សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) បានដាក់ឱ្យដំណើរការសាកល្បងគេហទំព័រថ្មីមួយ ដើម្បីឃ្លាំមើលពីស្ថានភាពសេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកកាសែតនៅក្នុងប្រទេសកម្ពុជា។
គេហទំព័រដែលទើបត្រូវបានដាក់ឱ្យដំណើរការនេះមានគោលបំណងសំខាន់ចំនួន ៤ ដូចជាការផ្តល់នូវសេចក្តីរាយការណ៍ពីករណីយាយីមកលើអ្នកសារព័ត៌មាន ការផ្សព្វផ្សាយអំពីស្ថានភាពអ្នកសារព័ត៌មានប្រចាំត្រីមាស និងប្រចាំឆ្នាំ ផ្តល់ប្រភពទិន្នន័យ និងផ្សព្វផ្សាយយុទ្ធនាការតស៊ូមតិដើម្បីសេរីភាពសារព័ត៌មាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់សមាគមខេមបូចាលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃពុធនេះ។
លោក ណុប វី នាយកប្រតិបត្តិសមាគមខេមបូចា ប្រាប់វីអូអេថា គេហទំព័រនេះជាវេទិកាមួយដែលផ្តល់នូវព័ត៌មានថ្មីៗ និងចុងក្រោយពីករណីដែលកើតមានឡើងលើអ្នកសារព័ត៌មាន។ លោកបន្ថែមថា វេទិកានេះអាចជួយច្រើនក្នុងការផ្តល់ជាដំណឹងដល់សាធារណជន និងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាន អំពីរឿងផ្សេងៗដែលកើតលើអ្នកកាសែត។
លោកថ្លែងថា៖ «យើងព្យាយាមក្នុងការផ្តល់ព័ត៌មានអំពីករណីកើតមានឡើងយ៉ាងពិតប្រាកដ ហើយនិងផ្តល់ជូននូវព័ត៌មានអំណះអំណាងភស្តុតាងពាក់ព័ន្ធនឹងការកើតឡើងលើករណីរបស់អ្នកសារព័ត៌មាននីមួយៗ»។
លោកសង្ឃឹមថា មាតិកានេះនឹងចូលរួមចំណែកដល់ការបំពេញការងាររបស់សមត្ថកិច្ចក្នុងការជួយឆ្លើយតបដោយមានប្រសិទ្ធភាពចំពោះករណីយាយី ឬក៏ការគំរាមកំហែងដែលកើតឡើងលើអ្នកសារព័ត៌មាន។
គួរបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅមានលក្ខណៈរឹតត្បិតនៅឡើយ ខណៈវិស័យនេះកំពុងត្រូវការធនធានមនុស្សបន្ថែមដើម្បីរួមចំណែកផ្សព្វផ្សាយព័ត៌មានដែលមានវិជ្ជាជីវៈ និងបម្រើប្រយោជន៍សាធារណៈ។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) បានចាត់ថ្នាក់កម្ពុជានៅលំដាប់លេខរៀងទី ១៤៧ ក្នុងចំណោម ១៨០ ប្រទេស នៅឆ្នាំ ២០២៣ ដែលបន្តសិ្ថតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