ភ្នំពេញ — នាពេលព្រឹកមួយ អ្នកស្រី គា ស្រីដែន អាយុ ៣០ ឆ្នាំ កំពុងរៀបចំដាក់លក់សាច់មាន់ដូចសព្វដង ក្នុងផ្សារសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកស្រីបានរៀបរាប់ថា អាជីវកម្មលក់សាច់មាន់របស់អ្នកស្រីកំពុងតែងើបរើឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ១៩។ ក៏ប៉ុន្តែអ្នកស្រីក៏បានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះ ការលក់សាច់មាន់របស់អ្នកស្រីកំពុងថយចុះ ដោយសារអ្នកស្រីត្រូវលក់សាច់មាន់ក្នុងតម្លៃខ្ពស់ជាងមុនប្រមាណជិត ១០ ភាគរយ ពី ១ ម៉ឺន ៣ ពាន់រៀល មក ១ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃប្រេងឥន្ធនៈក៏កំពុងកើនឡើងខ្ពស់ជាងមុន។
«កាលពីមុនដាច់សាហាវ ឥឡូវថយឡើង ៩០% ហើយ….អត់ដាច់ដូចមុនទេ ពិបាក»។
នៅផ្សារសួនឧស្សាហកម្មកាណាឌីយ៉ាដូចគ្នានេះ អ្នកស្រី ឆន ផល្លា កំពុងកាន់ថង់ដាក់គ្រឿងម្ហូបអាហារ ដែលក្នុងនោះមានដូចជា ពងទា និងគ្រឿងផ្សំបន្តិចបន្តួច។
អ្នកស្រី ផល្លា ដែលជាស្រ្តីមេផ្ទះមួយរូប បានប្រាប់វីអូអេថា ថ្លៃគ្រឿងម្ហូបអាហារចាំបាច់បានកើនឡើង ស្របពេលចំណូលគ្រួសាររបស់អ្នកស្រីមិនបានកើនឡើងនោះទេ។
«ប្រាក់ខែនៅដដែល ហើយចេះតែឡើងថ្លៃ។ សូម្បីតែអង្ករ អង្ករវាមិនឡើងប៉ុន្មានទេ ឡើងតែមួយពាន់ពីរពាន់អីទេ។ តែម្ហូបអាហារឡើងថ្លៃច្រើនណាស់ ច្រើនមុខ។ និយាយទៅឡើងសឹងគ្រប់មុខ»។
អ្នកស្រីបានបន្ថែមថា អាជីវករគ្រាន់តែប្រាប់អ្នកស្រីថា ពួកគេយកអីវ៉ាន់ពីប្រភពដើមមកថ្លៃជាងមុន ហេតុដូច្នេះពួកគេត្រូវលក់ក្នុងតម្លៃខ្ពស់ជាងមុនផងដែរ។ អ្នកស្រី ឆន ផល្លា ក៏ចង់ឃើញតម្លៃផលិតផលនិងទំនិញថយចុះជាងមុន ប៉ុន្តែអ្នកស្រីមិនដឹងថា ការថយចុះនោះអាចធ្វើឡើងតាមរបៀបណានោះទេ។
ទាំងអ្នកស្រី ស្រីដែន និងអ្នកស្រី ផល្លា កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចមួយ ដែលប្រជាជននៅតាមបណ្តាប្រទេសជាច្រើនស្ទើរតែនៅជុំវិញពិភពលោក កំពុងជួបប្រទះ នោះគឺ តម្លៃទំនិញនិងសេវាឡើងថ្លៃ ឬហៅថា អតិផរណា ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ១៩ ហើយថ្មីៗនេះជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលកំពុងបណ្តាលឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់។
