កម្ពុជា​រក​ឃើញ​ពលរដ្ឋខ្មែរ​​១៥នាក់​ផ្ទុក​វីរុស​កូរ៉ូណា​ ​ធ្វើ​ដំណើរ​ពីប្រទេស​អារ៉ាប់ប៊ីសាអូឌីត​

រូបឯកសារ៖ ម៉ាស៊ីនស្កែនដែលត្រូវបានដាក់ដើម្បីតាមដានអ្នកដំណើរនៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីខែមករា ២០២០។

អ្នក​ធ្វើ​ដំណើរ​១៥នាក់​ដែល​ជាជនជាតិ​ខ្មែរ​ ត្រូវបាន​ធ្វើ​តេស្ត​រក​ឃើញ​ផ្ទុក​វីរុស​កូរ៉ូណា​ ក្រោយពួក​គេ​ធ្វើ​ដំណើរ​ពី​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត និង​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី មុន​ចូល​មក​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាលចេញ​ផ្សាយ​នៅ​ថ្ងៃអាទិត្យ​នេះ។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថាអ្នក​ធ្វើ​ដំណើរ​សរុប​៩៤នាក់​ ក្នុង​នោះ​មាន​ជនជាតិ​ម៉ាឡេស៊ី១នាក់​។ ប្រជាពលរដ្ឋ​ខ្មែរ៨០នាក់​ ដែល​ជានិស្សិត​ធ្វើ​ដំណើរ​ពី​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ហើយ​ឆ្លង​តាម​ប្រទេស​ម៉ាឡេស៊ី​។ បន្ទាប់​មក​ពលរដ្ឋខ្មែរ​ចំនួន​១៣នាក់នៅ​ប្រទេស​ម៉ាឡេស៊ី ក៏​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​នេះ មក​កម្ពុជាដែរ។

នៅពេល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ពួកគេ​១៥នាក់​ ដែលជា​អ្នក​ដំណើរ​បុរស ត្រូវបាន​ធ្វើ​តេស្ត​និងរក​ឃើញ​ថា​ផ្ទុក​វីរុស​កូរ៉ូណា។ ពួកគេ​មាន​អាយុ​ចន្លោះ​ពី​២១​ទៅ​៣៣ឆ្នាំ។ បច្ចុប្បន្ន​ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅមណ្ឌលសុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល។

ដោយ​ឡែក​អ្នក​ដែល​បាន​រួម​ដំណើរ​ផ្សេ​ង​ទៀតដែលធ្វើ​តេស្ត​មិន​មាន​ជំងឺ​កូវីដ​១៩​ចំនួន​៧៩នាក់​ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​១៤​ថ្ងៃនៅ​ជម្ពូវ័ន្ត​ រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល។

​រហូត​មក​ដល់​ពេល​នេះ ករណី​ឆ្លង​សរុប​នៅ​កម្ពុជា​មាន​ចំនួន​១៥៦នាក់ ក្នុង​នោះ​១៣៣​នាក់​បាន​ជា​សះស្បើយ។

តាម​គោល​ការណ៍​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ១៩ ​ ​អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​យក​សំណាក​ទៅ​ពិនិត្យ​ជំងឺ​កូវីដ​ ហើយ​ប្រសិន​បើ​នៅ​លើ​យន្ត​ហោះ ​មាន​នរណា​ម្នាក់​មាន​វីរុស​កូរ៉ូណា​ អ្នក​ដំណើរ​ទាំង​អស់​ត្រូវ​ស្នាក់​នៅ​កន្លែង​ដែល​រដ្ឋាភិបាល​រៀបចំ​ឲ្យ​រយៈ​ពេល​១៤​ថ្ងៃ ​ហើយ​ការ​ធ្វើ​តេស្ត​យក​សំណាក​ អាច​មាន​យ៉ាង​តិច​៣​ដង​ទៀត៕