ប្រជាពលរដ្ឋមួយចំនួន នៅថ្ងៃសៅរ៍នេះ បានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើត របស់ពួកគេ ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោតនាថ្ងៃអាទិត្យនេះ។ ពួកគេបានប្រើប្រាស់មធ្យោបាយផ្សេងៗគ្នា តាមម៉ូតូ រថយន្តឈ្នួល និងឡានក្រុងមិនគិតថ្លៃដែលផ្តល់ដោយរដ្ឋាភិបាល។
ពួកគេចង់ឱ្យរដ្ឋាភិបាលថ្មីដែលនឹងកើតក្រោយការបោះឆ្នោត យកចិត្តទុកដាក់លើជីវភាពរបស់ប្រជាពលរដ្ឋ ដោយគិតគូរលើប្រាក់ខែរបស់កម្មករ កម្មាការិនី និងអ្នកធ្វើការក្នុងវិស័យផ្សេងទៀត។
កំពុងអង្គុយលើម៉ូតូ រង់ចាំគ្នាទៅស្រុកកំណើត កញ្ញា រ៉ិន ស្រីមាស អាយុ ២៤ ឆ្នាំ ប្រាប់អ្នកសារព័ត៌មានវីអូអេ នៅព្រឹកថ្ងៃសៅរ៍នេះថា កញ្ញានឹងធ្វើដំណើរតាមម៉ូតូទៅស្រុកកំណើតក្នុងខេត្តព្រៃវែង ដើម្បីចូលរួមការបោះឆ្នោត។ នេះជាលើកទី ៣ របស់កញ្ញាដែលចូលរួមការបោះឆ្នោត ដោយធ្លាប់បានបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ និងបានបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ កន្លងទៅ។ កញ្ញាបន្តថា រោងចក្ររបស់កញ្ញាក៏បានអនុញ្ញាតឱ្យកម្មករឈប់សម្រាកទៅបោះឆ្នោត ដូចទៅនឹងអ្វីដែលរដ្ឋាភិបាលបានកំណត់ឱ្យឈប់រយៈពេល ៣ ថ្ងៃ។
កញ្ញា រ៉ិន ស្រីមាស ដែលបម្រើការក្នុងរោងចក្រផលិតសឡាមួយកន្លែង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានលើកឡើងថា កញ្ញាចង់ឱ្យរដ្ឋាភិបាលជាប់ឆ្នោតអាណត្តិថ្មី គិតគូរដំឡើងប្រាក់ខែកម្មករ និងបុគ្គលិកធ្វើការតាមក្រុមហ៊ុនផ្សេងៗផងដែរ។ បច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រកាត់ដេរមានប្រមាណ ២០០ ដុល្លារក្នុងមួយខែ។
កញ្ញាប្រាប់វីអូអេនៅថ្ងៃសៅរ៍ថា៖ «ខ្ញុំឃើញថាបច្ចុប្បន្ន កម្មករគាត់បានទទួលប្រាក់បៀវត្សរ៍ហ្នឹងបានសមរម្យ ប៉ុន្តែគ្រាន់ថាពេលខ្លះ គាត់មានតម្រូវការផ្សេងៗដែលគាត់កំពុងជួបប្រទះ។ បើសិនជាយើងអាចដំឡើងឱ្យគាត់ជាងហ្នឹងបន្តិចទៀត អ៊ីចឹងកម្មករនឹងមានបៀវត្សរ៍ច្រើនជាងមុន ហើយគាត់នឹងប្រឹងប្រែងធ្វើការច្រើនជាងមុន»។
ចំណែកលោក តេង បញ្ញា អាយុ ២៣ ឆ្នាំ និសិ្សតឆ្នាំទី ៤ ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង បានជិះឡានក្រុងសាធារណៈដោយឥតគិតថ្លៃ ដែលត្រូវបានរៀបចំឡើយដោយរដ្ឋាភិបាល។ លោកយល់ថា ការរៀបចំរថយន្តក្រុងបែបនេះ គឺល្អសម្រាប់ពលរដ្ឋអាចកាត់បន្ថយបាននូវការចំណាយមួយចំនួន និងងាយស្រួលសម្រាប់ពលរដ្ឋទៅចូលរួមបោះឆ្នោត។
លោកបន្ថែមថា លោកបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ការបោះឆ្នោតលើកទី ២ របស់លោក។ លោកចង់ឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាអសន្តិសុខសង្គម បញ្ហាសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកសិករ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកអនាថាដែលរស់នៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ។
