គ្រោះថ្នាក់​នៅ​តែ​មិន​ថមថយ​សម្រាប់​សិស្ស​កម្ពុជា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​សាលារៀន

រូបឯកសារ៖ សិស្សានុសិស្សកម្ពុជា​ធ្វើដំណើរតាមដងផ្លូវនៅរាជធានីភ្នំពេញ រាជធានីភ្នំពេញ​ ថ្ងៃ​ទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។​ (ហ៊ាន សុជាតា/វីអូអេ)

ការប្រឈមនឹងគ្រោះថ្នាក់សម្រាប់សិស្សក្នុងការធ្វើដំណើរទៅមកសាលារៀន​កំពុងបង្កការព្រួយបារម្ភជាខ្លាំងពីគ្រប់មជ្ឈដ្ឋាន ​ដែលទាមទារឲ្យមានការយកចិត្ត​ទុកដាក់និងស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបញ្ចៀស​សោកនាដកម្មដែលអាចកើតមានលើកុមារ។

ភ្នំពេញ — តាម​បណ្តាយ​ផ្លូវ​ជាតិ​ នៅ​លើ​កោះ​តាម​តំបន់​ជន​បទ​ និង​តាម​តំបន់​ទី​ប្រជុំ​ជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា សិស្សានុសិស្ស​រាប់​លាន​នាក់​ធ្វើដំណើរ​ពី​ផ្ទះ​ទៅសាលា​រៀន និង​ពី​សាលារៀន​ទៅ​ផ្ទះវិញ​ ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ឥត​ឈប់​ឈរ។

ជា​រឿយៗ​ គេ​សង្កេត​ឃើញ​ថា​ សិស្ស​សាលា​មួយ​ចំនួន​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​គោក​ មាន​ទាំង​ការ​រំលោភ ​និង​សម្លាប់​នៅ​កន្លែង​តំបន់​ដាច់​ស្រយាល​ និង​មាន​គ្រោះ​ថ្នាក់​លិច​ទូក​ជា​ដើម។

ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី​ ១៣​ ខែ​តុលា​ ឆ្នាំ​ ២០២២​នេះ​ នៅ​ក្នុង​ភូមិ​កោះ​ចម្រើន ​ឃុំ​កំពង់ភ្នំ​ ស្រុក​លើកដែក​ ខេត្ត​កណ្តាល​ ​កុមារ​ចំនួន​ ១១​ នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ​ដោយ​សារ​ហេតុការណ៍​លិច​ទូក​ នៅ​ពេល​ចេញ​ពី​រៀន​ទៅ​ផ្ទះ ​ដែល​ជា​ព្រឹត្តការណ៍​ដ៏​រន្ធត់​មួយ។​

សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​សាលា​រៀន​របស់​ពួកគេ​ កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ​ដើម្បី​បញ្ចៀស​ហានិភ័យ​សម្រាប់​សិស្សា​នុសិស្ស​ទាំង​អស់ ដូច​ជា​សោកនា​ដកម្ម​លិច​ទូក​នៅ​ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​ជំនាញ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ​រស់ ​ច័ន្ទបូរិទ្ធ​ អ្នក​ជំនាញ​ផ្នែក​កិច្ចការ​ឆ្លើយ​តប​មនុស្ស​ធម៌​ និង​ភាព​ក្រីក្រ​របស់​កុមារ​ និង​ជា​នាយក​ស្តី​ទី​ផ្នែក​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​កម្មវិធី​ និង​ផល​ជះ​ប្រចាំអង្គការ ​Save​ the ​Children​ ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​ការ​ប្រឈម​គ្រោះ​ថ្នាក់​របស់​សិស្សានុសិស្ស​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​សាលា​រៀន​ មាន​បញ្ហា​ផ្សេងៗ​ពី​គ្នា​ គឺ​អាស្រ័យ​ទៅ​លើ​តំបន់​នីមួយៗ​នៃ​សាលា​រៀន។