ចំណែកនៅផ្សារកណ្តាលក្នុងរាជធានីភ្នំពេញវិញ អ្នកស្រី សេក ធូ អាជីវករលក់បន្លែនិងផ្លែឈើ កំពុងរៀបចំបន្លែនិងផ្លែឈើដើម្បីដាក់លក់ និងដង្ហោយហៅរកអតិថិជនដូចអាជីវករដទៃទៀត។
ស្រដៀងនឹងអ្នកស្រី គា ស្រីដែន អាជីវករនៅផ្សារសួនឧស្សាហកម្មកាណាឌីយ៉ាដែរ អ្នកស្រីបាននិយាយថា អ្នកត្រូវលក់បន្លែនិងផ្លែឈើក្នុងតម្លៃខ្ពស់ជាងមុនប្រមាណ ១០ ទៅ ១៥ ភាគរយ ដោយយោងលើហេតុផលតម្លៃបោះដុំ និងតម្លៃប្រេងឥន្ធនៈកើនឡើង។
អ្នកស្រីបានបន្តថា នាពេលថ្មីៗនេះ ការលក់របស់អ្នកស្រីបានថយចុះ ដោយពេលខ្លះធ្វើឲ្យអ្នកស្រីខាតដើមក៏មាន។ ប៉ុន្តែអ្នកស្រីចាត់ទុកថា នេះជាការប្រែប្រួលបែបធម្មតាមួយទៅតាមស្ថានភាពសេដ្ឋកិច្ច។
«អ្នកទិញខ្លះគាត់រអ៊ូដែរ គាត់ថា ឡើងថ្លៃ។ ហើយអ្នកខ្លះគាត់ដឹង គាត់ដឹងថា របស់ឥឡូវវាថ្លៃ ព្រោះសាំងថ្លៃដែរ។ វាចេះតែឡើងតាមហ្នឹង។ សេដ្ឋកិច្ចវាមិននៅមួយកន្លែងទេ»។
សម្រាប់ឆ្នាំ ២០២២ នេះ កម្ពុជាត្រូវបានគេរំពឹងថា នឹងជួបប្រទះវិបត្តិអតិផរណា ឬហៅម្យ៉ាងថា បញ្ហាទំនិញ ឬសេវាឡើងថ្លៃ រីឯប្រាក់ចុះថោក ក្នុងអត្រា ២,៦ ភាគរយ ដែលជាការថយចុះបន្តិចពីឆ្នាំ ២០២១។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។
របាយការណ៍បូកសរុបការងារឆ្នាំ ២០២១ និងដាក់ទិសដៅការងារឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីខែមករា បានឱ្យដឹងថា អតិផរណារួមសម្រាប់ឆ្នាំ ២០២២ អាចនឹងមានអត្រា ២,៦ ភាគរយ ស្របពេលអតិផរណារួមក្នុងឆ្នាំ ២០២១ បានកើនឡើងរហូតដល់ប្រមាណជាង ៣ ភាគរយ ហើយកាលពីឆ្នាំ ២០២០ អត្រាអតិផរណាមាន ២,៩ ភាគរយ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន សង្កេតឃើញថា តម្លៃគ្រឿងម្ហូបអាហារជាទូទៅបានកើនឡើងពី ១ ទៅ ៥ ភាគរយទៅតាមតំបន់មួយចំនួន ជាពិសេសតំបន់ដែលមានប្រជាជនរស់នៅច្រើន ឬតំបន់ទេសចរណ៍ ស្របពេលប្រេងឥន្ធនៈឡើងថ្លៃផងដែរ។
«ប្រសិនបើប្រេងសាំងឡើងថ្លៃ ខ្ញុំគិតថា ទំនិញក៏ដូចជា ភោគផលបន្លែផ្លែឈើត្រីសាច់ ផលិតផលកសិកម្មហ្នឹង វានឹងអាចហក់ឡើងតាមថ្លៃដែរ ព្រោះហេតុអី? ប្រេងឥន្ធនៈ ឬក៏ប្រេងសាំងហ្នឹងប្រជាពលរដ្ឋ ប្រើសម្រាប់ធ្វើការដឹកនូវផលិតផលកសិផល ប្រើប្រាស់ប្រេងសាំង ឬក៏ប្រេងឥន្ធនៈហ្នឹងសម្រាប់ស្រោចដំណាំរបស់ពួកគាត់ ឬនៅកន្លែងខ្លះហ្នឹង រហូតដល់ ជាជំនួយក្នុងការវេចខ្ចប់ និងការផលិតផងដែរ»។
