នៅសល់ប្រហែលមួយខែទៀតប៉ុណ្ណោះ ប្រទេសលីបេរីយ៉ានឹងឆ្លងកាត់អ្វី ដែលប្រជាពលរដ្ឋមួយចំនួនសង្ឃឹមថា នឹងជាការផ្លាស់ប្តូរការដឹកនាំប្រកបដោយសន្តិវិធី និងដោយលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
លោកស្រីប្រធានាធិបតី Ellen Johnson Sirleaf បានដឹកនាំប្រទេសចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ២០០៥ មក បន្ទាប់ពីមានសង្រ្គាមស៊ីវិលជាលើកទីពីរ។ ប៉ុន្តែអាណត្តិផ្លូវការចំនួនពីរអាណត្តិរបស់លោកស្រីខិតជិតនឹងបញ្ចប់ហើយ។
បេក្ខជន ២០រូបពីគណបក្សចំនួន ២៦ផ្សេងគ្នា បានចូលរួមប្រជែងយកតំណែងជំនួសលោកស្រី Sirleaf។ បេក្ខជនទាំងនេះបានតទល់គ្នានៅក្នុងការជជែកដេញដោលគ្នាជាសាធារណៈ ដែលមានជាបន្តបន្ទាប់។ ការជជែកដេញដោលគ្នាជាសាធារណៈ ជាអ្វីដែលមានជាលើកដំបូងនៅប្រទេសលីបេរីយ៉ា។
លោក Alexander Cummings អតីតនាយកប្រតិបត្តិក្រុមហ៊ុនកូកាកូឡា គឺជាបេក្ខជនបក្សប្រឆាំងឈានមុខគេមួយរូប។ លោក Cummings បានមានប្រសាសន៍ថា៖
«ប្រសិនបើអ្នកនៅតែធ្វើអ្វីៗដូចរាល់ដង អ្នកនឹងមិនទទួលបានលទ្ធផលផ្សេងនោះទេ... ការណ៍ពិតគឺថា កត្តាព្យាករណ៍សកម្មភាព និងឥរិយាបថនាពេលអនាគត គឺសកម្មភាព និងឥរិយាបថកាលពីពេលអតីត។ ហើយស្របពេលដែលប្រជាពលរដ្ឋនឹងចូលរួមបោះឆ្នោតនៅថ្ងៃទី១០ ខែតុលាខាងមុខនេះ ខ្ញុំសូមស្នើឲ្យលោកអ្នករក្សាការណ៍ពិតនេះនៅក្នុងចិត្ត»។
លោកស្រី Sirleaf ទទួលបានការកោតសរសើរពីសំណាក់សហគមន៍អន្តរជាតិ ចំពោះការរក្សាស្ថិរភាពនៅក្នុងប្រទេសលីបេរីយ៉ា ដែលរងការញាំញីដោយសង្គ្រាមមួយនេះ។ ទោះបីយ៉ាងណាក៏ដោយ រដ្ឋបាលដឹកនាំដោយគណបក្សសាមគ្គីភាព (Unity Party) របស់លោកស្រីក៏ធ្លាប់បានប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយផងដែរ។
ពាក្យស្លោកដូចជា «ការផ្លាស់ប្តូរដើម្បីក្តីសង្ឃឹម» «ការផ្លាស់ប្តូរពិតប្រាកដដើម្បីលីបេរីយ៉ា» និង «ការផ្លាស់ប្តូរកំពុងមកហើយ» ត្រូវបានដាក់នៅលើខិតប័ណ្ណឃោសនាបោះឆ្នោតពាសពេញរដ្ឋធានីម៉ុងរ៉ូវីយ៉ា។
ដើម្បីទាក់ទាញក្រុមអ្នកបោះឆ្នោតវ័យក្មេង បេក្ខជនមកពីគណបក្ស Alternative National Congress ដែលជាភាសាខ្មែរមានន័យថា «គណបក្សសមាជជម្រើសជាតិ» បានដាក់បញ្ចូលអ្នកសិល្បៈចង្វាក់តន្រ្តី Hipco មួយចំនួនចូលក្នុងជួរគណបក្ស។ ក្នុងនោះរួមមានលោក Takun J ដែលជាអ្នករិះគន់រដ្ឋាភិបាលនាពេលបច្ចុប្បន្នឥតសំចៃមាត់ផងដែរ។ ឃា្លមួយនៅក្នុងចម្រៀងចង្វាក់តន្រ្តី Hipco បានសរសេរថា៖
