក្រសួងផែនការបញ្ជាក់ថា៖ «គោលបំណងជាសារវ័ន្តនៃជំរឿនសេដ្ឋកិច្ច គឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ចនិងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាពនិងរចនាសម្ព័ន្ធដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវនិងអ្នកពាក់ព័ន្ធដទៃទៀត»។
បើតាមរបាយការណ៍នៃលទ្ធផលជំរឿន អង្គភាពសេដ្ឋកិច្ចតាមចិញ្ចើមផ្លូវបានកើនឡើងប្រមាណ ៣៥.០០០ សហគ្រាស។ របាយការណ៍បញ្ជាក់ថា៖ «លទ្ធផលជំរឿនសេដ្ឋកិច្ចនេះបានបង្ហាញថា ចំនួនអង្គភាពសេដ្ឋកិច្ចតាមចិញ្ចើមផ្លូវមានអត្រាកំណើនខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចផ្សេងទៀត នៅចន្លោះឆ្នាំ ២០១១ និងឆ្នាំ ២០២២»។
ចំនួនអង្គភាពសេដ្ឋកិច្ចភាគច្រើនគឺមានម្ចាស់ជាជនជាតិកម្ពុជាដែលមានប្រមាណ ៩៩,១%នៃអង្គភាពសេដ្ឋកិច្ចសរុបទាំងអស់នៅប្រទេសកម្ពុជា។ អង្គភាពសេដ្ឋកិច្ចដែលមានម្ចាស់ជាជនជាតិចិនមានប្រមាណ ២.៦០០ សហគ្រាសដែលស្មើ ០,៣% នៃចំនួនអង្គភាពសេដ្ឋកិច្ចសរុបជាង ៧៥ ម៉ឺនសហគ្រាស។ ម្ចាស់ជនជាតិវៀតណាមមានប្រមាណ ១.៦០០ សហគ្រាសស្មើ ០,២% ម្ចាស់ជនជាតិអាស៊ីផ្សេងទៀតមានប្រមាណ ១.២០០ សហគ្រាស និងជនជាតិកូរ៉េខាងត្បូងមានប្រមាណ ៤៤០ សហគ្រាស។
បើតាមរបាយការណ៍ ចំនួនអង្គភាពសេដ្ឋកិច្ចដែលមានអ្នកចូលរួមការងារ ១នាក់ ឬ២នាក់មានប្រមាណ ៦២ ម៉ឺនសហគ្រាស ស្នើនឹង ៨២,៤% នៃអង្គភាពសេដ្ឋកិច្ចសរុប។ ចំនួនអង្គភាពសេដ្ឋកិច្ចដែលមានអ្នកចូលរួមការងារពី៥នាក់ឬច្រើនជាងមានប្រមាណ ៥៣.០០០ សហគ្រាសគឺស្នើនឹង ៧% នៃចំនួនអង្គភាពសេដ្ឋកិច្ចសរុប។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នៃលទ្ធផលជំរឿន នៅថ្ងៃអង្គារនេះថា ទិន្នន័យមានសារៈសំខាន់ណាស់ ព្រោះវាជាផែនទី និងត្រីវិស័យសម្រាប់រៀបចំគោលនយោបាយ និងសេដ្ឋកិច្ច។
លោកថ្លែងថា៖ «នេះគឺជាកិច្ចការសំខាន់ណាស់ ហើយការប្រើប្រាស់ទិន្នន័យក្នុងការវិភាគនេះគឺនៅលើពិភពលោកគឺប្រើ។ យើងអាចនិយាយថា បើគ្មានទិន្នន័យ យើងហាក់ដូចជាស្ថិតនៅចំណុចមួយដែលអាចងាយស្រួលនៅក្នុងការវង្វេងវង្វាន់ មិនអាចដឹងថា នៅជុំវិញយើងស្ថានភាពយ៉ាងណា ឬក៏អាចព្យាករណ៍ថា ទៅមុខមានអី ហើយយើងដើរដល់កន្លែងណា ហើយទៅណាទៀត។ អ៊ីចឹងការគ្រប់គ្រងទិន្នន័យនេះសំខាន់ណាស់ ហើយការប្រើប្រាស់ទិន្នន័យ ក្រុមហ៊ុនច្រើនណាស់នៅលើពិភពលោកបានវិនិយោគទៅលើការធ្វើប្រព័ន្ធទិន្នន័យនេះ»។
បើតាមរបាយការណ៍ អង្គភាពសេដ្ឋកិច្ចទាំងអស់ត្រូវបានរាប់បញ្ចូលនៅក្នុងជំរឿនសេដ្ឋកិច្ចនេះ រួមទាំងផ្សារ រោងចក្រ ក្រុមហ៊ុន សិប្បកម្ម ការលក់ទំនិញតាមប្រព័ន្ធអនឡាញ និងសេវាកម្ម សាលារៀន សកលវិទ្យាល័យ វត្តអារាម វិហារសាសនា មន្ទីរពេទ្យ គ្លីនិកឯកជន និងមណ្ឌលសុខភាពជាដើម។ វិធីសាស្រ្តនៃការធ្វើជំរឿនសេដ្ឋកិច្ចនេះគឺមន្រ្តីសម្ភាសន៍ត្រូវចុះទៅសម្ភាសផ្ទាល់គ្រប់អង្គភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងមណ្ឌលជំរឿន។ ការចុះសម្ភាសនេះធ្វើឡើងតែរយៈពេលមួយខែប៉ុណ្ណោះ គឺនៅក្នុងខែមីនា ឆ្នាំ ២០២២៕