ខណៈដែលអត្រាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិកបន្តកើនឡើង មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង CDC របស់អាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ អាចជួបជុំគ្នាជាមួយអ្នកដទៃដែលចាក់វ៉ាក់សាំងរួចដូចគ្នា នៅខាងក្នុងបន្ទប់បិទជិតដោយមិនបាច់ពាក់ម៉ាស់ ឬរក្សាគម្លាតពីគ្នា។
CDC ក៏បានបញ្ជាក់ដែរថា ពលរដ្ឋដែលចាក់វ៉ាក់សាំងរួច អាចជួបមនុស្សក្មេងៗ និងអ្នកដែលត្រូវបានចាត់ទុកថា មានហានិភ័យទាបចំពោះការកើតជំងឺកូវីដ១៩ធ្ងន់ធ្ងរ។ ការណ៍នេះមានន័យថា ជីដូនជីតាឥឡូវនេះ អាចទៅលេងចៅៗរបស់ពួកគាត់ ទោះបីចៅៗទាំងនោះមិនទាន់បានចាក់វ៉ាក់សាំងក៏ដោយ។
លើសពីនេះទៀត CDC បានបញ្ជាក់ទៀតថា ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច លែងត្រូវធ្វើចត្តាឡីស័កទៀតហើយ បន្ទាប់ពីបានជួបជាមួយមនុស្សដែលមានផ្ទុកកូវីដ១៩។
អ្នកស្រីវេជ្ជបណ្ឌិត Rochelle Walensky នាយកមជ្ឈមណ្ឌល CDC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងដឹងថា ពលរដ្ឋចង់ចាក់វ៉ាក់សាំង ដើម្បីពួកគេអាចវិលទៅធ្វើអ្វីៗជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ»។
CDC បានបញ្ជាក់ទៀតថា អ្នកដែលចាក់វ៉ាក់សាំងរួច គួរបន្តពាក់ម៉ាស់និងរក្សាគម្លាតពីគ្នានៅពេលស្ថិតនៅក្នុងកន្លែងសាធារណៈ។ CDC បានបន្ថែមទៀតថា អ្នកដែលចាក់វ៉ាក់សាំងរួច គួរនៅតែធ្វើតេស្តកូវីដ១៩ ប្រសិនបើពួកគេចេញរោគសញ្ញា។
ដើម្បីឱ្យគេចាត់ទុកថាជាអ្នកបានចាក់វ៉ាក់សាំងរួច CDC ថា មនុស្សម្នាក់គួររង់ចាំ២សប្តាហ៍ក្រោយពីបានទទួលបានការចាក់វ៉ាក់សាំងដូសចុងក្រោយ។ នៅពេលនេះមានវ៉ាក់សាំង៣ប្រភេទនៅសហរដ្ឋអាមេរិក គឺវ៉ាក់សាំង Pfizer និងវ៉ាក់សាំង Moderna ដែលតម្រូវឱ្យចាក់២ដូស និងវ៉ាក់សាំង Johnson & Johnson ដែលតម្រូវឲ្យចាក់តែ១ដូស។
មកទល់នឹងពេលនេះ មានពលរដ្ឋអាមេរិក៣០លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស៕