លោក​ថ្លែង​ថា៖ «សុវត្ថិភាព​ទាំង​អស់​ គឺ​សុទ្ធ​តែ​ជា​បញ្ហា​ ក៏​ប៉ុន្តែ​បើ​និយាយ​ភាព​ដូច​គ្នា​ គឺ​អត់​ដូច​គ្នា​ទេ​ អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​សាលា​រៀន​ដែរ។ ​សាលា​ខ្លះ​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​លិច​ទឹក​នៅ​ក្នុង​ខែ​វស្សា​ តែ​ខែ​ប្រាំង​គាត់​អត់​លិច​ទឹក​ទេ។ អ៊ីចឹង​នៅ​ពេល​ដែល​ការ​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​អាច​ប្រឈម​ទៅ​នឹង​ចរាចរណ៍ ​ប៉ុន្តែ​ខែ​លិច​ទឹក​ គាត់​ប្រឈម​ជាមួយ​ការ​លិច​ទូក​ ឬ​ទាក់​ទង​ការ​លង់​ទឹក​ជាដើម។​ នៅ​ក្នុង​តំបន់​ខ្លះ​ឧទាហរណ៍ ដូច​ជា​កុមារី​ គាត់​ត្រូវ​ធ្វើ​ការ​ទៅ​សាលា​រៀន​ពី​ផ្ទះ​ដែល​ឆ្ងាយ​ តែ​សុវត្ថិភាព​គឺ​ទៅ​លើ​រឿង​រំលោភ​បំពាន​ផ្លូវ​ភេទ ​ឬ​អំពើ​ហិង្សា​ដែល​កើត​ឡើង​នៅ​តាម​ផ្លូវ​ទៅ​វិញ»។

រូបឯកសារ៖ ម្តាយ​នៃ​ជនរងគ្រោះ​ម្នាក់​នៅ​ក្នុង​ឧប្បតិ្តហេតុ​លិច​ទូក​ដ​នៅ​ខេត្តកណ្តាល​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ យំ​ក្នុង​អំឡុង​បុណ្យ​សព​នៅ​ភូមិ​កោះចំរើន​ ​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​សុក្រ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២២។

កាលពីដើម​ឆ្នាំ​ ២០២១ ​រដ្ឋា​ភិបាល​បាន​ចេញ​គោល​នយោបាយ ​ភូមិ ​ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​ ដែល​ មាន​ ៧​ ចំណុច ​រួម​មាន​ការ​ផ្តល់​សេវាសាធារណៈ​ប្រកប​ដោយ​គុណភាព ​គ្មាន​លួច ​ឆក់ ​ប្លន់​ គ្រឿងញៀន ​ល្បែង​ស៊ី​សង​ខុស​ច្បាប់​គ្រប់​ប្រភេទ​ គ្មាន​គ្រោះថ្នាក់ ​គ្មាន​អំពើ​អនាចារ​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ដោយ​គុណភាព ​បរិស្ថាន​ល្អ ​ឆ្លើយ​តប​ទាន់​ពេល​វេលា​ចំពោះ​គ្រោះ​មហន្តរាយ ​និង​រាល់​ជំងឺ​ឆ្លង​រាត​ត្បាត​កាច​សាហាវ​ប្រកប​ដោយ​ប្រសិទ្ធ​ជា​ដើម។

អ្នក​ស្រី ​អ៊ុក​ ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​បាន​មាន​ប្រសាសន៍​ថា​ សុវត្ថិ​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​សាលា​រៀន​ មាន​ភាព​ផុយ​ស្រួច​ ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​គ្រប់​បែប​យ៉ាង​ ដែល​អ្វី​ទាំង​អស់​នេះ​គឺ​មក​ពី​គោល​នយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

