នាយក ​CDC ​អាមេរិក​ថា​វីរុស​ដែលតា​«ជា​វីរុស​ធ្វើ​ឲ្យ​រលាក​ផ្លូវ​ដង្ហើម​ឆ្លង​ខ្លាំង​បំផុត»​

បុរស​ម្នាក់​ដែល​ពាក់​ម៉ាស់​កាន់​បដា​បង្ហាញ​ផ្លូវ​ទៅ​កាន់​គ្លីនិក​ចាក់​វ៉ាក់សាំង​ចល័ត​​មួយ​កន្លែង​នៅ​ទី​ក្រុង Los Angeles រដ្ឋ California កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១។

អ្នកស្រី​ Rochelle Walensky ​នាយក​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​(CDC)​ សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា វីរុសជំងឺ​កូវីដ១៩បំប្លែង​ថ្មីដែលតា ​(Delta)​ «ជា​វីរុស​ប៉ះពាល់​ផ្លូវ​ដង្ហើម​ឆ្លង​ខ្លាំង​បំផុត​មួយ​ដែល​យើង​បាន​ដឹង​ហើយ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​នៃ​អាជីព​របស់​ខ្ញុំ»។​

ក្រុម​មន្ត្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​ជំរុញ​ប្រជា​ពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​បំប្លែងថ្មី​ហើយ​នឹង​ទប់​ស្កាត់​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា។​

ប្រទេស​ចិន​មិន​សប្បាយ​ចិត្ត​នឹង​អង្គការ​សុខភាព​ពិភពលោក​ដែល​ចង់​បន្ត​ស៊ើប​អង្កេត​ថា​តើ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩លេច​ចេញ​ពី​មន្ទីរ​ពិសោធន៍​នៅ​ទីក្រុង​វូហាន (Wuhan) ​ឬ​យ៉ាង​ណា​ដែល​នាំ​ឲ្យ​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ទូទាំង​ពិភពលោក។​

លោក​ Zeng Yixin​ អនុ​រដ្ឋមន្ត្រី​គណៈ​កម្មការ​សុខាភិបាល​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​សំណើ​របស់​អង្គការ​សុខភាព​ពិភពលោក​ធ្វើការ​ស៊ើប​អង្កេត​ការ​លេច​ធ្លាយ​វីរុស​ពីមន្ទីរ​ពិសោធន៍​របស់​ចិន​ដែល​ជា​ប្រភព​នៃ​ការ​ផ្ទុះ​ទូទាំង​សាកល​លោក​នោះ​គឺ​ខ្វះ​«ការ​គោរព​សុភវិនិច្ឆ័យ​និង​ជា​ឥរិយាបទ​ច្រឡោង​ខាម​ចំពោះ​វិទ្យាសាស្ត្រ»។​លោក​និយាយ​ទៀត​ថា​ចិន​មិន​អាច​ទទួល​យក​ផែនការ​បែប​នេះ​ទេ។​

ការ​ស៊ើបអង្កេត​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន​និង​អង្គការ​សុខភាព​នៅ​ដើម​ឆ្នាំ​នេះ​បាន​សន្និដ្ឋាន​ថា​ វា​មិន​ទំនងទាល់​តែសោះ​ថា​ការ​លេច​ធ្លាយ​ពី​មន្ទីរ​ពិសោធន៍​វូហាន​ជា​ប្រភព​នៃ​វីរុស​នោះ។​ទោះ​ជាយ៉ាង​ណាក៏​ដោយ​ ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​និយាយ​ថា​ពួក​អ្នក​វិទ្យាសាស្ត្រ​ចិន​មាន​ឥទ្ធិពល​ខ្លាំង​ពេក​នៅ​ក្នុង​ការ​សម្រេច​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ។​

មជ្ឈមណ្ឌល​ Johns Hopkins​ បាន​រាយ​ការណ៍​នៅ​ថ្ងៃសុក្រ​ថា​មាន​ការឆ្លង​វីរុស​កូរ៉ូណា​សរុប​ចំនួន​១៩២​លាន​៥សែន​ករណី​នៅ​លើ​ពិភពលោក​ហើយ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៤លាននាក់៕