នៅទូទាំងសហរដ្ឋអាមេរិក ពួកបេក្ខជនកំពុងធ្វើការអង្វករចុងក្រោយដល់ពួកអ្នកបោះឆ្នោតមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃអង្គារនេះ។ ការប្រកួតប្រជែងគ្នានេះនឹងសម្រេច ថាតើគណបក្សណានឹងត្រួតត្រាសភានិមួយៗរបស់សហរដ្ឋអាមេរិកនៅក្នុងការកាន់តំណែងរយៈពេល២ឆ្នាំចុងក្រោយរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា។ ការស្ទង់មតិសាធារណៈនៅពេលថ្មីៗនេះបានបង្ហាញថា អ្នកបោះឆ្នោតហាក់ដូចជាមានទំនោររកគណបក្សសាធារណរដ្ឋ នៅពេលដែលយុទ្ធនាការបោះឆ្នោតខិតចូលទីបញ្ចប់។
នេះជាពេលវេលាដ៏សំខាន់សម្រាប់ពួកបេក្ខជនដែលកំពុងស្វះស្វែងប្រមូលពួកអ្នកគាំទ្រហើយនឹងបញ្ចុះបញ្ចូលពួកអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តបោះឆ្នោតឲ្យគណបក្សណា។ លោកស្រី Michelle Nunn បេក្ខជនព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យរបស់រដ្ឋ Georgia និយាយថា៖
«យើងកំពុងដាស់តឿនមនុស្សគ្រប់គ្នាអំពីអំណាចដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងការបោះឆ្នោតនេះ ដោយចេញទៅបោះឆ្នោត»។
សូមទស្សនាការឆ្លើយឆ្លងអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖
Your browser doesn’t support HTML5
គណបក្សទាំង២បានបញ្ចេញបេក្ខជនល្បីៗបំផុតរបស់ខ្លួននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដូចជា លោក Mitt Romney និងលោក John McCain អតីតបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ហើយខាងគណបក្សប្រជាធិបតេយ្យមានអតីតប្រធានាធិបតី Bill Clinton និងលោកស្រី Hillary Clinton អតីតរដ្ឋមន្រ្តីការបរទេស។
អវត្តមានគួរឲ្យកត់សម្គាល់ពីយុទ្ធនាការខាងគណប្រជាធិបតេយ្យភាគច្រើនគឺ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលចំនួនគាំទ្រការងាររបស់លោកបានធ្លាក់ចុះ ធ្វើឲ្យប៉ះពាល់ដល់សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យដែលដាក់ខ្លួនពួកគេឲ្យឆ្ងាយពីសេតវិមាន។ ទោះជាយ៉ាងណាក៏ដោយ លោកអូបាម៉ាបានធ្វើយុទ្ធនាការនៅក្នុងរដ្ឋ Michigan កាលពីសប្តាហ៍មុន។
«ខ្ញុំចង់ប្រាប់អស់លោកអ្នកថា តើហេតុអ្វីបានជាអស់លោកអ្នកចាំបាច់បោះឆ្នោត។ប្រទេសនេះបានធ្វើឲ្យមានការជឿនលឿនពិតប្រាកដចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរក្នុងមួយជីវិតរបស់យើងនេះ។ ជាង៤ឆ្នាំកន្លះកន្លងមកនេះ យើងបានឃើញពាណិជ្ជកម្មអាមេរិកាំង បង្កើតការងារថ្មីជាង១០លាន។ ជាង៦ខែកន្លងមកនេះ សេដ្ឋកិច្ចរបស់យើងបានរីកលូតលាស់ក្នុងល្បឿនលឿនបំផុតនៅក្នុងរយៈពេលជាង១០ឆ្នាំនេះ»។
លោក Norm Ornstein អ្នកវិភាគខាងនយោបាយ និយាយថា៖
«ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានដឹងខ្លួនថា លោកស្ថិតក្នុងស្ថានភាពដូចជាអតីតប្រធានាធិបតី George W. Bush កាលពី៦ឆ្នាំមុនដែរ។ បេក្ខជនគណបក្សរបស់លោកជាច្រើនមិនបានស្វាគមន៍វត្តមានរបស់លោក លើកលែងតែក្នុងពិធីរៃអង្កៀសប្រាក់។ ពួកគេមិនចង់ឲ្យប្រធានាធិបតីនៅក្បែរពួកគេទេ»។
ម៉្យាងវិញទៀត ពួកខាងគណបក្សសាធារណរដ្ឋបានស្វះស្វែងភ្ជាប់គូប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់ខ្លួនទៅនឹងប្រធានាធិបតី។ បេក្ខជនព្រឹទ្ធសភា Scott Brown ក្នុងរដ្ឋ New Hampshire និយាយថា៖
«របៀបវារៈលោក Obama និង Shaheen បញ្ចប់នៅទីនេះ នៅពេលឥឡូវនេះ»។
ពួកខាងគណបក្សសាធារណរដ្ឋត្រូវគេរំពឹងយ៉ាងខ្លាំងនឹងរក្សាការត្រួតត្រានៅសភាតំណាងរាស្រ្ត។ នៅក្នុងព្រឹទ្ធសភា ពួកគេត្រូវការបង្កើនអាសនៈចំនួន៦ទៀតដើម្បីដណ្តើមការត្រួតត្រាពីគណបក្សប្រជាធិបតេយ្យ។
«យើងដឹងថា មាននិន្នាការគាំទ្រគណបក្សសាធារណរដ្ឋ។ គណបក្សមិនកាន់តំណែងប្រធានាធិបតី ច្រើនទទួលបានលទ្ធផលល្អនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ។ ពួកគណបក្សប្រជាធិបតេយ្យជួបប្រទះនឹងការលំបាក។ មានមធ្យោបាយដើម្បីរក្សាសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា។ ពួកគណបក្សសាធារណរដ្ឋ មានមធ្យោបាយជាច្រើនដើម្បីទទួលបានសំឡេងភាគច្រើន»។
ពួកគណបក្សប្រជាធិបតេយ្យបានខំឲ្យពួកអ្នកបោះឆ្នោតចេញទៅបោះឆ្នោតយ៉ាងច្រើនដែលពួកគេនិយាយថា នឹងបង្ហាញថា ការស្ទង់មតិនោះខុស។ ក្នុងខណៈនោះដែរ ខាងគណបក្សសាធារណរដ្ឋកំពុងសម្តែងនូវទំនុកចិត្តកាន់តែច្រើនឡើងថា នឹងទទួលបានជ័យជម្នះនៅថ្ងៃអង្គារនេះ។ ជានិច្ចកាលអ្នកដែលបង្ហាញខ្លួនដើម្បីបោះឆ្នោតនឹងធ្វើការសម្រេចចុងក្រោយ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន