ការបិទកន្លែងផ្ទុកទំនិញក្នុងកប៉ាល់និងយកទំនិញចេញពីនាវាមានឡើង នៅក្រោយការវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុនប្រតិបត្តិករកំពង់ផែធំទីពីររបស់អូស្ត្រាលី។ ក្រុមហ៊ុន DP World Australia បាននិយាយថា ខ្លួនបានដឹងអំពីសកម្មភាពមិនល្អនៅក្នុងបណ្តាញកុំព្យូទ័ររបស់ខ្លួនកាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកាហើយបានបិទប្រព័ន្ធរបស់ខ្លួនជាការឆ្លើយតប។
ក្រុមហ៊ុនដឹកជញ្ជូនទំនិញនេះចាត់ចែងប្រហែល ៤០% នៃទំនិញទាំងអស់ដឹកចូលនិងដឹកចេញពីអូស្ត្រាលី។ កន្លែងផ្ទុកទំនិញក្នុងកប៉ាល់និងយកទំនិញចេញពីនាវានៅក្រុង Brisbane, Melbourne, Sydney និងក្រុង Fremantle ក្នុងរដ្ឋ Western Australia មានផលប៉ះពាល់ ដោយបន្សល់ទុកទំនិញនិងកុងទីន័រជាប់គាំងនៅលើផែ។
ប្រភេទជាក់លាក់នៃការវាយប្រហារនេះមិនត្រូវបានប្រាប់ឱ្យដឹងជាសាធារណៈទេ តែពួកអ្នកជំនាញនិយាយថា ពួកចោរព័ត៌មានវិទ្យាប្រហែលទាមទារប្រាក់លោះ។ អាជ្ញាធរបានថ្លែងថា ការរកឱ្យឃើញអ្នកទទួលខុសត្រូវនឹងចំណាយពេលយូរ។
អ្នកសម្របសម្រួលខាងសន្តិសុខអ៊ីនធឺណិតជាតិនៃប្រទេសអូស្ត្រាលីពោលថា លំហូរទំនិញចូលនិងចេញពីប្រទេសទំនងជាត្រូវបង្អាក់ច្រើនថ្ងៃ។ អាជ្ញាធរបាននិយាយថា ការឆ្លើយតបគ្រប់គ្រងកិច្ចការគ្រាមានវិបត្តិជាតិត្រូវប្រើនៅពេលមានការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានយកប្រើជាសកម្មជាការឆ្លើយតបនឹងការប្រព្រឹត្តបទល្មើសនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសន្តិសុខអ៊ីនធឺណិត លោកស្រី Clare O’Neil បាននិយាយប្រាប់បណ្តាញព័ត៌មានក្នុងប្រទេសកាលពីថ្ងៃចន្ទថា មានការប្រឹងប្រែងធ្វើឱ្យប្រាកដថាប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុននេះអាចមានដំណើរការដោយសុវត្ថិភាព។
លោកស្រីថ្លែងថា៖ «ក្រុមហ៊ុន DP World បានធ្វើការជាមួយរដ្ឋាភិបាលដើម្បីព្យាយាមដោះស្រាយបញ្ហានេះនិងធ្វើឱ្យប្រាកដប្រជាថាការណ៍នេះមិនប៉ះពាល់ខ្លាំងលើជនជាតិអូស្ត្រាលី។ ការណ៍នេះបង្ហាញថា យើងអាចងាយរងគ្រោះនៅក្នុងប្រទេសនេះដោយសារឧប្បត្តិហេតុតាមអ៊ីនធឺណិត»។
កាលពីឆ្នាំទៅ ក្រុមហ៊ុនធំៗខាងថែទាំសុខភាពនិងខាងទូរគមនាគមន៍បានរងគ្រោះដោយសារការប្រព្រឹត្តបទល្មើសទិន្នន័យធំបំផុតក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