អ្នកស្រី​ថ្លែង​ថា៖ «មាន​សិស្ស​សាលា​ខ្លះ​គាត់​ធ្វើ​ដំណើរ​តាម​កង់​ តាម​ផ្លូវ​ស្រែ​ ផ្លូវ​មាន​ព្រៃ ​ជួន​កាល​មាន​ការ​ចាប់​រំលោភ យើង​ឃើញ​ហើយ​ថា​ ប្រព័ន្ធ​គ្រោះ​ថ្នាក់​នៅ​កម្ពុជា​យើង​កាន់​តែ​ធ្ងន់​ធ្ងរ​ ដោយ​សារ​តែ​នៅ​តាម​ភូមិ​ឃុំ​មួយៗ​ហ្នឹង​ គឺ​ត្រូវ​បាន​ក្មេង​សេព​គ្រឿង​ញៀន​ច្រើន​ យើង​ឃើញ​ថា​ ការ​ស្លាប់​បាត់​បង់​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​កាន់​តែ​ខ្លាំង​ឡើង​ដែរ​ ទាំង​អស់​នេះ​ដែល​យើង​ឃើញ​ថា​ អត់​មាន​ទេ​ភូមិ​ឃុំ​សុវត្ថិ​ភាព»។

គោល​នយោបាយ ​ភូមិ​ ឃុំ​សង្កាត់​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល​រិះ​គន់​ផង​ដែរ​ថា ​រហូត​មក​ដល់​ពេល​នេះ​នៅ​ពុំ​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​បាន​ដាក់​ចេញ​នោះ​ទេ​ ពី​ព្រោះ​ភាព​អសន្តិសុខ​ក្នុង​ភូមិ​ឃុំ​សង្កាត់​ នៅ​តែ​បន្ត​កើត​មាន​ឥត​ស្រាកស្រាន្ត​នៅ​ឡើយ។

លោក​ យី ​គឹមថាន ​នាយក​រង​ប្រចាំ​ប្រទេស​ទទួល​បន្ទុក​កម្មវិធី​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ (Plan International) បាន​មាន​ប្រសាសន៍​ថា​ ការ​ព្រងើយ​កន្តើយ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ បណ្តាល​ឱ្យ​សុវត្ថិភាព​របស់​សិស្សានុសិស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រឈម​ហានិភ័យ​ខ្ពស់​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «ដោយ​សារ​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​អាណាព្យាបាល ​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ ហើយ​ក៏​ដូច​ជា​គណៈ​គ្រប់គ្រង​សាលា​ទាំង​អស់​ហ្នឹង​ វា​នៅ​ជា​កក្តា​មួយ​ដែល​ត្រូវ​យក​ចិត្ត​ទុ​ក​ដាក់​ថែម​ទៀត​ បើ​មិន​ចឹ​ង​ទេ ​គឺ​កុមារ​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​គ្រោះ​ថ្នាក់​ដល់​ការ​ធ្វើ​ដំណើរ​ហ្នឹង។ ​ជា​ពិសេស​គឺ​អាជ្ញាធរ​មូលដ្ឋាន​ហើយ​និង​កម្លាំង​សមត្ថិកិច្ច​អនុវត្ត​នូវ​គោល​នយោបាយ​យើង​ហៅ​ថា ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។​ កាល​ណា​យើង​ចង់​ការពារ​កុមារ​ វា​ត្រូវ​មាន​ការ​ចូល​រួម​ពី​គ្រប់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ ដើម្បី​យើង​ធានា​បាន​នូវ​សុវត្ថិ​ភាព»។

លោក​បាន​ថ្លែង​បន្តថា ​ការ​គ្មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​សាលារៀន​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សង្គម​ជាតិ​ទាំង​មូល​ខ្លាំង ​បើ​យើង​មិន​ដោះ​ស្រាយ​ឱ្យ​ទាន់​ពេល​វេលា​នោះ។

