ខ្មែរ​នៅតែ​ខ្វែង​គំនិត​គ្នា​ចំពោះ​ទិវា​៧​មករា

លោក​ស្រី សៅ ទី ​លោក ហេង សំរិន លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និង​​លោកស្រី ប៊ុន រានី ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

នៅ​ប្រទេស​កម្ពុជា​ ពិធី​នេះត្រូវបាន​​​​គណបក្ស​ប្រជាជន​កម្ពុជា​របស់​​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ប្រារព្ធ​ធ្វើ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ដោយ​មាន​ការដើរ​ក្បួន​ព្យុះ​ហ​យាត្រា​រំលឹក​ពី​ការ​ដួលរលំ​​នៃ​​របប​វាល​ពិឃាត​​ខ្មែរ​ក្រហមនិង​ស្រែកជយឃោស​សរសើរ​ដល់​ការអភិវឌ្ឍ​និង​​សន្តិភាព​ដែល​ទទួល​បាន​។

រយៈ​ពេល​៤០ឆ្នាំ​ក្រោយការដួលរលំ​របបខ្មែរ​ក្រហម ពលរដ្ឋ​និង​អ្នកនយោបាយ​ខ្មែរ​នៅ​តែ​មាន​ទស្សនៈ​ខ្វែង​យោបល់​គ្នា​ពីព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​នេះ។ ​

ខួបលើកទី​៤០នៃ​ទិវា៧ខែ​មករា​ឆ្នាំ​នេះ​ រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​បាន​ប្រារព្ធ​យ៉ាង​អធិក​អធម​នៅក្នុង​ប្រទេស​ទាំងពីរ។

នៅ​ប្រទេស​កម្ពុជា​ ពិធី​នេះត្រូវបានគណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ប្រារព្ធ​ធ្វើ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ដោយ​មាន​ការដើរ​ក្បួន​ព្យុះ​ហ​យាត្រា​រំលឹក​ពី​ការ​ដួលរលំនៃរបប​វាល​ពិឃាតខ្មែរ​ក្រហមនិង​ស្រែកជយឃោស​សរសើរ​ដល់​ការអភិវឌ្ឍ​និងសន្តិភាព​ដែល​ទទួល​បាន​។

លោក​ ហ៊ុន សែន​បាន​ថ្លែងប្រាប់​អ្នកចូលរួម​ជាច្រើន​ម៉ឺននាក់​ថា៖

«ជ័យជម្នះ៧មករាបានសង្គ្រោះទាន់ពេល​វេលា​នូវ​អាយុជីវិត​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​នៅ​រង់​ចាំ​សេចក្តី​ស្លាប់​ បាន​ធ្វើ​ឱ្យ​នូ​វ​រាល់តម្លៃ​ទាំងខាងស្មារតី​និងសម្ភារៈ​របស់​ប្រជាជន​ខ្មែរ​ដែល​ត្រូវ​បាន​កសាង​ពូនជ្រុំ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​រាប់ពាន់ឆ្នាំ​របស់​ខ្លួនហើយ​បាន​ស្រក​ស្រុត​ស្ទើរ​រលាយ​សាបសូន្យ​បាត់បង់​អស់​នៅក្នុង​របបប្រល័យ​ពូជសាសន៍​ប៉ុលពត គ្រានោះរស់ឡើង​មក​វិញ‍»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និង​លោក ហេង​ សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ខ្លួន​ឯង​ក៏បានថ្លែង​កោតសរសើរ«នយោ​បាយ​ឈ្នះ-ឈ្នះ»​ ដែលបាន​បញ្ចប់​សង្គ្រាម​ក្នុងស្រុក​ទាំងស្រុង​នៅកម្ពុជា​កាលពី​ចុង​ឆ្នាំ​១៩៩៨​ ​និង​បាន​រិះ​គន់​លើ​ក្រុម​អ្នក​នយោបាយ​គណបក្សប្រឆាំង​ ​ដែល​លោក​យល់​ថា​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​បំភ្លេច​ចោលក្នុង​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ ឆ្នាំ​២០១៨ជាដើម។​

នៅ​ឯប្រទេស​វៀតណាម ​ពិធី​ដ៏កម្រ​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ជាច្រើន​កន្លែង​ដូច​ជា​នៅ​ទីក្រុង​ហាណូយ ទីក្រុង​ហូជីមិញ ខេត្ត ​Gia Lai ​និង​ខេត្ត​ Kien Giang ជាដើម។