«ពួកគេកុហកពួកយើង។ រដ្ឋាភិបាលក្បត់ពួកយើង»។
ប៉ុន្តែអនុប្រធានាធិបតីលីបេរីយ៉ា លោក Joseph Boakai ក៏ស្ថិតនៅក្នុងចំណោមបេក្ខជនឈានមុខគេសម្រាប់ការបោះឆ្នោតនាពេលខាងមុខផងដែរ។ បេក្ខជនមកពីគណបក្សកាន់អំណាចរូបនេះបានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។ លោក Boakai បាននិយាយថា៖
«នៅពេលប្រជាពលរដ្ឋសួរខ្ញុំថា អ្វីទៅជាអាទិភាពនៅប្រទេសនេះ ខ្ញុំប្រាប់ពួកគេថា អាទិភាពទីមួយគឺផ្លូវថ្នល់ ទីពីរគឺផ្លូវថ្នល់ ហើយទីបីគឺនៅតែផ្លូវថ្នល់។ មិនមានវិធីណាដែលយើងអាចពង្រីកសេដ្ឋកិច្ចប្រទេសបាន នៅពេលដែលមិនមានការពង្រីកផ្លូវថ្នល់នៅក្នុងប្រទេសនោះទេ»។
បេក្ខជនល្បីឈ្មោះ ដែលឈានមុខគេដទៃទៀត រួមមាន អតីតតារាបាល់ទាត់ និងសមាជិកព្រឹទ្ធសភា លោក George Weah។
លោក Weah បានចាញ់លោកស្រី Sirleaf នៅក្នុងការបោះឆ្នោតសារជាថ្មីនៅឆ្នាំ ២០០៥។ លោក Weah បាននិយាយថា៖
«សូមកុំគិតថា យើងនឹងអង្គុយ ធ្វើរំភើយ និងទុកឲ្យមានការរំលោភបំពានសិទ្ធិប្រជាធិបតេយ្យរបស់យើងនោះ ដែលការណ៍នេះនឹងនាំឲ្យមានមេដឹកនាំមួយ ដែលមិនត្រូវបានជ្រើសតាំងដោយប្រជាពលរដ្ឋ ប៉ុន្តែត្រូវបានជ្រើសតាំងដោយមនុស្សមួយក្រុមតូចទៅវិញ។ ការលះបង់របស់អ្នកទាំងអស់គ្នានឹងមិនអសារបង់នោះទេ។ យើងនឹងស្វះស្វែងរកជ័យជម្នះឲ្យបាននៅក្នុងការបោះឆ្នោតជុំដំបូង»។
ប៉ុន្តែអ្នកបោះឆ្នោតមួយចំនួននិយាយថា ពួកគេប្រឈមនឹងជម្រើសច្រើនជ្រុល ឬថា ពួកគេមិនខ្វល់ខ្វាយអំពីរឿងបោះឆ្នោតនោះទេ។
អ្នកស្រី Judy Degonteh William ដែលជាអ្នកបោះឆ្នោតមួយរូប បាននិយាយថា៖
«ខ្ញុំនៅតែបន្តគិតពីបេក្ខជនឈរឈ្មោះ។ ខ្ញុំមិនទាន់សម្រេចថា នឹងបោះឆ្នោតឲ្យនរណាម្នាក់នៅឡើយទេ»។
លោក Maxine B. Kennedy ដែលជាអ្នកបោះឆ្នោតមួយរូបទៀត និយាយថា៖
«យើងជាប្រជាពលរដ្ឋលីបេរីយ៉ា។ យើងសង្ឃឹមថា រដ្ឋាភិបាលដឹកនាំដោយគណបក្សរបស់លោកស្រី Sirleaf នឹងរំដោះពួកយើងចេញពីភាពក្រីក្រ ប៉ុន្តែគណបក្សនេះបានបរាជ័យចំពោះពួកយើង»។
អ្នកស្រី Mercy Angeline Green ដែលជាអ្នកបោះឆ្នោតម្នាក់ទៀត និយាយថា៖
«ខ្ញុំមិនទាន់មានបេក្ខជនណាម្នាក់ក្នុងចិត្ត ដើម្បីតំណែងប្រធានាធិបតីនៅឡើយទេ... ខ្ញុំមិនទាន់ទុកចិត្តលើនរណាម្នាក់នៅឡើយទេ...»។