លោក តេង បញ្ញា ថ្លែងថា៖ «អ្វីដែលខ្ញុំចង់ឱ្យមានការកែប្រែថែមទៀត ទី១ គឺការកែប្រែទាក់ទងនឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ ឥឡូវដូចជាការនាំចេញអង្ករ ឬការនាំចេញសម្ភារៈ មិនថា ខាងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ ជាពិសេសការនាំចេញស្រូវជាដើម។ ប្រជាពលរដ្ឋក៏មានបញ្ហាច្រើន ទាក់ទងទៅនឹងអសន្តិសុខសង្គម អ៊ីចឹងយើងគួរតែកែប្រែបញ្ហាសន្តិសុខសង្គម ហើយនិងជួយអភិវឌ្ឍទៅលើជីវភាពរបស់ប្រជាជន ជាពិសេសប្រជាពលរដ្ឋដែលក្រីក្រ តាមទីប្រជុំជន ឬក៏ក្មេង ចាស់ ជនពិការ ក្មេងសុំទាន យើងគួរតែមានមណ្ឌលសម្រាប់គាត់»។
ចំណែកយុវជនម្នាក់ទៀត លោក ផៃ ផាត់ អាយុ២១ឆ្នាំ កំពុងឈរចាំឡើងឡានឈ្នួលនៅជិតរង្វង់មូលជ្រោយចង្វារ នឹងទៅបោះឆ្នោតលើកទី ១ នៅក្នុងស្រុកពារាំង ខេត្តព្រៃវែងផងដែរ។ ការទៅបោះឆ្នោតនេះ លោកយល់ថា ដោយសារតែលោកគ្រប់អាយុបោះឆ្នោត និងមិត្តរួមការងារប្រាប់ថា គ្រប់អាយុបែបនេះគួរតែទៅបោះឆ្នោត។
លោកបញ្ជាក់ថា៖ «ទៅហ្នឹង បោះលើកទី ១ តែម្តង។ និយាយទៅ អត់ដែលបោះ តាំងពីមុនមក អត់ដែលបោះ»។
យុវជនដែលធ្វើការជាកម្មកររោងចក្រមួយកន្លែងក្នុងរាជធានីភ្នំពេញរូបនេះ ថ្លែងបន្តថា ការធ្វើដំណើរតាមរថយន្តឈ្នួល ត្រូវចំណាយប្រាក់ ៣ ម៉ឺនរៀល ដែលតម្លៃឡើងថ្លៃ ១ ម៉ឺនរៀល បើធៀបនឹងថ្ងៃធម្មតា។ ប៉ុន្តែការសម្រេចចិត្តមិនជិះរថយន្តក្រុងដែលផ្តល់ដោយរដ្ឋាភិបាល ដោយសារវាមានភាពងាយស្រួលជាង ពីព្រោះគោលដៅទៅស្រុកកំណើតមិនស្ថិតនៅតាមផ្លូវរថយន្តក្រុងមិនគិតថ្លៃរបស់រដ្ឋ។
លោកស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឱ្យកម្មករ ព្រោះត្រូវការចំណាយច្រើន ទាំងថ្លៃបន្ទប់ជួល និងការហូបចុកនានា។
លោកថ្លែងថា៖ «និយាយទៅ តម្លៃ[ប្រាក់ខែ] វាសមរម្យហើយ។ គ្រាន់ថាចាយវាស្ទើរអត់ដល់ខែ អ៊ីចឹង»។
ជាមួយគ្នានេះ អ្នកស្រី ខាន់ សារូ អាយុ៤៥ឆ្នាំ អាជីវករដែលកំពុងតែមមាញឹកបំពងភ្លៅមាន់ និងជើងមាន់នៅម្តុំជ្រោយចង្វារសម្រាប់លក់ បញ្ជាក់ថា អ្នកស្រីបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ទៅបោះឆ្នោតនៅសង្កាត់ច្បារអំពៅ។ អ្នកស្រីយល់ថា ការបោះឆ្នោតនេះមានសារសំខាន់ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស។ អ្នកស្រីស្នើឱ្យរដ្ឋាភិបាលអាណត្តិថ្មីគិតគូរធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចក្នុងប្រទេសមានភាពល្អប្រសើរ ដើម្បីអាចឱ្យអ្នកលក់ដូរតាមផ្លូវរកចំណូលបានច្រើនឡើងវិញ។
អ្នកស្រីប្រាប់វីអូអេថា៖ «បងចង់ឱ្យពួកគាត់ជួយ របៀបថា ពួកខ្ញុំលក់ដូរអីអ៊ីចឹងរបៀបថាឱ្យសេដ្ឋកិច្ចដើរឱ្យស្រួលវិញ ដើម្បីលក់ដូរដាច់។ រាល់ថ្ងៃហ្នឹង គឺសេដ្ឋកិច្ច គឺពិបាកណាស់ ពិបាកមែនទែន»។
នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ដែលពលរដ្ឋជាង ៩លាន ៧សែននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ការបោះឆ្នោតនេះ នឹងធ្វើឡើងចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ រសៀល៕