លោក យី គឹមថាន ថ្លែង​ថា៖ «ឳពុក​ម្តាយ​មួយ​ចំនួន​គាត់​លែង​មាន​ជំនឿ​ថា​ឱ្យ​កូន​គាត់​មក​រៀន ​ពី​ព្រោះ​ការ​មក​រៀន​វា​គ្រោះ​ថ្នាក់​ វា​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​ខ្លាំង​មែន​ទែន ​ធ្វើ​ឱ្យ​កុមារ​ភាគ​ច្រើន​លែង​ទទួល​បាន​នូវ​ការ​បណ្តុះ​បណ្តាល​ ឬ​ក៏​អាច​ឈាន​ទៅ​ដល់​ចំនួន​ការ​បោះ​បង់​ការ​សិក្សា​កាន់​តែ​ច្រើន​ឡើង។ កាល​ណា​កុមារ​អត់​ទៅ​រៀន​ វា​ធ្វើ​ឱ្យ​កុមារ​អវិជ្ជា ​ថា​តើ​គាត់​អាច ​ទៅ​ចូល​រួម​ចំណែក​កសាង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ​យ៉ាង​ម៉េច»។

កន្លង​មក​ មាន​សិស្ស​ស្រី​ខ្លះ​ត្រូវ​បាន​ជនល្មើស​ចាប់​រំលោភ​ និង​សម្លាប់ ​នៅ​ពេល​ល្ងាច​ចេញ​ពី​រៀន​ទៅផ្ទះឆ្លង​កាត់​តំបន់​ដាច់​ស្រយាល​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ឱពុក​ម្តាយ​ចំនួន​ខ្លាច​រអា​ក្នុង​ការ​ឱ្យ​កូន​ទៅ​រៀន។

ជាមួយ​គ្នា​នេះ​ លោក ​យឹម​ សាអួន​ ជា​នាយក​វិទ្យាល័យ​ស្រែណូយ ​នៅ​ឃុំ​ស្រែណូយ ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប​ បាន​មាន​ប្រសាសន៍​ថា​ កូន​សិស្ស​ខ្លះ​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ​ជា​ ៣០​ គីឡូ​ ពី​ផ្ទះ​មក​សាលារៀន​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កូន​សិស្ស​ទាំង​នោះ​បោះ​បង់​ចោល​ការ​សិក្សា​ ដោយ​សារ​ត្រូវ​ឆ្លង​កាត់​ផ្លូវ​ស្ងាត់​ និង​តំបន់​ដាច់​ស្រយាល។

លោក​ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​សោក​ស្តាយ​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​មាន​កូន​សិស្ស​បោះ​បង់​ចោល​ការ​សិក្សា​ ដោយ​សារ​តែ​មូល​ហេតុ​ទាំង​នេះ។

លោក​ថ្លែង​ថា៖ «ជួន​កាល​ មាន​អាណា​ព្យាបាល​ខ្លះ​គាត់​បារម្ភ​ពី​សុវត្ថិ​ភាព​កូន​របស់​គាត់ ​គាត់​ថា​ ឱ្យ​កូន​របស់​គាត់​ឈប់​រៀន​ ដោយ​សារ​គាត់​ថា​ សាលា​រៀន​ឆ្ងាយ ​ផ្លូវ​ស្ងាត់​ ដូច​កូន​ស្រី​គឺ​រឿង​សុវត្ថិ​ភាព។ ខ្លះ​ទៅ​ក៏​មាន​ជន​ខិល​ខូច ​វា​កាក់​វ៉ៃ​ដូច​ជា​ក្មេង​ប្រុសៗ​អី។​ សាលា​ខ្ញុំ​សិស្ស​ឆ្ងាយៗ​ច្រើន។ សាលា​ខ្ញុំ​ បើ​សិន​ជា​រៀន​វេន្ត​ល្ងាច​ទៅ​ដល់​ផ្ទះ​យប់​ហើយ​ ក៏​បោះ​បង់​ក៏​ច្រើន​ដែរ​ សិស្ស​ខាង​ខ្ញុំ។ មិន​មែន​មាន​តែ​សាលា​ខ្ញុំ​ទេ​ សាលា​បឋម​មួយ​ចំនួន​ មួយឆ្នាំៗ​ ស្លាប់​ ៤​ ឬ​ ៥​ នាក់​ដែរ​ ទាក់​ទង​ចរា​ចរណ៍ ​បុក​គ្នា​សម្បូរ​ច្រើន»។

