Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ ក្រៅពីទម្លាប់មិនចូលចិត្តអានរបស់ប្រជាពលរដ្ឋខ្មែរ បច្ចេកវិទ្យាព័ត៌មានក៏ជាកត្តានាំឲ្យធា្លក់ចុះការអានស្នាដៃអក្សរសិល្ប៍។ នេះបើតាមសម្តីរបស់លោក វ៉ា សំអាត អនុប្រធានសមាគមអ្នកនិពន្ធខ្មែរដែលបានប្រាប់វីអូអេក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទ ទី១៤ ខែកុម្ភៈនេះ។ ប៉ុន្តែលោក វ៉ា សំអាត មានប្រសាសន៍ថា ទោះជាយ៉ាងនេះក៏នៅមានវិធីដើម្បីធ្វើឲ្យការអានស្នាដៃអក្សរសិល្ប៍កើនឡើង។
«យើងបានយកស្នាដៃអក្សរសិល្ប៍យើងទៅជ្រកកោននៅក្នុងប្រព័ន្ធវ៉េបសៃត៍ដើម្បីតម្រូវចិត្តអ្នកអានវ័យក្មេងៗដែលពួកគេកំពុងតែមានមោទនភាពនឹងឧបករណ៍អេឡិត្រូនិកដ៏ទំនើបៗ ហើយចូលចិត្តអានតាមឧបករណ៍អេឡិត្រូនិកទំនើបៗនោះ»។
លោក វ៉ា សំអាត ក៏បានទទួលស្គាល់ដែរថា មានការលួចចម្លងស្នាដៃសិល្បៈបរទេសដែលជាបញ្ហាលេចធ្លោមួយទៀតនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោក សំអាត សម្លឹងឃើញមូលហេតុពីរគឺ៖
«ទី១ កត្តារត់ឲ្យទាន់ចរន្តសេដ្ឋកិច្ចទីផ្សារ ពោលគឺការលួចចម្លងស្នាដៃបរទេសល្បីៗ។ និងកត្តាទី២ ការតែងនិពន្ធដោយខ្លួនឯងត្រូវការពេលវេលាច្រើននិងតម្លៃខ្ពស់»។
នាង គង់ សុវណ្ណស្រីឈូក ដែលជាអ្នកនិពន្ធវ័យក្មេង ក៏បានប្រាប់វីអូអេតាមទូរស័ព្ទថា ការអនុវត្តមិនសូវមានប្រសិទ្ធិភាពនូវច្បាប់កម្មសិទ្ធិបញ្ញាក៏ជាកត្តាបន្ទុចបង្អាក់និងបំបាក់ទឹកចិត្តអ្នកនិពន្ធដែរ។
«ពេលគាត់សរសេរសៀវភៅ ស្នាដៃគាត់មិនត្រូវបានការពារឲ្យបានត្រឹមត្រូវ ពោលគឺមានអ្នកថតចម្លងខុសច្បាប់ភាគច្រើន»។
ប៉ុន្តែនាង សុវណ្ណស្រីឈូក ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់កម្មសិទ្ធិបញ្ញា។ នាងនិយាយថា នាងចង់ក្លាយជាអ្នកនិពន្ធដោយសារថា ទី១ នាងចូលចិត្តការតែងនិពន្ធពីកំណើត ដោយសារការតែងនិពន្ធអាចធ្វើឲ្យនាងនៅក្នុងពិភពផ្សេងមួយតាមការស្រមៃរបស់នាងនិងអាចបំភ្លេចកង្វល់ទាំងឡាយដែលនាងកំពុងមានក្នុងពិភពពិត។ ទី២ នាងសង្ឃឹមថា ការសរសេររបស់នាងអាចជួយឆ្លុះបញ្ចាំងតថភាពសង្គម និងផ្លាស់ប្តូរសង្គម។
ទាំងលោក វ៉ា សំអាត និងទាំងនាង គង់ សុវណ្ណស្រីឈូក ទទួលស្គាល់ថា សមត្ថភាពតែងនិពន្ធរបស់ក្មេងៗជំនាន់ក្រោយមានការកើនឡើង។ លើសពីនេះចំនួននៃអ្នកចាប់អារម្មណ៍ក្នុងការតែងនិពន្ធក៏កាន់តែកើនឡើងដែរតាមរយៈចំនួននៃអ្នកនិពន្ធក្មេងៗចូលរួមសិក្ខាសាលាស្តីពីការតែងនិពន្ធនិងការដាក់ស្នាដៃចូលរូមប្រកួត៕