ភ្នំពេញ — នៅកម្ពុជាប្រជាពលរដ្ឋមួយចំនួនធំនិងជាបន្តបន្ទាប់ បានបង្ហាញពីការពេញចិត្តនិងមានជំនឿទុកចិត្តចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣ ឬដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពការការពារពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរមួយនេះឱ្យកាន់តែប្រសើរឡើង។
កញ្ញា ហេង គីមឡៃ អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង និងជាកម្មការីរោងចក្រនៅសង្កាត់ចាក់អង្រែលើក្នុងទីក្រុងភ្នំពេញ។ កញ្ញាបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣ នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។ កញ្ញា គីមឡៃ បានប្រាប់វីអូអេថា ការចាក់វ៉ាក់សាំងអាស្ត្រាសេនេកា (Astrazeneca) ដូសទី ៣ នេះ គឺធ្វើឡើងតាមការស្ម័គ្រចិត្ត ហើយថា ភាពជឿទុកចិត្តលើវ៉ាក់សាំងដូសទី ៣ នេះ ក៏មានកាន់តែខ្ពស់ដែរ។
«គិតថាចាក់លើកទី ៣ វាកាន់តែជួយការពារយើង។ បើយើងចាក់លើកទី ១ លើកទី ២ យើងទុកចិត្តដល់អ៊ីចឹងមានលើកទី ៣ ទៀត វាកាន់តែទុកចិត្តទៀតហើយឱ្យតែបានចាក់»។
ការទទួលយកនិងភាពជឿទុកចិត្តលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រជាពលរដ្ឋកម្ពុជា ដូចជាកញ្ញា ហេង គីមឡៃ ត្រូវបានកត់សម្គាល់ ស្របពេលដែលពលរដ្ឋមួយចំនួននៅតាមបណ្តាប្រទេសជឿនលឿននៅលោកខាងលិច ដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអ៊ីតាលី កំពុងតវ៉ាប្រឆាំងនឹងវិធានការរបស់របស់រដ្ឋាភិបាលខ្លួន និងការណែនាំនៃមន្ត្រីសុខាភិបាលខ្លួនឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ខុសគ្នាពីពលរដ្ឋនៅតាមបណ្តាប្រទេសទាំងនេះ ដែលមានលទ្ធភាពទទួលបានវ៉ាក់សាំង Pfizer វ៉ាក់សាំង Moderna និង Johnsons and Johnsons ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (World Health Organization) ហើយត្រូវបានអ្នកស្រាវជ្រាវសុខាភិបាលសិក្សារកឃើញថាមានប្រសិទ្ធភាពខ្ពស់នោះ ពលរដ្ឋកម្ពុជាភាគច្រើនមានលទ្ធភាពត្រឹមតែទទួលបានវ៉ាក់សាំងផលិតដោយប្រទេសចិនតែប៉ុណ្ណោះ ដូចជាវ៉ាក់សាំង Sinopharm និង Sinovac ដែលត្រូវបានគេជឿថាមានប្រសិទ្ធភាពទាបជាងវ៉ាក់សាំងផលិតនៅប្រទេសលោកខាងលិច។
កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋរបស់ខ្លួននៅខែកុម្ភៈ ហើយមកទល់ពេលនេះត្រូវបានបណ្តាប្រទេសជាច្រើនទទួលស្គាល់ថា កម្ពុជាបានជោគជ័យក្នុងការជំរុញឲ្យពលរដ្ឋរបស់ខ្លួនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដ៏ប្រល័យមួយនេះ។
ហើយនៅដើមខែសីហាកន្លងមកនេះ កម្ពុជាក៏បានឈានទៅដល់ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសយុទ្ធនាការនេះនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់មនុស្សអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ជាពិសេសដើម្បីទប់ទល់នឹងវីរុសបំប្លែងថ្មីដែលតា (Delta)។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនដែលវីអូអេបានសាកសួរ បានឱ្យដឹងស្រដៀងៗគ្នាថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣ របស់ខ្លួនភាគច្រើន ធ្វើទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើទៅតាមការពិចារណារបស់ខ្លួនផ្ទាល់ និងធ្វើទៅតាមការសាកសួរបន្តៗគ្នាពីប្រសិទ្ធភាពនៃដូសទី៣នេះ។