សារព័ត៌មាន​វៀតណាម (Viet Nam News) បានដកស្រង់​សម្តី​របស់​លោក​ ង្វៀន ស៊ុនហ្វ៊ុក នាយក​រដ្ឋ​មន្ត្រី​វៀតណាម ថា ជ័យ​ជម្នះ​៧មករា​នេះ​បាន​បង្ហាញ​ពី ភាព​ក្លាហាន និង​ភាព​រឹង​មាំ​របស់​ប្រជា​ជន​វៀតណាម​ បង្ហាញ​ពីទំនាក់​ទំនង​ជា​ប្រពៃណី​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម និងបង្ហាញ​ពី​ភាព​ស្មោះត្រង់​ក្នុង​ការ​ជ្រោមជ្រែង​របស់​វៀតណាម​ជួយ​ប្រជា​ជន​កម្ពុជា។

លោក ង្វៀន ស៊ុនហ្វ៊ុក បន្តថា ជ័យជម្នះ ថ្ងៃ៧​មករា​១៩៧៩ បាន​លុបបំបាត់​របប​ប្រល័យ​ពូជសាសន៍ ហើយ​បាន​បើក​នូវ​សករាជ​ថ្មី​នៃ​ការ​អភិវឌ្ឍ ឯករាជ្យ សេរីភាព សន្តិភាព និង​វិបុលភាព​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​មូល​។

នៅក្នុងពិធី​នៅឯទីក្រុងហូជីមិញវិញលោក ​Huynh Cach Mang អនុប្រធាន​គណៈកម្មា​ធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ បាន​សង្កត់ធ្ងន់​ថា ​ក្នុង​រយៈពេល ​៤០​ ឆ្នាំ​កន្លង​ទៅ ​ទំនាក់​ទំនង​មិត្តភាពជា​ប្រពៃណី​រវាង​វៀតណាម ​និង​កម្ពុជា​បាន​ និង​កំពុង​អភិវឌ្ឍ​ឡើង​ដល់​កម្រិត​ថ្មី។ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​បាន​បន្ត​ពង្រីកការ​នាំចេញ​ទ្វេភាគី​ឆ្នាំ ២០១៨ ​ទទួល​បាន ​៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក។ នេះបើតាម​សេចក្តី​រាយការណ៍​របស់​វិទ្យុ​សំឡេង​វៀតណាម។

កងទ័ពស្ម័គ្រចិត្ត​វៀតណាម​ជាច្រើន​ម៉ឺននាក់​បាន​ចូល​លុកលុយប្រទេស​កម្ពុជា​នៅចុងខែ​ធ្នូ​ឆ្នាំ​១៩៧៨ ​ហើយ​បាន​ផ្តួល​រំលំ​របប​ឃោរឃៅ​ខ្មែរ​ក្រហម​ ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន នៅថ្ងៃទី​៧ខែមករា​ឆ្នាំ​១៩៧៩។ វៀតណាម​បាន​បង្កើតរដ្ឋាភិបាល​កម្ពុជា​មួយ​ដែលរណប​ក្រុង​ហាណូយ​និងក្រោយមក​ប្រែក្លាយ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

សម្រាប់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​រត់ភៀសខ្លួន​មករស់នៅ​ក្រៅប្រទេស​ចាត់ទុក​ថាទិវា​នោះ​គឺ​ជាការ​ប្រារព្ធ​នៃ​ការចូល​ឈ្លានពាន​របស់​វៀតណាម​នៅ​កម្ពុជានិងការដាក់​អាណានិគម​។ ក្រុមអ្នកតវ៉ា​ដែល​មាន​ចំនួន​ជាង​១០០នាក់បាន​ធ្វើ​បាតុកម្ម​មួយ​ក្នុង​ទីក្រុង​ឡុងប៊ិច ​រដ្ឋកាលីហ្វញ៉ា​កាលពីថ្ងៃ​អាទិត្យ​ដើម្បីប្រឆាំង​នឹង​ខួបលើកទី​៤០នៃ​ទិវា​៧មករា​នេះ។

លោក​ វាសនា ច័ន្ ទ​អ្នករៀបចំ​បាតុកម្ម​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​ទាំងអស់គ្នា​បារម្ភបំផុត​គឺខ្លាចការដឹងគុណ៧មករាហ្នឹង​ក្លាយទៅជា​យួនគ្រប់គ្រង​អស់មួយជីវិត​នៃ​ទឹកដី​ខ្មែរ​យើង​ដូច​កម្ពុជា​ក្រោមអីចឹង‍»។​

ពួកគេ​ថា​រយៈពេល​៤០ឆ្នាំ​នេះ​គឺ​កម្ពុជា​បាន​បាត់បង់​ទឹកដី​មួយចំនួន​ទៅ ប្រទេស​វៀតណាម ខូចខាត​ធនធាន​ព្រៃឈើ​ ទំនាស់​ដីធ្លី ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ ការ​ជំពាក់បំណុល​បរទេស​កាន់តែច្រើន និងការ​បិទសិទ្ធិ​សេរីភាព​ជាដើម។