រូបឯកសារ៖ កុមារ​ និង​យុវវ័យ​កម្ពុជា​ ចាប់​ផ្តើម​ចូល​រៀន​នៅ​សាលារៀនវិញ​ តាម​ការ​កំណត់​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ​ក្រោយ​ការ​រំខាន​ដោយ​ជំងឺ​កូវីដ​១៩​ អស់​ពេល​ជាច្រើន​ខែ​ រាជធានីភ្នំពេញ​ ថ្ងៃ​ទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។​ (ហ៊ាន សុជាតា/វីអូអេ)

ជាក់​ស្តែង​ អ្នក​ស្រី ​ជុំ ​សុវណ្ណ ​អាយុ​ ៤១​ ឆ្នាំ​ជា​អាជីវករ​រស់​នៅ​ភូមិ​គោក​តាចាន់ ​ឃុំ​គោកចក​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​ បាន​ឱ្យ​ដឹង​ថា ​អ្នក​ស្រី​តែង​តែ​បារម្ភ​ជា​ខ្លាំង​នូវ​សុវត្ថិ​ភាព​របស់​កូន​ស្រី​ ដែល​មាន​អាយុ​ ១៧ ​ឆ្នាំ​ ពេល​ធ្វើ​ដំណើរ​ទៅ​មក​សាលារៀន​រាល់​ថ្ងៃ ​បន្ទាប់​ពី​អ្នក​ស្រី​បាន​ឃើញ​ព័ត៌មា​ន​តាម​បណ្តាញ​សង្គម​ជា​ញឹកញាប់​ពី​ករណី​អសន្តិសុខ​មួយ​ចំនួន ​ដែល​បាន​កើត​ឡើង​នៅ​តាម​ដង​ផ្លូវ។

អ្នកស្រី​ថ្លែង​ថា៖ «អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភ​មាន​ច្រើន​ ទី​ ១ ​គឺ​ចរាចរណ៍​តែ​ម្តង។ ទី​ ២​ គឺ​ការ​គាត់​ទៅ​ផ្ទះ​យប់​ព្រលប់​ចឹង​ខ្លាច​មាន​ជន​មិន​ល្អ ​ធ្វើ​បាប។​ ខ្ញុំ​មើល​ក្នុង​ប្រព័ន្ធ​បណ្តាញ​ហ្វេសប៊ុក ឃើញ​ជាក់​ស្តែង​ផ្ទាល់ៗ​ករណី​អស់​ហ្នឹង​ គឺ​វា​កើត​ឡើង ​ហើយ​វា​ច្រើន​ទៅ​តាម​តំបន់​ទៀត​ ដូច​ជា​ករណី​គ្រោះ​ថ្នាក់​ ចាប់​រំលោភ។ ការ​ដែល​ខ្ញុំ​ឱ្យ​កូន​គាត់​ជិះ​កង់​ក្តី​ ជិះ​ម៉ូតូ​ក្តី​មក​ខ្លួន​ឯង​ ទាល់​តែ​កូន​ដល់​សាលា​ផ្ញើ​សារ​ទៅ​ ឬ​ក៏​តេ​ប្រាប់​ទើប​ ខ្ញុំ​បាត់​ការ​បារម្ភ​ហ្នឹង»។

ពាក់ព័ន្ធ​នឹង​បញ្ហា​សុវត្ថិ​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​សាលារៀន​របស់​សិស្សានុសិស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ​លោក ​រស់ ​សុវាចា ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ មិនអត្ថា​ធិប្បាយ​អ្វី​ទាំង​អស់​ជុំវិញ​បញ្ហា​ទាំង​នេះ​ ដោយ​លោក​គ្រាន់​តែ​បញ្ជូន​សេចក្តី​ណែនាំ​របស់​ក្រសួង​អប់រំ ​យុវជន​និង​កីឡា​ ស្តី​ពី​វិធានការ​បង្ការ ​និង​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​មក​សាលារៀន​សម្រាប់​បុគ្គលិក​អប់រំ ​និង​សិស្សានុសិស្ស​តែ​ប៉ុណ្ណោះ។