ជាក់ស្តែងអ្នកស្រី ប៊ុន ស៊ីថា ជាអាជីវកម្នាក់រស់នៅក្នុងសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ បានឱ្យដឹងដែរថា អ្នកស្រីជឿជាក់យ៉ាងខ្លាំងលើការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣ នេះ ដើម្បីបង្កើនការការពារកាន់តែខ្ពស់ថែមមួយកម្រិតទៀត។
«អូពេញចិត្តណាស់! ខ្ញុំអត់មានគិតថាយ៉ាងណាទេឱ្យថាចាក់ទៀត ក៏ចាក់ទៀតដែរ។ ចាក់កាលណា ស្រួលកាលហ្នឹង។ អត់បារម្ភទេចាស។ រឿងការចាក់វ៉ាក់សាំងគឺខ្ញុំអត់ដែរមានបញ្ហាទេ។ ទុកចិត្តក្រសួងហើយក្រសួងជាភ្នែកច្រមុះរបស់យើង។ ជឿៗ បើអត់ជឿ អត់ចាក់ទេគេចលាន់ឥឡូវហើយ»។
កំពុងចាកចេញពីកន្លែងចាក់វ៉ាក់សាំងកូវីដ១៩ នៅសាលាបឋមសិក្សាចៅពញាហុក ក្នុងសង្កាត់បឹងកេងកង រាជធានីភ្នំពេញ លោក ឡុង សុខជា អាយុ ២៨ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ បានឲ្យដឹងថាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣ ឬដូសជំរុញនេះ ធ្វើឱ្យលោកទុកចិត្តកាន់តែខ្លាំងក្នុងការការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។
«ខ្ញុំគិតថា វាមានប្រសិទ្ធភាពខ្ពស់ជាងមុនៗ ដោយសារយើងចាក់បាន ៣ លើក។ ហើយអ៊ីចឹងវាការពារបានច្រើន។ ខ្ញុំលឺគេខ្លះៗដែរ ពីព្រោះគេថា ចាក់ដូសទី ៣ គេថា ហ្នឹងហើយទុកចិត្តបាន។ អ៊ីចឹងវាការពារ វាល្អជាងមុន។ណាមួយក្រសួងគាត់ប្រាប់ចឹងដែរទៅ។ អ៊ីចឹងយើងធ្វើតាមក្រសួងដែរហ្នឹង។ ប្រជាពលរដ្ឋភាគច្រើនតាមក្រសួងគាត់មក ចាក់មកអីការពារខ្លាចឆ្លង»។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលបានប្រកាសចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ១ ទៅលើមនុស្សពេញវ័យដោយប្រើវ៉ាក់សាំងស៊ីណូហ្វាម Sinopharm។ ក្នុងអំឡុងពេលនោះ មានប្រជាពលរដ្ឋខ្លះបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការទៅទទួលចាក់វ៉ាក់សាំងនោះ។ ក៏ប៉ុន្តែការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញនេះ ប្រជាពលរដ្ឋភាគច្រើនបង្ហាញពីជំនឿទុកចិត្តលើការចាក់ដូសទី ៣ នេះយ៉ាងខ្លាំង។
យុវជន លឹម ឡុង អាយុ ២៤ឆ្នាំ ជាបុគ្គលិកនៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ ទើបតែបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣ រួចថ្មីៗ នៅក្នុងសាលាបឋមសិក្សាចៅពញាហុក។ លោកបានបង្ហាញពីការពេញចិត្តនឹងទទួលបានការចាក់វ៉ាក់សាំងដូសជំរុញនេះ។ លោកបានប្រាប់វីអូអេថា លោកមានជំនឿទុកចិត្តខ្ពស់លើប្រសិទ្ធភាពការពារនៃដូសទី ៣ បានកាន់តែល្អ និងពុំមានការស្ទាក់ស្ទើរដូចការចាក់ដូសលើកទី ១ និងទី ២ នោះទេ។
«ពីព្រោះកាលយើងចាក់ទី ១ ទី ២ យើងអត់ទាន់ដឹងថា វាដុះឬអត់ អ៊ីចឹងណា។ អ៊ីចឹងពេលយើងចាក់លើកទី ៣ ទៀត ថែមអាស្ត្រាទៀតអ៊ីចឹង វាខ្លាំងជាងមុន។ យើងអាចគិតថា វាបូកគ្នាទៅ វាគ្រាន់ថាជាងមុន។ សម្រាប់ដូសទី ៣ អត់ស្ទាក់ស្ទើរទេ។ កាលដូសទី ១ រៀងស្ទាក់ស្ទើរតែដូសទី ៣ យើងចាក់បាន ២ ដងហើយ អ៊ីចឹងលើកទី ៣ អត់ស្ទាក់ស្ទើរទេចង់ចាក់តែម្តង។ ដូសទី ១ នៅសួរគេ សួរអ៊ីចឹងសួរមិត្តភក្តិសួរ អ្នកធ្វើការចាក់ហើយម៉េចដែរ។ អ៊ីចឹងទៅបានយើងសម្រេចចិត្តចាក់តែលើកទី ៣ នេះ យើងសម្រេចចិត្តចង់ចាក់តែម្តង ដោយសារយើងមានជំនឿលើវ៉ាក់សាំងហ្នឹង»។
នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋអាយុក្រោម ៦០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយស្ទើរតែទាំងអស់គ្នាបានចាក់វ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) នៅដូសទី ១ និងទី ២។ ចំណែកឯវ៉ាក់សាំងកូវីដ១៩ ដូសទី ៣ ដែលត្រូវប្រើរួមមានអាស្ត្រាសេនេកា (Astrazeneca) និងវ៉ាក់សាំងរបស់ចិនផងដែរ ហើយការចាក់ត្រូវធ្វើឡើងក្នុងគម្លាតរយៈពេលពី ៤ខែ ទៅ ៦ខែ នៃការចាក់ដូសទី ១។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាន មានប្រសាសន៍ប្រាប់ VOA ថា ការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣ គឺជាការបង្ហាញពីទំនុកចិត្តរបស់ប្រជាពលរដ្ឋទៅលើវ៉ាក់សាំងដែលកំពុងប្រើ។
«យើងសង្កេតឃើញថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគាត់ចូលបានច្រើនកុះករណាស់។ ការសប្បាយចិត្តរបស់គាត់នេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ ហើយចំណុចដ៏សំខាន់មួយទៀតនោះ គឺគាត់ជឿជាក់ទៅលើវ៉ាក់សាំងដែលយើងកំពុងប្រើប្រាស់»។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី ឱ វណ្ណឌីន បានដាស់តឿនថាការចាក់វ៉ាក់សាំងតែមួយមុខមិនទាន់គ្រប់គ្រាន់ ក្នុងការការពារពីជំងឺកូវីដ១៩ នោះទេ សំខាន់បំផុតទៀតនោះ គឺត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ ៣ការពារ» ជាប់ជានិច្ច។
លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងផងដែរថា អ្នកចូលរួមចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ មានជាង ២លាននាក់ រហូតមកដល់ពេលនេះ។
កាលពីថ្ងៃច័ន្ទដើមខែវិច្ឆិកានេះ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី ១ លើក្មេងអាយុ ៦ឆ្នាំឡើង និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ លើក្មេងអាយុ ៥ឆ្នាំ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣ ដោយមិនចាំបាច់ធ្វើតេស្តរកអង់ទីគ័រជាមុននោះទេ។
«ខ្ញុំឃើញឃ្លីបវីដេអូមួយវេជ្ជបណ្ឌិតម្នាក់ គាត់និយាយថា មុននឹងទៅចាក់ដូសជំរុញប្រហែលជាមិននាំគ្នាធ្វើរកអង់ទីគ័រ បានជាទៅយកដូសទី ៣ ហើយធ្វើឲ្យមានការញាក់ញ័រ ដោយសារវាលើស។ ខ្ញុំថា ធ្វើគ្រូពេទ្យដល់ទៅកម្រិតប៉ុណ្ណឹងពេក ដូចជាមិនមែនទេ។ អ៊ីចឹងគួរតែបញ្ជាក់ផងដែរ ចាក់ដូសទី ៣ ចាក់ទៅជាដូសជំរុញ»។
លោកនាយករដ្ឋមន្រ្តីបានប្រកាសឲ្យដឹងដែរថា គិតត្រឹមថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១នេះ ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ១៩ ច្រើន។ ជាក់ស្តែង ៥៩ភាគរយ នៃចំនួនអ្នកស្លាប់សរុប គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ១៩ ៨ភាគរយ ជាអ្នកបានចាក់វ៉ាក់សាំងដូសទី ១ ៣១ភាគរយ ជាអ្នកដែលបានចាក់ដូសទី ២ និង ២ភាគយ ជាអ្នកចាក់បានដូសទី ៣៕