លោក​វាសនា ច័ន្ទ​បាន​បន្ថែម​ទៀតថា៖

«ដូច្នេះទាំងអស់​ហ្នឹង​ហើយ​គឺជា​ការព្រួយបារម្ភ​របស់​ពួកយើងខ្ញុំ​ដែល​មានឈាមជ័រ​ជាខ្មែរ​។ ដូច្នេះ​សុំ​ឱ្យ​លោកហ៊ុន សែន​គាត់​មានជាតិនិយម​ពិតប្រាកដ​កុំ​ឱ្យ​មានជាតិ​និយម​គ្រាន់តែ​ជាលេស​ក្នុង​ការ​អភិវឌ្ឍ​និង​ការពារ​នូវ​អំណាច​របស់​ខ្លួន‍»។​

ប្រជាពលរដ្ឋ​ខ្មែរ​អូស្រ្តាលី​ដែល​មាន​ចំនួន​ជាង​១០០​នាក់​ដែរ​បាន​ធ្វើ​បាតុកម្មប្រឆាំង​នៅមុខភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​មែលប៊ន ​ជាទី​ដែល​មានការប្រារព្ធ​ពិធីអបអរ​សាទរ​ទិវា៧មករា​ដោយ​សហគមន៍​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

នៅក្នុង​ប្រទេស​កម្ពុជា​មិនមាន​សកម្មភាព​អ្វី​ប្រឆាំងនឹង​ទិវា​នេះ​ដូច​ដែល​ធ្លាប់កើតមានកន្លង​មក​ដោយ​ក្រុមនិស្សិត​ខ្មែរ​នោះទេ។ ការបញ្ចេញ​មតិ​ត្រូវបាន​ពលរដ្ឋ​មួយ​ចំនួន​ធ្វើ​ឡើង​ដោយ​ប្រយ័ត្ន​ប្រយែង​ ជាពិសេស​ក្រោយ​ពី​មានការបង្ក្រាបលើ​បណ្តាញព័ត៌មាន​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល​និង​អ្នកនយោបាយ​គណបក្ស​ប្រឆាំង។ ​

លោក​អ៊ំ សំអាន ​អតីត​អ្នកតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​និង​ធ្លាប់ជា​សកម្មជន​បញ្ហា​ព្រំដែន​បាន​បញ្ជាក់​ថា៖

«នៅតាម​ព្រំដែន​ប្រជាពលរដ្ឋ​តែងតែ​ស្រែកយំ​នៅពេល​បោះបង្គោល​ព្រំដែន​ ដូច្នេះ​មានន័យ​ថា​តាំងពី​ឆ្នាំ​១៩៧៩មក​វៀតណាម​នៅតែ​មាន​ឥទ្ធិពល​មកលើកម្ពុជា​ហើយ​បន្ទាប់ពី​វៀតណាម​លើក​បន្តុប​លោក​ហ៊ុន សែន​ហើយ​មកហ្នឹង​គឺ​ថា​លោក​ហ៊ុន សែន​តែងតែ​ធ្វើ​អ្វី​ទៅតាម​វៀតណាម​ចង់​បាន»។

លោកអ៊ំ សំអាន​បាន​បន្ថែម​ថា​ការបែង​ចែក​ផលនៃ​ការ​អភិវឌ្ឍ​មិន​មាន​សមភាព​រវាង​ក្រុម​គ្រួសារអ្នកមាន​អំណាច​និង​ពលរដ្ឋ​ក្រីក្រ៖

«លោក​ហ៊ុន សែន​គាត់​បាន​អំណាច​ហ្នឹង​គាត់​ប្រព្រឹត្ត​អំពើ​ពុករលួយ​។ ក្រុមគ្រួសារ​គាត់​មាន​បាន​រស់នៅ​លើ​គំនរ​ទ្រព្យ​សម្បត្តិ​ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​គឺ​ទៅធ្វើការ​នៅ​ក្រៅ​ប្រទេសហើយ​រស់នៅក្នុង​ភាព​ក្រីក្រ​ដោយសារ​ការអភិវឌ្ឍ​នៅកម្ពុជា​គឺ​ថា​ការអភិវឌ្ឍ​កន្លែង​ណា​ប្រជាពលរដ្ឋ​តែងតែ​រងទុក្ខ​ តែងតែទឹកភ្នែកដោយសារ​ការរំលោភ​យក​ដីធ្លី​ពីសំណាក់​ក្រុមហ៊ុន​និង​អ្នក​មាន​អំណាច​នៅ​កម្ពុជា​‍»។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់គ្រងប្រទេស​កម្ពុជា​ដោយ​កណ្តាប់​ដៃ​ដែក​ក្នុង​រយៈពេល​ជាង​បីទសវត្សរ៍​មកនេះ។ លោក​បាន​បញ្ចប់​ក្បាលម៉ាស៊ីន​និង​រចនា​សម្ព័ន្ធ​ចាត់​តាំង​របស់​ក្រុមខ្មែរ​ក្រហម​ជាស្ថាពរ​នៅ​ឆ្នាំ​១៩៩៨។ លោក​បាន​ផ្តួល​គូ​ប្រជែង​នយោបាយ​ជាច្រើន​រាប់តាំងពី​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ីនប៉ិច និងចុងក្រោយនេះ​គឺ​គណបក្ស​សង្គ្រោះជាតិ​ដោយ​ប្រើប្រាស់​តុលាការកំពូល។