លោកបានបន្ថែមថា ការឡើងថ្លៃគ្រឿងម្ហូបអាហារ បង្កជាការប៉ះពាល់ដល់ពលរដ្ឋដែលមានចំណូលទាប ហើយថា រដ្ឋាភិបាលអាចជួយសម្រួលបញ្ហានេះ។
ជាមួយគ្នានេះដែរ លោក ថេង សាវឿន ជំរុញឲ្យមានការពង្រីកខ្សែចង្វាក់ផលិតកម្មនិងការចែកចាយក្នុងស្រុក ក៏ដូចជាការលើកកម្ពស់មុខរបរ និងផលិតផលរបស់ពលរដ្ឋក្នុងស្រុក ជាផ្នែកមួយនៃការរក្សាអត្រាអតិផរណា ដែលអាចកើនឡើងនៅពេលទំនិញនិងផលិតផលនាំចូលឡើងថ្លៃ។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ កត់សម្គាល់ថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ស្ថានភាពអតិផរណាជាទូទៅនៅក្នុងប្រទេសមានភាពល្អប្រសើរ ដោយសារចំណូលកើនឡើងពី ៦ ទៅ ៧ ភាគរយ ហើយអតិផរណាកើនឡើងត្រឹមចន្លោះ ៣ ទៅ ៤ ភាគរយតែប៉ុណ្ណោះ។
លោក សេរីវឌ្ឍន៍ បានបកស្រាយពាក់ព័ន្ធនឹងតម្លៃស្បៀងអាហារឡើងថ្លៃថា៖ «ចំពោះថ្លៃស្បៀងអាហារ និងម្ហូបអាហារដែលមានការឡើងថ្លៃ គឺវាអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់។ អ៊ីចឹងដើម្បីទប់ស្កាត់ការឡើងថ្លៃម្ហូបអាហារ គឺត្រូវជំរុញឲ្យមានការផលិតម្ហូបអាហារនៅក្នុងស្រុក លើកកម្ពស់ផលិតកម្មក្នុងស្រុកឲ្យបានច្រើនជាជាងការនាំចូល។ នោះបានយើងទប់ទល់បាន។ អ៊ីចឹងខណៈដែលគេបិទខ្ទប់ប្រទេសការបិទខ្ទប់ចរាចរណ៍ចូលក្នុងប្រទេសយើង ហើយកម្ពុជាក៏អាចជួបនឹងវិបត្តិដែរ វិបត្តិស្បៀងអាហារដែរ ដែលធ្វើឲ្យថ្លៃស្បៀងអាហារមានការកើនឡើង»។
នៅផ្សារកណ្តាល ក្នុងរាជធានីភ្នំពេញ ខណៈកំពុងរកមើលនិងរើសបន្លែនិងគ្រឿងជីផ្សេងៗសម្រាប់ធ្វើម្ហូប អ្នកស្រី អុង សាវ៉ន បានលើកឡើងពីការលំបាកពីព្រោះអ្នកស្រីត្រូវចំណាយច្រើនជាងមុន ចំពោះគ្រឿងម្ហូបអាហារទូទៅ ដោយសារចំណូលខ្សត់ខ្សោយ។
ស្របពេលដូចគ្នានេះដែរ អ្នកស្រី អុង សាវ៉ន ដែលមានរបរជាអ្នកលក់ឆាខ្វៃនិងនំប៉ោង ចង់ឃើញរដ្ឋាភិបាលចូលរួមជ្រោមជ្រែងតាមរយៈយុទ្ធសាស្រ្ត ឬវិធីសាស្រ្តអន្តរាគមន៍នានា។
«ចំណូលយើងរកអត់បាន ប៉ុន្តែបើទំនិញថ្លៃ។ ចំណូលរកអត់បានសោះមិនមែនដូចមុន។ មុនចំណូលរកបាន ហើយទំនិញយើងបន្ទាប់បន្សំគ្នា និងឲ្យរដ្ឋាភិបាលជួយផងទៅ»៕