ការស្ទង់មតិនាពេលថ្មីៗនេះ ធ្វើឡើងដោយអង្គការមួយឈ្មោះ International Political Polls ដែលប្រែជាភាសាខ្មែរថា «ការស្ទង់មតិនយោបាយអន្តរជាតិរកឃើញថា ជាងមួយភាគបួននៃអ្នកបោះឆ្នោត ដែលត្រូវបានចុះបញ្ជី សរុបចំនួន ២លាន ១សែននាក់ នៅលីបេរីយ៉ា នៅមិនទាន់សម្រេចចិត្តលើបេក្ខជនឈរឈ្មោះណាម្នាក់នៅឡើយ។
លោក Thomas Du នៃការិយាល័យទទួលបន្ទុកផ្នែកប្រទេសលីបេរីយ៉ានៅវិទ្យាស្ថានប្រជាធិបតេយ្យជាតិ (NDI) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឃើញភាពថ្នាំងថ្នាក់ចិត្តនៅក្នុងចំណោមអ្នកបោះឆ្នោត។ លោកបានលើកឡើងថា៖
«នៅពេលនរណាម្នាក់ត្រូវបានបោះឆ្នោតជ្រើសតាំង ពួកគេមិនមានទំនោររក្សាទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋនៅមណ្ឌលបោះឆ្នោតឲ្យពួកគេនោះទេ។ អាស្រ័យហេតុនេះហើយ ទើបប្រជាពលរដ្ឋទាំងនោះយល់ឃើញថា បេក្ខជនឈរឈ្មោះទាំងនោះមើលឃើញពួកគេថា សំខាន់សម្រាប់តែសន្លឹកឆ្នោតតែប៉ុណ្ណោះ»។
ការណ៍ដែលប្រជាពលរដ្ឋលីបេរីយ៉ាប្រមាណ ៦៤ភាគរយរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ធ្វើឲ្យការកាត់ផ្តាច់រវាងបេក្ខជនជាប់ឆ្នោត និងអ្នកបោះឆ្នោតនេះកាន់តែចុះដុនដាប។
អ្នកស្រី Nelly Cooper គឺជាប្រធានអង្គការសុខភាព និងអភិវឌ្ឍន៍ស្រ្តី West Point ដែលបានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចប្រឹងប្រែងឆ្លើយតបទៅសហគមន៍ អំឡុងពេលមានការរីករាលដាលជំងឺអេបូឡា (Ebola) នៅក្នុងតំបន់។ វិបត្តិជំងឺនេះបានលាតត្រដាងពីភាពទន់ខ្សោយនៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសលីបេរីយ៉ា។
អ្នកស្រីនិយាយថា បេក្ខជនឈរឈ្មោះទាំងនោះត្រូវមានភាពជាក់លាក់ជាងនេះអំពីរបៀបវារៈរបស់ពួកគេ។ អ្នកស្រីបានលើកឡើងថា៖
«តើពួកគេនឹងធ្វើអ្វីសម្រាប់ប្រទេសលីបេរីយ៉ា? តើពួកគេនឹងធ្វើអ្វីសម្រាប់ខ្ញុំ? តើពួកគេនឹងធ្វើអ្វីសម្រាប់កូនៗរបស់ខ្ញុំ?»។
ប៉ុន្តែខណៈពេលមានបេក្ខជនឈរឈ្មោះច្រើនដូចនេះ ក៏គេនៅតែឃើញពីកេរដំណែលរបស់លោកស្រី Sirleaf ជាប្រធានាធិបតីស្រ្តីទីមួយនៅអាហ្រ្វិកផងដែរ។ ស្រ្តីជនជាតិលីបេរីយ៉ា ក្នុងចំនួនច្រើនមិនធ្លាប់មានពីមុនមក កំពុងប្រជែងយកតំណែងនយោបាយនៅឆ្នាំនេះផងដែរ ដែលរួមមាន បេក្ខជនស្រ្តីមួយនាក់ឈរឈ្មោះជាប្រធានាធិបតី ប្រាំមួយនាក់ឈរឈ្មោះជាអនុប្រធានាធិបតី និងស្រ្តីចំនួនជិត ១៦០នាក់ ដែលជាកំណត់ត្រាមួយ កំពុងប្រជែងយកកៅអីនៅក្នុងសភា៕
ប្រែសម្រួលដោយណឹម សុភ័ក្រ្តបញ្ញា