លោក​អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ពី​ការយល់ឃើញ​ដូច​ក្រុមបាតុករនៅ​ក្រៅ​ប្រទេស​ដែរ។ លោក​បាន​បន្ថែមថា៖

«៤០ឆ្នាំ​មកនេះ​ប្រជាពលរដ្ឋ​ខ្មែរ​អត់មានអ្វី​ដែលជាមោទនភាព​ជាតិ​ទេ​។ ថ្វីត្បិត​ឥឡូវយើង​និយាយ​ថា​យើង​មាន​សន្តិភាព​ ប៉ុន្តែ​សន្តិភាព​នៅក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​សន្តិភាព​នៅក្នុង​ផ្នូរ​ខ្មោចអីចឹងឯង ព្រោះប្រជាពលរដ្ឋ​អត់មានសេរីភាព​។ ប្រជាពលរដ្ឋ​អត់មានយុត្តិធម៌​គឺរងគ្រោះ​ ហើយការអភិវឌ្ឍន៍​រាល់ថ្ងៃ ពាក្យ​អភិវឌ្ឍន៍​រាល់ថ្ងៃធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយសារ​ការអភិវឌ្ឍន៍​មិន​យុត្តិធម៌ហ្នឹង‍»។​

​លោក​អេង ឆៃអ៊ាង ​យល់​ថា​ទិវា​ណា​ដែល​មានលក្ខណៈធ្វើ​ឱ្យ​ខ្មែរ​បែកបាក់ដូច​នេះ​មិន​គួរ​ធ្វើ​ទ្រង់​ទ្រាយ​ធំ​ពេក​ទេប៉ុន្តែ​ត្រូវ​ធ្វើ​ពិធីណា​ដែល​បង្ហាញនូវ​ការឯកភាព​ខ្មែរ​ទាំងមូល​ដែលមានដូច​ជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ​និងថ្ងៃរំលឹក​ដល់​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស​ថ្ងៃទី​២៣ខែតុលា​ឆ្នាំ​១៩៩១​ ដែល​បាន​បង្រួមភាគី​ជម្លោះ​របស់​ខ្មែរ​ទាំង​បួន​ភាគីដោយមាន​អន្តរជាតិ​ដឹង​ឮ​ជាសាក្សី​ជាដើម។

លោក​បាន​បន្ថែម​ទៀត​ថា៖

«២៣ តុលា ឆ្នាំ​១៩៩១ ​នេះ​ជា​ព្រឹត្តិការណ៍​ដែល​ខ្មែរ​ប្តេជ្ញាចិត្ត​បញ្ឈប់​សង្គ្រាម​បញ្ឈប់​ច្បាំងគ្នា​ចាប់ដៃ​ដើម្បី​កសាង​ប្រទេស​ឱ្យ​មានសន្តិភាព​។ នេះជាព្រឹត្តិការណ៍​មួយ​ដែល​យើង​ត្រូវគោរព​ឱ្យ​តម្លៃហើយ​ប៉ុន្តែ​ផ្ទុយទៅវិញ​ព្រឹត្តិការណ៍​២៣តុលា​មកដល់សព្វថ្ងៃនេះ​គឺ​មានភាគីខ្មែរ​មួយ​ក្រុមដែល​ខ្លួន​បាត់​បង់​ដោយ​២៣តុលាហ្នឹង​គឺមិនសូវឱ្យ​តម្លៃ​មិន​សូវ​គោរព​ទេ​ហើយ​វិល​មក​គោរព​រឿង​៧មករាវិញ‍»។

សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ការប្រារព្ធ​ពិធី​ចាប់ផ្តើមតាំងពី​ចុងខែ​ធ្នូ​ដោយ​មានការសម្ពោធ​វិមាន​ឈ្នះ-ឈ្នះ ​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ចាត់​ទុក​ថា​ជាខួបលើកទី​២០នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​រវាងខ្មែរ​និងខ្មែរ​និង​ទិវា​ប្រវត្តិសាស្រ្ត​៧មករា​ដែល​បាន​នាំ​ឱ្យ​អតីត​គណបក្ស​កុម្មុយនីស្ត​នេះ​បាន​ឡើង​កាន់អំណាច​ជា​រហូត​មក៕