សេចក្តី​ណែ​នាំ​នោះ ​ចុះ​ថ្ងៃ​ទី​ ២០​ ខែ​តុលា ​ឆ្នាំ​ ២០២២​ នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ហេតុការណ៍​លិច​ទូក​ស្លាប់​ក្មេង​អស់​ ១១​ នាក់ ​នៅ​ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​ថា ​ជា​រៀង​រាល់​ឆ្នាំ ​សិស្សានុសិស្ស​ និង​បុគ្គលិក​អប់រំ​មួយ​ចំនួន​តូច ​បាន​រង​គ្រោះ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ ​ទៅ​សាលារៀន​ឬ​មក​បំពេញ​ការងារ​ ទាំង​តាម​ផ្លូវ​គោក​ និង​ផ្លូវ​ទឹក ​ជាពិសេស​នៅ​រដូវ​ និង​អំឡុង​ពេល​ទឹក​ជំនន់។

ដើម្បី​កាត់​បន្ថយ​ជា​អតិប្បរមា​នូវ​ផល​ប៉ះ​ពាល់ ​និង​គ្រោះ​ថ្នាក់​ ដែល​អាច​កើត​មាន​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​មក​សាលារៀន ​កន្លែង​បំពេញ​ការងារ​របស់​សិស្សានុសិស្ស​ និង​បុគ្គលិក​អប់រំ ​សេចក្តី​ណែ​នាំ​ដដែល​នោះ​ក៏​បាន​ណែ​នាំ​គ្រប់​មន្ត្រី​នៅ​តាម​មូលដ្ឋាន​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​ រួម​ទាំង​មាតា​បិតា​ អាណាព្យាបាល​ ម្ចាស់​អាជីវកម្ម ​និង​អ្នក​បញ្ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​សិស្សានុសិស្ស​ ត្រូវ​ចូល​រួម​សហការ​គ្នា​ ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​សិស្ស​ មាន​ដូច​ជា​ម្ចាស់​អាជីវកម្ម​ត្រូវ​បំពាក់​ឧប​ករណ៍​សុវត្ថិភាព​ ឬ​អាវ​ពោង​សុវត្ថិភាព​នៅ​លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ កុំ​ឱ្យ​ដឹក​លើស​ចំណុះ​ ឬ​បញ្ជា​យាន​យន្ត​លើស​ល្បឿន។

ចំណែក​ឯ​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា ​ត្រូវ​អប់រំ​ឬ​ណែ​នាំ​សិស្សានុសិស្ស​ឱ្យ​ចេះ​រំដោះ​ខ្លួន​ចេញ​ពី​គ្រោះ​ថ្នាក់​ ក្នុង​ករណី​មាន​ហេតុ​ការណ៍​កើត​ឡើង ព្យាយាម​ទប់​ស្តាត់​និង​ធ្វើ​គ្រប់​មធ្យោបាយ ​ដើម្ប​ការពារ​សុវត្ថិ​ភាព​ដល់​សិស្សានុសិស្ស​ទាំង​ផ្លូវ​គោក​ និង​ផ្លូវ​ទឹក។ មាតា​បិតា​ អាណា​ព្យាបាល​ ត្រូវ​ណែ​នាំ​កូន​ចៅ​ជាប់​ជា​ប្រចាំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​ត្រូវ​ចូល​រួម​ការពារ​សុវត្ថិភាព​របស់​កូន​ចៅ​ ដូច​ជា​ត្រូវ​ដាក់​សម្ភារៈ​សម្រាប់​ការពារ​កូន​ ឬ​ជូន​កូន​ទៅ​រៀន​ជាដើម។

នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា សាលា​រៀនមាន​ចំនួន​ប្រមាណ​ជា ​១៣.៦៨១ និង​មាន​សិស្ស​សរុប​ប្រហែល​ជា​ ៣.២៧៧.០៧៦​ នាក់៕